Uncategorized

ដំណោះស្រាយ​នៅ​ពេល​ដែល​កូនៗ​ឈ្លោះ​គ្នា​

By  | 

​មាន​អារម្មណ៍​ថា​មិនដឹង​គួរ​ដោះស្រាយ​យ៉ាង​ណា​នៅពេលដែល​មាន​បញ្ហា​ខ្លះៗ​ជាមួយ​កូនៗ​ឬ​? កុំ​បារម្ភ​អី យើង​មាន​ដំណោះស្រាយ​ដែល​អាច​ជួយ​អ្នក​បាន​។ វា​ជា​រឿង​ធម្មតា​ពេល​ដែល​អ្នក​មាន​កូន អ្នក​ច្បាស់​ជា​ជួប​បញ្ហា​ដូច​ជា​កូនៗ​ឈ្លោះ​គ្នា ប្រកួតប្រជែង​គ្នា ទាស់​ពាក្យសម្តី​គ្នា រក​រឿង​គ្នា​ជាដើម​។ ការឈ្លោះគ្នា​របស់​កូនៗ​គឺជា​បន្លា​ក្នុង​ចិត្ត​របស់​ឪពុក​ម្តាយ​តាំងពី​យូរណាស់​មកហើយ អាចនិយាយបាន​ថា​វា​ជា​ដំណើរ​ជីវិត និង​ជា​ផ្នែក​មួយ​នៃ​វ័យ​លូតលាស់​របស់​ពួកគេ​។ ក្នុងនាម​ជា​ឪពុក​ម្តាយ​យើង​តែងតែ​ស្រមៃ​ចង់បាន​គ្រួសារ​ដ៏​ផ្អែមល្ហែម​មួយ​ដែល​កូនៗ​ចេះ​ស្រលាញ់ និង​គោរព​គ្នា​។ ក៏​ប៉ុន្តែ​ជីវិត​ពិត​គឺ​មិនមែន​ដូច្នោះ​ឡើយ​។ ក្មេង​នៅ​តែ​ជា​ក្មេង នេះ​ជា​រឿង​ធម្មជាតិ​ដែល​កូន​ជាទី​ស្រលាញ់​របស់​អ្នកនឹង​ឈ្លោះ​គ្នា វ៉ៃ​គ្នា ច្រណែន​គ្នា មានគំនិត​ខុសគ្នា ញោះ​គ្នា ធ្វើបាប​គ្នា​ទៅវិញទៅមក ក៏​ប៉ុន្តែ​អ្នក​អាច​ជួយ​ពួកគេ​ប្រែ​ពី​សត្រូវ​មក​ជា​មិត្ត​ភ័ក្តិ​បាន​។ ជា​ឪពុក​ម្តាយ​របស់​គេ ពួកយើង​សុទ្ធតែ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង ប៉ុន្តែ​សម្រាប់​ក្មេងៗ​ពួកគេ​អាច​នឹង​មិន​ដឹង​អំពី​ចេតនា​អាក្រក់​របស់​ខ្លួន​។​

​ជារឿយៗ​យើង​តែងតែ​លឺ​ឪពុកម្តាយ​មួយចំនួន​ត្អូញត្អែរថា​កូនៗ​របស់​ខ្លួន​ចេះតែ​ឈ្លោះ​គ្នា បញ្ចេញ​កាយវិការ​មិន​សមរម្យ ទន្ទ្រាំ​ជើង ហៅ​គ្នា​មិនល្អ​ស្តាប់ ឬ​បោចសក់​គ្នា បង្កើតបាន​ជា​ជម្លោះ​នៅក្នុង​ផ្ទះ​។ នេះ​ជា​ពេលដែល​លោក​ប៉ា និង​អ្នក​ម៉ាក់​គួរតែ​អង្គុយ​ពិភាក្សាគ្នា និង​សម្គាល់​មើល​ពី​សកម្មភាព​មិន​ល្អ​របស់​កូនៗ​។ ប្រសិនបើ​អ្នក​មាន​ការងារ​រវល់​ច្រើន និង​ប្រញាប់ប្រញាល់​ធ្វើ​ការងារ​ផ្ទះ អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​ពង្រឹង​ជំនាញ​គ្រប់គ្រង​កូនៗ និង​យកចិត្តទុកដាក់​អង្កេត​លើ​អត្តចរិត​មិន​ល្អ​របស់​កូនៗ​អ្នក​។​

នេះ​ជា​វិធី​ដែល​ជួយ​ឱ្យ​កូនៗ​អ្នក​មាន​អារម្មណ៍​ស្ងប់​ល្អ​
​ដំបូង​ចូរ​ចាំ​ថា​ការធ្វើ​ជា​ឪពុក​ម្តាយ​គេ​គឺ​ត្រូវការ​ការយកចិត្តទុកដាក់ និង​ពេលវេលា​។ ដើម្បី​កាត់បន្ថយ​ជម្លោះ អ្នក​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​ពួកគេ ព្រោះ​ថា​កូនៗ​របស់​អ្នកនឹង​រៀនសូត្រ​តាម​អ្នក​ពេល​ដែល​អ្នកដោះស្រាយ​ជម្លោះ​នៅក្នុង​ផ្ទះ និង​នៅ​ក្រៅ​ផ្ទះ​។ ចូរ​ដោះស្រាយ​ដោយ​សន្តិវិធី និង​បង្កប់​អារម្មណ៍​សប្បាយៗ​។ ចំណុច​ទី​ពីរ អាយុ​របស់​ក្មេង និង​ដើមហេតុ​នៃ​ជម្លោះ​គឺជា​កត្តា​សំខាន់​ដែល​អ្នក​គួរតែ​ស្វែងយល់ និង​ពិចារណា​។ ចូរ​កម្ចាត់​ចេតនា​មិនល្អ​ទាំង​ឡាយ​ចោល​មុនពេល​ដែល​ពួកគេ​បាត់បង់​ការគោរព​ខ្លួនឯង និង​មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​គ្នា​។ វិធី​មួយ​ដែល​អ្នក​អាច​ជួយ​ឱ្យ​កូនៗ​របស់​អ្នកមាន​មោទកភាព​ចំពោះ​ខ្លួនឯង​គឺ​បង្រៀន​ពួកគេ​ឱ្យ​ចេះ​ជួយ​ការងារ​ដូចជា​ដូរ​កន្ទប​ប្អូន ឬ​បញ្ចុក​បាយ​ប្អូន​ជាដើម​។ ការធ្វើ​បែប​នេះ​អាច​ជួយ​ឱ្យ​សម្ព័ន្ធភាព​បងប្អូន​ពួកគេ​កាន់តែ​រឹងមាំ​។
​ក្នុងនាម​ជា​ឪពុកម្តាយ អ្នក​ក៏​គួរតែ​ធ្វើ​ជា​គ្រូបង្វឹក មិត្ត​ភ័ក្តិ​ដែល​ផ្តល់​យោបល់​ល្អៗ ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​ប្រាស្រ័យ​ទាក់ទង និង​ដោះស្រាយ​ទំនាស់​របស់​ពួកគេ​បានល្អ​។​

ចូរ​ដាក់វិន័យ​គ្រឹះ និង​កំណត់​គោលការណ៍​ទូទៅ​សម្រាប់​កូនៗ​របស់​អ្នក និង​បង្រៀន​ពួកគេ​ឱ្យ​ចេះ​គោរព​គ្នា​ទៅវិញទៅមក​។ ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​ដឹងថា​ក្នុង​ផ្ទះ​នេះ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​បាប ឬ​កាយវិការ​មិន​សមរម្យ​ឡើយ ហើយ​អ្វី​ដែល​អ្នក​គួរ​យកចិត្តទុកដាក់​នោះ​គឺ​បង្រៀន​កូន​របស់​អ្នក​ឱ្យមាន​ទឹកចិត្ត​សណ្តោស និង​មាន​ភាពជិតស្និទ្ធ​ជាមួយគ្នា​ទៅវិញទៅមក​។
​ការស្រលាញ់​កូន​ឱ្យ​ស្មើគ្នា​គឺ​មិន​អាច​ទៅ​រួច​ឡើយ ដូច្នេះ​អ្នក​មិន​ត្រូវ​បែងចែក ឬ​ប្រៀបធៀប​ពួកគេ​ឡើយ ការធ្វើ​បែប​នេះ​អាច​បង្ក​ឱ្យ​មាន​ភាពល្អក់​កករ​នៅក្នុង​សម្ព័ន្ធភាព​បងប្អូន​របស់​ពួកគេ​បាន​។ មិន​ត្រូវ​លំអៀង ឬ​ទម្រើស​ពួកគេ​ពេក​ឡើយ​។ កូន​របស់​អ្នក​អាច​នឹង​យល់​ថា​ការប្រៀបធៀប​របស់​អ្នក​គឺជា​ការរិះគន់​។ ចូរ​ព្យាយាម​ធ្វើ​ចំពោះ​ពួក​គេ​ដោយ​ស្មើភាព​គ្នា​។ ផ្តល់​ភាពជឿជាក់​ដល់​ពួកគេ ត្រូវ​មាន​ហេតុផល​ត្រឹមត្រូវ​ពេល​ដែល​អ្នកសម្រេចចិត្ត​ធ្វើ​អ្វីមួយ និង​ឱ្យ​ពួកគេ​ធ្វើការ​រិះគិត​រៀងខ្លួន ធ្វើឱ្យ​ពួកគេ​យល់​ពី​អត្តសញ្ញាណ​របស់​ខ្លួន និង​យល់​ពី​ហេតុផល​របស់​អ្នក​។
​មិន​ត្រូវ​ឱ្យ​កូន​របស់​អ្នក​មាន​អារម្មណ៍​ថា​ចាញ់​ឡើយ ព្រោះ​ថា​រឿង​នេះ​ពួកគេ​មិន​អាច​ទទួលយក​បាន​ឡើយជាពិសេស​នៅពេល​ដែល​ពួកគេ​កំពុងតែ​ប្រកួតប្រជែង​ជាមួយ​បង​បង្កើត​របស់​ខ្លួន​។​
​ក្នុងនាម​ជា​មនុស្ស​ធំ អ្នក​គួរតែ​បង្រៀន​កូន​របស់​អ្នក​ថា​រាល់​សកម្មភាព​ដែល​ពួកគេ​ធ្វើ​គឺ​សុទ្ធតែ​នាំមក​នូវ​លទ្ធផល អ្នក​ត្រូវ​ជួយ​ពួកគេ​ពង្រឹង​សម្ព័ន្ធភាព​បងប្អូន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​លោកស្រី Lina Ashar អ្នកត្រួសត្រាយ​ការអប់រំ​សម្រាប់​ក្មេងៗ​ក្នុង​សកលលោក និង​ជា​ស្ថាបនិក​នៃ Kangaroo Kids ព្រមទាំង Billabong High International School បាន​ពណ៌នា​អំពី​អាកប្បកិរិយា​ដ៏​មាន​គ្រោះថ្នាក់ និង​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ផងដែរ​។ នេះ​ជា​អ្វី​ដែល​លោកស្រី Ashar បាន​ចែករំលែក​ជាមួយ​យើង​ទាំងអស់គ្នា​៖ “​ក្ដី​កង្វល់​ដែល​កើត​មាន​អំពី​ការឈ្លោះប្រកែក​គ្នា​របស់​បងប្អូន​បង្កើត​គឺ​ពិត​ជា​សំខាន់​ខ្លាំងណាស់​សម្រាប់​ការយកចិត្តទុកដាក់រ​បស់​ឪពុកម្ដាយ​”​។ នៅពេល​ដែល​ឪពុក​ម្ដាយ​លើកសរសើរ​កូន​ម្នាក់ នោះ​កូន​ម្នាក់​ផ្សេងទៀត​នឹង​មាន​អារម្មណ៍​ថា​ខ្លួនឯង​ដូច​ត្រូវបាន​គេបោះបង់​ចោល មិន​ទទួលបាន​ការស្រលាញ់ និង​គ្មាន​តម្លៃ​ទាល់តែសោះ​។ បងប្អូន​បង្កើត​ពិតជា​បាន​ចំណាយ​ពេលវេលា​ជា​ច្រើន​ជាមួយ​គ្នា​ពិតមែន ពួក​គេ​ចែករំលែក​អ្វីៗ​ដែល​ពួកគេ​មាន​ឱ្យ​គ្នា​ទៅវិញទៅមក ពួកគេ​កើតមក​គឺ​មាន​ចំនុច​ខុសប្លែកគ្នា ហើយ​ប្រាកដ​ណាស់​ដែល​ម្នាក់​ក្នុងចំណោម​ម្នាក់​ផ្សេង​ទៀត​មាន​បំណង​ចង់ឱ្យ​ខ្លួន​ឯង​មាន​ភាព​ប្រសើរ​ជាង​។ នេះ​ជា​ចំណុច​ស្នូល​ដែល​បង្ក​ឱ្យ​មាន​ការ​អាក់​អន់ចិត្ត​កើតមានឡើង និង​ជា​ដំណាក់កាល​ដែល​ធ្វើឱ្យ​បងប្អូន​បង្កើត​មាន​ការឈ្លោះប្រកែក​គ្នា​។ ពេលខ្លះ​ការឈ្លោះប្រកែក​គ្នា​របស់​ពួកគេ​គឺ​សាមញ្ញ​ធម្មតា​តែប៉ុណ្ណោះ ហើយ​ពេល​ខ្លះ​ទៀត​វា​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ពេល​ខ្លះ​ទៀត​ពួកគេ​អាច​នឹង​អាក់អន់ចិត្ត​នឹង​គ្នា​អស់​មួយ​ជីវិត​តែ​ម្ដង​ក៏​ថា​បាន​។ ការ​សិក្សា​ទៅ​លើ​ករណី​មួយ​រវាង Tennis champs Venus និង Serena Williams ដែល​ជា​បង​ប្អូនស្រី​បង្កើត​នឹង​គ្នា​។ ក្នុង​តុលាការ ពួកគេ​ទាំង​ពីរ​នាក់​ប្រកែក​គ្នា​ដណ្ដើម​យក​ឈ្នះ​រៀងខ្លួន ហើយ​ការ​ប្រកួតប្រជែង​របស់​ពួកគេ​គឺ​សាហាវ​ខ្លាំង​តែម្ដង​។ ពួកគេ​ទទួលបាន​ជ័យជំនះ​រៀងៗ​ខ្លួន​ក្នុង​តុលាការ និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ ពិភពលោក​ក្នុង​អាជីព​ការងារ​របស់​ពួកគេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បង​បងប្អូន​ស្រី​ទាំង​ពីរ​នាក់​នេះ​ពិតជា​មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​នឹង​គ្នា​ខ្លាំងណាស់​។​

​អ្នក​ជា​ម្ដាយ​ត្រូវតែ​ស្ថិត​នៅ​កណ្ដាល រួច​សង្កេតមើល​ថា​តើ​អ្នក​អាច​ជួយ​អ្វី​បាន​ខ្លះ​ដើម្បី​ឱ្យ​កូនៗ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​។ ឪពុក​ម្ដាយ​ត្រូវតែ​គិតគូរ​ដល់​កូន​គ្រប់ៗ​រូប​នៅ​ពេល​ដែល​ពួកគេ​មាន​កូន​ច្រើន​។ ម្យ៉ាងវិញទៀត ឪពុក​ម្ដាយ​ត្រូវ​តែ​រក្សា​បង្កា​កុំឱ្យ​កើត​មាន​ការ​ច្រណែន ប្រជែង​ដោយ​និយាយ​ប្រាប់​កូនៗ​អំពី​សារសំខាន់​នៃ​គ្រួសារ និង​ការចេះ​ជួយ​គ្នា​រវាង​បង និង​ប្អូនបង្កើត​។ ការ​ដែល​កើតមាន​ជម្លោះ​រវាង​បងប្អូន​ជាប្រចាំ​នឹង​ធ្វើឱ្យ​ពួកគេ​មាន​តែ​ការ​ចុះខ្សោយ និង​ភាពឈឺចាប់​តែប៉ុណ្ណោះ​។​

ឪពុក​ម្ដាយ​ត្រូវតែ​ប្រយ័ត្នប្រយែង​នៅពេល​ដោះស្រាយ​ជាមួយ​កូនៗ​៖
•​ ​ប្រព្រឹត្តិ​ចំពោះ​កូន​ម្នាក់ៗ​ឱ្យ​ដាច់​ដោយឡែក​ពីគ្នា ព្រោះ​ពួកគេ​មាន​ភាពខុសប្លែក​ពី​គ្នា​។
•​ ​អនុញ្ញាត​ឱ្យ​កូនៗ​របស់​អ្នកដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង អ្នក​អាច​លូកដៃ​នៅពេលណា​ដែល​ស្ថានការណ៍​ធ្ងន់ៗ​តែប៉ុណ្ណោះ​។​
•​ ​អនុញ្ញាតឱ្យ​ពួកគេ​បង្ហាញ​ពី​អារម្មណ៍​រៀងៗ​ខ្លួន​។​
•​ ​ប្រតិបត្តិ​ខ្លួន​ឱ្យ​ដូចជា​អាជ្ញាកណ្ដាល មិនមែន​អ្នក​វិនិច្ឆ័យ​ឡើយ​។​

​អ្វី​ដែល​អ្នក​ត្រូវ​ចៀសវាង​៖
​ប្រៀបធៀប​រវាង​កូន និង​កូន​ឱ្យសោះ ពួកគេ​មាន​ចំណុច​ល្អ និង​អាក្រក់​ខុសប្លែក​ពី​គ្នា ហើយ​ពួកគេ​រួបរួមគ្នា​ដើម្បី​ទទួលបាន​អានុភាព​មួយ​ផ្សេង​ទៀត​។​
•​ ​កុំ​កាន់ជើង​តែ​ម្ខាង​។​
•​ ​កុំ​បង្ខំ​ឱ្យ​ម្នាក់​លើកលែងទោស ឬ​សុំ​អភ័យទោស​។​
•​ ​កុំ​ស្រែក ច្រឡោ​ត ឬ​វាយ​កូនៗ​របស់​អ្នក​៕

Leave a Reply

Your email address will not be published. Required fields are marked *