Connect with us

​អ្នកនាង Grace H. Gutekanst បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោក Peter Klashorst វិចិត្រករ​មួយរូប​ដែល​មិន​កាន់​សាសនា​និង​តែងតែ​ធ្វើ​ដំណើរ​ទៅមក​រវាង​បី​ប្រទេស​ដើម្បី​ដាក់លក់​គំនូរ​របស់ខ្លួន​។ អ្នកនាង Gutekanst បាន​ជួប​លោក​ជា​លើកដំបូង​នៅឯ​ស្ទូឌីយោ​ក្នុង​ក្រុងភ្នំពេញ​ដោយ​លោក​បាន​ចូល​មក​រាក់ទាក់​អ្នកនាង​ដោយ​ស្លៀក​តែ​ខោខ្លី​បុក​ស័រតូច​មួយ​ប៉ុណ្ណោះ​។ ថ្វី​បើ​ដូច្នេះ​មែន ប៉ុន្តែ​សមត្ថភាព និង​ទស្សនៈ​របស់​លោក​គឺ​ពិតជា​គួរ​ឱ្យ​កោតសរសើរ​។ លោក Klashorst តែងតែ​តាមដាន​រាល់​ព័ត៌មាន​អន្តរជាតិ និង​វប្បធម៌​ថ្មីៗ​ជាប្រចាំ និង​តែងតែ​ឆ្លុះបញ្ចាំង​តថភាព និង​សោកនាដកម្ម​ក្នុង​សង្គម​នៅក្នុង​គំនូរ​របស់គាត់​។​

តើ​លោក​អាច​ប្រាប់​យើងខ្ញុំ​ខ្លះៗ​ទាក់ទង​នឹង​រូបលោក​បាន​ទេ​?
​មក​ទីក្រុង​ភ្នំពេញ​ដំបូង​នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ ២១ ឆ្នាំ​។ ខ្ញុំ​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យមក​ធ្វើ​ការបង្ហាញ​ពិព័រណ៍​គំនូរ​នៅ​កម្ពុជា ហើយ​ខ្ញុំ​ក៏​បន្ត​ការងារ​ខ្ញុំ​រហូតដល់​បច្ចុប្បន្ន​នេះ​។

​តើ​ជា​ទូទៅ​លោក​ប្រើប្រាស់​ឧបករណ៍​អ្វី​ដើម្បី​គូររូប​?
​ខ្ញុំ​មាន​ស្ទូឌីយោ​គូរគំនូរ​ចំនួ​ន ៣ មួយ​នៅ​អាហ្វ្រិក មួយ​នៅ​បាងកក និង​មួយទៀត​គឺ​នៅ​កម្ពុជា​។ ដោយសារ​ពិបាក​ក្នុងការ​ដើរ​ទិញ​ឧប ករណ៍​គំនូរ​ក្លាស៊ិ​កដូចជា​ក្រណាត់សំពត់​សរសៃ Linen ដូច្នេះហើយ​ទើប​ជាទូទៅ​ខ្ញុំ​តែងតែ​ប្រើប្រាស់​ឧបករណ៍​ដែល​មាន​ក្នុងស្រុក​   ស្រាប់​។ ភាគ​ច្រើន​ខ្ញុំ​គូរគំនូរ​ដោយ​ប្រើ​ថ្នាំ​ពណ៌​លាប​ដែក និង​ថ្នាំ​ពណ៌​ស្ព្រៃ​យ៍​។ បើ​នៅ​បាងកក​ខ្ញុំ​តែងតែ​គូរគំនូរ​ដោយ​ប្រើ​ប្រេង និង​ផ្ទាំង​ក្រណាត់​Canvas ចំណែក​នៅ​អាហ្វ្រិក​ខ្ញុំ​ប្រើ​ឧបករណ៍​ផ្សេងៗ​ទៀត​។ និយាយ​រួម​គឺ​ខ្ញុំ​ប្រើ​ឧបករណ៍​ណា​ដែល​ងាយស្រួល​រក​នៅ​តាម  ​តំបន់​។​

តើ​លោក​តែងតែ​ទៅ​ពិនិត្យមើល​ស្ទូឌីយោ​ទាំងបី​នេះ​ឬ​?
​បាទ ខ្ញុំ​តែងតែ​ទៅមក ជាទូទៅ​ខ្ញុំ​តែងតែ​ទៅ​បាងកក​រយៈពេល ២ សប្តាហ៍ ទៅ​ភ្នំពេញ ២ សប្តាហ៍ និង​ទៅ​អា​ហ្រិ្វ​ក​រយៈពេល ១ ទៅ ២​ខែ​។​

​តើ​ស្តាយល៍​គំនូ​ររបស់​លោក​មាន​លក្ខណៈ​បែប​ណា​ដែរ​?
​គំនូរ​របស់​ខ្ញុំ​គឺ​ទទួល​ឥទ្ធិពល​ពី​កុមារ គំនូរ វិចិត្រ​ករ Rembrandt និង​អ្វីៗ​ជាច្រើន​ទៀត​ដូចជា​តុក្កតា សៀវភៅ​រឿង​តុ​ក្កតា រឿង​តុក្កតា ចម្លាក់​បែប​ក្លា​ស៊ិក ចម្លាក់​ខ្មែរ​បុរាណ​ជាដើម​។ ខ្ញុំ​ជា​មនុស្ស​ដែល​ពុំ​កាន់​សាសនា​ម្នាក់ ដូច្នេះ​ខ្ញុំ​ដូចជា​គ្មាន​ស្តា​យល៍​ជាក់លាក់​ឡើយ​។ ខ្ញុំ​មិន​ជឿ​លើ​ការណែនាំ​ឡើយ តួយ៉ាង​ដូចជា​ព្រឹក​នេះ​មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី ខ្ញុំ​ក៏​បាន​ឆែក​អ៊ី​ន​ធើ​ណេត​មើល ហើយ​ក៏​ឃើញ​មាន​ការពិភាក្សា​តទល់​របស់​គណបក្ស GOP របស់​សហរដ្ឋ​អា​មេ​រិច ហើយ​ពេលនោះ​លោក Trump ក៏បាន​លើកឡើង​ពី​ទំហំ​លិង្គ​របស់គាត់​។ ឃើញ​ដូច្នេះ​ខ្ញុំ​ក៏​គិត​ថា​ខ្ញុំ​គួរតែ​គូររូប​តុក្កតា​និយាយ​ពី​រឿង​មួយ​នេះ​។ លទ្ធផល​យ៉ាង​ណា​ខ្ញុំ​មិនដឹង​ទេ​។ គ្រាន់តែ​ដឹងថា​ខ្ញុំ​តែងតែ​ស្រមើស្រមៃ​ពីនេះ​ពី​នោះ​ដើម្បី​បង្កើត​គំនិត​ច្នៃប្រឌិត​។ ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​ពាក្យ​ថា​-​ខ្ញុំ​ធ្វើ​មិន​បាន​ឡើយ​ព្រោះ​នេះ​មិនមែន​ជា​ស្តា​យល៍​របស់ខ្ញុំ ព្រោះថា​គំនូរ​របស់ខ្ញុំ​គឺ​ពុំ​មាន​ស្តា​យល៍​ជាក់លាក់​ឡើយ​។ ថ្វី​បើ​ខ្ញុំ​អាច​មើល​គំនូរ​របស់លោក Da Vinci រួច​ព្យាយាម​គូរ​ឱ្យ​ដូច​គាត់ ឬ​មើល​គំនូរ​របស់លោក Rembrandt រួច​គូរ​ឱ្យ​ដូច​គាត់ ប៉ុន្តែ​ទោះ​យ៉ាងណា​ខ្ញុំ​មិនមែន​ជា​ពួក​គាត់​ឡើយ​។ ខ្ញុំ​ជឿ​លើ​សេរីភាព​នៃ​ការបង្ហាញ​អារម្មណ៍ ដូច្នេះហើយ​ទើប​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​សិទ្ធិសេរីភាព សេរីភាព​ដែល​អាច​ឱ្យ​អ្នក​សម្តែង​គំនិត និង​អារម្មណ៍​ខ្លួនឯង​ទៅ​កាន់​ពិភពលោក​។ សូម្បី​តែ​រឿង​អាសអាភាស​ក៏​អាច​បំផុសទឹកចិត្ត​ខ្ញុំ​ឱ្យ​គូររូប​បានដែរ​។

​តើ​លោក​គូររូប​ជា​រៀងរាល់​ថ្ងៃ​ឬ​?
​បាទ ខ្ញុំ​គូរ​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ខ្ញុំ​បាន​គូររូប​ច្រើន​មែនទែន​។ កាលពី​សប្តាហ៍​មុន ខ្ញុំ​បាន​គូររូប​ប្រមាណ ៣០០ គំនូរ​សម្រាប់​ខូលិក​ហ្សិន​មួយ លើក​នេះ​ខ្ញុំ​គូរ​ច្រើន​លើសពី​ធម្មតា​។ សម្រាប់​វិចិត្រករ​ទូទៅ​គេ​មិន​ធ្វើ​បែប​នេះ​ឡើយ ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ​ប្រៀប​បី​ដូច​ជា​ការ​ញៀន​នឹង​ភាព​ស្រមើ​ស្រមៃ ខ្ញុំ​ចូល​ចិត្ត​ប្រមូលផ្តុំ​គំនិត​ស្រមើស្រមៃ​ទាំងនេះ​ចូលក្នុង​ខួរក្បាល​របស់ខ្ញុំ​។​

​តើ​ជា​ទូទៅ​ភ្ញៀវ​ទាក់ទង​លោក​តាម​ណា​ដែរ​?
​ភាគច្រើន​ស្ទើរតែ ៩៩% ភ្ញៀវ​តែងតែ​ទាក់ទង​ខ្ញុំ​តាម Facebook​។ វា​ជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍​មែនទែន ព្រោះ​ថា​កាលពីមុន​ខ្ញុំ​តែងតែ​ទៅ​វិចិត្រសាល​ដោយ​ខ្លួនឯង ឬ​តាំងពិព័រណ៍​គំនូរ ឬ​ត្រូវគេ​អញ្ជើញ​ឱ្យ​ចូលរួម ប៉ុន្តែ​អ្វីៗ​ទាំងនេះ​គឺ​លែងមានទៀតហើយ​។ អ្នក​អាច​បង្កើត​កម្មវិធី​តាំងពិព័រណ៍​គំនូរ​របស់​អ្នក​នៅ​ក្នុង Facebook ជា​រៀងរាល់ថ្ងៃ​។ អ្នក​អាច​បង្កើត​កម្មវិធី​តាំងពិព័រណ៍​គំនូរ​ថ្មីៗ​បាន​។ អ្នក​មិន​ចាំបាច់​បង្កើត​កន្លែង​តាំងពិព័រណ៍​ដូច​ពី​មុន​ទេ​។ ហើយ​អ្នក​អាច​ទទួល​បាន​អ្នក​ចូល​មើល​យ៉ាងច្រើន​លើសលប់​។ គ្រាន់តែ​រូបថត ឬ​គំនូរ​មួយ​សន្លឹក​មាន​ក៏​មាន​អ្នក​ចូល​មើល​ជាង ២០,០០០ នាក់​ដែរ​។ បើ​នៅ​វិចិត្រសាល​វិញ ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស ១០ នាក់​ចូល​មើល​គឺ​ចាត់ទុក​ថា​ល្អ​ហើយ ប៉ុន្តែ​មាន​មនុស្ស​ដល់​ទៅ ២០,០០០ នាក់​ចូល​មើល​ក្នុង Facebook នេះ​គឺ​ពិតជា​អស្ចារ្យ​មែនទែន​។ អ្នក​ចូល​មើល​ទាំងនោះ​គឺ​មក​ពី​ជុំវិញ​ពិភពលោក​ដូចជា​អារ៉ាប់ អាហ្វ្រិក អាស៊ី អាមេរិក និង​អឺរ៉ុប​។ នេះ​ពិតជា​រឿង​ដ៏​អស្ចារ្យ​។ អ្នក​អាច​ទទួលបាន​មនុស្ស​ជាច្រើន​មក​ចូល​មើល​គំនូរ​របស់​អ្នក​។ បច្ចុប្បន្ននេះ និង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​គឺ​ខុស​ប្លែក​គ្នា​ឆ្ងាយ​ណាស់​។ សព្វ​ថ្ងៃនេះ​ខ្ញុំ​ប្រើប្រាស់​មធ្យោបាយ​នេះ​ដើម្បី​ផ្សព្វផ្សាយ​ស្នាដៃ​គំនូរ​របស់ខ្ញុំ​។​

​តើ​លោក​ក្លាយ​ជា​វិចិត្រករ​តាំងពី​ពេលណា​ដែរ​?
​បាទ យូរហើយ​។ ខ្ញុំ​ជា​វិចិត្រករ​តាំងពី​ខ្ញុំ​នៅ​ក្មេង​មកម្ល៉េះ​។

តើ​លោក​ធ្លាប់​សហការ​គូររូប​ជាមួយ​វិចិត្រករ​កម្ពុជា​ដែរឬទេ​?
​នៅ​កម្ពុជា​គឺ​តិចតួច​ណាស់​។ ប៉ុន្តែ​បើ​នៅ​អាហ្វ្រិក​វិញ ខ្ញុំ​ធ្លាប់​សហការ​គូររូប​ជាមួយ​វិចិត្រករ​ជាច្រើន​នាក់​។ ពេលខ្លះ​ពួកគេ​ចម្លង​តាម​ស្នាដៃ​របស់​ខ្ញុំ រួច​យក​ទៅ​លក់​ទៀត​ផង​…*​សើច​*…​ប៉ុន្តែ​នៅទីនេះ​គឺ​ពុំ​មាន​ច្រើន​នោះ​ទេ​។ ចំណែក​នៅ​ឯ​បាងកក​វិញ ខ្ញុំ​បាន​គូររូប​ជាមួយ​វិចិត្រករ​ជាច្រើនរូប​ដែរ ប៉ុន្តែ​នៅ​កម្ពុជា​វិញ ខ្ញុំ​ពុំ​សូវ​ជា​ស្គាល់​វិចិត្រករ​ខ្មែរ​ច្រើន​នោះទេ​។ នៅ​កម្ពុជា ភាគច្រើន​នៃ​គំនូរ​ដែល​ខ្ញុំ​ឃើញ​គឺ​ផ្តោត​ទៅលើ​ពួក​អ្នកទេសចរ​។ នៅ​ទីនេះ​មាន​វិចិត្រសាល​ច្រើន​គួរសម ប៉ុន្តែ​សម្រាប់​ខ្ញុំ​ស្នាដៃ​គំនូរ​ទាំង​នោះ​ដូចជា​មិន​គួរឱ្យ​ចាប់អារម្មណ៍​ប៉ុន្មាន​ឡើយ​។​

​តើ​ស្នាដៃ​គំនូរ​របស់​លោក​មួយណា​ដែល​លោក​ពេញចិត្ត​ជាងគេ​?​ ​
​ខ្ញុំ​គិតថា​នឹង​គូរ​វា​នៅ​ថ្ងៃស្អែក​។ តាមពិត​ទៅ​ខ្ញុំ​គ្មាន​គំនូ​រណា​ដែល​ខ្ញុំ​ពេញចិត្ត​ជាង​គេ​ឡើយ​។ ពេលខ្លះ​គំនូរ​ដែល​អាក្រក់​ជាង​គេ​អាច​ជា​គំនូរ​ដែល​ល្អ​ជាងគេ​។ វា​អាស្រ័យ​លើ​ការ​មើល​របស់​យើង​នៅពេល​ក្រោយ​។ ខ្ញុំ​ក៏​ជា​អ្នកនិពន្ធ​មួយ​រូប​ដែរ​។ ពេល​ខ្លះ​ខ្ញុំ​ក៏​ស្អប់​ការនិពន្ធ​របស់​ខ្ញុំ​ដែរ​។ ការសរសេរ​នោះ​គឺ​យ៉ាប់​មើល​ណាស់ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​ក៏​មាន​គេ​ចង់​បោះពុម្ពផ្សាយ​សៀវភៅ​របស់ខ្ញុំ​។ ហើយ​ពេល​ដែល​ខ្ញុំ​យក​វា​មក​មើល​ម្តងទៀត ក៏​ឃើញ​ថា​ស្នាដៃ​សរសេរ​របស់ខ្ញុំ​ដូចជា​មិន​អន់​ដូច​ខ្ញុំ​ធ្លាប់​គិត​ទេ​។ ចំណែក​ការ​គូរគំនូរ​ក៏​ដូចគ្នា​ដែរ ពេលខ្លះ​អ្នកមាន​អារម្មណ៍​ខឹង ហើយ​ក៏​គូរ​ចេញ​គំនូរ​ដែល​អ្នក​មិន​ពេញចិត្ត​។ ហើយ​ស្រាប់តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក អ្នក​មាន​អារម្មណ៍​ផ្សេង​ខុស​ពី​មុន​ពេល​ដែល​មើល​គំនូរ​នេះ​ម្តងទៀត​។ នរណាៗ​ក៏​ដូច្នេះ​ដែរ​។ ឧទាហរណ៍​ដូចជា​អ្នក​មិន​ចូល​ចិត្ត​មើល​រឿង​មួយ​នេះ តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​អ្នក​ក៏​ចូល​ចិត្ត​រឿង​មួយ​នេះ​វិញ​។​

​តើ​ការនិពន្ធ​បាន​ជះឥទ្ធិពល​អ្វីខ្លះ​ដល់​គំនូរ​របស់លោក​?
​ជា​យូរ​មក​ហើយ​ខ្ញុំ​តែងតែ​និពន្ធ គូរ​រូប និង​និពន្ធ​តន្ត្រី​។ ខ្ញុំ​តែងតែ​ធ្វើ​ការងារ​ណា​ដែល​ទាក់ទង​នឹង​ភាព​ច្នៃប្រឌិត​។ ខ្ញុំ​ធ្លាប់​សិក្សា​ផ្នែក​ខ្សែភាពយន្ត​នៅ​សាលា​ភាពយន្ត​។ ដោយសារ​តែ​បច្ចេកវិជ្ជា​ជឿនលឿន ពេលនេះ​ខ្ញុំ​កំពុងតែ​និពន្ធ​សៀវភៅ​ថ្មី និង​បញ្ចូល​គ្រប់យ៉ាង​ចូលគ្នា​។ ខ្ញុំ​ដាក់​បញ្ចូល​ទស្សនៈ​ដែល​មាន​ក្នុង​ខ្សែភាពយន្ត ការនិពន្ធ រឿង​តុក្កតា គំនូរ​ស្ងួត និង​គំនូរទឹក​ចូល​គ្នា​តែ​មួយ​។ ខ្ញុំ​ចង់​បង្កើត App មួយ​។ សៀវភៅ​ដែល​ខ្ញុំ​ចង់​បង្កើត​មិន​មែន​ជា​សៀវភៅ​មែនទែន​ឡើយ​តែ​ជា​សៀវភៅ​បែប App​។​
​វា​ពិតជា​ប្រសើរ​មែនទែន​នៅពេលដែល​លោក​បត់បែន​ការងារ​របស់​លោក​ទៅតាម​បច្ចេកវិជ្ជា និង​ការវិវដ្តដ៏​សម្បើម​នៃ​បច្ចេកវិជ្ជា​។​
​បាទ យើង​អាច​ធ្វើបាន​តាម​វិធី​ជា​ច្រើន​តាម​ចិត្ត​របស់​យើង​។ ឧទាហរណ៍​យើង​អាច​ថតរូប​រួច​គូរ​ក្នុង​សៀវភៅ​។ យើង​មិន​ចាំបាច់​មើល​បំណែក​រូបថត ឬ​បំណែក​ភាពយន្ត​ឡើយ​។ កាលពី​មុន​យើង​ត្រូវ​ដើរ​រក​ឱ្យ​ឃើញ​បំណែក​ទាំងអស់ រួច​យកមក​ផ្គុំ​គ្នា ប៉ុន្តែ​បច្ចេកវិជ្ជា​បច្ចុប្បន្ន​នេះ​ជួយ​ឱ្យ​យើង​អាច​គូរ​បាន​តាម​វី​ធី​ផ្សេងៗ​ជាច្រើន​។ បែប​នេះ​គំនូរ​របស់​យើង​គឺ​មើលទៅ​មាន​លក្ខណៈ​ធម្មជាតិ និង​ផ្ចិតផ្ចង់​។ សព្វថ្ងៃ​នេះ​វិធី​អ្វី​ក៏​យើង​អាច​គូរ​បានដែរ​។​

នាង​ខ្ញុំ​ស្គាល់​វិចិត្រករ​ជាច្រើន​ដែល​មិន​ចូល​ចិត្ត​ប្រើប្រាស់​បច្ចេកវិជ្ជា ហើយ​នាង​ខ្ញុំ​ពិតជា​ពេញចិត្ត​មែនទែន​ពេលដែល​លោក​អាច​ទាញយក​ផលប្រយោជន៍​ពី​បច្ចេកវិជ្ជា​សម្រាប់​ការងារ​របស់​លោក​?
​បាទ ការពិត​ទៅ​ខ្ញុំ​គឺ​ចូល​ចិត្ត​ទាំងពីរ​។ ខ្ញុំ​ពេញចិត្ត​គំនូរដៃ​ត្រង់​វា​មើល​ទៅ​មាន​ក្ខណៈដើម និង​ចំៗ​។ គំនូរដៃ​ត្រូវ​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​មាន​ភាព​រញ៉េរញ៉ៃ​ច្រើន ហើយ​ត្រូវការ​ប្រើប្រាស់​កម្លាំង​កាយ​ច្រើន ចំណែក​បច្ចេកវិជ្ជា​វិញ អ្នក​អាច​ប្រើប្រាស់​វា​សម្រាប់​សរសេរ​និពន្ធ និង​ស្រាវជ្រាវ​ព័ត៌មាន​។ ខ្ញុំ​ពេញចិត្ត​ទាំង​ពីរ​ផ្នែក​នេះ​។ ពេលព្រឹក​ក្រោយ​ភ្ញាក់​ពី​គេង ខ្ញុំ​តែងតែ​យក Ipad មក​មើល​ព័ត៌មាន រួច​គូររូប​នៅលើ Ipad នោះ​។ មិនតែប៉ុណ្ណោះ​អ្នក​អាចដាក់ Ipad តាម​ខ្លួន​ដើម្បី​សរសេរ​គ្រប់​ពេល​មិន​ថា​អ្នក​ទៅលេង​ឆ្នេរសមុទ្រ ឬ​ទៅ​បារ​ឡើយ​។ ខុស​ពី​កាលពីមុន ដើម្បី​សរសេរ​អ្នក​ត្រូវ​តែមាន​អង្គុលី​លេខ​។

​តើ​លោក​អាច​ប្រាប់​យើងខ្ញុំ​ខ្លះៗ​ទាក់ទង​នឹង​ផ្ទាំងគំនូរ​ដ៏​ធំ​មួយ​នោះ​នៅក្នុង​ស្ទូឌីយោ​របស់​លោក​បាន​ទេ​?
​ផ្ទាំងគំនូរ​មួយ​នេះ​គឺ​ឆ្លុះបញ្ចាំង​ពី​រឿងរ៉ាវ​ដែល​ស្ថិតនៅ Gaza​។ រូប​នេះ​បង្ហាញ​ពី​ភាពចលាចល និង​ទីបញ្ចប់​នៃ​ពិភពលោក​។ នេះ​ជា​រូបអ្នក​ប្រយុទ្ធ​នឹង​ភាពចលាចល​ម្នាក់ ពោល​គឺ​អ្នក​ជិះសេះ​ម្នាក់​ក្នុងចំណោម​អ្នក​ជិះសេះ ៤ នាក់​។ ហើយ​អ្នក​ជិះសេះ​ក្នុង​គំនូរ​នេះ​គឺជា​រូបខ្ញុំ​។ នេះ​ជា​គំនូរ​ដែល​បង្ហាញ​ពី​សេចក្តីស្លាប់ និង​ក្តីវិនាសហិនហោច​។ វា​បង្ហាញ​ពី​ស្លាក McDonalds ធ្លាក់​ចុះ​ក្រោម និង​ដាប​ទៅ​ដោយ​ពណ៌​ក្រហម​។ ហើយ​បុរស​ម្នាក់​ក្នុង​រូប​ត្រូវបាន​ពួក Isis សម្លាប់ ហើយ​ក្បាល​របស់​គេ​កំពុងតែ​រមៀល​ទៅ​ម្ខាង​។ នេះ​ជា​រឿង​ដែល​ធ្វើឱ្យ​ខ្ញុំ​ក្តៅ​ក្តួល​ចិត្ត​ជា​ខ្លាំង ហើយ​វា​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង​។ នេះ​ជា​រឿង​ពិត​ដែល​កំពុងតែ​កើត​ឡើង​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​។​

​តើ​លោក​សង្ឃឹមថា​វិចិត្រករ​គំនូរ​នៅ​កម្ពុជា​នឹង​មាន​ការរីកចម្រើន​បែបណាខ្លះ​?
​តែងតែ​ចង់​ក្លាយ​ជា​វិចិត្រករ​ដំបូង​គេ​ដែល​អាច​ដាក់​ស្នាដៃ​គំនូរ​របស់​ខ្លួន​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ ហើយ​នឹង​មាន​វិចិត្រករ​ដទៃ​ទៀត​ធ្វើ​តាម​ខ្ញុំ ប៉ុន្តែ​រឿង​នេះ​មិន​បាន​កើតឡើង​ឡើយ​។ ទីនោះ​ជា​សារមន្ទីរ​ដ៏​ស្រស់ស្អាត និង​មាន​កន្លែង​សល់​ទំនេរ​ជាច្រើន​។ ថ្វី​ត្បិត​កម្មវត្ថុ​គំនូរ​នៅ​ទីនោះ​មាន​លក្ខណៈ​ជ្រាលជ្រៅ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ការ​បន្ត​គំនិត​នេះ​ទៅមុខ​ទៀត​គឺជា​រឿង​ល្អ​។ ខ្ញុំ​ចង់ឱ្យ​វិចិត្រករ​ទាំងនេះ​និយាយ​ពី​របប​ប្រល័យ​ពូជសាសន៍ តែ​ក៏​មិន​ភ្លេច​និយាយ​អំពី​រឿងរ៉ាវ​កើតឡើង​បច្ចុប្បន្ន​ផង​ដែរ​។ សព្វថ្ងៃនេះ មនុស្ស​ជាច្រើន​កំពុង​តែង​រង​ទុក្ខ និង​ស្លាប់​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ហាក់ដូចជា​គ្មាន​នរណា​អើពើ និង​រៀន​វិភាគ​ពី​រឿង​នេះ​ឡើយ​។ ប្រសិនបើ​មាន​វិចិត្រ​សាល និង​កម្ម​វិធី​សិល្បៈ​កាន់តែច្រើន​កាន់តែ​ល្អ​។ ខ្ញុំ​គិតថា​នេះ​ជា​វិធី​ដ៏​ល្អ​ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​របស់​ម​នុស្ស​។ ខ្ញុំ​គិតថា​ការប្រើប្រាស់​សិល្បៈ​ដើម្បី​កម្ទេច​អ៊ីរ៉ាក់​គឺជា​វិធី​ដ៏​ល្អ​ជាង​ការប្រើប្រាស់​គ្រាប់បែក​យក​មក​បំផ្ទុះ​ប្រទេស​នេះ​។ ចំពោះ​រឿង​ក្រុម Isis នេះ​វិញ​យើង​អាច​បញ្ជូន​វិចិត្រករ​សិល្បករ​ជា​ច្រើន​ពាន់​នាក់​ដើម្បី​ទៅ​ស្វែងយល់​ពី​រឿងរ៉ាវ​នៅ​ទីនោះ ជាជាង​យក​ទាហាន​រាប់ពាន់​នាក់​ទៅ​ប្រយុទ្ធ​នៅ​ទីនោះ​។ រឿងរ៉ាវ​ដែល​កើតឡើង​សព្វថ្ងៃនេះ​គឺ​សុទ្ធតែ​កើតចេញពី​ទស្សនៈ​របស់​មនុស្ស ហើយ​យើង​មិន​អាច​បញ្ចប់​រឿង​នេះ​បាន​ឡើយ​ប្រសិន​បើ​ពួកគេ​នៅ​តែ​ប្រកាន់​ទស្សនៈ​មួយ​នេះ​។ ទោះ​បើ​មនុស្ស​ម្នាក់​នោះ​ស្លាប់​ក៏​ដោយ តែ​ទស្សនៈ​របស់​គេ​គឺ​មិន​បាន​ស្លាប់​តាម​គេ​ឡើយ​។ តួយ៉ាង​ដូចជា​ពេល​ដែល Bin Laden ត្រូវបាន​គេ​សម្លាប់ ប៉ុន្តែ​ទស្សនៈ​របស់ Bin Laden គឺ​នៅតែ​បន្ត​ក្នុង​អ៊ីរ៉ាក់​។ ដូច្នេះ​យើង​ត្រូវតែ​កែប្រែ​គំនិត​ក្នុង​ខួរក្បាល​របស់​ពួកគេ ហើយ​សិល្បៈ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដែល​អាច​កែប្រែ​មនុស្ស​ឱ្យ​សម្លឹង​មើល​ពិភពលោក​ក្នុងន័យ​ផ្សេង និង​អាច​ពញ្ញាក់​អារម្មណ៍​មនុស្ស​បាន​យ៉ាង​ល្អ​ទៀតផង​។ ពិភពលោក​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​សិល្បករ​ប្លែកៗ ប៉ុន្តែ​យើង​ម្នាក់ៗ​ក៏​មាន​ចំណុច​ប្លែកៗ​ដែរ​មិន​ថា​អ៊‌ីចឹង​ឬ​? ចូរ​តាំងចិត្ត​ឱ្យ​ទូលាយ​ទាំងអស់គ្នា​៕​

Entertainment

អាន​នៅ​តុ​កាហ្វេ​

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​….

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​និង​គេ​មើល​មក​ទាក់ទាញ​មែន​ទេ​?
​អត្ថបទ​រឿង​ខ្លីៗ​ឬ​សៀវភៅ​ហ្វេ​ហ្សិន​អម​ទៅ​ដោយ​រូបភាព​និង​រូបថត​ដែល​ទើបតែ​ចេញ​ថ្មី​ហើយ​បំផុសគំនិត ត្រូវបាន​បង្ហាញ​នៅ​ខែ​នេះ​។
​ចូរ​រក​មើល​នូវ​អ្វី​ដែល​ពេញនិយម​នៅក្នុង Fashion and Photography ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ខាងក្រៅ​ចូលទៅក្នុង​ពិភព​របស់​ពួកគេ​។

More Than Human ដោយ Tim Flach
​គាត់​ផ្ដិត​យក​រូបភាព​ពពួកសត្វ​ដ៏​គួរ​ឱ្យ​គយគន់​ពី​ក្នុង​សៀវភៅ​ដ៏​ច្បាស់ក្រឡែត​។

 

Chanel
The Vocabulary of Style
​សៀវភៅ​ដ៏​អេ​ឡេ​ហ្គង់​នេះ​នាំអ្នក​ឆ្លងកាត់​ប្រវត្ដិ​ហ្វេ​ហ្សិន​តាមរយៈ​កែវភ្នែក​របស់ Chanel ជាមួយនឹង​រូបភាព​សម្លៀក​បំពាក់​និង​គ្រឿង​លម្អ​កាយ​គ្រប់​ម៉ូដ​គ្រប់​ម៉ាក​។

Style is Instinct ដោយ Lori Goldstein
​អ្នក​ធ្វើ​ស្ដាយល៍​ដ៏​ល្បីល្បាញ​ផ្ដល់​ឱ្យ​អ្នក​នូវ​ឯកសារ​ក្រៅ​ឆាក​សម្ដែង​ទាក់ទង​និង​ហ្វេ​ហ្សិន ដោយ​សៀវភៅ​របស់​នាង​គឺ​មាន​ចំណងជើង​ថា Style is Instinct​។ សម្រាប់​អ្នក​ធ្វើការ​ផ្នែក​ហ្វេ​ហ្សិន នេះ​ជា​សៀវភៅ​ដែល​ចាំបាច់​ត្រូវតែ​អាន​។

Alexander McQueen: Working Process
​ដោយ Nick Waplington
Alexander McQueen នៅក្នុង​កូឡិក​ហ្សិន​រដូវ​ស្លឹកឈើ​ជ្រុះ​/​រងារ ដែល​ជា​ជម្រើស​ចុងក្រោយ​របស់​គាត់​។ សៀវភៅ​នេះ​ជួយ​អ្នក​មួយ​រយៈពេល​ខ្លី​ដោយ​អ្នក​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន​គួរ​ឱ្យ​ពេញចិត្ដ​បំផុត​ធ្វើ​ការងារ​របស់​ខ្លួន​។ Alexander Nick Waplington គឺជា​អ្នក​ថតរូប​ប្រកប​ដោយ​ទេពកោសល្យ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​តាម​និង​ចងក្រង​ជា​ឯកសារ McQueen: Working Process

Chloé: Attitudes
​នេះ​ជា​ហ្វេ​ហ្សិន​របស់​ស្ដ្រីដ៏​ស្រស់ស្អាត​បំផុត​ជាមួយនឹង Chloé ដ៏​ស្រទន់​និង​មិន​កំណត់ ព្រម​ទាំង​ការបង្កើត​ប្រវត្ដិសាស្ដ្រ​រយៈពេល​៦០​ឆ្នាំ​នៃ​ការ​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន និង​ស្លាក​សញ្ញា​ហ្វេ​ហ្សិន​ដ៏​មាន​តម្លៃ​បំផុត​។

The Asylum
​ដោយ Simon Doonan
​ទំនាក់ទំនង​រវាង​ការស្រឡាញ់​/​ស្អប់​ជាមួយនឹង​ពិភព​ហ្វេ​ហ្សិ​ន​និង​ពិភពដ៏​ល្ងីល្ងើ មាន​ខ្លះ​ត្រូវ​រូ​វ​គ្នា ប៉ុន្ដែ​ក៏​មាន​ការ​មាក់ងាយ​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។ ឈាន​ចូល​ទៅ​រក​ភាព​ល្ងីល្ងើ​ដោយសារ​ពាក្យ​សម្ដី​របស់​គាត់ អ្នក​ប្រហែលជា​នឹង​រក​ឃើញ​ការ​ថ្នាក់ថ្នម​ខ្លះ​នៅ​ក្នុង​ការ​គិត​ឃើញ​ដូចៗ​គ្នា​ជាក់​ជា​មិនខានឡើយ​៕

 

Continue Reading

Entertainment

ឡាង ស៊ឺ​នីង – វិចិត្រករ​ជនជាតិ​អ៊ីតាលី​មកពី​ប្រទេស​ចិន​

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)….

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)

​លោក Michelangelo, Leonardo Da Vinci, លោក Vincent Van Gogh – ទាំងនេះ​គឺជា​ឈ្មោះ​ឬ​អ្នកសិល្បៈ​ដែល​អ្នក​ប្រហែលជា​ដឹង​ច្បាស់​ប៉ុន្តែ​តើ​អ្នកដឹង​អ្វីខ្លះ​អំពី​រឿង Lang Shining? អ្នក​ប្រហែលជា​មិន​ដឹង​ទេ​មើលទៅ​!
​វិចិត្រករ​ជនជាតិ​ចិន​ឈ្មោះ ឡាង ស៊ឺ​នីង (Lang Shining )​បាន​បន្សល់ទុក​នូវ​ឥទ្ធិពល​ក្នុង​ពិភព​គំនូរ ដែល​ស្នាដៃ​របស់​គាត់ ត្រូវបាន​គេ​គោរព​និង​កោតសរសើរ​យ៉ាង​ខ្លាំង​បច្ចុប្បន្ននេះ​។​

​ដោយ​មាន​ឈ្មោះ​កំណើត Giuseppe Castiglione លោក Lang Shining គឺជា​វិចិត្រករ​អ៊ីតាលី​ម្នាក់​ដែល​បាន​បម្រើការ​ជា​សាសនទូត​(​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​)​នៅក្នុង​ប្រទេស​ចិន​ចន្លោះ​ឆ្នាំ ១៧១៥ និង​១៧៦៦ ដែល​ជា​ឆ្នាំ​នៃ​ការស្លាប់​របស់​គាត់​។

​កើត​នៅក្នុង​គ្រួសារ​មាន​ទ្រព្យសម្បត្តិ​មួយ លោក​ឡាង ស៊ឺ​នីង បានចាប់ផ្តើម​រៀន​គូរ​គំនូរ​។ គាត់​មាន​គ្រូបង្រៀន​ឯកជន​ម្នាក់​ដែល​បង្រៀន​គាត់​ពី​របៀប​គូរ​រូប​។ នៅ​ឆ្នាំ​១៧០៧​ពេល​ដែល​គាត់​មាន​អាយុ ១៩ ឆ្នាំ ស៊ឺ​នីង បាន​ចូលរួម​ក្នុង​សង្គម​របស់​ព្រះ​យេស៊ូ​(Geno Society of Jesus) ដែល​ជា​សហគមន៍​សាសនា​មួយ​របស់​វិហារ​កាតូលិក​។​ឡាង ស៊ឺ​នីង​ជា​សមាជិក Society of Jesus ប៉ុន្ដែ​លោក​មិន​ដែល​ធ្វើ​ជា​បុព្វ​ជិត​ទេ​។​

​វិចិត្រករ​យេស៊ូគ្រិស្ត​ជាច្រើន​ទៀត បាន​ត្រូវ​ជួល ជួល​ដោយ​អធិរាជ កាង​ស៊ី (Kangxi Emperor) ដែល​ជា​អធិរាជ​ទី ៤ នៃ​រាជវង្ស​ឈីង​នៅ​ចុង​សតវត្សរ៍​ទី​១៧ ។ នេះ​ជា​អ្វី​ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការធ្វើដំណើរ​របស់​លោក​ឡាង ស៊ឺ​នីង ទៅ​ប្រទេស​ចិន​។ នៅ​ដើម​សតវត្សរ៍​ទី​១៨ ស៊ឺ​នីង ត្រូវបាន​គេ​អញ្ជើញ​ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​ដោយ​សហគមន៍ Jesuit ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​។ ស៊ឺ​នីង បាន​មក​ដល់​ប្រទេស​ចិន​នៅ​ឆ្នាំ ១៧១៥​ហើយ​គាត់​បាន​ស្នាក់​នៅ​ប្រទេស​ចិន​រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់​គាត់​។​

​ឡាង ស៊ឺ​នីង មាន​បន្សល់​ស្នាដៃ​ច្រើនណាស់​។ ក្រៅពី​ផលិត​ស្នាដៃ​គំនូរ​ជាច្រើន​គាត់​បាន​រចនា​និង​តុបតែង​រចនាសម្ព័ន្ធ​ជាច្រើន​ដែល​រួម​មាន​វិហារ St. Francis Borgia និង​វិមាន​រចនាបទ​លោកខាងលិច​ជា​ច្រើន​របស់ Old Summer Palace​។ រូបគំនូរ​របស់ Lang Shining គឺ​លាយ​បញ្ចូល​គ្នា​នូវ​វប្បធម៌​អឺរ៉ុប​និង​ចិន​។ គាត់​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ចិន​សម្រាប់​គំនូរ​របស់​គាត់​ប៉ុន្តែ​គំនូរ​ទាំងនោះ​បាន​ឆ្លុះបញ្ចាំង​ពី​ទស្សនវិស័យ និង​បច្ចេកទេស​នៃ​ការដាក់​ស្រមោល​បែប លោកខាងលិច​។​

ស្នាដៃ​ដ៏​ល្អ​បំផុត​មួយចំនួន​ក្នុង​ចំណោម​ស្នាដៃ​ល្អៗ​ជាច្រើន​របស់​គាត់ រួម​មាន​ផ្ទាំងគំនូរ​សេះ​មួយរយ , ផ្កា​អម​តៈនៃ​និទាឃ​រដូវ​គ្មាន​ទីបញ្ចប់ ផ្ទាំងគំនូរ​សាច់​ក្រណាត់​សូត្រ និង​គំនូរ​ខ្លារខិន​លឿង​និង​គំនូរ​រូប​សត្វ​ស្ទាំង​ស​៕

Continue Reading

Entertainment

បង្ហាញ​វត្ដ​មាន​ជា​ថ្មី

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ….

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​នាង Blake Lively នោះទេ
​បុរស​សញ្ជាតិ​កាណាដា​មាន​រាង​ខ្ពស់​(១.៨៨​ម៉ែត្រ​) រូប​នេះ​មក​ពី​ទីក្រុង Vancouver គឺ​ជា​កម្មវត្ថុ​ដែល​ធ្វើ​ឱ្យ​បុរសៗ​នៅលើ​លោក​យើង​នេះ​ច្រណែន​ជាខ្លាំង​។ មុន​ពេល​គាត់​បាន​ក្លាយជា Mr Blake Lively គាត់​គឺជា Mr Scarlett Johansson​។ បុរស​ខ្លះ​ក៏​មាន​សំណាង​ដូច​គាត់​ខ្លះ​ដែរ​។

កាលពី​ចុងឆ្នាំ​មុន Reynolds និង Lively បាន​ស្វាគមន៍​ទារិកា​របស់​ពួកគេ​ឈ្មោះថា James​។ គូ​ស្វាមីភរិយា​នេះ​និយាយថា នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​នូវ​អ្វី​ដែល​ពួកគេ​សង្ឃឹម​ថា​ជា​គ្រួសារ​មួយ​ដែល​មាន​សមាជិក​៨​នាក់​។ ភ័ព្វសំណាង​របស់ Reynolds ទំនងជា​មិន​ទាន់​ចប់​នៅឡើយ​ទេ​។ បន្ទាប់​ពី​ការចាក់​បញ្ចាំង​ខ្សែភាពយន្ដ​ដ៏​ជោគជ័យ​បន្ដបន្ទាប់​គ្នា​ដូចជា​រឿង Green Lantern and R.I.P.D, Deadpool ជា​ដើម​រួច​មក តួ​សម្ដែង​ដ៏​អង់អាច​ក្លាហាន​រូបនេះ​មាន​កេរ​ឈ្មោះ​ល្បី​សុះសាយ​ជាខ្លាំង ហើយ​បាន​ធ្វើឱ្យ​តារា​ដ៏​សិច​ស៊ី​ម្នាក់​នេះ​ឈាន​ឡើង​លំដាប់​កំពូល ក្រោយ​ពី​រកចំណូលបាន​១៣៥​ដុល្លារ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ដំបូង​។

​អ្នកដឹកនាំ​សម្ដែង​លោក Tim Miller និយាយថា “​ខ្ញុំ​មាន​ការ​ស្រមៃ​បែបនេះ​ចំពោះ Ryan ដោយ​ដាក់​ឱ្យ​គាត់​សម្ដែង​នៅក្នុង​រឿង Deadpool គឺ​ស័ក្ដិសម​ខ្លាំងណាស់​សម្រាប់​រូបគាត់​។​” ជា​តួអង្គ​កំពូល​បុរស តារា​ដ៏​សង្ហា​រូបនេះ​មាន​ភាព​ឆ្លាត​វៃ​អស្ចារ្យ​ខ្លាំងណាស់​។​
​ទោះបី​ហៅ Reynolds ថា​ជា​“regular guy” ក៏ដោយ ក៏ Miller គឺជា​អ្នកគាំទ្រ​មួយ​រូប​ផង​ដែរ​។ “​គាត់​រាប់អាន​គ្រប់គ្នា​ដោយ​ក្ដី​គោរព​និង​រួសរាយ​រាក់ទាក់​ដែល​មាន​លើស​ពី​អាជីព​របស់​គាត់​ទៅ​ទៀត​។ គាត់​ជា​មនុស្ស​រីករាយ​ខ្លាំងណាស់ ហើយ​គាត់​ចេះ​កំប្លែង​ដែល​អាច​ធ្វើឱ្យ​ក្រុម​ការងារ​ដទៃ​ទៀត​ហើយ​និង​ខ្ញុំ​សើច​បាន​គ្រប់ពេល​។ ខ្ញុំ​ធ្វើ​ឱ្យ​ខូច​រឿង​ដែល​ថត​បាន​ជាច្រើន ពី​ព្រោះ​ខ្ញុំ​អស់សំណើច​ខ្លាំងពេក​នៅ​ពេល​ធ្វើការ​ពី​មុខ monitors កុំព្យូទ័រ​នោះ​។​”

ការកោតសរសើរ​នៅតែមាន “​គាត់​ក៏​មាន​សមានចិត្ដ​ល្អ​នៅ​ពេល​ដែល​សម្ដែងជា​មួយ​តួអង្គ​ដទៃទៀត ជាមួយ​ក្រុមការងារ ហើយ​និង​ខ្ញុំ​។ គាត់​ឆាប់​យល់​សាច់​ការ​ហើយក៏​ធ្វើឱ្យ​ដំណើរ​រឿង​ប្រព្រឹត្ដទៅ​យ៉ាង​រលូន​និង​ងាយស្រួល​សម្រាប់​គ្រប់​គ្នា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការសម្ដែង​ផងដែរ​។ ខ្ញុំ​ចង់​មានន័យ​ថា គ្រប់​គ្នា​ក្នុង​ទីនេះ​គឺ​សំដៅ​តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម​។ បុគ្គលិក​ទាំងអស់​ស្រឡាញ់​ពេញចិត្ដ​គាត់​ខ្លាំងណាស់​។​”

បន្ទាប់ពី​ទទួល​ជោគជ័យ​ផ្នែក​ភាពយន្ត ស្នាដៃ​បន្ដបន្ទាប់​ទៀត​គ្រោង​នឹង​ធ្វើ​តទៅទៀត ហើយ Miller ក៏បាន​សម្រេច​ជ្រើសរើស Reynolds ទៀត​ដែរ​។ “​គាត់​ជា​តារា​សម្ដែង​ដ៏​អស្ចារ្យ​ខ្លាំងណាស់​”​។ គាត់​ជា​តារា​សម្ដែង​អាជីព ហើយ​រួសរាយ​រាក់ទាក់​សម្រាប់​អ្នកដឹកនាំ​សម្ដែង​ដូចជា​រូប​ខ្ញុំ​ជាដើម​។ គាត់​អាច​ដាក់ចិត្ដ​ដាក់​កាយ​និងស​ម្របខ្លួន​ឥត​ចេះ​នឿយណាយ​ក្នុង​ការផ្លាស់ប្ដូរ​ចង្វាក់​សម្ដែង​ដែល​ខ្ញុំ​ដាក់​ឱ្យ​គាត់​ធ្វើ​។​”
យើង​មិន​អាច​រង់ចាំ​បាន​ទៀត​ទេ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.