Uncategorized

ជីវិត​ដែល​ត្រៀម​រួចជាស្រេច​

By  | 

អ្នក​នឹង​មិន​ចំណាយ​ពេលវេលា​ឱ្យ​ខាតបង់​សូម្បីតែ​មួយ​នាទី​

កត់ត្រា​ទុក​ក្នុង​សៀវភៅ​
​អ្នក​ជា​មនុស្ស​ដែល​ឧស្សាហ៍​ភ្លេច​ច្រើន​ឬ​? ឬ​មួយ​ក៏​អ្នក​មាន​រឿង​ជាច្រើន​ត្រូវធ្វើ​? ដើម្បី​កុំឱ្យ​ភ្លេច ឬ​រំលង​ការងារ​សំខាន់ៗ ចូរ​អ្នកសរសេរ​តារាង​ការងារ​ដែល​អ្នក​ត្រូវ​ធ្វើ​តាម​លំដាប់លំដោយ​នៃ​សារសំខាន់​របស់​វា​។​

មិនត្រូវ​ពន្យារ​ពេល​ធ្វើ​ការងារ​
​ប្រសិនបើ​អ្នក​មាន​ការងារ​ក្នុង​ដៃ​ចាំបាច់​ត្រូវធ្វើ អ្នក​គួរតែ​ធ្វើ​ការងារ​នេះ​ឱ្យ​រួចរាល់​។ បង្ហើយ​ភារកិច្ច​មួយ​ឱ្យ​បាន​រួចរាល់​សិន ទើប​អ្នក​អាច​បន្ត​ទៅ​ធ្វើ​ការងារ​មួយទៀត​បាន​ឆាប់រហ័ស និង​មិន​មាន​អារម្មណ៍​ថា​មាន​ជាប់​បន្ទុក​ច្រើន​។

​ផ្ទេរ​ការងារ​ឱ្យ​អ្នកដទៃ​
​វា​មិន​អាច​ទៅរួច​នោះទេ​ដែល​អ្នក​អាច​ធ្វើ​ការងារ​គ្រប់​យ៉ាង​បាន​ដោយ​ខ្លួនឯង​។ ចូរ​ស្វែងរក​នរណាម្នាក់​ដែល​អ្នក​ទុកចិត្ត​អាច​ផ្ទេរ​ការងារ​ឱ្យ​ធ្វើ​បាន​។ ចូរ​ចាំ​ថា​ត្រូវ​ឧស្សាហ៍​រំលឹក​អ្នក​ដែល​ត្រូវបាន​អ្នក​ផ្ទេរ​ការងារ​ឱ្យ​ថា​តើ​គេ​ធ្វើ​រួចរាល់​ហើយ​ឬ​យ៉ាងណា​។​

កំណត់ពេល​ការងារ​
​ចូរ​អ្នក​ធ្វើ​ឱ្យ​ខ្លួនឯង​ឱ្យ​សកម្ម និង​ទទួល​បាន​សមិទ្ធផល​តា​ម​រយៈ​ការ​កំណត់​ពេលវេលា និង​គោលដៅ​។ កំណត់​សារ​ដាស់តឿន​នៅក្នុង​ទូរ​សព្ទ​របស់​អ្នក​ដើម្បី​កុំឱ្យ​អ្នក​ខក​កាលវិភាគ​ការងារ​។ តាមរយៈ​ការចេះ​រៀបចំ​ពេលវេលា​ដ៏​ត្រឹមត្រូវ នោះ​អ្នក​នឹង​មិន​ខាត​ពេលវេលា​សូម្បីតែ​មួយ​នាទី​សោះឡើយ​។

ជម្រុះ​ចោល​របស់របរ​ដែល​មិនចាំបាច់​
​គន្លឹះ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ទ​ទូល​បាន​របៀបរៀបរយ​គឺ​អ្នក​ត្រូវ​ធ្វើការ​បោសសម្អាត​ជាប្រចាំ​។ បោះចោល​របស់រប​រណា​ដែល​អ្នក​មិន​ត្រូវការ ព្រោះ​ថា​របស់របរ​ច្រើនពេក​អាចធ្វើឱ្យ​អ្នក​ខាត​ពេល​រក​អ្វី​ដែល​អ្នក​ចង់​បាន​។ ត្រួតពិនិត្យ​មើល​តារាង​ការងារ​របស់​អ្នក​ដើម្បី​ធានា​ថា​ការងារ​គ្រប់យ៉ាង​កំពុងតែ​ដំណើរការ គូស​ចោល​ការងារ​ណា​ដែល​អ្នក​ធ្វើ​រួចរាល់ និង​សង្ខេប​ការងារ​ទៅ​តាម​លំដាប់លំដោយ​។

​ស្វែងរក​ជំនួយ​ពី​កម្មវិធី​ទូរ​សព្ទ (Apps)
​មាន​កម្មវិធី​ទូរ​សព្ទ​ជាច្រើន​ដែល​ជួយ​សម្រាល​ស្ទើរតែ​គ្រប់​ការងារ​ជីវិត​របស់​យើង ដូច្នេះ​ចូរ​អ្នកប្រើប្រាស់​កម្មវិធី​ទាំងនេះ​ដើម្បី​បង្កើន​គុណភាព​ជីវិត​របស់​អ្នក​។ ឧទាហរណ៍​ដូចជា គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ជាមួយ​កម្មវិធី​គ្រប់គ្រង​ប្រាក់ – ដូច​ជា​សារ​រំលឹក​ពេលដែល​ត្រូវ​ទៅ​បង់​សេវា​ទឹក​ភ្លើង ឬ​ធ្វើ​បញ្ជីចំណូល​ចំណាយ​ចាយវាយ​ប្រចាំខែ​របស់​អ្នក​ជាដើម​។

​បង្កើត​តារាង​អក្សរ ឬ​លេខ​កូដ​សម្ងាត់​
​ការប្រើប្រាស់​អក្សរ​/​លេខ​កូដ​សម្ងាត់​តែ​មួយ​ចំពោះ​គ្រប់​អ្វីៗ​គឺជា​រឿង​មិនល្អ​ឡើយ ក៏ប៉ុន្តែ​យើង​ក៏​មិន​អាច​ចាំ​គ្រប់​ពាក្យ​សម្ងាត់​ផ្សេងៗ​សម្រាប់​គណនី​នីមួយៗ​ឡើយ​។ ចូរ​ធ្វើ​តារាង​អក្សរ​/​លេខ​កូដ​សម្ងាត់​ទាំងអស់​របស់​អ្នក​ដើម្បី​ការពារ​កុំឱ្យ​ភ្លេច​ដោយ​ប្រការ​ណា​មួយ​ពេល​ដែល​អ្នក​ចង់​ធ្វើ​សកម្មភាព​ក្នុង​គណនី​របស់​អ្នក​។​

​ធ្វើ​តារាង​សកម្មភាព​កម្សាន្ត​នា​ថ្ងៃ​ចុង​សប្តាហ៍​
​ពេលវេលា​គឺ​មាន​តម្លៃ​ណាស់ ចំណែក​ពេលវេលា​សម្រាក​គឺ​កាន់តែ​មាន​តម្លៃ​ទៅទៀត​។ រីករាយ​ជា​មួយ​ថ្ងៃ​ចុង​សប្តាហ៍​របស់​អ្នក​តាមរយៈ​ការធ្វើ​តារាង​កាលវិភាគ​កម្សាន្ត – បែប​នេះ​អ្នក​នឹង​មិន​ខាត​ពេល​គិត​រក​មើល​ថា​តើ​ត្រូវធ្វើ​អ្វី​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *