Entertainment

ការប្រតិបត្តិខ្លួនដើម្បីក្លាយជាសហគ្រិនដ៏ជោគជ័យ

By  | 

ពិភពលោក​សព្វថ្ងៃនេះ​គឺ​ពិតជា​គាំទ្រ​ដល់​ស្ត្រី​ទាំងអស់​ដែល​ឈាន​ជើង​ចូលប្រឡូក​ក្នុង​ការប្រកប​អាជីវកម្ម​ផ្សេងៗ​។ ឧទាហរណ៍​នៃ​ស្ត្រី​ដែល​បាន​ក្លាយខ្លួន​ជា​សហគ្រិន​ដ៏​ជោគជ័យ​ដូចដែល​បាន​រៀបរាប់​ខាងក្រោម​នឹង​ជួយ​បំផុសគំនិត​ដល់​ស្ត្រី​ទាំងឡាយ​ឱ្យ​ចេះ​ស្វែងរក​អ្វីដែល​ថ្មីៗ ព្រមទាំង​បង្រៀន​ឱ្យ​ពួកគេ​ចេះ​ប្រឈម​ទៅ​នឹង​ឧបស័គ្គ​ដែល​កើតមាន​ជា​ហូរហែរ​ផងដែរ​។​

​លោកស្រី Diana Heavin

​មុនពេល​លោក​ស្រី​ក្លាយខ្លួន​ជា​ស្ថាបនិក​រួម​នៃ​មជ្ឈមណ្ឌល Curves ដែល​រក​ចំណូល​បាន​ខ្ទង់​ប៊ីលាន​ដុល្លារ លោកស្រី Diana ធ្លាប់​ធ្វើការ​នៅ​ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​សារព័ត៌មាន​មួយ​។ លោកស្រី​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក Gary Heavin ហើយ​ពួកគេ​ទាំង​ពីរ​នាក់​គឺ​ស្រលាញ់​ការធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងណាស់​។​

​គោលដៅ​របស់​ប្ដី​ប្រពន្ធ​មួយគូ​នេះ​គឺ​ចង់​បើក​ដំណើរការ​មជ្ឈមណ្ឌល​ធ្វើ​លំ​ហាត់ប្រាណ​មួយ​ជាមួយ​គ្នា​។ វា​ជា​ទស្សនៈ​របស់​លោកស្រី Diana ដែល​ចង់ឱ្យ​មជ្ឈមណ្ឌល​មួយ​នេះ​បង្កើត​ឡើង​គឺ​សម្រាប់​តែ​ស្ត្រី​ប៉ុណ្ណោះ ខណៈ​ដែល​ជា​ទូទៅ​កន្លែង​ធ្វើ​លំ​ហាត់ប្រាណ​គឺ​សម្រាប់​បំពេញ​បំណង​តែ​បុរសៗ​ប៉ុណ្ណោះ​។ គំនិត​របស់​លោកស្រី​គឺ​ចង់​បង្កើត​កន្លែង​ធ្វើ​លំ​ហាត់ប្រាណ​មួយ​ដែល​ធ្វើឱ្យ​ស្ត្រី​ទាំងអស់​មាន​អារម្មណ៍​ថា​មាន​ផា​សុកភាព​ក្នុង​ពេល​ធ្វើ​លំ​ហាត់ប្រាណ​។​
​ប្ដី​ប្រពន្ធ​មួយគូ​នេះ​បាន​រៀបចំ​គម្រោង​អាជីវកម្ម​ដ៏​ជាក់លាក់​មួយ ដោយ​បាន​វិនិយោគ​ប្រាក់​សន្សំ​របស់​ពួកគេ ហើយក៏​បាន​ឃើញ​ថា​មជ្ឈមណ្ឌល Curves បាន​ក្លាយជា​មជ្ឈមណ្ឌល​ធ្វើ​លំ​ហាត់ប្រាណ​ដែល​រីកចម្រើន​លូតលាស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក​។ ជោគជ័យ​ដ៏​ធំធេង​នៃ​មជ្ឈមណ្ឌល​នេះ​គឺ​បានមកពី​ការស្វែងរក​ទីផ្សារ​ដ៏​ត្រឹមត្រូវ ក៏​ដូចជា​ការខិតខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើឱ្យ​អាជីវកម្ម​របស់​លោកស្រី​ជោគជ័យ​ផងដែរ​។​
​អាជីវកម្ម​អាច​ចាត់ទុក​ជា​ការលក់​ដំណោះស្រាយ​ទៅ​កាន់​បញ្ហា​មួយ​អ៊‍ីចឹង​។ លោកស្រី Diana កំណត់​បាន​បញ្ហា​ដែល​ស្ត្រី​ជួបប្រទះ​នោះ​គឺ​ការ​ដែល​ពិបាក​រក​ទីកន្លែង​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​សមស្រប​មួយ ហើយ​លោក​ស្រី​ក៏​បាន​នឹកឃើញ​នូវ​ដំណោះស្រាយ​នេះ​។ ភាពជោគជ័យ​របស់​លោក​ស្រី​មិនមែន​ត្រឹមតែ​ការ​ដែល​មានគំនិត​ដ៏​ល្អ​នេះឡើយ​។ លោកស្រី Diana បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ការរៀបចំ និង​ដាក់ឱ្យ​គម្រោងការ​របស់​លោកស្រី​លេច​ជា​រូបរៀង​ឡើង​។ មិន​ថា​គំនិតល្អ​យ៉ាងណា​នោះទេ​គឺ​សុទ្ធ​តែ​អាច​ក្លាយ​ជា​គ្មាន​តម្លៃ​ប្រសិនបើ​អ្នក​មិន​បាន​គិតគូរ​ពី​វា​ឱ្យបាន​ល្អិន​ល្អន់​បំផុត​នោះ​។
​សម្រាប់​ស្ត្រី ឬ​អ្នក​ណា​ក៏​ដោយ​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​សហគ្រិន​ដ៏​ជោគជ័យ វា​ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់​ក្នុង​ការរៀបចំ​គម្រោង​អាជីវកម្ម​ដែល​រឹងមាំ និង​មាន​ប្រសិទ្ធភាព​បំផុត​។ ការធ្វើ​ទីផ្សារ និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​រឿង​ដែល​អាច​ធ្វើ​នៅ​ពេល​ក្រោយ​បាន​។​

លោកស្រី Genevieve Thiers

​លោកស្រី Genevieve Thiers បើក​ដំណើរការ​ក្រុមហ៊ុន SitterCity នៅ​រដ្ឋ Chicago ដោយ​ផ្អែក​លើ​គំនិត​ដែល​លោកស្រី​ធ្លាប់​មាន​កាលពី​សិក្សា​នៅ​មហាវិទ្យាល័យ​។ តាម​ដែល​លោកស្រី​ធ្លាប់​ចាំ លោកស្រី​ធ្លាប់​បានឃើញ​ស្ត្រី​ម្នាក់​បាន​បិទ​ខិត្តបណ្ណ​ស្វែងរក​អ្នក​មើល​ថែ​ក្មេង​។ ស្ត្រី​ដែល​បិទ​ខិត្តបណ្ណ​នោះ​កំពុងព​រពោះ​កូន​ក្នុងផ្ទៃ ហើយ​ប្រការ​នេះ​ហើយ​ដែល​ជម្រុញ​ឱ្យ​លោកស្រី Genevieve គិតគូរ​ថា​តើ​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ការស្វែងរក​អ្នក​មើល​ថែ​ក្មេង​មាន​ភាពងាយស្រួល​ជាង​មុន​។
​លោកស្រី Genevieve ទទួលរង​ការនិយាយ​មិន​ល្អ​ជាច្រើន​ពេល​ទើប​នឹង​ចាប់ផ្ដើម​។ អ្នកវិនិយោគ​ភាគច្រើន​បាន​ធ្វើឱ្យ​លោកស្រី​បាក់​ទឹកចិត្ត​។ ប៉ុន្តែ​លោកស្រី​មិន​បាន​បោះបង់​វា​ចោល​ឡើយ ហើយ​ថែមទាំង​បាន​ផ្សព្វផ្សាយ​វេបសាយ​របស់​លោកស្រី​ក្នុង​ឆ្នាំ ២០១០​ថែមទៀត​ផង​។ ក្រុមហ៊ុន SitterCity បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​ល្បីល្បាញ​ដល់​ឆាក​អន្តរជាតិ និង​ទទួលបាន​ការកោតសរសើ​រ​ជាច្រើន​ផងដែរ​។ បំណង​សំខាន់​បំផុត​នៃ​ក្រុមហ៊ុន​នេះ​គឺ​ភ្ជាប់​ទំនាក់ទំនង​រវាង​ឪពុក​ម្ដាយ​ទៅ​កាន់​អ្នក​មើល​ថែ​ក្មេង​ដែល​ស័ក្ដិសម​នឹង​តម្រូវការ​របស់​ពួក​គេ​បំផុត​។
​ក្រុមហ៊ុន SitterCity ជា​ក្រុមហ៊ុន​ដំបូងបង្អស់​នៅ​អាមេរិក​ដែល​បាន​ផ្ដល់​នូវ​សេវាកម្ម​ដ៏​ល្អ​បំផុត​។ ចំនុច​មួយ​ដែល​អ្នក​ទាំងអស់​គ្នា​អាច​សិក្សា​បាន​ពី​ក្រុមហ៊ុន SitterCity គឺ​កុំ​ចុះចាញ់​។ មុនពេល​ដែល​ទទួលបាន​ជោគជ័យ បរាជ័យ​តែងតែ​កើត​មាន​ជានិច្ច​។ វា​មិន​ចោទ​ជា​បញ្ហា​អ្វី​ឡើយ​នៅពេលដែល​គ្មាន​នរណា​ម្នាក់​យល់ស្រប​ជាមួយ​ក្ដី​សុបិន​របស់​អ្នក​។ អ្វី​ដែល​មិន​គួរ​កើតឡើង​គឺ​អ្នក​ខ្លួនឯង​បាត់បង់​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​។

លោកស្រី Julie Aigner-Clark

​លោកស្រី Julie Aigner-Clark ធ្លាប់​ជា​គ្រូបង្រៀន​ផ្នែក​ភាសា​អង់គ្លេស​ថ្នាក់​វិទ្យាល័យ​ដែល​បាន​បោះបង់​ការងារ​របស់​ខ្លួន​ដើម្បី​មក​បីបាច់​ថែរក្សា​កូន​។ ខណៈ​ដែល​លោកស្រី​លែង​ជា​គ្រូបង្រៀន ទឹកចិត្ត​ស្រលាញ់​ការបង្រៀន​នៅតែមាន​ជានិច្ច​ចំពោះ​លោកស្រី​។ បន្ទាប់ពី​នាង​សម្រាលកូន​រួច​ហើយ លោកស្រី Julie យល់​ថា​មិន​មាន​ឧបករណ៍​គ្រប់គ្រាន់​ក្នុងការ​បង្រៀន​កូន​អ្នកស្រី​អំពី​មុខវិជ្ជា​វិទ្យាសាស្ត្រ និង​សិល្បៈ​ឡើយ​។ ដូច្នេះ​នាង​បាន​នឹកឃើញ​អំពី​ការបង្កើត​វីដេអូ​អប់រំ​ដែល​លោកស្រី​បាន​ដាក់ឈ្មោះថា Baby Einstein​។​
​ក្រុមហ៊ុន Baby Einstein ចំណាយ​អស់​រយៈពេល​មួយ​ឆ្នាំ​ទើប​មាន​ដំណើរការ​ល្អ ហើយ​នៅពេល​ដែល​គម្រោង​នេះ​ត្រៀមខ្លួន​រួចរាល់ លោកស្រី Julie សម្រេចចិត្ត​ដាក់លក់​ផលិតផល​របស់​លោកស្រី​ដល់​អ្នក​យក​ទៅ​លក់​បន្ត​។ អ្នក​លក់រាយ​ម្នាក់នេះ​បាន​យក​ផលិតផល​របស់​លោកស្រី​ទៅ​លក់ ហើយ​លក់​បាន ១០០ វីដេអូ ចំនួន ១០០​បន្ទះ​ក្នុង​រយៈពេល ២ ថ្ងៃ​។ វីដេអូ Baby Einstein ភ្លាមៗ​នោះ​ក៏​ទទួលបាន​ភាពជោគជ័យ ព្រមទាំង​បាន​បង្កើត​សាខា​ក្នុង​គោលបំណង​បង្កើត​ជា​របស់​លេង​បែប​អប់រំ​សម្រាប់​កុមារ​។ Baby Einstein ក្រោយ​មក​ទទួល​បានកា​រ​ចាប់អារម្មណ៍​ពី​ក្រុមហ៊ុន Disney ព្រមទាំង​ជា​ការ​បំផុសគំនិត​ដែល​ស្ថិត​នៅ​ពីក្រោយ​ការចាក់​បង្ហាញ​ក្នុង​កម្មវិធី​ទូរទស្សន៍ Little Einsteins ផងដែរ​។​
​លោកស្រី Julie Aigner-Clark​មិន​ធ្លាប់មាន​បទពិសោធន៍​ក្នុង​អាជីវកម្ម​ឡើយ លោកស្រី​បាន​ឃើញ​ពី​តម្រូវការ ហើយ​លោក​ស្រី​ក៏​បំពេញ​តាម​តម្រូវការ​នោះ​ដោយ​ប្រើប្រាស់​នូវ​គំនិត​ដ៏​ល្អ​ប្រពៃ​។ ជោគជ័យ​របស់​លោកស្រី​គឺ​បានមកពី​ការពិត​ដែល​លោកស្រី​សម្រេចចិត្ត​ក្នុង​ការដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ដែល​ជា​ការ​បង្រៀន​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ទៅ​កាន់​កូនៗ​របស់​លោកស្រី​។​

 

​នាង Ashley Qualls

​ក្នុងនាម​ជា​សហគ្រិន​វ័យក្មេង​បំផុត​ក្នុងចំណោម​សហគ្រិន​ជាច្រើន​ផ្សេង​ទៀត នាង Ashley Qualls ជា​សហគ្រិន​ដែល​ប្រែក្លាយ​ខ្លួន​ឱ្យ​ទៅជា​សេដ្ឋីនី​ដោយ​ខ្លួនឯង​ផ្ទាល់ គឺ​ជោគជ័យ​ក្នុង​អាជីវកម្ម​មុនពេល​ដែល​នាង​ប្រឡង​បាន​សិទ្ធិ​បើកបរ​រថយន្ត​ទៀត​ឯ​ណោះ​។ ក្នុងនាម​ជា​យុវវ័យ​ម្នាក់ នាង Ashley រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ដោយ​បង្កើត​ជា​វេបសាយ​មួយ​ដែល​មិន​លក់ដូរ​អ្វី​ទាំងអស់​។
WhateverLife.com ជា​វេបសាយ​មួយ​ដែល​និយាយ​អំពី​ចំណង់​ចំណូលចិត្ត ដែល​ផ្ដល់ឱ្យ​អ្នកប្រើប្រាស់​នូវ​កម្មវិធី MySpace និង​ការបង្រៀន HTML សម្រាប់​ក្មេងៗ​។ វេបសាយ​នេះ​រកចំណូលបា​ន​តាមរយៈ​ការផ្សព្វផ្សា​យ​ពាណិជ្ជកម្ម​។ នាង Ashley ធ្វើការ​នៅ​ទីធ្លា​ផ្ទះ​របស់​នាង ជាមួយ​នឹង​ការគាំទ្រ​ពី​សំណាក់​មិត្ត​ភ័ក្ដិ និង​ក្រុមគ្រួសារ​របស់​នាង​។ នៅ​ខែ​ដំបូង​នៃ​ការងារ​របស់​នាង វេបសាយ Whatever Life រកចំណូលបាន ៧០,០០០​ដុល្លារ ហើយ​នាង Ashley បាន​ក្លាយ​ជា​សេដ្ឋីនី​នៅពេលដែល​នាង​មាន​អាយុ ១៧ ឆ្នាំ​។
​គោលបំណង​ធំ​បំផុត​របស់​នាង Ashley គឺ​នាង​ចង់​ឱ្យ​វេបសាយ​របស់​នាង​ក្លាយជា​កន្លែង​មួយ​ដែល​មនុស្ស​គ្រប់គ្នា​អាច​ទទួលបាន​”​ព័ត៌មាន និង​អ្វី​ដែល​រីករាយ​”​។ នាង​បដិសេធ​មិន​ព្រម​លក់​វេបសាយ​របស់​នាង​ទៅ​កាន់​អ្នក​ដេល​ចាប់​អារម្មណ៍​ចង់​ទិញ​វេបសាយ​ពី​នាង​ជា​ច្រើន ព្រមទាំង​រកចំណូលបាន​លើសពី ៧ លាន​ដុល្លារ​ឯណោះ​។ អ្វី​ដែល​យើងទាំងអស់គ្នា​អាច​សិក្សា​ពី​នាង​បាន​គឺ​ភាព​ជោគជ័យ​មិនមែន​កំណត់​ដោយ​ប្រាក់ចំណូល​ឡើយ ប៉ុន្តែ​វា​ជា​អ្វី​ដែល​អ្នក​ពេញចិត្ត​នឹង​ធ្វើ ព្រមទាំង​ការជឿជាក់​ដែល​អ្នក​មាន​ទៅលើ​វា​៕​

Leave a Reply

Your email address will not be published. Required fields are marked *