Connect with us

បច្ចុប្បន្ន​នេះ​មាន​ជម្រើស​ម៉ូដ​ក្រចក​ជាច្រើន​រាប់មិនអស់ មិន​ត្រឹមតែ​មាន​ច្រើន​ពណ៌​នោះទេ គឺ​ថែមទាំង​មាន​ទ្រង់ទ្រាយ​ក្រចក​ច្រើន​សណ្ឋាន​ថែមទៀត​ផង​សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស​។ យើងខ្ញុំ​បាន​ជ្រើសរើស​ម៉ូដ​ក្រចក​ចំនួន ៧ សណ្ឋាន​ផ្សេងៗ​គ្នា​សម្រាប់​ឱ្យ​ប្រិយមិត្ត​អាច​លេង​ស្តាយល៍​ក្រចក​របស់អ្នក​។ តើ​ប្រិយមិត្ត​យល់​ថា​ស្តាយល៍​មួយណា​ស័ក្តិសម​នឹង​អ្នក​ជាងគេ​?

ម៉ូដ​ក្រចក​រាង​ការ៉េ​
​ក្រចក​ម៉ូដ​នេះ​មាន​រាង​ជា​ការ៉េ​បួន​ជ្រុង ពោល​គឺ​មិន​មាន​រាង​កោង​ឡើយ​។ ប្រសិនបើ​អ្នក​មាន​ម្រាមដៃ​ខ្លី​ហើយ​មាន​សាច់​ច្រើន យើង​សូម​ណែនាំ​ប្រិយមិត្ត​ឱ្យ​ជ្រើសរើស​ម៉ូដ​ផ្សេង​វិញ​។ ថ្វី​បើ​ក្រចក​ម៉ូដ​ការ៉េ​នេះ​ស្អាត​ពិសេស និង​មាន​រាង​ជា​រេខា​គណិត​ក៏ដោយ ក៏ប៉ុន្តែ​ម៉ូដ​នេះ​មិន​បាន​ធ្វើឱ្យ​ម្រាមដៃ​អ្នក​មើល​ទៅ​វែង​ស្រ​ឡូ​ន​ឡើយ​។ ម៉ូដ​នេះ​មើល​ទៅ​ស្អាត និង​ស័ក្តិសម​បំផុត​សម្រាប់​មិត្ត​នារី​ដែល​ចូលចិត្ត​ទុក​ក្រចក​ខ្លី​។

ម៉ូដ​ក្រចក​កោង​បែប​ការ៉េ​
​ក្រចក​ម៉ូដ​នេះ​បានមក​ពី​សណ្ឋាន​ពងក្រពើ​លាយ​ជាមួយ​សណ្ឋាន​ការ៉េ​។ ប្រសិនបើ​អ្នក​មិន​ចង់បាន​ក្រចក​ដែល​មាន​លក្ខណៈ​កោង​ខ្លាំង ឬ​ក្រចក​ដែល​មាន​លក្ខណៈ​បួន​ជ្រុង​ពេក យើង​សូម​ណែនាំ​ប្រិយមិត្ត​ឱ្យ​ជ្រើសរើស​យក​ម៉ូដ​នេះ​ព្រោះថា​ម៉ូដ​នេះ​ស្ថិតនៅ​ចន្លោះ​កណ្តាល​មិន​កោង​ពេក​ហើយក៏​មិន​មាន​រាង​ជ្រុង​ពេក​។ ជា​ម៉ូដ​ដែល​ស្ថិតនៅ​ចន្លោះ​ម៉ូដ​កោង​ពង​ក្រពើ និង​ម៉ូដ​ជ្រុង​។ ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ចង់​លេង​ស្តាយល៍​ថ្មី​ដែល​មាន​រាង​ស្អាត​។​

​ម៉ូដ​ក្រចក​កោង​បែប​ពងក្រពើ​
​ម៉ូដ​ក្រចក​ពងក្រពើ​មួយ​នេះ​មាន​សណ្ឋាន​ស្រដៀង​នឹង​ម៉ូដ​ក្រចក​រាង​ផ្លែ​អាល់​ម៉ុន​ដែរ​ប៉ុន្តែ​ខុស​ត្រង់​ម៉ូដ​នេះ​មាន​លក្ខណៈ​ងាយ​ចំណាំ​ជាង​។ សម្រាប់​ម៉ូដ​នេះ​អ្នក​មិន​អាច​ភ្លេចខ្លួន​ខាំ​ក្រចក​ខ្លួនឯង​ឡើយ​។ ប្រសិនបើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​ខាំ​ក្រចក ម៉ូដ​នេះ​អាច​នឹង​មិន​ស្រស់ស្អាត​សម្រាប់​អ្នក​ឡើយ លុះត្រាតែ​អ្នក​ដាក់​ផែនការ​នៅ​ឆ្នាំ​ថ្មី​នេះ​ថា​អ្នកនឹង​ឈប់​ខាំ​ក្រចក រួច​ព្យាយាម​ទុក​ក្រចក​ឱ្យ​វែង​។

​ម៉ូដ​ក្រចក​រាង​កោង​
​ម៉ូដ​ក្រចក​រាង​កោង​ជា​ម៉ូដ​សាមញ្ញ​បែប​ធម្មជាតិ​ក្នុងចំណោម​ម៉ូដ​ទាំងអស់​។ ប្រសិនបើ​អ្នក​ចូលចិត្ត​លេង​ស្តា​យល៍​បែប​បូ​ហ៊ី​មៀន ឬក៏​ជា​អ្នក​ចូលចិត្ត​ម៉ូដ​ធម្មតា មិន​ចូល​ចិត្ត​តុបតែង​ច្រើន​នោះ​ម៉ូដ​នេះ​គឺ​ស័ក្តិសម​នឹង​អ្នក​ជាងគេ​។ ម៉ូដ​ក្រចក​រាង​កោង​ជា​ម៉ូដ​ដែល​ជួយ​ឱ្យ​ដៃ​របស់​អ្នក​មើល​ទៅ​ស្រ​ឡូ​ន និង​ស្រស់ស្អាត​។

​ម៉ូដ​ក្រចក​រាង​បា​ឡេ​/​រាង​ក្តារ​មឈូស​
​ម៉ូដ​ក្រចក​នេះ​ត្រូវបាន​គេ​ដាក់​ឈ្មោះ​ពីរ អ្នកខ្លះ​ឱ្យឈ្មោះ​ម៉ូដ​នេះ​ជា​ម៉ូដ​ក្រចក​រាង​បា​ឡេ និង​ខ្លះទៀត​ហៅ​ម៉ូដ​នេះ​ថា​ជា​ម៉ូដ​ក្រចក​រាង​ក្តារ​មឈូស​។ មូលហេតុ​ដែល​គេ​ឱ្យឈ្មោះ​ថា​ជា​ម៉ូដ​ក្រចក​រាង​បា​ឡេ ព្រោះ​តែ​វា​មាន​រាង​ដូច​ស្បែកជើង​មុខស្រួច​ដែល​អ្នក​រាំ​របាំ​បាឡេ​ពាក់​។ រីឯ​មូលហេតុ​ដែល​គេ​ដាក់​ឈ្មោះ​វា​ថា​ជា​ម៉ូដ​ក្រចក​រាង​ក្តារ​មឈូស​ព្រោះ​រាង​ក្រចក​នោះ​ដូចគ្នា​ទៅ​នឹង​រាង​ក្តារ​មឈូស​។ ម៉ូដ​នេះ​ជា​ម៉ូដ​ដែល​នាង Kylie Jenner ចូលចិត្ត​ជាង​គេ​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ ក៏ប៉ុន្តែ​យក​ល្អ​អ្នក​គួរតែ​លេង​ម៉ូដ​នេះ​ជាមួយ​ក្រចក​ក្លែងក្លាយ​ជាជាង​ប្រើ​ក្រចក​មែនទែន​របស់​អ្នក​។ ម៉ូដ​នេះ​ជា​ម៉ូដ​ដែល​ទទួល​ការពេញនិយម​ជាងគេ ហើយក៏​ជា​ម៉ូដ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាង​គេ​ផង​ដែរ​។​

​ម៉ូដ​ក្រចក​រាង​ផ្លែ​អាល់​ម៉ុន​
​ម៉ូដ​ក្រចក​រាង​ផ្លែ​អាល់​ម៉ុន​ទទួលបាន​ការពេញនិយ​ម​ជាងគេ​ក្នុង​កម្មវិធី​កម្រាលព្រំ​ក្រហម និង​កម្មវិធី​នានា​ក្នុង​ឆ្នាំ ២០១៥​។ សម្រាប់​ឆ្នាំ ២០១៦ គេ​ចូលចិត្ត​ម៉ូដ​ក្រចក​ណា​ដែល​មើលទៅ​ចម្លែក​ប្លែក និង​ឡូយឆាយ ក៏ប៉ុន្តែ​សម្រាប់​ម៉ូដ​ក្រចក​រាង​ផ្លែ​អាល់​ម៉ុន​វិញ​គឺ​នៅតែ​ស្រស់ស្អាត ទាន់សម័យ និង​ថ្លៃថ្នូរ ដែល​ធ្វើឱ្យ​យើង​ងាយ​នឹង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ចំពោះ​ម៉ូដ​នេះ​ណាស់​។ ដូច​ដែល​អ្នក​គិត​ឃើញ ម៉ូដ​ក្រចក​នេះ​គឺ​មាន​រាង​ដូច​គ្រាប់​អាល់​ម៉ុន​ដោយ​វា​មាន​រាង​ស្រួច​នៅ​ខាងចុង​និង​រីក​ធំ​នៅ​ខាងក្រោម​។ ជាទូទៅ​សម្រាប់​ក្រចក​រាង​ផ្លែ​អាល់​ម៉ុន​គេ​ចូលចិត្ត​លាប​ពណ៌​ស្រាលៗ​។​

​ម៉ូដ​ក្រចក​មុខស្រួច​
​មាន​អ្នកខ្លះ​តែងតែ​យល់ច្រឡំ​ថា​ម៉ូដ​ក្រចក​មុខស្រួច​គឺ​ដូចគ្នា​នឹង​ម៉ូដ​ក្រចក​រាង​ផ្លែ​អាល់​ម៉ុន​។ ម៉ូដ​ក្រចក​មុខស្រួច​នេះ​មាន​រាង​ស្រួច​ដូច​ស្បែកជើង​កែង Stiletto​។ ក្រចក​ម៉ូដ​នេះ​គឺ​មាន​រាង​ដូច​ក្រញាំ​សត្វ​ពោរពេញ​ដោយ​ភាព​សិច​ស៊ី​។ នាង Lady Gaga គឺជា​តារាចម្រៀង​ម្នាក់​ដែល​ចូលចិត្ត​លេង​ម៉ូដ​ក្រចក​មុខស្រួច​នេះ​ណាស់​។ ក្រចក​ម៉ូដ​នេះ​អាច​លេង​ម៉ូដ​បាន​តែ​ជាមួយ​ក្រចក​ក្លែងក្លាយ​ប៉ុណ្ណោះ មិន​អាច​លេង​ម៉ូដ​ជាមួយ​ក្រចក​មែនទែន​បានឡើយ ព្រោះថា​ក្រចក​ធម្មជាតិ​របស់​យើង​មិន​អាច​ទ្រ​ទម្ងន់​របស់​ក្រចក​ម៉ូដ​នេះ​បាន​ឡើយ​។ ក៏​ប៉ុន្តែ​បើ​នាង Lady Gaga ចូល​ចិត្ត​ទៅ​ហើយ ហេតុ​អី​ក៏​យើង​មិន​សាកល្បង​លេង​ម៉ូដ​តាម​ទៅ​?

Beauty

១០ ជំហាន​ដើម្បី​ទទួលបាន​ស្បែក​រលោង​ស្អាត​

​ស្ញប់ស្ញែង​នឹង​ស្បែក​ដ៏​ស្រស់​ស្អាត​របស់​នារី​កូរ៉េ​ក្នុង…

​ស្ញប់ស្ញែង​នឹង​ស្បែក​ដ៏​ស្រស់​ស្អាត​របស់​នារី​កូរ៉េ​ក្នុង​ឈុត​ផ្សាយពាណិជ្ជកម្ម​ឬ​? រឿង​នេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ត្រឹមតែ​អានុភាព​នៃ​ម្សៅ​ប៊ី​ប៊ី​គ្រីម និង​ស៊ី​ស៊ី​គ្រីម​គឺ​មិន​គ្រប់គ្រាន់​ឡើយ សាកល្បង​ធ្វើ​តាម​វិធី ១០ ជំហាន​ដែល​នារី​កូរ៉េ​ចូលចិត្ត​អនុវត្ត​។ តើ​ជំហាន​ទាំងនោះ​ជា​អ្វី​ឱ្យ​ប្រាកដ​ទៅ​ដែល​អាច​ធ្វើឱ្យ​ស្បែក​រលោង​មើលមិនឃើញ​រន្ធ​ញើស ភ្លឺ​ស្រស់ថ្លា និង​មាន​សម្បុរ​គួរ​ជាទី​ចាប់​ចិត្ត​នោះ​?

​តោះ​នាំគ្នា​អាន និង​ស្វែងយល់​ទាំងអស់គ្នា​។​

១. ផលិតផល​សម្អាត​ស្បែក​មុខ​ពីរ​ផ្គុំ​គ្នា – ចូរ​លុបលាង​ម្សៅ​ប៊ី​ប៊ី​គ្រីម (Day’s BB Cream) ម្សៅ​ផាត់ និង​ម្សៅ​ម៉ាក​ហ្គី​យ៉េ​ផ្សេងៗ​ទៀត​ជាមួយ​ទឹក​លាង​សម្អាត​ផ្សំ​ជាមួយ​ទឹក​សម្អាត​ម៉ាហ្គីយ៉េ បន្ទាប់​មក​កម្ចាត់​នូវ​ស្នាម​ខ្លាញ់ និង​ស្នាម​កខ្វក់​ចេញពី​ស្បែក​មុខ​ថ្នមៗ​ជាមួយ​ប្រេង​លាង​សម្អាត​ដែល​ជួយ​លាង​ជម្រះ​នូវ​ស្នាម​កខ្វក់​ផ្សេងៗ​ដោយ​មិន​ធ្វើឱ្យ​ស្បែក​ឡើង​ស្ងួត​។

២. លាង​សម្អាត​ម្តងទៀត – លើក​នេះ​ចូរ​លាង​សម្អាត​ជាមួយ​ផលិតផល​លាង​សម្អាត​ដែល​មាន​កម្រិត​ស្រាល ព្រោះថា​ការលាង​សម្អាត​បាន​ត្រឹមត្រូវ​ទើប​ជា​គន្លឹះ​ទទួលបាន​ស្បែក​មុខ​ភ្លឺរលោង និង​គ្មាន​មុន​។

៣. ផលិតផល​ខាត់​ស្បែក​មុខ – ជួយ​កម្ចាត់​កោសិកា​ស្បែក​ចាស់ៗ​ចេញ​។ ចូរ​ខាត់​ត្រង់​ចំណុច​ដែល​មាន​រន្ធ​ញើស​ធំៗ​លើ​ថ្ពាល់ និង​មុន​ក្បាល​ខ្មៅ​លើ​ច្រមុះ​ជាដើម​។

៤. ប្រេង​លាង​សម្អាត (Toner) – ជនជាតិ​កូរ៉េ​បាន​បង្កើត​ប្រេង​លាង​សម្អាត​មុខ​របស់​ខ្លួន​ប្លែក​ពី​ប្រេង​លាងមុខ​ដទៃទៀត​។ ប្រេង​នេះ​ជួយ​លាង​សម្អាត​នូវ​ធូលី និង​ស្នាម​កខ្វក់​ផ្សេងៗ​ដែល​នៅសល់​ជាប់​លើ​ផ្ទៃមុខ​បន្ទាប់ពី​លាងជម្រះ​នៅ​ជំហាន​មុន​មិនទាន់​អស់​។ ប្រេង​នេះ​ក៏​ជួយ​ធ្វើឱ្យ​ស្បែក​មុខ​ទន់​រលោង និង​ជួយ​បង្កើត​កម្រិត pH ឱ្យ​មាន​តុល្យភាព​ឡើងវិញ ហើយ​អ្វី​ដែល​សំខាន់​នោះ​វា​ជួយ​ឱ្យ​ស្បែក​ងាយ​ស្រូប​យក​សារធាតុ​ថែទាំ​ស្បែក​ផ្សេង​ទៀត​ផង​ដែរ​។

Beautiful woman laughing – Close up portrait of a beautiful female model. Happiness and fun

៥. ឡេ​បំប៉ន​ស្បែក (Essence) – ជំហាន​ដ៏​សំខាន់​បំផុត​នៅក្នុង​វិធីសាស្ត្រ​ថែរក្សា​សម្ផស្ស​គឺ​ឡេ​បំប៉ន​ស្បែក​នេះឯង វា​ជា​ប្រភេទ​សារធាតុ​រាវ​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​បំប៉ន​ស្បែក​ជួយ​ឱ្យ​ដំណើរការ​បង្កើត​កោសិកា​ស្បែក​ថ្មី​មាន​ភាព​ប្រសើរ​ជាង​មុន ជួយ​ពង្រឹង​ភាព​យឹត​នៃ​ស្បែក​ធ្វើឱ្យ​ស្បែក​តឹង​ល្អ​។ នេះ​ជា​គន្លឹះ​ដែល​ជួយ​ឱ្យ​ស្បែក​មាន​សភាព​ភ្លឺ​ថ្លា និង​ស្រស់ស្អាត​។

៦. ថ្នាំ​អំពូល – ជា​ប្រភេទ​សារធាតុ​ខាប់​សម្បូរ​ទៅ​ដោយ​វីតាមីន​ប្រើ​សម្រាប់​ការពារ​ភាពចំណាស់​។ និយាយ​ថា​លា​ជាមួយ​ស្បែក​ដែល​ស្រអាប់ ស្បែក​ដែល​មាន​សម្បុរ​មិន​ស្មើគ្នា ស្បែក​ខ្វះ​សារធាតុខូឡា​ជេន និង​ស្បែក​ដែល​មាន​សភាព​យារ​។

៧. ម៉ាស្សា បន្ទះ​បិទមុខ និង​ម៉ាស​បិទមុខ – អ្នក​អាច​បិទ​ម៉ាស​លើ​មុខ និង​ព្យាបាល​បរិវេណ​ស្បែក​មុខ​ដែល​អ្នក​ចង់​ព្យាបាល​ដូចជា​ប្រើ​បន្ទះ​បិទ​ភ្នែក​ដែល​មាន​សារធាតុខូ​ឡា​ជេន ឬ​ម៉ា​សបិទ​បបូរមាត់​ដែល​មាន​ជាតិ​សំណើម​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​គាប់ចិត្ត​។

៨. គ្រីម​បំប៉ន​ស្បែក​ជុំវិញ​ភ្នែក – ជា​មួយគ្រីម​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុបំប៉ន ស្នាម​ជ្រួញ​តូចៗ​នៅ​កន្ទុយភ្នែក ភ្នែក​ដែល​មាន​សភាព​ហើម និង​ស្នាម​ខ្មៅ​ជុំវិញ​ក្រហូង​ភ្នែក​ច្បាស់​ជា​លែង​មាន​មិន​ខាន​។ ចូរ​ចាំ​ថា​មិន​ត្រូវ​ទាញ​ស្បែក​ជុំវិញ​ភ្នែក​ខ្លាំងៗ​ឡើយ ដោយ​គ្រាន់តែ​លាប​ថ្នមៗ​ជុំវិញ​ភ្នែក​គឺជា​ការ​ស្រេច​។​

៩. ផលិតផល​ផ្តល់​ជាតិ​សំណើម – លាប​ផលិតផល​ផ្តល់​ជាតិ​សំណើ​ម​លើ​ផ្ទៃមុខ​ដោយ​ប្រើ​ម្រាមដៃ​។ ម៉ាស្សា​ថ្នមៗ​លើ​ស្បែក​មុខ និង​ក​ដើម្បីឱ្យ​ចរន្តឈាម​ដើរ​បាន​សព្វ​ល្អ​។​

១០. ជែល​លាប​ពេល​គេង (Sleeping Pack) – បន្ទាប់​ពី​លាប​ផលិតផល​ផ្តល់​ជាតិ​សំណើម​រួច​មក​អ្នក​អាច​លាប Night Cream ឬ Sleeping Pack មួយ​ស្រទាប់​ពីលើ​បន្ថែមទៀត​ដើម្បី​ឱ្យ​ស្បែក​មុខ​របស់​អ្នកទទួលបាន​ជាតិ​សំណើម​ពេញ​មួយ​រាត្រី​ពេល​ដែល​អ្នក​កំពុង​គេង​។

Continue Reading

Beauty

ចំណុច​គួរ​យល់​ដឹង​ទាក់ទង​នឹង​ក្រចក​

តើ​គួរ​ធ្វើ​ក្រចកជែល​រលោង ឬ​មិន​គួរ​?…..

តើ​គួរ​ធ្វើ​ក្រចកជែល​រលោង ឬ​មិន​គួរ​?

​ក្រចកជែល​រលោង​អាច​ជា​គំនិត​បង្កើត​ថ្មី​ដ៏​ល្អ​បំផុត​តាំងពី​មាន​ការបង្កើត​ម៉ា​ហ្គី​យេ​ដែលជាប់​បាន​យូរ​មិន​ប្រតាក​។ ក្រចកជែល​នេះ​មិន​ងាយ​ខូច​ផ្តេសផ្តាស​ឡើយ​។ ហើយ​គុណប្រយោជន៍​នៃ​ក្រចកជែល​នេះ​គឺ​វា​ជា​ប់​បាន​យូរ​។ ជាមួយ​មូលហេតុ​ដែល​រៀបរាប់​ខាងលើ សមល្មម​ឱ្យ​អ្នក​ពេញចិត្ត​ក្រចកជែល​ទាំងនេះ​ហើយ​ត្រូវទេ​? ថ្វីបើ​វា​មាន​ចំណុច​ល្អៗ​ជាច្រើន តែ​វា​ក៏​មាន​គុណវិបត្តិ​ខ្លះៗ​ដែល​យើង​គួរតែ​ប្រយ័ត្នប្រយែង​។ ដូច្នេះ​លើក​ក្រោយ​មុន​ពេល​អ្នក​ទៅ​ហាង​ធ្វើ​ក្រច​កជែល ចូរ​ស្វែងយល់​ពី​ចំណុច​អវិជ្ជមាន​ខ្លះៗ​ទាក់ទង​នឹង​ក្រចកជែល​ទាំងនេះ​។

១. ស្រទាប់​ដ៏​ក្រាស់​នៃ​ទឹកជែល​អាច​រារាំង​អុកស៊ីហ្សែន​មិន​ឱ្យ​ចូល​ទៅ​ចិញ្ចឹម​ស្បែក​ក្រោម​ក្រចក និង​ស្បែក​គល់​ក្រចក​ជាហេតុ​ធ្វើឱ្យ​ក្រចក​មាន​សភាព​ទន់ខ្សោយ​។​

២. ការ​កោស ឬ​ខាត់​ក្រចក​ដើម្បី​លា​បជែល​រលោង​អាចធ្វើឱ្យ​ស្បែក​ក្រោម​ក្រចក​ប្រែជា​ស្តើង​បាន​។ ចូរ​ចាំ​ថា​ត្រូវ​លាប​ក្រែម​ឱ្យបាន​ច្រើន​បន្ទាប់​ពី​លា​បជែល​រលោង​រួច​ដើម្បី​ផ្តល់​សំណើម​ដល់ដៃ និង​ស្បែក​គល់​ក្រចក​របស់​អ្នក​។​

៣. នៅពេល​យូរ​ទៅ​ក្រចកជែ​លនឹង​រលាត់​បន្តិចម្តងៗ​ធ្វើឱ្យ​សាច់​ក្រោម​ក្រចក​ហើប​ចេញ ជាហេតុ​ធ្វើឱ្យ​បាក់តេរី​ជ្រាបចូល​បាន បង្ក​ឱ្យ​មាន​មេរោគ​ផ្សិត​លើ​ក្រចក​។​

៤.​ពន្លឺ​កាំរស្មី UV ដែល​ចេញមក​ពី​ម៉ាស៊ីន​សម្ងួ​តក្រចក​អាច​បង្កឱ្យមា​ន​ជំងឺមហារីក​បាន​បើទោះជា​មាន​អ្នកជំនាញ​និយាយ​ថា​កម្រិត​នៃ​ការកើត​ជំងឺ​នេះ​តិចតួច​បំផុត​ក៏ដោយ​។ ម្យ៉ាងវិញទៀត កម្រិត​កម្តៅ​នៃ​ម៉ាស៊ីន​សម្ងួត​នោះ​គឺ​ខុស​គ្នា​ទៅ​ហាង​សាឡ​ន​នី​មួយៗ​ដូចនេះ​កម្រិត​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក៏​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ​។ បច្ចុប្បន្ន​នេះ​គេ​មាន​ជម្រើស​ម៉ាស៊ីន LED ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក​បាន​។​

៥. ពន្លឺ​កាំរស្មី UV ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​ស្បែក​ដៃ​មាន​ភាព​ចាស់​ជាង​អាយុ​ផងដែរ ដូចជា​បង្ក​ឱ្យ​មាន​ចំណុច​អុច​ខ្មៅៗ​លើ​ខ្នងដៃ​ជាដើម​។ អ្នក​អាច​លាបឡេ​លើ​ដៃ​ដើម្បី​កាត់បន្ថយ​អាការៈ​អវិជ្ជមាន​ទាំងនេះ​។​

៦. ក្នុងអំឡុងពេល​បក​ជែល​ចេញ ដៃ​របស់​អ្នក​ត្រូវបាន​គេ​ដាក់​ត្រាំ​នៅក្នុង​ក្រដាស​អា​លុយ​មី​នី​ញ៉ូម​ដែល​មាន​ជាតិ​អាសេ​តោន ដែល​សារធាតុ​នេះ​អាច​ធ្វើ​ឱ្យដៃ​ឡើង​ស្ងួត និង​ពេលខ្លះ​អាច​ជ្រាប​ចូលក្នុង​ចរន្តឈាម​របស់​អ្នក​បាន​។ ចូរ​ចាំ​ថា​ត្រូវ​លាងជម្រះ​ជាតិ​អា​សេ​តោន​ឱ្យបាន​ជ្រះ​ល្អ​រាល់​ដំណាក់កាល​នី​មួយៗ​៕

Continue Reading

Beauty

គន្លឹះ​ងាយៗ​ដើម្បី​ទទួលបាន​សក់​ស្អាត​រលើបរលោង​

​គ្មាន​អ្វី​ដែល​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ខ្វះ​ការជឿជាក់​ជាង​ការ​ដែល​មាន​សក់…

​គ្មាន​អ្វី​ដែល​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ខ្វះ​ការជឿជាក់​ជាង​ការ​ដែល​មាន​សក់​ខូច​មិន​ស្រស់ស្អាត​ឡើយ​។ មូលហេតុ​នៅ​ពីក្រោយ​សក់​ខូច​គឺ​ដោយសារតែ​សក់ និង​ស្បែក​ក្បាល​របស់​អ្នក​មាន​ជាប់​សំណល់​ផលិតផល​ថែរក្សា​សក់​ដែល​បាន​ពូនផ្តុំ​ជា​យូរ​នៅលើស​ក់​ដែល​អ្នក​មិន​បានដឹងខ្លួន​។ រឿង​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​កម្ចាត់​សំណល់​ទាំងនេះ​ជាមួយ​គន្លឹះ​ងាយៗ​ខាងក្រោម​។​

​ចូរ​ប្រើប្រាស់​សាប៊ូកក់សក់​ណា​ដែល​មាន​រូបមន្ត​ផ្សំ​អាច​កម្ចាត់​នូវ​កម្ទេចធូលី និង​សំណល់​សាប៊ូ​/​ក្រែម​បន្ទន់ស​ក់​ចេញពី​ស្បែក​ក្បាល​អ្នក​បាន​។ បន្ទាប់​ពី​កក់សក់ និង​ម៉ាស្សា​ស្បែក​ក្បាល​រួច​ហើយ ចូរ​ទុកចោល​រយៈពេល​ពីរ​បី​នាទី​ដើម្បី​អាច​ឱ្យ​សាប៊ូ​ជ្រាប​ដល់​សំណល់​ដែល​ជាប់​ស្បែក​ក្បាល​របស់​អ្នក បន្ទាប់មក​ទើប​លាង​ចេញ​ជាមួយ​ទឹក​។​

​ក៏ប៉ុន្តែ​ត្រឹមតែ​កក់​សម្អាត​តែមួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​នោះទេ​។ បន្ទាប់​ពី​សម្អាត​សំណល់​ទាំងនោះ​ចេញ​ពី​ស្បែក​ក្បាល​រួច​ហើយ អ្នក​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ឫស​សក់​របស់​អ្នក​មាន​ភាពរឹងមាំ​ដោយ​ថែទាំ​វា​ជា​មួយក្រែម​បំប៉នស​ក់ណា​ដែល​អាច​ការពារស​ក់រប​ស់​អ្នក និង​ធ្វើឱ្យ​សក់​របស់​អ្នក​ភ្លឺ​រលើបរលោង​។ ចូរ​ជ្រើសរើស​ផលិតផល​ណា​ដែល​ផ្ទុក​នូវ​សារធាតុ​ដែល​ជួយ​ឱ្យ​សក់​ភ្លឺ​រលើបរលោង​។

​បន្ទាប់​ពី​ផ្លុំ​សក់​រួចហើយ ចូរ​ពង្រាប​កូន​សក់​ដែល​បះ​ឡើង​រួច​លាប​ប្រេង​បំប៉ន​សក់​ដើម្បី​ឱ្យ​សក់​អ្នក​កាន់តែ​ភ្លឺរលោង​។ ប្រេង​បំប៉ន​សក់​ទាំងនេះ​ផ្សំ​ដោយ​សារធាតុ​ល្អៗ​ជាច្រើន​ដូចជា​ជួយ​ឱ្យ​ឫស​សក់​របស់​អ្នក​រលោង​ស្អាត ការពារ​សរសៃសក់ និង​ធ្វើឱ្យ​សក់​របស់​អ្នក​រឹងមាំ ហើយ​ជាមួយ​ក្លិន​ដ៏​ក្រអូប​នៃ​ប្រេង​បំប៉ន​សក់​នេះ កាន់តែ​ធ្វើឱ្យ​អ្នក​ចង់​ប្រើប្រាស់​ជាប្រចាំ​។

​ចាប់ផ្តើម​ជាមួយ​គន្លឺះ​ងាយៗ​ខាងលើ លោកអ្នក​នឹង​ទទួលបាន​សក់​ដ៏​ស្រស់ស្អាត​មិន​ខាន​៕​

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.