Health & Fitness

ជំងឺ​ដែល​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខុមាលភាព​ស្ត្រី​

By  | 

ពេលដែល​យើង​និយាយ​ទៅ​ដល់​សុខុមាលភាព ក្នុង​ចិត្ត​របស់​យើង​ច្បាស់​ជា​គិត​ទៅ​ដល់​មនុស្ស​ម្នាក់​ដែល​មាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ ក៏ប៉ុន្តែ សម្រាប់​ពិភពលោក​ដែល​យើង​រស់នៅ​សព្វថ្ងៃ​គឺ​កម្រ​នឹង​មាន​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ឥតខ្ចោះ​បែបនេះ​ណាស់​។ ទាំងនេះ​ភាគច្រើន​គឺ​ដោយសារតែ​យើង​តែងតែ​ផ្តោត​លើ​ចំណុច​តែមួយ​មុខ ហើយ​ភ្លេច​អំពី​ចំណុច​ដទៃទៀត​។ អ្នក​អាច​ទៅ​ក្លឹប​កីឡា​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ តែ​ស្ថានភាព​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​ពុំ​ល្អ​ដោយសារតែ​រឿងរ៉ាវ​មួយចំនួន​កើតឡើង​ក្នុង​ជីវិត​របស់​អ្នក​។ គ្រាន់​តែ​បែប​នេះ​អ្នក​គឺ​លែង​មាន​ឈ្មោះ​ជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ទៀតឡើយ​។​
​បើ​ប្រៀបធៀប​ជាមួយ​បុរស ស្ត្រី​មាន​បញ្ហា​សុខភាព​ច្រើនជាង​បុរស​ដែល​នេះ​ជា​ឧបសគ្គ​សម្រាប់​ស្ត្រី​ក្នុង​ការសម្រេចបាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ មាន​បញ្ហា​ជាច្រើន​ដែល​ស្ត្រី​តែងតែ​ជួបប្រទះ​ច្រើន​ជាង​បុរស​ក្នុងនោះ​មានដូចជា​ឥទ្ធិពល​នៃ​គំនាប​ពី​សង្គម និង​វប្បធម៌ និង​ការកើនឡើង​នៃ​បញ្ហា​ជំងឺ​ទៅលើ​ស្ត្រី​ជា​ដើម​។ ថ្វី​បើ​បញ្ហា​គំនាប​ពី​សង្គម និង​វប្បធម៌​ត្រូវបាន​លុបបំបាត់​ខ្លះៗ​នៅ​តាម​ប្រទេស​មួយចំនួន ក៏ប៉ុន្តែ​ជំងឺ​នៅតែ​ជា​បញ្ហា​ដែល​ធ្វើឱ្យ​ស្ត្រី​មិន​អាច​សម្រេចបាន​នូវ​សុខុមាលភាព​។
​ខាងក្រោម​នេះ​គឺជា​បញ្ហា​វេជ្ជសាស្ត្រ​ដែល​ស្ត្រី​នៅ​ទូទាំង​ពិភពលោក​តែងតែ​ជួបប្រទះ​បំផុត​។​
​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីដ​
​យោងទៅតាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Dr. Nieca Goldberg នាយក​នៃ​មជ្ឈមណ្ឌល Joan H. Tisch Center for Women’s Health នៅឯ​មហាវិទ្យាល័យ Langone Medical Center បានឱ្យដឹងថា​៖
“​ស្ត្រី​ប្រឈម​នឹង​ការ​កើត​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីដ ៦ ដង​ច្រើនជាង​បុរស​។​”
​ចំណុច​អាក្រក់​បំផុត​នៃ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីដ​គឺថា​អាការៈរោគ​នៃ​ជំងឺ​នេះ​មាន​លក្ខណៈ​ស្រដៀង​ខ្លាំង​ទៅ​នឹង​ជំងឺ​ស្រាលៗ​មួយចំនួន​។ ទាំងនេះហើយ​ដែល​ជា​ហេតុ​ធ្វើឱ្យ​មនុស្ស​ភាគច្រើន​យល់ច្រលំ និង​មើលរំលង​ថា​ខ្លួន​មិនមាន​ជំងឺ​ក្រពេញ​ទី​រ៉ូ​អ៊ីដ​។ អាការៈ​នៃ​ជំងឺ​នេះ​រួមមាន ការឡើង​ទម្ងន់ ការ​ស្រក​ទម្ងន់ ឬ​ហត់នឿយ​អស់កម្លាំង​ជាដើម ដែល​អ្វី​ទាំងនេះ​អាច​ធ្វើឱ្យ​មនុស្ស​សន្មត​ថា​ជា​ជំងឺ​អ្វី​ផ្សេង​ទៀត​បាន​។
​ការបង្ការ​
​មាន​វិធី​ផ្សេងៗ​ជាច្រើន​ដែល​អាច​ឱ្យ​ស្ត្រី​ចាក​ឆ្ងាយ​ពី​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីដ​បាន​។ វិធី​ទាំងនោះ​រួម​មាន​ការបញ្ឈប់​ការ​បង្អត់​របប​អាហារ​។ ការ​បង្អត់អាហារ​ខ្លួនឯង​មិនមែន​ជា​វិធី​ដ៏​ល្អ​សម្រាប់​សម្រក​ទម្ងន់​នោះ​ឡើយ​។ ការជក់បារី​ក៏​ជា​មូលហេតុ​ធំ​ដែល​បណ្តាល​ឱ្យ​អ្នក​កើត​ជំងឺ​ក្រពេញ​ទី​រ៉ូ​អ៊ីដ​បាន​ផង​ដែរ​។ ចៀសវាង​ការ​បង្អត់អាហារ និង​ការជក់បារី​នឹង​ជួយ​អ្នក​កាត់បន្ថយ​ឱកាស​នៃ​ការ​កើតរោគ​នេះ​បាន​។
​ជំងឺ​វង្វេងវង្វាន់​
​គ្មាន​ជំងឺ​ណា​ដែល​ថា​ល្អ​ឡើយ ជាពិសេស​គឺ​ជំងឺ​បាត់បង់​ការចងចាំ​នេះ​តែម្តង​។ គួរឱ្យ​សោកស្តាយ ឱកាស​ដែល​ស្ត្រី​អាច​នឹង​កើត​មាន​ជំងឺ​នេះ​គឺ​មាន​ច្រើន​ជាង​បុរស​ទ្វេដង​។ មាន​រោគសញ្ញា​ជាច្រើន​ដែល​អាច​នាំឱ្យ​អ្នក​ឈានទៅដល់​ការ​កើត​ជំងឺ​នេះ​ដូចជា​ការចងចាំ​ចុះខ្សោយ ការវិភាគ​ក្នុង​ការសម្រេចចិត្ត​អ្វីមួយ​ចុះខ្សោយ និង​មាន​ការលំបាក​ក្នុងការ​ផ្តោតអារម្មណ៍​លើ​អ្វីមួយ​ជាដើម​។ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត យ៉ាង​ដិតដល់​មុន​នឹង​សន្មត​ថា​មនុស្ស​ម្នាក់​នេះ​មាន​ជំងឺ​វង្វេងវង្វាន់​ឬក៏​យ៉ាងណា​។
​ការបង្ការ​
​ជា​សំណាងល្អ ការបង្ការ​ពី​ជំងឺ​នេះ​មិន​តម្រូវ​ឱ្យ​អ្នកធ្វើ​សកម្មភាព​អ្វី​ដែល​ខុស​ពី​ធម្មតា​ឡើយ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ចៀសផុត​ពី​ជំងឺ​វង្វេង​នេះ​គឺ​ធ្វើ​យ៉ាងណា​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​។ ក្រៅពី​ការពារ​អ្នក​មិន​ឱ្យ​កើត​ជំងឺ​នេះ ការ​ហាត់ប្រាណ​ទៀងទាត់​ក៏​ជួយ​ឱ្យ​ស្ត្រី​មាន​សុខភាព​ល្អ​ផងដែរ​។ របប​អាហារ​ដែល​ជំនួយ​ដល់​សុខភាព​ក៏​អាច​ជួយ​ឱ្យ​អ្នក​ចាក​ឆ្ងាយ​ពី​ជំងឺ​វង្វេងវង្វាន់​បាន​ផង​ដែរ​។ ការ​គេ​ង​បាន​គ្រប់គ្រាន់​នៅ​ពេលយប់ និង​ការគ្រប់គ្រង​អា​ការៈស្ត្រេស​បាន​ល្អ​ក៏​អាច​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺ​នេះ​ផងដែរ​។​
​ជំងឺ​បេះដូង​
​ប្រសិនបើ​ឱ្យ​យើង​រាប់​ឈ្មោះ​ជំងឺ​ដែល​តែងតែ​កើតឡើង​លើ​ស្ត្រី​ច្រើន​ជាង​គេ​នៅ​ជុំវិញ​ពិភពលោក នោះ​គឺ​គ្មានអ្វី​ក្រៅពី​ជំងឺ​ដែល​ទាក់ទង​នឹង​បេះដូង​ឡើយ​។ តាមរយៈ​របាយការណ៍​របស់​មជ្ឈមណ្ឌល​គ្របគ្រង និង​បង្ការ​ជំងឺឆ្លង CDC បាន​ឱ្យដឹងថា​ប្រមាណ ២៩% នៃ​មរណៈភាព​កើតមាន​ចំពោះ​ស្ត្រី​គឺ​បណ្តាលមកពី​ជំងឺ​បេះដូង​។ អ្នកស្រី Cindy Pearson មកពី National Women’s Health Network បានឱ្យដឹងថា​៖
“​គេ​ឃើញ​មាន​ស្ត្រី​មួយ​ចំនូ​ន​ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ជា​ច្រើន​ឆ្នាំ​មកហើយ ពិបាក​ដកដង្ហើម មិន​អាច​ដើរ​ឡើងជណ្តើរ​បាន​ច្រើន​កាំ ព្រោះ​តែ​ស្ថានភាព​បេះដូង​មិន​អាច​ឱ្យ​ពួកគេ​ធ្វើ​សកម្មភាព​ចុះ​ឡើង​បាន​។​”
​មូលហេតុ​ចម្បង​ដ៏​ធំ​មួយ​ដែល​ធ្វើឱ្យ​ស្ត្រី​ក្លាយជា​អ្នករងគ្រោះ​ពី​ជំងឺ​បេះដូង​នេះ​គឺ​ដោយសារ​ពួកគេ​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឱ្យបាន​ត្រឹមត្រូវ​។ ចំណុច​អាក្រក់​បំផុត​នោះ​គឺ​ស្ត្រី​ភាគច្រើន​តែងតែ​ធ្វើ​រោគវិនិច្ឆ័យ​នៅពេល​ដែល​ស្ថានភាព​ជំងឺ​មាន​អាការៈ​ធ្ងន់ធ្ងរ​ហួសពេ​ល​មិន​អាច​បង្ការ​បាន​។ នេះ​ហើយ​ជា​មូលហេតុ​ដ៏​សំខាន់បំផុត​ដែល​អ្នក​គួរតែមាន​វិធាន​ការពារ​ជា​មុន​ពី​ជំងឺ​នានា​ដែល​ប្រុង​នឹង​កើតឡើង​។​
​ការបង្ការ​
​សារធាតុ​ដ៏​ចម្បង​ដែល​នាំឱ្យ​ឈាន​ទៅ​ដល់​ការ​កើត​ជំងឺ​បេះដូង​នោះ​គឺ​ថ្នាំជក់​។ ការនិយម​ជក់បារី​កាន់តែ​មាន​ការកើនឡើង ដែល​ជាហេតុ​ធ្វើឱ្យ​ស្ត្រី​កាន់តែ​ប្រឈម​នឹង​ជំងឺ​បេះដូង​។ ក្រៅពី​ការផ្តាច់​បារី ការទទួល​របប​អាហារ​ដែល​ជំនួយ​ដល់​សុខភាព និង​ការ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​ឱ្យបាន​ទៀងទាត់​អាច​ជួយ​កាត់បន្ថយ​ឱកាស​កើត​ជំងឺ​បេះដូង​បាន​។​
​បញ្ហា​សុខភាព​ផ្លូវចិត្ត​
​នេះ​ជា​ជំងឺ​មួយ​ក្នុងចំណោម​ជំងឺ​នានា​ដែល​បង្ក​ជា​ឧបសគ្គ​ដល់​ស្ត្រី​ក្នុង​ការសម្រេចបាន​នូវ​សុខុមាលភាព​ល្អ​។ យោង​ទៅ​តាម​ការស្រាវជ្រាវ បើ​ប្រៀបធៀប​នឹង​បុរស ស្ត្រី​ប្រឈម​នឹង​ជំងឺផ្លូវចិត្ត​ច្រើនជាង​បុរស​ទ្វេ​ជា​ពីរ​។ បញ្ហា​ផ្លូវចិត្ត​ទាំងនេះ​មាន​ដូចជា​ជំងឺ​បាក់​ទឹកចិត្ត ជំងឺ​ខ្លាចរអា​ផ្សេងៗ និង​ជំងឺស្ត្រេស​ក្រោយ​ជួប​ហេតុការណ៍​រន្ធត់​ណាមួយ និង​ជំងឺផ្លូវចិត្ត​ដទៃ​ទៀត​ជាច្រើន​។​
​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​ស្ត្រី​កើត​ជំងឺផ្លូវចិត្ត​នោះ​គឺ​គំនាប​ពី​សង្គម និង​វប្បធម៌​។ ក៏ប៉ុន្តែ​សម្រស់​រូបរាងកាយ​ក៏​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ស្ត្រី​ផង​ដែរ​។​
​ការបង្ការ​
​នៅពេល​ដែល​និយាយ​ដល់​ការបង្ការ​ជំងឺ​ផ្លូវចិត្ត​របស់​ស្ត្រី ដំណោះស្រាយ​គឺ​ផ្តោត​ទៅលើ​ហ្សែ​ន​ជាជាង​ព្យាបាល​តាម​វេជ្ជសាស្ត្រ​។ ក៏ប៉ុន្តែ នេះ​មិន​មានន័យថា​អ្នក​មិន​គួរ​ទៅរក​ការព្យាបាល​ជាមួយ​គ្រូពេទ្យ​ឡើយ​។ បន្ថែម​ពីលើ​ការព្យាបាល​ជាមួយ​គ្រូពេទ្យ អ្នក​ក៏​គួរតែ​មើលថែ​ខ្លួនឯង​ឱ្យបាន​ល្អ​ប្រសើរ​ដែរ​។ អ្នក​អាច​ធ្វើឱ្យ​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​វិល​មក​រក​សភាព​ល្អ​វិញ​តាមរយៈ​ការ​គេង​ឱ្យបាន​គ្រប់គ្រាន់ ញ៉ាំ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ និង​មើលថែ​រាងកាយ​របស់​អ្នក​ឱ្យបាន​ប្រសើរ​។​
​សុខភាព និង​សុខុមាលភាព​ល្អ​គឺ​សំដៅ​ទៅលើ​ការយកចិត្តទុកដាក់​ថែរក្សា​សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ​។ ការណែនាំ​ខាងលើ​អាច​ជួយ​ឱ្យ​អ្នក​ចាប់ផ្តើម​តម្រង់​ទៅ​រក​ទិសដៅ​ត្រឹមត្រូវ ក៏​ប៉ុន្តែ​ក៏​មិន​ត្រូវ​ខ្វះ​ការ​ខំប្រឹងប្រែង​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *