Entertainment

ភាពស្និទ្ធស្នាល សិល្បៈនៃការពង្រឹងចំណងស្នេហា

By  | 

​ភាព​ផ្អែមល្ហែម និង​ជូរចត់​ជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​ស្នេហា​។ នៅក្នុង​ដំណើរ​ជីវិត​ដ៏​វែងឆ្ងាយ មាន​ពេលវេលា​ជាច្រើន​ដែល​អ្នកនឹង​ទទួលរង​ការឈឺចាប់ និង​យល់ច្រឡំ ថែមទាំង​មាន​ពេលខ្លះ​អ្នក​មិន​ចង់​ឃើញ​មុខ​ដៃគូ​ស្នេហា​រស់​អ្នក​ថែមទៀត​ផង ហើយក៏​មាន​ពេលខ្លះទៀត​ដែល​អ្នកមាន​អារម្មណ៍​សប្បាយរីករាយ​ជា​ពន់ពេក ហើយ​ក៏​គិត​ថា​តើ​អ្នក​អាច​នឹង​រស់នៅ​ដោយ​របៀប​ណា​ប្រសិនបើ​គ្មាន​ដៃគូ​ស្នេហា​របស់​អ្នក​។ អ្វី​ដែល​សំខាន់​គឺ​ថា​អ្នក​អាច​ប្រឈម​នឹង​ពេល​វេលា​ល្អ និង​អាក្រក់​ជាមួយនឹង​ដៃគូ​ស្នេហា​របស់​អ្នក និង​វិធី​ធ្វើឱ្យ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​កាន់តែ​ផ្អែមល្ហែម​ជាង​មុន​បន្ថែមទៀត​។​

​សម្រាប់​ការពង្រឹង​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត អ្នក​ត្រូវ​តែ​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់ និង​យកចិត្តទុកដាក់​ជាមួយ​គាត់​បន្ថែមទៀត​។ អ្វី​ដែល​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​កាន់តែ​ផ្អែមល្ហែម​នោះ​គឺ​ភាពស្និទ្ធស្នាល​។ ដូច្នេះ​ពេល​ខ្លះ​ពាក្យ​ថា “​អូន​ស្រលាញ់​បង​” ឬ​ភាព​ផ្អែម​ល្ហែម​ដែល​អ្នក​ទាំង​ពីរ​បង្ហាញ​ដល់​គ្នា​ទៅវិញទៅមក​ក៏​អាច​នឹង​ផ្លាស់ប្ដូរ​ចំណង​ស្នេហា​របស់​អ្នក​ក្នុង​ផ្លូវ​ដ៏​វិជ្ជមាន​មួយ​ផង​ដែរ​។​

​អត្រា​កើនឡើង​នៃ​ការ​លែងលះគ្នា​មាន​នៅ​ជុំវិញ​ពិភពលោក​នេះ​ក៏​ព្រោះតែ​ដៃគូ​ស្នេហា​ភាគច្រើន​មិន​បាន​គិត​ដល់​ភាពស្និទ្ធស្នាល​ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​។ ជីវិត​រស់នៅ​បែប​ទាន់សម័យ​នា​ពេលប្ចុប្បន្ន​នេះ​គឺថា​ដៃគូ​ស្នេហា​ដែល​ស្រលាញ់​គ្នា​ខ្លាំង តែ​បែរជា​រស់នៅ​ដូចជា​មនុស្ស​មិន​ដែល​ស្គាល់គ្នា ឬ​កាន់តែ​អាក្រក់​ជាង​នេះ​គឺ​រស់​នៅ​មិន​មាន​ក្ដី​សុខ​បន្តិច​ណា​សោះឡើយ​។
.
​តើ​អ្វី​ទៅ​ជា​ភាពស្និទ្ធស្នាល ហើយ​ហេតុអ្វី​បានជា​វា​មាន​សារសំខាន់​ខ្លាំង​ក្នុង​ទំនាក់ទំនង​ស្នេហា​?
​ការ​ដែល​អាច​ចែករំលែក​រឿងរ៉ាវ​ក្នុង​ចិត្ត​ទាំងអស់​ប្រាប់​ទៅ​ដៃគូ​ស្នេហា​របស់​អ្នក​គឺជា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​។ មិនមាន​អ្វី​ដែល​ប្រសើរ​ជាង​ការ​ដែល​អ្នក​ដឹងថា​អ្នក​មាន​មនុស្ស​ម្នាក់​ដែល​នឹង​ស្ដាប់​រាល់​រឿងរ៉ាវ​របស់​អ្នក​រៀបរាប់​អំពី​ពេលវេលា​ដ៏​នឿយហត់​ពេញ​មួយថ្ងៃ ឬ​បង្ក​ឱ្យមាន​ស្នាមញញឹម​លើ​ផ្ទៃមុខ​របស់​ពួកគេ​។ ហើយ​នេះ​ជា​សេចក្ដីសុខ​ដ៏​ខ្លាំងក្លា​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​។​

​ភាពស្និទ្ធស្នាល​ជា​ការ​ដែល​អ្នក​ជិតស្និទ្ធ​ជាមួយនឹង​ដៃគូ​របស់​អ្នក​។ វា​ជា​ការ​ដែល​អ្នក​នៅ​កៀកកើយ​ជាមួយ​ពួកគេ និង​ការ​ដែល​អាច​និយាយ​ប្រាប់​គាត់​អំពី​អារម្មណ៍​របស់​អ្នក​។ វា​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​កាន់តែ​រំភើប​ញាប់​ញ័រ​។ ភាពស្និទ្ធស្នាល​បង្កើតឱ្យមាន​ទំនាក់ទំនង និង​ការជឿ​ទុកចិត្ត​កាន់តែ​ល្អ និង​ជួយ​ឱ្យ​អ្នក​អាច​ផ្សារភ្ជាប់​ទៅនឹង​អារម្មណ៍​របស់​ដៃគូ​របស់អ្នក​។​

​តើ​ទំនាក់ទំនង​ស្នេហា​អាច​ប្រសើរ​ឡើង​ទេ​ប្រសិនបើ​គ្មាន​ភាពស្និទ្ធស្នាល​?
​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ត្រូវការ​របស់​ទាំង​ពីរ​យ៉ាងនេះ នោះ​គឺ​ភាពស្និទ្ធស្នាល​ទាំង​រូបរាងកាយ និង​អារម្មណ៍​ដើម្បី​ឱ្យ​ទំនាក់ទំនង​កាន់តែ​ស្អិតរ​មួ​ត និង​ជោគជ័យ​។ ការ​កាន់​ដៃ​គ្នា ប្រលែង​លេង និង​ការ​អោប​គ្នា​គឺ​ពិត​ជា​សំខាន់​ខ្លាំងណាស់ ដូច​ទៅ​នឹង​ការចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ជាមួយគ្នា​ដើម្បី​ដឹង​ថា​ដៃគូ​របស់​ខ្លួន​មាន​អារម្មណ៍​បែប​ណា​ផងដែរ​។ សកម្មភាព​សាមញ្ញៗ​ទាំងអស់នេះ​នឹង​ធ្វើ​ឱ្យ​ដៃគូ​របស់​អ្នក​ដឹងថា​តើ​អ្នក​សំខាន់​ខ្លាំង​យ៉ាងណា និង​ការ​ដែល​អ្នកនឹង​នៅក្បែរ​ពួកគេ​នៅពេលដែល​ពួកគេ​ត្រូវការ​អ្នក​។​

​ភាពស្និទ្ធស្នាល​គឺ​ពិត​ជា​សំខាន់​ខ្លាំងណាស់​សម្រាប់​ទំនាក់ទំនង​ស្នេហា​មួយ​ក្នុងការ​ឆ្លងកាត់​ពេលវេលា​លំបាកៗ​។ អ្នក​ទាំង​ពីរ​ចេះ​ជួយ​គ្នា​នៅពេល​ដែល​អ្នក​ជួប​បញ្ហា​លំបាក​ក្នុង​ជីវិត ហើយ​អ្វី​ដេល​សំខាន់នោះ​គឺ​ថា​សេចក្ដី​ស្នេហា​របស់​អ្នក​ទាំង​ពីរ​គឺ​ពិតជា​ផ្អែមល្ហែម​ប៉ុណ្ណា​ផងដែរ​។​

​ក្នុង​ទំនាក់ទំនង​ស្នេហា​តែង​មាន​ការយល់ច្រឡំ ភាព​មិន​ចុះសម្រុង ន​ងិ​ការ​ខឹងសម្បារ​ផងដែរ​។ វា​មិន​សំខាន់​ថា​អ្នក​ទាំង​ពីរ​ត្រូវតែ​យល់​ស្រប​ជាមួយ​គ្នា​គ្រប់​រឿងរ៉ាវ​ទាំង​អស់​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ នៅពេលដែល​មាន​នរណា​ម្នាក់​មិន​សប្បាយចិត្ត​ម្នាក់​ទៀត​ត្រូវតែ​ជា​អ្នក​ដែល​យល់ចិត្ត​បំផុត និង​ធ្វើ​យ៉ាងណា​ឱ្យ​អារម្មណ៍​របស់​ដៃគូ​ខ្លួន​ប្រសើរ​ឡើង​វិញ​។ ការ​ដែល​ទុក​ដៃគូ​របស់​អ្នក​ចោល​គឺជា​អ្វី​ដែល​ឈឺចាប់​បំផុត​។ ឧទាហរណ៍ នៅពេល​មនុស្ស​ស្រី​ម្នាក់​ពិបាកចិត្ត ឬ​មិន​សប្បាយចិត្ត​ទៅលើ​រឿង​អ្វីមួយ មនុស្ស​ប្រុស​ត្រូវតែ​នៅ​ទីនោះ​ដើម្បី​នាង និង​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ថា​មាន​ផា​សុកភាព និង​មាន​អារម្មណ៍ល្អ​ឡើងវិញ​ផងដែរ​។ មិន​ថា​ស្ថានភាព​របស់​អ្នក​ទាំង​ពីរ​យ៉ាង​ណា​ឡើយ មនុស្ស​ប្រុស​ភាគច្រើន​តែងតែ​ផ្លាស់ប្ដូរ​។ ពួកគេ​បាន​ទុក​ដៃគូ​របស់​ខ្លួន​ចោល​ដោយ​មិន​បាន​គិតថា​វា​ជា​កំហុស​របស់​ខ្លួន​ឡើយ​។

​ដៃគូ​ម្នាក់ៗ​ត្រូវតែ​យល់​ដឹង​អំពី​ការបង្ហាញ​ភាពស្និទ្ធស្នាល​ទៅ​កនា់​គ្នា​នៅត្រង់ចំនុច​នេះ​។ ប្រសិនបើ​មនុស្ស​ស្រី​មិន​សប្បាយចិត្ត​អំពី​រឿង​អ្វីមួយ​ដែល​ដៃគូ​បុរស​របស់ខ្លួន​បានធ្វើ វា​ជា​ការទទួលខុសត្រូវរ​បស់​ខាង​ប្រុស​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ទាំងអស់នោះ​។ គាត់​អាច​អោប​នាង ធ្វើឱ្យ​អារម្មណ៍​របស់​នាង​ប្រសើរ​ជាង​មុន និង​មាន​ផា​សុកភាព ក៏ដូចជា​សុំទោស​នាង​ក្នុង​ការ​ដែល​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​មិន​ល្អ​។ នេះ​នឹង​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ថា​ទទួលបាន​ក្ដី​ស្រលាញ់​ដ៏​ពេញលេញ​មកវិញ​។

​ភាពស្និទ្ធស្នាល​គឺ​ពិត​ជា​សំខាន់​ខ្លាំងណាស់​ក្នុង​ទំនាក់ទំនង​ស្នេហា​។ អ្នក​ដឹង​ថា​ដៃគូ​ស្នេហា​របស់​អ្នក​ស្រលាញ់​អ្នកជា​អ្នក គាត់​ទទួល​យក​អ្នក និង​តែងតែ​នៅ​ទីនោះ​ដើម្បី​អ្នក​។​

​តើ​អ្នក​អាចបង្កើត​ភាពស្និទ្ធស្នាល​ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​បាន​ដោយ​របៀប​ណា​?
•​ ​ផ្ដល់​ក្ដី​ស្រលាញ់​៖ នៅពេល​ដែល​អ្នក​ស្ថិតក្នុង​ទំនាក់ទំនង​ស្នេហា​មួយ អ្នក​ត្រូវ​តែ​យល់​អំពី​ការ​តម្រូវការ​នៃ​ក្ដី​ស្រលាញ់​។ កាលណា​អ្នកផ្ដល់​ក្ដី​ស្រលាញ់ និង​ការយកចិត្តទុកដាក់​ទៅលើ​ដៃគូ​ស្នេហា​របស់​អ្នក​កាន់តែច្រើន អ្នក​ក៏​នឹង​ទទួលបាន​មកវិញ​នូវ​ក្ដី​ស្រលាញ់ និង​ការយកចិត្តទុកដាក់​ដូច​គ្នា​ផង​ដែរ​។​
•​ ​រក​ពេលវេលា​និយាយ​គ្នា​៖ ការចែករំលែក​ការគិត​ទៅកាន់​គ្នា​អាច​ឱ្យ​ដៃគូ​របស់​អ្នក​ទាំង​ពីរ​យល់ដឹង​កាន់តែច្បាស់​អំពី​ដៃគូ​របស់​អ្នក ក៏ដូចជា​អ្វីដែល​គាត់​ចូល​ចិត្ត ឬ​មិន​ចូលចិត្ត​។​
•​ ​ផ្ដល់​កិត្តិយស លើកសរសើរ និង​គោរព​គាត់​៖ នៅពេល​ដែល​គាត់​ធ្វើ​អ្វីមួយ​សម្រាប់​អ្នក អ្នក​គូរ​តែ​ចេះ​លើកសរសើរ​គាត់ និង​ផ្ដល់​កិត្តិយស​ដល់​គាត់​។ នេះ​ជា​វិធី​ក្នុង​ការលើកទឹកចិត្ត​ដើម្បី​ឱ្យ​គាត់​ធ្វើ​អ្វី​បន្ថែម​ទៀត​សម្រាប់​អ្នក​។ គោរព​ការគិត​របស់គាត់ និង​យល់ដឹង​អំពី​តម្លៃ​របស់​គាត់​។ ធ្វើ​អ្វីមួយ​ដែល​នឹង​ធ្វើឱ្យ​គាត់​សប្បាយចិត្ត​។ ផ្ដល់​ការភ្ញាក់ផ្អើល និង​ផ្ដល់​អំណោយ​ដល់​គាត់​ក្នុង​ឱកាស​ពិសេសៗ​។
•​ ​ភាពស្និទ្ធស្នាល​មិនមែន​ជា​ការ​រួម​សិច​ឡើយ​៖ សិច​អាច​នឹង​កើតឡើង​ដោយ​ការ​មិន​ភ្ជាប់​ទំនាក់ទំនង​ផ្នែក​អារម្មណ៍​។ វា​ជា​អ្វី​ដែល​លើស​ពី​តណ្ហា​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​ភាពស្និទ្ធស្នាល​ជាមួយ​ដៃគូ​ស្នេហា​របស់​អ្នក និង​មាន​អារម្មណ៍ល្អ​ជាមួយ​គ្នា​ទៀត​នោះ រឿងរ៉ាវ​ដ៏​អស្ចារ្យ​នឹង​កើតមានឡើង​ជាក់​ជាមិនខាន​៕

Leave a Reply

Your email address will not be published. Required fields are marked *