Entertainment

ការចនាគេហដ្ឋាន

By  | 

គេហដ្ឋាន​សម័យ​ទំនើប​ភាគច្រើន​ពុំ​មាន​លក្ខណៈ​ធំ​ទូលាយ​ឡើយ លុះត្រាតែ​អ្នកមាន​ប្រាក់​ច្រើន​លាន​ដុល្លា​រទិញ​អចលនទ្រព្យ​ដ៏​ធំ​សម្បើម ហើយ​ប្រសិនបើ​អ្នក​មាន​ប្រាក់​ច្រើន​ដូច្នេះ អ្នក​ក៏​ប្រហែលជា​ត្រូវ​ទាក់ទង​ជាមួយ​អ្នក​រចនា​គេហដ្ឋាន​ដើម្បី​កុំឱ្យ​មាន​ភាពស្មុគស្មាញ​។​
​ការកើនឡើង​ដ៏​ច្រើន​កុះករ​នៃ​អគារ​ខុន​ដូ និង​គេហដ្ឋាន​តូចៗ​បាន​ធ្វើឱ្យ​មនុស្ស​ជា​ច្រើន​នាំគ្នា​ប្រញាយ​ទិញ​អចលនវត្ថុ​។ ជាមួយ​បន្ទប់​គេង​តូចៗ បន្ទប់​ដាក់​សម្លៀកបំពាក់ និង​បន្ទប់​អង្គុយលេង​ត្រូវបាន​រំលាយ​ចូលគ្នា​ជា​ផ្ទះបាយ​។ ចំពោះ​គេហដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ ទំហំ​ទីធ្លា​ផ្ទះ​គឺ​មាន​កំណត់​។ ដូច្នេះ​វា​ជា​រឿង​សំខាន់​ដែល​អ្នក​គួរតែ​ទាញយក​ផលប្រយោជន៍​ពី​ទីធ្លា​ទាំងនេះ​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន និង​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​មាន​អារម្មណ៍ល្អ​ក្នុងពេល​តែមួយ​។​
​ប្រើប្រាស់​វិធីសាស្ត្រ​រៀបចំ​គ្រឿងសង្ហារិម​ខាងក្រោម​នេះ​ដើម្បី​ធ្វើឱ្យ​គេហដ្ឋាន​របស់​អ្នក​មើល​ទៅ​ធំ​ទូលាយ​ជាង​មុន​។​
​រៀបចំ​ប្លង់​ដាក់​គ្រឿង​សង្ហារិម​
​ដំបូង​អ្នក​ត្រូវ​រៀបចំ​ប្លង់​ដាក់​គ្រឿងសង្ហារិម​របស់​អ្នក​ឱ្យ​សមស្រប​ទៅនឹង​ទំហំ​ទីធ្លា​គេហដ្ឋាន​របស់​អ្នក​។ ដើម្បី​សន្សំ​ពេលវេលា កម្លាំង និង​ថាមពល អ្នក​គួរតែ​គិត​ពី​ទីតាំង​ទុកដាក់​មុននឹង​ធ្វើ​ការលើក​គ្រឿងសង្ហារិម​ធ្ងន់ៗ​ទាំងនោះ​។ បន្ទាប់​មក​អ្នក​ត្រូវ​គិត​ទៅដល់​តួនាទី​នៃ​បន្ទប់​នេះ – ថា​តើ​អ្នកនឹង​ប្រើប្រាស់​បន្ទប់​នេះ​ដោយ​របៀប​ណា និង​មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ប្រើប្រាស់​បន្ទប់​នេះ​។ ការធ្វើ​បែប​នេះ​ជួយ​ឱ្យ​អ្នកបែងចែក​គ្រឿងសង្ហារិម​ណា​ដែល​ចាំបាច់​បាន​។​
​នៅពេល​រៀប​ប្លង់​បន្ទប់ទទួលភ្ញៀវ អ្នក​គួរតែ​រៀប​កៅអី​ឱ្យ​ឃ្លាត​ពី​គ្នា​មិនឱ្យ​លើស​ពី ២ ម៉ែត្រ​ឡើយ​ដើម្បី​បង្ក​ការងាយស្រួល​ក្នុង​ការជជែក​គ្នា​។​
​រក​ទីតាំង​គោល​នៅក្នុង​បន្ទប់​
​កំណត់​ទីតាំង​គោល​មួយ​នៅក្នុង​មួយ​បន្ទប់ ដូចជា​ឡ​កម្តៅ បង្អួច​ធំ ឬ​ទូរទស្សន៍​។ រៀបចំ​គ្រឿងសង្ហារិម​នៅ​ជុំវិញ​ចំណុច​គោល​ទាំងនេះ​ដើម្បី​ឱ្យ​បន្ទប់​របស់​អ្នក​មើល​ទៅ​រចនាសម្ព័ន្ធ​ល្អ​។ ប្រសិនបើ​អ្នក​មាន​គម្រោង​មើល​ទូរទស្សន៍​នៅក្នុង​បន្ទប់​នេះ គម្លាត​ដែល​សមរម្យ​ពី​ទូរទស្សន៍​និង​សា​ឡុង​គឺ​គួរតែ​ឆ្ងាយ​ជាង​បី​ដង​នៃ​ទំហំ​ទូរទស្សន៍​។ ដូច្នេះ ប្រសិនបើ​អ្នក​មាន​ឈុត​ទូរទស្សន៍​ទំហំ ៤០ អ៊ី​ញ អ្នក​គួរតែ​រៀប​កៅអី ឬ​សា​ឡុង​របស់​អ្នក​ចម្ងាយ ១២០ អ៊ី​ញ ស្មើនឹង ៣ ម៉ែត្រ​ពី​កញ្ចក់​ទូរទស្សន៍​។​
​បែងចែក​គ្រឿងសង្ហារិម​ធំៗ​ដែល​ចាំបាច់​
​គួរ​គិតថា​តើ​គ្រឿងសង្ហារិម​ធំៗ (​ដូចជា​គ្រែ និង​សា​ឡុង​) អាច​ដាក់​ចូល​ក្នុង​បន្ទប់​ដែរឬទេ បន្ទាប់​មក​សឹម​រៀបចំ​អ្វី​ផ្សេងៗ​ជុំវិញ​គ្រឿងសង្ហារិម​ទាំងនេះ​។​
​នៅក្នុង​បន្ទប់​គេង អ្នក​គួរតែ​រក្សា​គម្លាត​ពី​ជញ្ជាំង​ទៅ​គ្រែ​ចម្ងាយ ៦០ សង់ទីម៉ែត្រ ហើយ​ពី​ទ្វារ​ទៅ​គ្រែ​ចម្ងាយ ៩០ សង់ទីម៉ែត្រ​។​
​គិត​ទៅដល់​ប្លង់​ព្រាង​
​ប្លង់​ដែល​មាន​លក្ខណៈ​ស៊ីមេទ្រី​ជួយ​ធ្វើឱ្យ​បន្ទប់​មើល​ទៅ​មាន​លក្ខណៈ​ផ្លូវការ ចំណែក​ប្លង់​ដែល​មាន​លក្ខណៈ​អ​ស៊ីមេទ្រី​ធ្វើឱ្យ​បន្ទប់​មើលទៅ​មាន​លក្ខណៈ​សាមញ្ញ​ធម្មតា​។ សម្រាប់​បន្ទប់​ទទួលទាន​អាហារ អ្នក​គួរតែ​ទុក​គម្លាត​ចម្ងាយ​យ៉ាងហោចណាស់ ១.២ ម៉ែត្រ ពី​គែម​តុ​នីមួយៗ​ទៅកាន់​ជញ្ជាំង​ឬ​គ្រឿងសង្ហារិម​ដទៃទៀត​។​
​ហើយ​ប្រសិនបើ​គ្មាន​អ្នកដើរ​ចុះ​ឡើង​នៅ​ពីក្រោយ​កៅអី ឬ​ផ្នែក​ម្ខាង​នៃ​តុ​នោះទេ គម្លាត​ចម្ងាយ ០.៩០ ម៉ែត្រ​គួរតែ​គ្រប់គ្រាន់​ហើយ​។​
​របៀប​រៀបចំ​ជួយ​ឱ្យ​ការដើរ​ចេញចូល​ងាយស្រួល​
​ចូរ​គិត​អំពី​ផ្លូវ​ដើរ​ចេញចូល ជាពិសេស​ចំពោះ​បន្ទប់​ណា​ដែល​មាន​ទ្វារ​ពីរ​។ ធ្វើយ៉ាងណា​ឱ្យ​ផ្លូវចេញចូល​ទទេ​ស្អាត ហើយ​ត្រូវ​ដើរ​ព័ទ្ធ​ជុំវិញ​កន្លែង​អង្គុយ មិនមែន​ដើរកាត់​កន្លែង​អង្គុយ​ទេ​។ ទុកចន្លោះ​ទទឹងផ្លូវ​ដើរ​ចេញ​ចូល​ប្រមាណ ១ ទៅ ១.២ ម៉ែត្រ​។​
​ផា​សុកភាព​ជា​រឿង​សំខាន់​
​ត្រូវ​ធ្វើយ៉ាងណា​រៀបចំ​តុ​កាហ្វេ និង​ចង្កៀង​លើ​តុ​អាច​ឱ្យ​អ្នក​ឈោង​ដៃ​យក​បាន​ពី​កន្លែង​អង្គុយ​។ តុ​កាហ្វេ​គួរតែ​ស្ថិតនៅ​ចម្ងាយ ៥០ សង់ទីម៉ែត្រ​ពីសា​ឡុង​ដើម្បី​សល់​ចន្លោះ​ទំនេរ​ទុកដាក់​ជើង​។​
​បង្កើត​ទីធ្លា​គេហដ្ឋាន​ឱ្យ​ធំ​ទូលាយ​
​ចូរ​រៀបចំ​គ្រឿងសង្ហារិម​របស់​អ្នក​ចម្ងាយ ៧ សង់ទីម៉ែត្រ​ពី​ជញ្ជាំង ការធ្វើ​បែប​នេះ​ជួយ​ធ្វើឱ្យ​ជញ្ជាំង​មើល​ទៅ​ស្ថិតនៅ​ឆ្ងាយ​ជាង​ចម្ងាយ​ពិតប្រាកដ​។ បន្ថែម​ខ្សែ​ឆ្នូតៗ​ដើម្បី​ធ្វើឱ្យ​បន្ទប់​មើលទៅ​ធំ​ទូលាយ​ជាង​មុន​។ អ្នក​អាច​ប្រើ​ព្រំ ឬ​សា​ឡុង​ផ្ទៃ​ឆ្នូត ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​មាន​ប្រសិទ្ធភាព ចូរ​រៀប​ផ្ទៃ​ឆ្នូត​ឱ្យ​ស្រប​ជាមួយ​ប្រវែង​បណ្តោយ​បន្ទប់​។​
​ធ្វើឱ្យ​បន្ទប់​ធំ​ជាង​មុន​ដោយ​ប្រើ​កញ្ចក់​
​ដើម្បី​ធ្វើឱ្យ​បន្ទប់​របស់​អ្នក​មើល​ទៅ​ធំ​ទូលាយ​ជាង​មុន អ្នក​អាច​ដាក់​កញ្ចក់​ជា​លក្ខណៈ​ទទឹង រួច​បែរមុខ​វា​តាម​បណ្តោយ​បន្ទប់​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​។ ជ្រើសរើស​តុ​កញ្ចក់ និង​កៅអី​ថ្លា​ភ្លឺៗ​ដើម្បី​ឱ្យ​បន្ទប់​មើល​ទៅ​ធំ​ទូលាយ​មាន​ខ្យល់​ចេញចូល​។ ព្យួរ​ផ្ទាំងគំនូរ និង​រូបថត​ឱ្យទាប​ជាង​ធម្មតា​ដើម្បី​ឱ្យ​ជញ្ជាំង​ពិតាន​មើល​ទៅ​ខ្ពស់ជាង​មុន​។​
​សាកល្បង​រៀបចំ​ទៅតាម​មុម​នៅ​ជុំវិញ​បន្ទប់​។ ជំនួស​ឱ្យ​ការតាំង​អំពូល​ភ្លើង​នៅ​លើ​ពិ​តាន សាកល្បង​ប្រើប្រាស់​ចង្កៀង​ដោយ​រៀបចំ​ចង្កៀង​ទាំងនេះ​ជុំវិញ​បន្ទប់​។ ការធ្វើ​បែប​នេះ​អាច​ទាញ​ចំណាប់អារម្មណ៍​អ្នក​មើល​ឱ្យ​មើល​តាម​ជ្រុង​ផ្សេងៗ​គ្នា​នៅក្នុង​បន្ទប់ ព្រោះតែ​ពន្លឺភ្លើង​អាច​ចាំង​ជះ​កន្លែង​ងងឹត​បាន​ច្រើន​ជាង​មុន​។​
​ធ្វើឱ្យ​បន្ទប់​មើល​ទៅ​ចំហ​
​មិន​ត្រូវ​រៀបចំ​ដាក់​គ្រឿង​សង្ហារិម​ឱ្យ​បាំង​បង្អួច ឬ​ផ្លូវ​ចូល​បន្ទប់​ឡើយ​។ មុន​ពេល​ដើរ​ឆ្លងកាត់​ទ្វារ អ្នកនឹង​មើលឃើញ​ថា​បន្ទប់​ធំ​ជាង​មុន​មិន​ខាន​។ ពេល​ដែល​អ្នក​រៀបចំ​បន្ទប់ អាច​នឹង​ជួប​ការលំបាក ឬ​មាន​កំហុស​ជាមិនខាន​។ ក៏ប៉ុន្តែ​ការយល់ដឹង​ពី​គន្លឹះ​ខ្លះៗ​អាច​ជួយ​ឱ្យ​បន្ទប់​របស់​អ្នក​មើល​ទៅ​ធំ​ទូលាយ​ជាង​មុន និង​ងាយ​ប្រើប្រាស់​ជា​ង​មុន​៕​

Leave a Reply

Your email address will not be published. Required fields are marked *