Beauty

ទម្លាប់អាក្រក់ទាំង ៨ ដែលអាចធ្វើឱ្យប៉ះពាល់ដល់រោមភ្នែករបស់អ្នក

By  | 

ប្រសិនបើ​អ្នក​ចង់​ឱ្យ​មាន​រោមភ្នែក​ដ៏​ស្រស់​ស្អាត​ដូច​ដែល​អ្នក​តែងតែ​ស្រមៃ​ចង់បាន អ្នក​គួរតែ​ចៀសវាង​ទម្លាប់​ទាំង ៨ នេះ​ព្រោះ​វា​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​រោមភ្នែក​របស់​អ្នក​បាន​។
​ពត់​រោមភ្នែក​របស់​អ្នក​ខ្លាំងពេក​
​ឧបករណ៍​ពត់​រោមភ្នែក​បាន​ជួយ​លើក​សម្រស់​រោមភ្នែក​របស់​ស្ត្រី​ជា​ច្រើន​លាន​នាក់​មក​ហើយ​។ ឧបករណ៍​វេទមន្ត​នេះ​អាច​ធ្វើឱ្យ​ភ្នែក​របស់​អ្នកធំ​ជាង​មុន ជួយ​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​មើល​ទៅ​កាន់តែ​ស្រស់ស្អាត​។ វា​ក៏​អាច​ជួយ​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​មាន​ភាព​ទាក់ទាញ​ផងដែរ​។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រើប្រាស់​ប្រដាប់​ពត់​រោមភ្នែក​នេះ​ដោយ​ប្រយ័ត្នប្រយែង​។ អ្នក​គ្រាន់តែ​ពត់​ផ្នែក​គល់ កណ្តាល និង​ខាងចុង​រោមភ្នែក​ថ្នមៗ​គឺ​គ្រប់គ្រាន់​ហើយ​។
​លាប​ម៉ា​ស្កា​រ៉ា​ប្រភេទ​មិន​ប្រតាក​ពេល​ត្រូវ​ទឹកជា​រៀងរាល់ថ្ងៃ​
​ប្រាកដ​ណាស់ អាច​នឹង​មាន​ពេល​ខ្លះ​ដែល​អ្នក​ចាំបាច់​ត្រូវតែ​លាប​ម៉ា​ស្កា​រ៉ា​មិន​ជ្រាប​ទឹក​។ តួយ៉ាង​ដូចជា​ពេល​ទៅ​ដើរលេង​នៅ​មាត់សមុទ្រ ទៅ​ចូលរួម​ពិធី​បុណ្យសព ឬ​ពិធី​អាពាហ៍ពិពាហ៍ ដែល​ពិធី​ទាំង​នេះ​អ្នក​មិន​អាច​លាប​ម៉ា​ស្កា​រ៉ា​ប្រភេទ​ធម្មតា​បាន​ឡើយ​។ ក៏ប៉ុន្តែ​ម៉ា​ស្កា​រ៉ា​ប្រភេទ​មិន​ជ្រាប​ទឹក​មិនមែន​ជា​ប្រភេទ​ម៉ា​ស្កា​រ៉ា​ដែល​អ្នក​គួរតែ​លាប​ជាប្រចាំ​ឡើយ​។ ពេល​សម្អាត​ចេញ​មាន​ការលំបាក ដូច្នេះ​មានន័យថា​រោមភ្នែក​របស់​អ្នក​ត្រូវ​ទទួលរង​ការខូចខាត​រាល់ពេល​ដែល​អ្នក​សម្អាត​។ ចូរ​លាប​ម៉ា​ស្កា​រ៉ា​ប្រភេទ​មិន​ជ្រាប​ទឹក​នៅ​ពេល​ណា​ដែល​ចាំបាច់​បាន​ហើយ​។
​មិន​លាង​សម្អាត​ម្សៅ​ម៉ា​គី​យ៉េ​ចេញ​មុន​ពេល​ចូល​គេង​
​យើង​ដឹង​ថា​នៅ​យប់​ខ្លះ​អ្នក​ងងុយ​បើកភ្នែក​មិន​រួច​សូម្បី​ទៅ​បន្ទប់ទឹក​ក៏​ងើប​មិន​ចង់​រួច កុំថាឡើយ​លាង​ម្សៅ​ម៉ា​គី​យេចេញ​ពី​ផ្ទៃមុខ​។ ប៉ុន្តែ​អ្នក​ត្រូវតែ​លាង​សម្អាត​មុខ​របស់​អ្នក ព្រោះថា​ការ​គេង​ទាំង​ផ្ទៃមុខ​ពេញ​ដោយ​ម៉ា​គី​យេ​គឺជា​កំហុស​មួយ​ដ៏​ធ្ងន់ធ្ងរ​។ មិន​ត្រឹមតែ​ផ្តល់​ផល​អាក្រក់​ដល់​ស្បែក​របស់​អ្នក​ទេ តែ​វា​ក៏​ធ្វើឱ្យ​អន្តរាយ​ដល់​រោមភ្នែក​របស់​អ្នក​ផងដែរ​។ ម៉ា​ស្កា​រ៉ា​ធ្វើឱ្យ​រោមភ្នែក​របស់​អ្នក​ឡើង​រឹង​ស្រួយ ហើយ​នៅពេល​ដែល​អ្នក​គេង​អាច​នឹង​ប៉ះ​ខ្នើយ ជាហេតុ​ធ្វើឱ្យ​រោមភ្នែក​របស់​អ្នក​ប្រឈម​នឹង​ការខូចខាត​។
​រំពឹង​តែ​លើ​ទឹក​លាង​សម្អាត​តែមួយ​មុខ​
​យើង​តែងតែ​លឺ​គេ​ផ្សព្វផ្សាយ​អំពី​ផលិតផល​លាង​សម្អាត​ដែល​មាន​តួនាទី​ពីរ និង​គុណប្រយោជន៍​របស់​វា​ចំពោះ​ស្បែក​។ ថ្វីបើ​នេះ​ជា​ការបង្កើត​ថ្មី ប៉ុន្តែ​ការប្រើប្រាស់​ផលិតផល​លាង​សម្អាត​តែមួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​លាង​សម្អាត​ម៉ា​ស្កា​រ៉ា​ចេញ​ឱ្យអស់​ពី​រោមភ្នែក​។ មុនពេល​ដែល​អ្នក​លាង​សម្អាត​ម៉ា​គី​យ៉េ​ចេញ អ្នក​គួរតែ​ប្រើប្រាស់​ផលិតផល​លាង​សម្អាត​ម៉ា​ស្កា​រ៉ា​ដើម្បី​លាង​ម៉ា​ស្កា​រ៉ា​ចេញ​។ អ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​ជាមួយ​ភាពខុសគ្នា​នេះ​ជាមិនខាន​។ បន្ទាប់​មក​សឹម​ប្រើប្រាស់​ផលិតផល​លាង​សម្អាត​ធម្មតា​ដើម្បី​លាង​សម្អាត​កម្ទេចកម្ទី​ម៉ា​ស្កា​រ៉ា​ដែល​នៅ​សេសសល់​ឱ្យ​បាន​ស្អាត​ល្អ​។​
​ចូលចិត្ត​ពាក់​រោមភ្នែក​ក្លែងក្លាយ​
​រោមភ្នែក​ក្លែងក្លាយ​អាច​ជួយ​ឱ្យ​សម្រស់​ភ្នែក​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​។ វា​ពិតជា​អស្ចារ្យ និង​ធ្វើឱ្យ​រោមភ្នែក​របស់​អ្នក​ក្រាស់​ល្អ​ដែល​សូម្បី​តែ​ម៉ា​ស្កា​រ៉ា​ក៏​មិន​អាច​ផ្ទឹម​បានដែរ​។ ប៉ុន្តែ​រោមភ្នែក​ក្លែងក្លាយ​មិនល្អ​សម្រាប់​រោមភ្នែក​ធម្មជាតិ​របស់​អ្នក​ឡើយ ជា​ពិសេស​បើ​អ្នក​ពាក់​វា​ជា​រៀងរាល់ថ្ងៃ​។ វា​មិន​អី​នោះ​ទេ ប្រសិនបើ​អ្នក​ពាក់​វា​យូរៗ​ម្តង ប៉ុន្តែ​អ្នក​មិន​ត្រូវ​ពាក់​វា​ជា​ប្រចាំ​រាល់ថ្ងៃ​ឡើយ​។ គ្មាន​នរណា​ចង់បាន​រោមភ្នែក​ដែល​ខូច​ឡើយ​។​
​មិន​ផ្លាស់ប្តូរ​ម៉ា​ស្កា​រ៉ា​ឱ្យបាន​ញឹក​ញយ​
​ពេលខ្លះ​អ្នក​អាច​នឹង​ភ្លេច​ធ្វើការ​ផ្លាស់ប្តូរ​ម៉ា​ស្កា​រ៉ា​។ ប៉ុន្តែ​នេះ​ជា​រឿង​សំខាន់​ដែល​អ្នក​មិនត្រូវ​ភ្លេច​ឡើយ​។ យក​ល្អ​អ្នក​គួរតែ​ធ្វើការ​ផ្លាស់ប្តូរ​ម៉ា​ស្កា​រ៉ា​រៀង​រាល់​ពីរ​ទៅ​បី​ខែ​ម្តង​។ ប្រសិនបើ​ចាំបាច់ អ្នក​អាច​គូស​ចំណាំ​លើ​ប្រតិទិន​របស់​អ្នក​បាន​។ ការប្រើប្រាស់​ម៉ា​ស្កា​រ៉ា​ចាស់ៗ​អាច​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​ឆ្លង​មេរោគ​បាន និង​អាច​ប៉ះពាល់​ដល់​រោមភ្នែក​របស់​អ្នក​បាន​។​
​ចូលចិត្ត​ត​រោមភ្នែក​ជាប្រចាំ​
​ការ​ត​រោមភ្នែក​គឺជា​ស្តាយល៍​ដែល​គេ​និយម​នាពេល​បច្ចុប្បន្ន​នេះ​។ ព្រោះ​ថា​គេ​អាច​ប្រើ​វា​ជំនួស​រោមភ្នែក​ក្លែងក្លាយ​បាន ព្រោះ​ថា​អ្នក​ត្រូវ​បិទ​ភ្នែក​ពេល​ដែល​គេ​ធ្វើកា​រត បែប​នេះ​កាវ​នឹង​មិន​ចូល​ភ្នែក​របស់​អ្នក​ឡើយ​។ ម្យ៉ាងទៀត វា​ជាប់​បាន​យូរ​ជាង​រោមភ្នែក​ក្លែងក្លាយ​។ ប៉ុន្តែ​វា​អាច​នឹង​មិន​ល្អ​សម្រាប់​រោមភ្នែក​របស់​អ្នក​ឡើយ ប្រសិនបើ​អ្នក​ឧស្សាហ៍​ត​រោមភ្នែក​ញឹកញាប់​។ រោមភ្នែក​ក្លែងក្លាយ​ត្រូវបាន​គេ​ត​ពី​លើ​រោមភ្នែក​ធម្មជាតិ​របស់​អ្នក ដូច្នេះ​នៅពេល​រោមភ្នែក​ត​នោះ​ជ្រុះ នុ៎ះ​រោមភ្នែក​ធម្មជាតិ​របស់​អ្នក​ក៏​អាច​នឹង​ជ្រុះ​តាម​ផង​ដែរ​!
​ចូលចិត្ត​ញី​ភ្នែក​
​ទម្លាប់​នេះ​គឺ​ពិបាក​នឹង​បញ្ឈប់​ណាស់ ជា​ពិសេស​ពេល​ដែល​វា​ជា​រដូវ​កាល​អា​លែរ​ហ្ស៊ី​! ពេល​ដែលរ​មាស់​ភ្នែក​អ្នក​មិន​អាច​ទប់ចិត្ត​មិន​ឱ្យ​ញី ឬ​អេះ​បានឡើយ​។ ការធ្វើ​បែប​នេះ​កាន់តែ​ធ្វើឱ្យ​ប៉ះពាល់​ភ្នែក​របស់​អ្នក និង​អាច​ធ្វើឱ្យ​ជ្រុះ​រោមភ្នែក​របស់​អ្នក​បាន​។ អ្នក​មិន​ចង់​បាន​បែប​នេះ​ឡើយ​។ ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវតែ​អេះ ឬ​ញី​ភ្នែក​របស់​អ្នក ចូរ​ធ្វើ​ដោយ​ថ្នមៗ មិន​ត្រូវ​ប្រើ​ដៃ​ធ្ងន់ៗ​ឡើយ​។ ទម្លាប់​ទាំង ៨ នេះ​អាច​ធ្វើឱ្យ​រោមភ្នែក​របស់​អ្នក​ខូច​បាន​។ ប្រសិនបើ​អ្នក​មាន​ទម្លាប់​ណាមួយ​ក្នុងចំណោម​ទម្លាប់​ខាងលើនេះ ចូរ​កែប្រែ​ជា​បន្ទាន់​។ រោមភ្នែក​របស់​អ្នក​ច្បាស់​ជា​អរគុណ​អ្នក​មិន​ខាន​!

Leave a Reply

Your email address will not be published. Required fields are marked *