Uncategorized

មូលហេតុ ៧ យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​នៅ​តែ​មិន​សប្បាយចិត្ត​

By  | 

អ្នក​តែងតែ​ហាត់ប្រាណ ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព មាន​មិត្ត​ភ័ក្តិ​ល្អៗ ប៉ុន្តែ​អ្នក​នៅ​តែ​មិន​សប្បាយចិត្ត​។​
​យល់​ថា​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ដែរ​ឬ​?
​ឃើញ​ថា​មនុស្ស​យើង​ភាគច្រើន​មិន​សប្បាយចិត្ត​ជាមួយ​ជីវិត​របស់​ខ្លួន​បើ​ទោះបីជា​បាន​ធ្វើ​គ្រប់យ៉ាង “​ល្អ​” ក៏ដោយ​។​
​ដើម្បី​ជួយ​ឱ្យ​អ្នក​ចាកចេញ​ពី​ទម្លាប់​មួយ​នេះ និង​ដើម្បី​ស្វែងរក​សុភមង្គល​ជា​រៀងរហូត យើង​ក៏​បាន​សាកសួរ​អ្នកជំនាញ​ផ្នែក​សុភមង្គល​អ្នកស្រី Valerie Groth (​ការពិតទៅ អ្នកស្រី​គ្រាន់តែ​ជា​អ្នក​ធ្វើការ​សង្គម​ដែល​បាន​ក្លាយខ្លួន​ជា​អ្នកផ្តល់​យោបល់​អំពី​ជីវិត ប៉ុន្តែ​យើង​គឺ​ចាត់ទុក​អ្នកស្រី​ជា​អ្នកជំនាញ​ផ្នែក​សុភមង្គល​) ដើម្បី​ចែករំលែក​ពីអ្វី​ដែល​បាន​រារាំង​យើង​មិនឱ្យ​មាន​ភាព​រីករាយ​ក្នុង​ជីវិត​បាន​។​
​អ្នក​ស្ថិតនៅ​ក្នុង​កន្លែង​ដែល​ស្រួល​ពុំ​មាន​ការលំបាក​
​សាកល្បង​ធ្វើ​អ្វី​ម្យ៉ាង​ដែល​អ្នកខ្លាច​ជា​រៀងរាល់ថ្ងៃ​។ ចំណាយ​ពេល​ពីរ​បី​នាទី​ជា​រៀងរាល់ថ្ងៃ​ដើម្បី​រៀបចំ​ផែនការ​ធ្វើ​សកម្មភាព​ក្លាហាន​ណា​មួយ​នៅ​ថ្ងៃស្អែក​។​
​ការ​ថយក្រោយ និង “​បរាជ័យ​” ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ចុះចាញ់​
​យោង​តាមរយៈ​ការស្រាវជ្រាវ​ថ្មីៗ​នេះ នៅពេលនេះ​យើង​បាន​រកឃើញថា​លក្ខណៈពិសេស​របស់​មនុស្ស​ដែល​ពី​មុន​យើង​គិតថា “​មិន​អាច​ផ្លាស់ប្តូរ​” បាន ដូច​ជា​ភាព​វៃ​ឆ្លាត ឬ​ភាព​មិន​ចេះ​ចុះចាញ់ តាមពិត​ទៅ​គឺ​សុទ្ធ​តែ​អាច​ផ្លាស់ប្តូរ​បាន​ទៅ​តាម​ពេលវេលា និង​ការអនុវត្ត​។ ចាប់ផ្តើម​បង្កើត​ផ្នត់គំនិត​ដែល​រីកចម្រើន រៀនសូត្រ​ពី​កំហុស​របស់​អ្នក និង​រំពឹង​ក្នុង​ចិត្ត​ដើម្បី​សម្រេច​វា​ឱ្យបាន​។​
​អ្នក​ធ្វើ​ការសម្រេចចិត្ត​តាមរយៈ​ការ​ឱ្យ​តម្លៃ​ខុស​
​គេ​តែង​និយាយថា យើង​មិន​អាច​មើលឃើញ​ខ្លួនឯង​បាន​ឡើយ​។ វា​ពិតជា​មាន​ការលំបាក​ក្នុង​ការទទួលបាន​ទស្សនវិស័យ​គោលដៅ​នៅ​កន្លែង​ដែល​អ្នក​កំពុង​ជាប់គាំង​ក្នុង​ជីវិត​ដោយ​ពុំ​មាន​នរណាម្នាក់​មក​ណែនាំ និង​គាំទ្រ​អ្នក​។ ចូរ​អ្នក​ពិចារណា​ធ្វើការ​ជាមួយ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ជី​វីត​ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​អំពី​អ្វី​ដែល​មាន​សារសំខាន់​ចំពោះ​អ្នក និង​អ្វី​ដែល​ធ្វើឱ្យ​អ្នក​សប្បាយចិត្ត​!
​អ្នក​ចំណាយ​ពេល​ច្រើន​ពេក​លើ​ការប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នក​ដទៃ​។​
​បញ្ឈប់​ការប្រើប្រាស់​ហ្វេ​សប៊ុក​។ ឬ​យ៉ាងហោចណាស់ លុប​ហ្វេ​សប៊ុក​ចេញពី​ទូរសព្ទ​របស់​អ្នក និង​ព្យាយាម​កម្រិត​ពេលវេលា​ក្នុង​ការលេង ឬ​ឆែក​បណ្តាញ​សង្គម​នានា​ជា​រៀងរាល់ថ្ងៃ​។ សាកល្បង​រៀបចំ​កាលវិភាគ​ក្នុងការ​ឆែក​បណ្តាញ​សង្គម និង​ចន្លោះពេល​នី​មួយៗ​ដោយ​ព្យាយាម​ចេញ​ឆ្ងាយ​ពី​បណ្តាញ​ទាំងអស់នោះ ការធ្វើ​បែប​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ចៀសផុត​ពី​ការប្រៀបធៀប​ខ្លួនឯង​ទៅ​នឹង​អ្នក​ដទៃ ហើយ​អ្នក​អាច​នឹង​មាន​ពេល​ច្រើន​សម្រេច​បាន​ការងារ​ផ្សេងៗ​ថែមទៀត​ផង​។​
​អ្នក​បញ្ចប់​ពេលវេលា​មួយថ្ងៃៗ​ដោយ​ពុំ​បាន​ចំណាយ​ពេល​ត្រិះរិះ​ពិចារណា​លើ​អ្វី​ដែល​ខ្លួន​បានធ្វើ​
​សាកល្បង​អនុវត្ត​ការ​ត្រិះរិះ​ពិចារណា​ជា​រៀងរាល់ថ្ងៃ​ដូចជា​ការធ្វើ​សមាធិ និង​ការសរសេរ​កំណត់ហេតុ​ជាដើម​។​
​អ្នក​នៅ​តែ​ដើរលេង​ជាមួយ​មិត្ត​ភ័ក្តិ​កាលពី​រៀន​នៅ​វិទ្យាល័យ​
​អ្នក​ខ្លះ​អាច​នឹង​មាន​សំណាង​បាន​ស្គាល់​មិត្ត​ភ័ក្តិ​ស្គាល់​ចិត្តថ្លើម​គ្នា​តាំងពីក្មេងៗ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយចំនួន​វិញ គេ​តែងតែ​ដើរលេង​ជាមួយ​មនុស្ស​ដដែលៗ​ដោយសារ​តែ​ទម្លាប់​មិនមែន​មកពី​ចំណូលចិត្ត​។ ចូរ​អ្នក​ជីក​កកាយ​ពី​សម្ព័ន្ធភាព​របស់​អ្នក និង​ធ្វើ​ការវាយតម្លៃ​ថា​តើ​មិត្ត​ភ័ក្តិ​ម្នាក់​ណា​ដែល​ជា​មិត្ត​ពិតប្រាកដ និង​ធ្វើឱ្យ​ជីវិត​របស់​អ្នក​មាន​ន័យ និង​មិត្ត​ម្នាក់​ណា​ដែល​មិនមែន​។ ប្រសិនបើ​ថាមពល​ផ្លូវចិត្ត​របស់​អ្នក​ថមថយ​ចុះ​នៅ​កំឡុងពេល ឬ​បន្ទាប់​ពី​ចំណាយពេល​ជាមួយ​ពួកគេ​រួច​មក នេះ​ប្រហែល​ជា​សញ្ញា​ប្រាប់​ថា​អ្នក​គួរតែ​ធ្វើ​ការផ្លាស់ប្តូរ​ហើយ​។​
​អ្នក​គ្មាន​យុទ្ធសាស្ត្រ​រឹងមាំ​ណាមួយ​ដើម្បី​ទប់ទល់​ជាមួយ​ក្តីបារម្ភ ឬ​អារម្មណ៍​អវិជ្ជមាន​ណាមួយ​នៅពេល​ដែល​វា​កើត​ឡើង​។​
​មិន​ខុស​ពី​ការរៀបចំ​ផែនការ​ទប់ទល់​នឹង​ឧបសគ្គ​ក្នុង​អាជីព​ការងារ​នោះទេ អ្នក​ក៏​គួរតែ​ចំណាយពេល​រៀបចំ​ផែនការ​អ្វី​មួយ​ដើម្បី​ថែទាំ​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​។ ត្រូវ​ចាំ​ថា អ្នក​គួរតែមាន​ផែនការ​រឹងមាំ​មួយ​ដែល​រួម​មាន​យុទ្ធសាស្ត្រ​ថែទាំ​ខ្លួនឯង​ដែល​អ្នក​អាច​យកមក​ប្រើប្រាស់​បាន​នៅ​រាល់ពេល​ដែល​អ្នក​ជួប​រឿង​មិន​ល្អ​ក្នុង​ជីវិត​!

Leave a Reply

Your email address will not be published. Required fields are marked *