Fashion

ការបង្ហាញម៉ូដនៃម៉ាកហ្វេហ្សិនល្បីៗ

By  | 

ភាព​ទាក់ទាញ​នៃ​ម៉ាក​ហ្វេ​ហ្សិន​ល្បីៗ ការបង្ហាញ​ស្តាយល៍​ពិសេស​ប្រចាំ​ម៉ាក​នីមួយៗ – អូ​ឡា​ឡា ធ្វើ​ឱ្យ​យើងខ្ញុំ​តាមដាន​យ៉ាង​ជក់​ចិត្ត​។ ម៉ាក​ដ៏​ល្បី​ទាំងនេះ​គឺជា​ប្រធានបទ​ដ៏​ពេញនិយម​នៅ​ហាង​កាហ្វេ​។ រួម​មាន​ម៉ាក​ដ៏​ស៊ីវិល័​យរបស់​បារាំង និង​ម៉ាក​ដ៏​ស្រស់​ស្អាត​ថ្លៃថ្នូរ​របស់​អ៊ីតាលី​។ មាន​ការបង្ហាញ​ម៉ាក​ល្បីៗ​ជាច្រើន​នៅលើ​ពិស្ត​បង្ហាញម៉ូដ​ដែល​បានទា​ក់​ទាញ​ចំណាប់អារម្មណ៍​របស់​យើងខ្ញុំ​។​
​ដើម្បី​រក្សា​ប្រពៃណី​វប្បធម៌​នៃ​ការ​រំលឹក​ទៅដល់​ម៉ាក​ល្បីៗ​ដែល​បាន​គ្រប់គ្រង​ពិភព​ហ្វេ​ហ្សិន នៅក្នុង​ការចេញផ្សាយ​លើក​នេះ យើងខ្ញុំ​នឹង​លើកយក​ប្រវត្តិ​នៃ​ម៉ាក​ល្បីៗ​មក​បង្ហាញ​ជូន​លោក​អ្នក​៖
​ម៉ាក​ហ្វេ​ហ្សិន Chanel
​នៅពេល​ដែល​អ្នកស្រី Coco (Gabrielle) Channel អួត​បង្ហាញ​មួក​ថាស​អ្នកស្រី​នៅ​ពីមុខ​ហាង​ដ៏​តូច​របស់​ខ្លួន​ដែល​បាន​បើក​នៅ​ទីក្រុង​ប៉ារីស ឆ្នាំ ១៩០៩ ធ្វើឱ្យ​គ្រប់​គ្នា​អាច​មើល​ដឹងថា​ស្ត្រី​ម្នាក់​នេះ​គឺជា​អ្នក​រចនា​ម៉ូដ​ដ៏​មាន​ទេពកោសល្យ​។ ភាព​ល្បីល្បាញ​របស់​អ្នកស្រី​បាន​ធ្វើ​ឱ្យ​អ្នកស្រី​ក្លាយ​ជា​និមិត្តរូប​ហ្វេ​ហ្សិន ហើយ​អ្នកស្រី​បាន​ក្លាយ​ជា​អាទិទេព​ហ្វេ​ហ្សិន​ទាន់​សម័យ​ដែល​មិន​ចេះ​សាបសូន្យ​រហូតមកដល់​សព្វថ្ងៃ​។
​ភាពជោគជ័យ​របស់​អ្នកស្រី​នៅតែ​បន្ត​យ៉ាង​សម្បើម និង​ទទួល​បាន​ការ​កោតស្ញប់ស្ញែង​យ៉ាងច្រើន ដោយ​អ្នកស្រី​ចាប់ផ្តើម​បង្កើត​ដំបូង​គឺ​កូឡិក​ហ្សិន​មួក បន្ទាប់មក​ទើប​ឈានទៅរក​ការបង្កើត​កូឡិក​ហ្សិន​អាវចាក់​កីឡា រ៉ូប​រំ​ភាយ ទឹកអប់ ខ្សែ​កពែ​ក្ស និង​ផ្សេងៗ​ទៀត​ជាច្រើន​។ ចំណុច​ពិសេស​របស់​ម៉ាក​នេះ​គឺ​៖ កាបូប​ខ្សែច្រវ៉ាក់ អាវ​ក្រៅ​សាច់ឡែន​គ្រើម គ្រឿងអលង្ការ​តែង​កាយ និង​រ៉ូប​ខ្មៅ​ខ្លី​ស្អាត ដែល​អ្នកស្រី Gabrielle Coco បាន​ដាក់ចេញ ដែល​ម៉ូដ​ទាំងនេះ​នៅ​តែ​ពេញនិយម​រហូតមកដល់​ពេលនេះ​។​
​បច្ចុប្បន្ននេះ ម៉ាក​ហ្វេ​ហ្សិន​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​អ្នក​ច្នៃ​ម៉ូដ​ជនជាតិ​អាល្លឺម៉ង់​លោក Karl Lagerfeld ដែល​ជា​រៀងរាល់ឆ្នាំ​លោក​តែងតែ​រៀបចំ​បង្កើត​កម្មវិធី​បង្ហាញម៉ូដ​របស់​ម៉ាក​នេះ​ទីតាំង​ល្បីៗ​ដូចជា​នៅ​សួន​កម្សាន្ត​មួយ​ក្នុង​ទីក្រុង Edinburgh និង​សួនច្បារ​ដ៏​ស្រស់ស្អាត​នៅ​ទីក្រុង​ឌូ​បៃ និង​នៅ​ទីក្រុង​ប៉ារីស​។​
​ខាងក្រោម​នេះ​ជាកូ​ឡិ​ហ្សិន​ផលិតផល​ល្បីៗ​របស់​ម៉ាក Chanel៖
-​ ​គ្រឿងអលង្ការ​ប្រណីតៗ​
-​ ​ទឹកអប់​
-​ ​សម្លៀក​បំពាក់​ឌី​ហ្សាញថ្លៃៗ​
-​ ​សម្លៀក​បំពាក់​ច្នៃ​ស្រេច​
-​ ​ស្បែកជើង និង​កាបូប​
-​ ​នាឡិកា​
-​ ​វ៉ែនតា​
-​ ​គ្រឿងសម្អាង​
​អ្នកស្រី Coco មានជំនឿថា​៖ “​មនុស្ស​ស្រី​គួរតែ​តុបតែង​ខ្លួន​ឱ្យ​មើល​ទៅ​ថ្លៃថ្នូរ និង​ទាក់ទាញ​”​។ ម៉ាក​ហ្វេ​ហ្សិន​នេះ​បាន​ថែរក្សា​នូវ​គោល​គំនិត​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​វិវដ្ត​កាន់តែ​ខ្លាំង​ឡើង​នូវ​រាល់​ម៉ូដ​នៃ​សម័យកាល​នី​មួយៗ​។​
​ម៉ាក​ហ្វេ​ហ្សិន Armani
​ប្រកប​ទៅ​ដោយ​ភាពទាន់សម័យ និង​ថ្លៃថ្នូរ ម៉ាក Armani ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៧៥ ដោយ​លោក Giorgio Armani និង​លោក Sergio Galeotti – “​បុរស​ដែល​បាន​ជួយ​ឱ្យ​លោក Armani មាន​ភាព​ជឿជាក់​លើ​ការងារ​របស់​ខ្លួន​។​” ដំបូង​ឡើយ​ម៉ាក​នេះ​រចនា​ម៉ូដ​យ៉ាង​ប៉ិនប្រសប់​សម្រាប់​តែ​បុរស​ប៉ុណ្ណោះ អ្នក​ទាំង​ពីរ​បាន​ធ្វើឱ្យ​ម៉ាក​នេះ​ឡើង​ដល់​កំពូល​ខាង​ផ្នែក​ស្តាយល៍ និង​ភាព​ប្រណីត លុះ​ក្រោយមក​ពួកគេ​ក៏​ចាប់ផ្តើម​ដាក់ចេញ​ម៉ូដ​សម្លៀកបំពាក់​របស់​នារី ទឹកអប់ គ្រឿងអលង្ការ និង​កូឡិក​ហ្សិន​ផ្សេងៗ​ទៀត​ជាច្រើន​។ ក៏ប៉ុន្តែ​ក្តី​ស្នេហា​រវាង​លោក Armani និង​លោក Galeotti ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ ១៩៨៤ ដោយសារតែ​លោក Galeotti មាន​ជំងឺ​អេដស៍ ហើយ​បាន​លាចាក​លោក​នៅ​អាយុ ៤០ ឆ្នាំ​។​
​ម៉ាក​នេះ​បាន​ធ្វើឱ្យ​ពិភពលោក​ស្ញប់ស្ញែង​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ បណ្តា​ហាង​ធំៗ​របស់​ម៉ាក Armani បាន​ក្លាយជា​ហាង​តំណាង​ឱ្យ​ភាព​ប្រណីត ដោយសារ​តែ​ស្តាយល៍​ប៉ាក់​ឌិនដ៏​ប៉ិនប្រសប់​ជាមួយ​រាងរៅ​សម្លៀកបំពាក់ ក្រណាត់​សម្លៀកបំពាក់​គុណភាព​លំដាប់​ខ្ពស់ និង​ពណ៌​ទោល​ដ៏​ស្រស់ស្អាត​។ ម៉ាក​នេះ​មាន​ដាក់​ចេញ​នូវ​ផលិតផល​ផ្សេងៗ​ជាច្រើន​ដោយ​ចែកចាយ​តាម​បណ្តា​ហាង​ម៉ាក​រង​របស់ខ្លួន​។ ម៉ាក​ហ្វេ​ហ្សិន Armani ជា​ម៉ាក​មួយ​ក្នុងចំណោម​ម៉ាក​ដទៃទៀត​ភាគហ៊ុន​ធំជាងគេ និង​មាន​អ្នក​ស្ញប់ស្ញែង​ច្រើនជាងគេ​នៅក្នុង​ទីផ្សារ​ហ្វេ​ហ្សិន​។ ផលិតផល​របស់​ម៉ាក​នេះ​រួមមាន​៖
-​ ​សម្លៀក​បំពាក់​បុរស និង​ស្ត្រី – សម្លៀក​បំពាក់​ដែល​ច្នៃ​ម៉ូដ​រួច សម្លៀក​បំពាក់​អ្នកជំនួញ សម្លៀក​បំពាក់​ច្នៃ​ម៉ូដ​ឯកជន និង​សម្លៀកបំពាក់​ហែល​ទឹក​
-​ ​ម៉ូដ​សម្លៀកបំពាក់​ច្នៃ​សម្រាប់​កុមារ​
-​ ​វ៉ែនតា​
-​ ​ទឹកអប់​
-​ ​គ្រឿងអលង្ការ​
-​ ​នាឡិកា​
-​ ​កាបូប និង​ស្បែកជើង​
-​ ​ផលិតផល​ថែរក្សា​សម្រស់ និង​គ្រឿងសម្អាង​
​ម៉ាក​នេះ​បាន​បន្ត​ភាពជោគជ័យ​ដ៏​សម្បើម​របស់ខ្លួន នៅពេល​ដែល​តារា​សម្តែង​ដ៏​ល្បី​លោក Richard Gere បាន​គ្រង​ឈុត​អាវធំ​ម៉ាក​របស់​ខ្លួន​សម្តែង​នៅ​ក្នុង​រឿង American Gigolo នៅ​ឆ្នាំ ១៩៨០​។ ជាមួយ​កូឡិក​ហ្សិន​ច្នៃ​ម៉ូដដ៏​ប៉ិនប្រសប់​របស់​ម៉ាក Armani បាន​ទាក់ទាញ​អ្នក​ស្ញប់ស្ញែង​ជាច្រើន ម្យ៉ាង​ទៀត​គឺ​ដោយសារ​តែ​ក្រុមហ៊ុន​នេះ​បាន​ដាក់​អ្នក​បង្ហាញ​ម៉ូដ​ចម្រុះ​ជាតិ​សាសន៍​នៅលើ​ពិស្ត​បង្ហាញម៉ូដ​៕

Leave a Reply

Your email address will not be published. Required fields are marked *