Entertainment

ជាងចម្លាក់ វិចិត្រករ កវីនិពន្ធ

By  | 

សម្តេច​ប៉ាប​មានបំណង​ចង់​រក្សា​សាកសព​របស់លោក Michelangelo di Ludovico ដើម្បី​ឱ្យ​គាត់​អាច​នៅ​ជា​អមតៈ​ក៏ប៉ុន្តែ​មិន​បាន​សម្រេច​ដូច​ចិត្ត​ដែល​ប៉ង​។ ក៏​ប៉ុន្តែ​អ្វី​ដែល​ដ​ក់ជាប់​នៅ​ក្នុង​ចិត្ត​របស់​យើង​គឺ​ស្នាដៃ​របស់​លោក​មាន​ដូចជា​សសរ​ក្បាច់ និង​រូបចម្លាក់​ដ៏​រស់​រវើក​ពោរពេញ​ដោយ​អត្តចរិត​។ ស្នាដៃ​ទាំងនេះ​គួរតែ​ទទួលបាន​ការកោតសរសើ​រ​ពី​មនុស្ស​គ្រប់​វ័យ និង​គួរតែ​ជា​ប្រធានបទ​ដែល​គួរ​លើក​មក​និយាយ​គ្រប់​ពេល​ដែល​មាន​ការពិភាក្សា​ទាក់ទង​នឹង​យុគសម័យ​នៃ​អរិយធម៌​រុងរឿង​នៅ​អឺរ៉ុប​។​
This is a memorable recollection from the past, and we feel honored with the conferred opportune, revisiting the life of a sculptor, a painter, a poet – a glad surrender to Michelangelo, the man himself.
​ទាំងនេះ​គឺជា​ការប្រមែប្រមូល​នូវ​ស្នាដៃ​ពី​អតីតកាល យើងខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​មាន​ឱកាស​បាន​រៀបរាប់​ពី​ជីវិត​ជាង​ចម្លាក់ វិចិត្រ​ករ កវីនិពន្ធ សិល្បករ​ពហុ​ទេពកោសល្យ​លោក Michelangelo​។​
​ជាងចម្លាក់​ដ៏​អស្ចារ្យ​
​ចាប់កំណើត​នៅ​ភូមិ Caprese ក្រុង Tuscan នៅ​ថ្ងៃ​ទី ៦ ខែ​មីនា ឆ្នាំ ១៤៧៥ លោក Ludovica Buonarroti Simoni គឺជា​ប្រុស​ច្បង​ទី​ពីរ​ក្នុង​ចំណោម​បងប្អូន ៦ នាក់​។ ក្រោយមក​លោក​បាន​ផ្លាស់​ទៅ​ទីក្រុង Florence ជាមួយ​ក្រុម​គ្រួសារ​របស់លោក ក្រោយពី​ម្តាយ​របស់​លោក​បាន​ស្លាប់​។ ក្រោយមក​ក្រុមគ្រួសារ​របស់​លោក​ក៏​បញ្ចូន​លោក​ឱ្យ​មេដោះ​ដែល​រស់នៅ Settignano ឆ្ងាយ​រាប់រយ​ម៉ៃល៍​ជា​អ្នក​មើល​ថែរក្សា​។ នៅពេលដែល​លោក Michelangelo ចម្រើន​វ័យ លោក​ក៏​បាន​ចាត់ទុក​ការសម្រេចចិត្ត​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៃ​ស្នាដៃ​ចម្លាក់​ដ៏​អស្ចារ្យ​របស់លោក​។ ស្វាមី និង​ឪពុក​របស់​មេដោះ​លោក​គឺ​សុទ្ធតែ​ជា​ជាង​ចម្លាក់​ថ្ម​។​
“​ជាមួយ​ទឹកដោះ​នៃ​មេដោះ​របស់ខ្ញុំ ខ្ញុំ​បាន​ក្រេបជញ្ជក់​នូវ​ចំណេះដឹង​ប្រើ​ញញួរ និង​ពន្លាក​សម្រាប់​រូបចម្លាក់​របស់ខ្ញុំ​។​”
​លោក Michelangelo បាន​ប្រាប់​យ៉ាង​ដូច្នេះ​ដល់​លោក Giorgio Vasari ដែល​ជា​អ្នកនិពន្ធ​ជីវប្រវត្តិ​របស់លោក​។​
​នៅ​អាយុ ១៣ ឆ្នាំ លោក Michelangelo បាន​ប្រាប់​ឪពុក​អំពី​ក្តី​ស្រលាញ់​របស់​លោក​ចំពោះ​គំនូរ ហើយ​លោក​ក៏​បាន​សុំ​ការអនុញ្ញាត​ពី​ឪពុក​ដើម្បី​ធ្វើ​ជា​កូន​ជាង​របស់​វិចិត្រក​រលោក Domenico Ghirlandaio​។ វិចិត្រករ​រូបនោះ​ក៏​យល់ព្រម​បើទោះជា​មាន​ចិត្ត​រារែក​ក៏ដោយ​។​
​ក្នុង​កំឡុង​ពេល​ធ្វើ​ជា​កូនជាង​រយៈពេល ៣ ឆ្នាំ កុមារា Michelangelo ក៏​បាន​បញ្ចេញ​ឱ្យ​គ្រប់​គ្នា​ឃើញ​ពី​ទេពកោសល្យ​របស់ខ្លួន​។ លោក Ghirlandaio ដែល​ជា​គ្រូគ៏​ទទួលស្គាល់​ពី​សមត្ថភា​ពរ​បស់​គេ​ផង​ដែរ​៖
“​ក្មេង Michelangelo ម្នាក់​នេះ​ចេះ​ច្រើន​ជាង​ខ្ញុំ​ទៅទៀត​។​”
​ទេពកោសល្យ​ដ៏​ពូកែ​របស់​លោក​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​លោក Lorenzo de Medici អ្នក​គ្រប់គ្រង​ក្រុង Florence ដ៏​ល្បីល្បាញ​។ លោក Michelangelo បាន​ចំណាយ​ពេល​ពីរ​ឆ្នាំ​នៅ​ក្នុងផ្ទះ​របស់​សម្តេច Medici ដើម្បី​ធ្វើការ​ឆ្លាក់​រូបចម្លាក់​ដែលជា​ស្នាដៃឯក​ដំបូងៗ​របស់ខ្លួន ដែល​ក្នុងនោះ​រួម​មាន​ចម្លាក់​ស្ត្រី​អង្គុយ​នៅលើ​ជណ្តើរ (Madonna of the Stairs) និង​ចម្លាក់​សមរភូមិ​រវាង Lapiths និង Centaurs (Battle of Lapiths and Centaurs)​។​
​បុគ្គលិក​ដែល​សម្បូរ​បញ្ហា និង​ស្មារតី​ផ្នែក​សាសនា​
​លោក Michelangelo មាន​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​ផ្នែក​សាសនា និង​ព្រះ​ជា​ម្ចាស់ ហើយ​ស្នាដៃ​គំនូរ​របស់លោក​ភាគច្រើន​គឺ​សុទ្ធតែ​ទទួល​បាន​ការ​បំផុសគំនិត​ពី​ចំណុច​នេះ ដែល​អ្វី​ទាំងនេះ​គឺ​ដោយសារតែ​លោក​ធំធាត់​ឡើង​ជាមួយ​ការចិញ្ចឹម​បីបាច់​ជាមួយ​ទស្សនៈ​កាតូលិក​ជ្រុលនិយម​នៅក្នុង​វប្បធម៌​របស់​ទីក្រុង Florence​។ លោក​តែងតែ​ចូលរួម​ជាមួយ​ហ្វូង​មហាជន​សាសនា​មក​ពី​ព្រះវិហារ Franciscan នៅ Santa Croce ដោយ​លោក​តែងតែ​អាន ស្តាប់ សរសេរ និង​ធ្វើ​ធម្មទេសនា​របស់លោក​អាចារ្យ Savonarola ។​
​លោក Michelangelo មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​គ្រិស្តសាសនា​។​
​ដូច្នេះហើយ នៅពេលដែល​លោក​ទទួលបាន​ការអញ្ជើញ​ពី​សម្តេច​សង្ឃ Pope Julius II ឱ្យជួយ​កិច្ចការ​បេសកកម្ម​មួយ លោក Michelangelo ក៏​ជួយ​យ៉ាង​យកចិត្តទុកដាក់​។ ដោយសារ​តែ​ការងារ​នេះ​បាន​ជំរុញ​ទឹកចិត្ត​លោក​ក្នុង​ផ្នែក​សាសនា​។​
​ក្នុង​កំឡុង​ពេល​ធ្វើ​ជា​វិចិត្រករ លោក Michelangelo បាន​បំពេញ​ការងារ​បេសកកម្ម​ជា​ច្រើន​ខុសៗ​គ្នា​ជូន​ដល់ Piero de Medici និង Jacopo Galli ដែល​ស្នាដៃ​ទាំងនោះ​រួមមាន Sleeping Cupid, Bacchus, Pieta និង​រូបសំណាក statue of David​។​
“​សរសៃ​ដៃ​ឡើង​ហើម ដៃស្តាំ្ក​កំពុងកាន់​សំណល់​អាវុធ​ពី​បុរាណ​ដែល​គេ​ឈប់​ប្រើ​តាំងពី​សតវត្សរ៍​ទី ១៧ ជា​ស្នាដៃ​គំនូរ​ដកស្រង់​ពី​ព្រឹត្តិការណ៍​ក្នុង​គម្ពីរ Bible បែប​ថ្ម​ម៉ាប​ប្រភេទ Illustration នេះ​បាន​ទាក់ទាញ​អ្នកមើល​យ៉ាងខ្លាំង​។​” ប្រសាសន៍​របស់​លោក Sergio Risalti ប្រវត្តិវិទូ​ផ្នែក​គំនូរ​បុរាណ​ទៅលើ​រូបសំណាក David ក្នុងខណៈ​ពេល​រំលឹក​ស្នាដៃ​សិល្បៈ​របស់​លោក Michelangelo ដែល​ទទួល​បាន​ការ​បំផុសគំនិត​ពី​សាសនា និង​ព្រះ​។​
​សម្តេច Pope Julius II បាន​ប្រគល់​ភារកិច្ច​សាងសង់​ទី​សក្ការបូជា​ដោយ​ឱ្យ​លោក Michelangelo ឆ្លាក់​រូបសំណាក​ជាង ៤០ រូបសំណាក​។ វិសាលភាព​នៃ​គម្រោង​នេះ​គឺ​ស្រប​នឹង​ទស្សនៈ​របស់​លោក Michelangelo ដោយសារ​តែ​បែប​នេះ​ហើយ​ទើប​លោក​ប្រញាប់ប្រញាល់​បំពេញ​ភារកិច្ច​នេះ​។ ក៏​ប៉ុន្តែ​លុះ​ក្រោយមក​សម្តេច​ហាក់ដូចជា​លែង​ខ្វាយខ្វល់​ជាមួយ​ទី​សក្ការ​មួយ​នេះ ប៉ុន្តែ​សម្រាប់​លោក Michelangelo វិញ​គឺ​នៅតែ​បន្ត​ដាក់ចិត្ត​ដាក់​កាយ​បំពេញ​ភារកិច្ច​មួយ​នេះ​។​
​គម្រោង​សាងសង់​ទី​សក្ការ​ត្រូវបាន​គេ​ពន្យារពេល ដោយសារ​តែ​សម្តេច Julius បង្វែរ​ចំណាប់អារម្មណ៍​ទៅ​សាងសង់​ព្រះវិហារ St. Peter នៅ​ទីក្រុង​រ៉ូម​។ លុះ​យូរ​ទៅ​សម្តេច​ប៉ាប​ក៏​លែងមាន​ចំណាប់អារម្មណ៍​ក្នុង​ការសាងសង់​ទី​សក្ការ​នេះ​តទៅទៀត​។​
​ថ្វី​បើ​សា្ន​ដៃ​របស់​លោក​ទទួលបាន​ការ​មាក់ងាយ​យ៉ាងនេះ​ក៏ដោយ តែ​លោក Michelangelo នៅតែ​យល់ព្រម​បន្ត​ធ្វើ​ការងារ​ជូន​ដល់​សម្តេច​ប៉ាប​ទៅលើ​គម្រោង​កែ​លម្អ​ជា​ថ្មី​នូវ​ពិតាន​ព្រះវិហារ Sistine ceiling of the Chapel​។ ព្រះ និង​សាសនា​គឺ​មាន​អត្ថន័យ​ធំធេង​សម្រាប់​លោក​។ នៅ​ឆ្នាំ ១៥១២ ពិ​ដាន​ត្រូវបាន​កែលម្អ​រួចរាល់​ជា​ស្ថាពរ ហើយ​សព្វថ្ងៃ​នេះ​ស្នាដៃ​ដ៏​ល្អ​ឯក​នេះ​នៅតែ​បន្ត​ទាក់ទាញ​អ្នកមើល​យ៉ាងច្រើន​កុះករ ដោយ​មាន​អ្នក​ចូល​មក​ទស្សនា​ក្នុង​ព្រះវិហារ​នេះ​ប្រមាណ ៥ លាន​នាក់​ជា​រៀងរាល់ឆ្នាំ​។​
“​ផ្ទាំងគំនូរ​ពិតាន​ទទឹក​បាន​បញ្ចេញ​ពន្លឺ​ចែងចាំង​ដ៏​មាន​អានុភាព និង​ពេលខ្លះ​បាន​ផ្តល់​នូវ​អារម្មណ៍​ដ៏​ខ្លាំងក្លា​។ សម្លឹង​មើល​ទៅ​គំនូរ​នេះ​មាន​អារម្មណ៍​ថា​មិនមែន​សម្លឹង​មើលទៅ​ពិភពលោក​ពិតប្រាកដ​ឡើយ​។ តែ​មាន​អារម្មណ៍​ដូចជា​សម្លឹង​មើល​ក្នុង​គំនិត​បុរស​ដែល​គូរ​រូបនេះ​។ រូបគំនូរ​លើ​ពិតាន​ឆ្លុះ​បង្ហាញ​ពី​ទេពកោសល្យ​ដ៏​គួរឱ្យ​ស្ញប់ស្ញែង តែ​មិនមែន​ដោយសារ​ភាពជោគជ័យ​ដែល​គំនូរ​នេះ​ទទួល​បាន​ឡើយ តែ​គឺ​ដោយសារ​គំនូរ​នេះ​មាន​លក្ខណៈ​ប្រពៃណី និង​រក្សា​ភាព​ដើម​។​” លោក Graham Dixon បាន​សរសេរ​នៅក្នុង​សៀវភៅ​របស់ខ្លួន បរិយាយ​អំពី​ការ​ទស្សនា​របស់លោក​ជា​លើកដំបូង​ទៅលើ​គំនូរ Sistine នៅលើ​ពិតាន​។​
​ក្រោយពី​សម្តេច Pope Julius II សុគ​តទៅ សង្គ្រាម​នយោបាយ​ក៏​កើតឡើង ទោះ​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ​ក៏ដោយ​ក៏​លោក Michelangelo នៅតែ​បន្ត​ធ្វើ​គម្រោង​ការងារ​ដែល​ទាក់ទង​នឹង​សាសនាជូ​ន​ដល់​សម្តេច Pope Clement VII និង​សម្តេច Pope Paul III​។ ក្នុង​កំឡុង​ពេល​នោះ​ហើយ​ដែល​លោក​បាន​គូរគំនូរ​ដ៏​ល្បីល្បាញ​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា Last Judgment និង​គូរ​រួចរាល់​នៅ​ឆ្នាំ ១៥៤១​។​
​គំនូរ Last Judgment ត្រូវបាន​គេ​ជឿ​ថា​ជា​គំនូរ​ដែល​ឆ្លុះបញ្ចាំង​ពី​ការរង​ទុក្ខ​ផ្នែក​ផ្លូវចិត្ត​ដែល​លោក​ជួប​ប្រទះ​កាលពី​ពីរ​ទសវត្សរ៍​មុន​ទាក់ទង​នឹង​បញ្ហា​ការងារ​របស់​លោក​។​
​លោក Michelangelo មិន​ត្រឹមតែ​ជា​វិចិត្រករ និង​ជាងចម្លាក់​ឡើយ​
​លោក Michelangelo ក៏​ត្រូវបាន​គេ​ចាត់ទុក​ជា​កវីនិពន្ធ​ដ៏​ជោគជ័យ​ម្នាក់​ដែរ ដោយ​លោក​បាន​សរសេរ​ផ្នែក​អក្សរសាស្ត្រ​បាន​ជាង ៣០០ វណ្ណ​កម្ម ដែល​មាន​បន្សល់​ដល់​សព្វថ្ងៃនេះ​។ កំណាព្យ​របស់លោក​ភាគច្រើន​លេង​ពាក្យពេចន៍​ផ្តោតលើ​ប្រធានបទ​ស្នេហា អណ្តែត​អណ្តូង តណ្ហា និង​ភាពស្មោះត្រង់​។​
​ក៏​ប៉ុន្តែ​គ្មាន​អ្វី​ដែល​ធ្វើឱ្យ​លោក​ស្ញប់ស្ញែង​ជាង​កត្តា​សម្រស់​ឡើយ​។ លោក Ascanio Condivi អ្នកសរសេរ​ជីវប្រវត្តិ​របស់​លោក​ម្នា​ក់ទៀត​បានសរសេរថា​៖
​លោក Michelangelo មិន​ត្រឹមតែ​ស្រលាញ់​សម្រស់​ស្រស់​ស្អាត​របស់​មនុស្ស​ឡើយ លោក​ស្រលាញ់​គ្រប់យ៉ាង​ដែល​ស្រស់​ស្អាត​នៅ​លើ​ចក្រវាល​នេះ​ដូចជា​៖ សេះ​ដ៏​ស្រស់ស្អាត ឆ្កែ​ដ៏​គួរ​ឱ្យ​ស្រលាញ់ ទេសភាព​ដ៏​ស្រស់ស្អាត មនុស្ស​ដែល​មានចិត្ត​ល្អ​…”
​អ្វី​ទាំងនេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នៅក្នុង​ស្នាដៃ​អក្សរសាស្ត្រ​របស់លោក និង​ជា​ពិសេស​កំណាព្យ​ដែល​លោក Michelangelo បាន​សរសេរ​ជូន​បុរស​អភិជន​វ័យក្មេង​ម្នាក់​ឈ្មោះ Tommaso Cavalieri ដែល​គេ​ជឿ​ថា​ជា​គូស្នេហ៍​របស់លោក​។​
​ជា​សិល្បករ​ដែល​ចូលចិត្ត​ភាព​ឯកា និង​មាន​អត្តចរិត​ឆេវឆាវ​?
​ជា​មនុស្ស​ឆេវឆាវ​ឬ​? ប្រហែល​ហើយ ព្រោះថា​អ្នកបម្រើ​របស់លោក​អាច​ធ្វើ​ជា​សាក្សី​បាន​។ ក៏​ប៉ុន្តែ​នេះ​ដោយសារ​តែ​បរិយាកាស​ធ្វើ​ការងារ​របស់​លោក​គឺ​មាន​លក្ខណៈ​ច្របូកច្របល់​ខ្លាំង​។ ក្រោយពី Urbinho អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​លោក​បាន​ស្លាប់ លោក Michelangelo ក៏​បាន​ជួយ​មើលថែ​ក្រុមគ្រួសារ​របស់​គេ ដែល​អ្វី​ទាំងនេះ​អាច​ចាត់ទុកបាន​ថា​លោក​ជា​មនុស្ស​ដែល​ចេះ​ជួយ​យក​អាសា​អ្នកដទៃ​។​
​ជា​មនុស្ស​ឯកា​ឬ​? ច្បាស់​ជា​មិនមែន​ឡើយ​! ព្រោះ​ថា​គាត់​មាន​ក្រុម​មិត្ត​ភ័ក្តិ​ជាច្រើន ថ្វី​បើ​លោក​ឧស្សាហ៍​ឈ្លោះ​ជាមួយ​ពួកគេ ក៏​ប៉ុន្តែ​លោក​ក៏​ស្រលាញ់​ពួក​គេ​ខ្លាំង​ដែរ ជាពិសេស​គឺ Vittoria Colonna ជា​អ្នក​ណែនាំ​ផ្នែក​សាសនា​របស់​លោក​។​
​ជា​សិល្បករ​ក្រីក្រ​? ដោយសារ​តែ​សម្លៀកបំពាក់​ដែល​លោក​ស្លៀក​មើលទៅ​ចាស់ និង​កខ្វក់​។ ក៏ប៉ុន្តែ លោក​មិនមែន​ជា​សិល្បករ​ក្រីក្រ​ឡើយ​។ នៅពេលដែល​លោក​ស្លាប់ លោក Michelangelo មាន​អចលនទ្រព្យ​ជាច្រើន​ដែល​មាន​តម្លៃ​ប្រមាណ ៥០,០០០ មាសដូ​កាត​។​
​អ្វី​ដែល​យើង​ប្រាថ្នា​
​អ្វី​ដែល​យើង​ប្រាថ្នា​គឺ​ចង់​ឱ្យ​សម្តេច​ប៉ាប​សម្រេច​បាន​ក្តី​ប្រាថ្នា​របស់​ទ្រង់​។​
​អ្វី​ដែល​យើង​ប្រាថ្នា​គឺ​ចង់ឱ្យ​សាកសព​របស់​សិល្បករ​ដ៏​អស្ចារ្យ​រូប​នេះ​ដែល​បាន​លាចាក​លោក​នៅ​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ ១៥៦៤ នឹង​ត្រូវបាន​គេ​រក្សាទុក​ជា​យូរអង្វែង​។​
​អ្វី​ដែល​យើង​ប្រាថ្នា​គឺ​ចង់​ឱ្យ​លោក Michelangelo សិល្បករ​ពហុ​ទេពកោសល្យ​រូបនេះ​អាច​ស្វែងយល់​កាន់តែ​ច្បាស់​ពី​ភាព​សម្បូរបែប និង​ចំណុច​ពិសេស​នៃ​វត្តមាន​របស់​លោក​៕​

Leave a Reply

Your email address will not be published. Required fields are marked *