Connect with us

អ្នកស្រី Mary Teresa Barra

ប្រសិនបើ​យើង​និយាយ​អំពី​ដំណើ​រ​បដិវត្ដន៍ដ៏​អស្ចារ្យ​នៃ​មនុស្ស​ជាតិ​នៅ​សតវត្សរ៍​ចុងក្រោយ​នេះ នុ៎ះ​គឺ​គ្មានអ្វី​ក្រៅពី​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​មនុស្ស​តែប៉ុណ្ណោះ​។ ស្ត្រី​មាន​ចំនួន​ប្រមាណ​ពាក់កណ្តាល​នៃ​ចំនួន​ពលរដ្ឋ​នៃ​ពិភពលោក​។ ក៏ប៉ុន្តែ ក្នុង​រយៈពេល​ជាង​ពីរ​បី​ទសវត្សរ៍​កន្លង​ទៅ សក្តានុពល​នៃ​សមត្ថភាព​របស់​មនុស្ស​ជាង​ពាក់កណ្តាល​នៃ​ពិភពលោក​ទទួលរង​ការ​គេ​មិន​អើពើ​ដោយសារ​តែ​ផ្នត់គំនិត​ដ៏​ចាស់គំរឹល​។ ក៏​ប៉ុន្តែ​ពេល​នេះ​គ្រប់យ៉ាង​ត្រូវបាន​ផ្លាស់ប្តូរ​។​

​យើងខ្ញុំ​សូម​លើកយក​ប្រវត្តិ​ដ៏​ជោគជ័យ​របស់​ស្ត្រី​មួយ​រូប​មក​ចែក​ជូន​ប្រិយមិត្ត​អ្នកអាន​។​

​នៅ​កំឡុង​ពាក់កណ្តាល​សតវ្ស​រ៍ទី ២០ គឺជា​ពេលវេលា​ដែល​សម្បូរ​ទៅដោយ​ស្ត្រី​ជោគជ័យ​ជាច្រើន​។ អ្នកស្រី Mary Teresa Barra គឺ​ស្ត្រី​មួយរូប​ក្នុង​ចំណោម​ស្ត្រី​ជោគជ័យ​ទាំងនោះ​។ អ្នកស្រី Mary Barra គឺជា​អគ្គនាយក​ប្រតិបត្តិ​ដ៏​ល្បី​ឈ្មោះ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក General Motors​។​

​អ្នកស្រី Mary ប្រសូត​នៅ​ឆ្នាំ ១៩៦១ នៅ​រដ្ឋ Michigan ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​បង្គួរ ហើយ​ក្រុម​គ្រួសារ​អ្នកស្រី​មិន​បានដឹង​ទាល់តែ​សោះ​ថា​អ្នកស្រី​នឹងមាន​គោលបំណង​ដ៏​ធំ​ក្នុង​ជីវិត​បែបនេះ​ឡើយ​។ ជា​អតីត​និស្សិត​បញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន GM អ្នកស្រី​ក៏​បាន​ចុះឈ្មោះ​ចូល​រៀន​ថ្នាក់អនុបណ្ឌិត​ក្រោម​អាហារូបករណ៍​របស់​វិទ្យាស្ថាន GM​។

​អ្នកស្រី Mary បាន​ត្រលប់មក​ចូលធ្វើការ​វិញ​ឱ្យ​ក្រុមហ៊ុន GM វិញ​នៅ​ពេល​ដែល​អ្នកស្រី​មាន​អាយុ ១៨ ឆ្នាំ​ក្នុងនាម​ជា​សិស្ស​ចុះ​កម្មសិក្សា​។ នៅ​ទីនោះ អ្នកស្រី​ទទួលបាន​បទពិសោធន៍​ពីមុខ​តំណែង​ផ្សេងៗ​គ្នា​ជា​ច្រើន​ដោយសារតែ​ការងារ​របស់​អ្នកស្រី​គឺ​តែងតែ​ផ្លាស់​ប្តូរ​។ មាន​ថ្ងៃ​ខ្លះ​គេ​ឱ្យ​អ្នកស្រី​ធ្វើការ​ផ្នែក​ខាង​វិស្វករ ចំណែក​ថ្ងៃ​ខ្លះទៀត គេ​ឱ្យ​អ្នកស្រី​ធ្វើការ​ផ្នែក​រដ្ឋបាល​នៅក្នុង​ការិយាល័យ​។​

​អ្នកស្រី​អាចមក​ចុះ​កម្មសិក្សា​ក្នុង​ក្រុមហ៊ុន​នេះ​បាន​ក៏​ព្រោះតែ​អ្នកស្រី​ជា​និស្សិត​ដែល​មាន​គុណសម្បត្តិ​ល្អ និង​មាន​សមត្ថភាព​ដែល​គេ​ទទួលស្គាល់​។ មនុស្ស​ភាគច្រើន​អាច​នឹង​បោះបង់​ការងារ​នេះ​ចោល​នៅ​ពេល​ដែល​ត្រូវគេ​ផ្លាស់ប្តូរ​ការងារ​ជា​ញឹក​ញយ និង​គួរឱ្យ​ធុញទ្រាន់​បែបនេះ​។ ក៏ប៉ុន្តែ​សម្រាប់​អ្នកស្រី​វិញ​គឺ​មិន​ដូច​មនុស្ស​ភាគច្រើន​ឡើយ​។​

​អ្នកស្រី​នៅតែ​បន្ត​ដាក់ចិត្ត​ដាក់​កាយ​ធ្វើ​ការងារ​របស់​ខ្លួន រហូត​ទទួលបាន​តំណែង​ជា​អនុប្រធាន​នៃ​ក្រុមហ៊ុន Global Manufacturing Engineering នៅ​ឆ្នាំ ២០០៨​។ នៅពេល​នោះ​អ្នកស្រី​ក៏​ចាប់ផ្តើម​កាន់​ការងារ​ប្រកប​ដោយ​ភាព​ស្ទាត់​ជំនាញ និង​ថ្នឹក​ដៃ ស្រាប់តែ​គេ​ផ្លាស់ប្តូរ​អ្នកស្រី​ទៅកាន់​ផ្នែក​ធនធានមនុស្ស VP of Global Human Resources នៅ​ឆ្នាំ ២០០៩​។ ហើយ​អ្វី​ដែល​ពិបាក​លើស​នេះ​ទៅទៀត​នោះ​គឺ​នៅ​ឆ្នាំ ២០១៣ អ្នកស្រី​ក៏​ត្រូវបាន​គេ​ផ្ទេរ​ឱ្យ​មក​ទទួលខុសត្រូវ​គ្រប់គ្រង​ការផ្គត់ផ្គង់​ទំនិញ​តាម​បណ្តា​សាខា និង​ផ្នែក​ទិញ​អន្តរជាតិ​។​

​លុះ​ក្រោយមក អ្នកស្រី​ត្រូវបាន​គេ​ដំឡើង​តំណែង​ជា​នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន GM ដែល​ពេលនោះ​ហើយ​បាន​ធ្វើឱ្យ​អ្នកស្រី Barra ក្លាយជា​ស្ត្រី​ដ៏​ជោគជ័យ​បំផុត​នៅលើ​ពិភពលោក​នា​ពេលបច្ចុប្បន្ន​នេះ​។ សមត្ថភាព​របស់​អ្នកស្រី​ត្រូវបាន​គេ​ធ្វើ​តេស្ត​សាកល្បង​តាំងពី​ឆ្នាំ​ទី ១ ក្នុងនាម​ជា​អគ្គនាយក​ប្រតិបត្តិ នៅពេលដែល​គេ​រកឃើញ​ថា​ដំណើរការ​ផលិត​រថយន្ត​មាន​បញ្ហា​ដ៏​ធំ ហើយ​អ្នកស្រី​ក៏​ចាំបាច់​ត្រូវ​បញ្ជា​ឱ្យ​ប្រមូល​យក​រថយន្ត​ដែល​ដំណើរការ​មិន​ល្អ​ជាង ៣០ លាន​គ្រឿង​ឱ្យ​ត្រលប់​ចូល​រោងចក្រ​វិញ​។ នេះ​ជា​ពេលវេលា​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​អាជីព​របស់​អ្នកស្រី​។ អ្នកស្រី Mary ថែម​ទាំង​ផ្តល់​កសិណ​នៅ​មុខ​តុលាការ និង​ពន្យល់​ហេតុផល​ដែល​អ្នកស្រី​ត្រូវ​បញ្ជា​ឱ្យ​យក​រថយន្ត​ទាំងនោះ​ត្រលប់​ចូល​មក​វិញ​។

​នៅ​កំឡុង​ពេល​នោះ​ក៏​មាន​ការរិះគន់ និង​ចោទប្រកាន់​ជាច្រើន​ផងដែរ​។ មនុស្សម្នា​មិន​ត្រឹមតែ​ចោទប្រកាន់​អគ្គនាយក​ប្រតិបត្តិ​នោះទេ ពួកគេ​ថែមទាំង​ចោទប្រកាន់​ក្រុមហ៊ុន​ទាំងមូល​ផ្ទាល់​ទៅ​លើ​ការអនុវត្ត​ខុស​បច្ចេកទេស​របស់​ខ្លួន​។ អ្នកស្រី Mary បាន​តាំង​អារម្មណ៍​យ៉ាង​ស្ងប់ស្ងាត់ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រកបដោយ​ឥរិយាបថ​ដ៏​គួរឱ្យ​គោរព​។ អ្នកស្រី​បាន​សាង​ស្នាដៃ​ធំៗ ប៉ុន្តែ​ប្រកបដោយ​ភាពជោគជ័យ​តាំងពី​ពេលនោះ​មក​។ អ្នកស្រី​មាន​វត្តមាន​ជាច្រើន​ដង​នៅ​ក្នុង​ទស្ស​វនា​ដ្តី Forbes ក្នុងនាម​ជា​ស្ត្រី​ដ៏​មាន​ឥទ្ធិពល និង​ជោគជ័យ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​៕

WOMEN IN BUSINESS

ស្រី្ត និង​ភាពជោគជ័យ​ក្នុង​វិស័យ​ហ្វេ​ហ្សិន

​តើ​ពួកគេ​ជា​នរណា​? តើ​ពួកគេ​ទទួល​ជោគជ័យ​បាន​ដោយ​…

​តើ​ពួកគេ​ជា​នរណា​? តើ​ពួកគេ​ទទួល​ជោគជ័យ​បាន​ដោយ​របៀប​ណា​? តើ​វា​ជា​សំណាង​ឬ ការខិតខំ​ប្រឹងប្រែង ឬ​ក៏​ដោយសារ​កិត្តិយស​កេរ្តិ៍ឈ្មោះ​? ទាំងនេះ សុទ្ធតែ​ជា​ស្ត្រី​ដែល​លោត ដល់​ចំនុចកំពូល និង​សម្រេច​ការងារ​របស់​ពួកគេ​បាន​ផល​ដ៏​ជោគជ័យ​។ សូម​ប្រិយមិត្ត​បង្វែ អារម្មណ៍ មក​អាន​នូវ​ខ្លឹមសារ​សាច់​រឿង​របស់​ស្រី្ត​ដែល​មាន​ភាព​ជោគជ័យ​ក្នុង​វិស័យ​ហ្វេ​ហ្សិន ដូចតទៅ​៖

​សមត្ថភាព​ពិត​នៃ​ការ​ប្រឌិត​ផ្សំ
​អ្នកនិពន្ធ Suzy Menkes គឺជា​ស្ត្រី​ដែល​មាន​ការយកចិត្តទុកដាក់​ខ្ពស់​ហើយ​លោកស្រី​ជា​ស្ត្រី​ម្នាក់ ដែល​ជា​ដំណាង​នៃ​និមិត្តរូប​ក្នុង​វិស័យ​ហ្វេ​ហ្សិន​មួយ​ផង​ដែរ​។ លោកស្រី Mekes គឺជា​អ្នក​យក ព័ត៌មាន​ជនជាតិ​អង់គ្លេស​ម្នាក់​និង​ជា​អ្នកសរសេរ​អត្ថបទ​វិវេចនា​ទាក់ទង​នឹង​ហ្វេ​ហ្សិន​ដ៏​គួរឱ្យ​គោរព​ម្នាក់​។ អ្វីៗ​ទាំងអស់​ត្រូវបាន​ចាប់ផ្តើម​នៅពេល​ដែល​លោកស្រី​ផ្លាស់ប្តូរ​ទីលំនៅ​មកកាន់ ទីក្រុង​ប៉ារីស​នៅ​អំឡុង​ឆ្នាំ​ទសវត្សរ៍​ទី​៦០​នៅ​ខណៈ​ពេល​ដែរ​ម្ចាស់ផ្ទះ​របស់​លោកស្រី​បាន​ជួយ​ទំនុកបំរុង​លោកស្រី​អោយបាន​ចូល​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ប្រេន​ដ៍ Nina Ricci ដែល​ជា​ស្នាដៃ​កូឡិក​សិន​របស់អ្នក​រចនា​ម៉ូដ​ជនជាតិ​បារាំង​។ ចាប់តាំងពី​ពេលនោះ​មក លោក​ស្ត្រី​ចាប់ផ្តើម​មាន​ចិត្ត​ស្រលាញ់​ហ្វេ​ហ្សិន ។​

Suzy Menkes គឺជា​អ្នកនិពន្ធ​ផ្នែក​ហ្វេ​ហ្សិន​ដ៏​ល្អ​បំផុ​តម្នាក់​ក្នុង​លោក​។ មូលហេតុ​ដែលនាំអោយ លោកស្រី​ទទួល​បាន​ភាព​ស្ញប់ស្ញែង​យ៉ាង​ដូចនេះ​ក៏​ព្រោះតែ​លោកស្រី​គឺជា​មនុស្ស​ស្មោះត្រង់ និង​លោក​ជា​មនុស្ស​ម្នាក់​ដែល​ពោរពេញ​ទៅដោយ​សេចក្តីស្រលាញ់ ជាពិសេស​គឺ​អ្វីៗ​ដែល លោកស្រី​បាន​ស្មាន​ទុក​និង​សម្រេច​ក្នុង​ការងារ​របស់​លោក​ស្រី​ផងដែរ​។ ភាពជោគជ័យ​របស់ លោកស្រី​បាន​កើនឡើង​ជា​លំដាប់​ក្នុងពេល​លោកស្រី​ក៏​បាន​ទិតៀន​ហ្វេ​ហ្សិន​អស់​រយៈពេល​ជាង ២៥​ឆ្នាំកន្លងមក​។ បច្ចុប្បន្ន​លោកស្រី កំពុង​បំរើការ​នៅក្នុង​ទស្សនា​វ​ដ្តី Vogue ជា​អ្នកនិពន្ធ ក៏​ដូចជា​ការធ្វើ​វិវេចនា​និង​សរសេរ​អត្ថបទ​បញ្ចេញមតិ ទាក់ទង​នឹង​ព័ត៌មាន​ហ្សេ​ហ្សិន​ទូទាំង ពិភពលោក​ក្នុង​គេហទំព័រ​រហូត​ទៅ​ដល់ ១៩​របស់ ទស្សនា​វ​ដ្តី Vogue ឯណោះ​។ សរុប​មក​អាច​និយាយបាន​ថា​លោកស្រី​គឺជា​ស្ត្រី​ម្នាក់​ដែល​ទទួលបាន ជោគជ័យ​ដោយ សមត្ថភាព​ពិតៗ​របស់​លោកស្រី​ផ្ទាល់​។

​ភាព​ឥត​ខ្ចោះ​របស់ Stella​ ​
​អ្នកនាង Stella McCartney គឺជា​អ្នក​រចនា​ម៉ូដ​ជនជាតិ​អង់គ្លេស​ម្នាក់ និង ជា​បុត្រី​ម្នាក់​របស់ លោក Paul McCartney ដែល​ជា​សមាជិក​នៃ​ក្រុម Beatles ។ អ្នកនាង​កំពុង​ដើរ​តាម គន្លង​នៃ​ភាព​ល្បីល្បាញ​របស់​ឳ​ពុក យ៉ាងណាមិញ ភាពល្បីល្បាញ​នេះ មិនមែន​ដោយសារ​កិត្តិនាម​ដែលមាន​ស្រាប់​នោះ​ទេ ខណៈ​ដែល មាន followers ចំនួន​២.៤​លាន​នាក់​ជា​អ្នកគាំទ្រ​អ្នកនាង​នៅក្នុង instagram ។ ​

​អ្នកនាង McCartney ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ធំ​ដឹងក្តី​ឡើង​ជាមួយ​បងប្អូន ដោយ​ឱ​ពុក​ម្តាយ​របស់ អ្នកនាង​ក្នុង​ពេល​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​។ (​គ្រាន់បើ​ដែរ​តើ មែន​អត់​?) យ៉ាងណាក្តី បើទោះជា​មាន​ភាពល្បីល្បាញ និង​ទ្រព្យសម្បត្តិ​ច្រើន​ស្តុកស្តម្ភ​យ៉ាងណាក៏ដោយ ឱ​ពុក​ម្តាយ​
​របស់​អ្នកនាង​ក៏​នៅតែ​បញ្ចូន​កូន​ទៅ​រៀន​នៅ​ឯ​សាលា​រដ្ឋ​ដែរ ការ​ធ្វើ​ដូចនេះ គឺ​ក្នុង​បំណង​ចង់​
​អោយ​កូនៗ​របស់លោក​ស្គាល់​ពី​រសជាតិ​ពិត​ក្នុង​ជីវិត និង​ជា​ការអូសទាញ​មួយ​ដើម្បី​ឱ្យ​កូន ស្គាល់​ភាព​ពិត​ក្នុង​ជាតិ​អោយ​កាន់តែ​ច្បាស់​លាស់​។ អ្នកនាង McCartney ចូលរៀន​នៅ​សាលា​​ដែល​មានឈ្មោះ​ថា East Sussex ដែល​ក្នុងពេលនោះ​អ្នកនាង​ទទួលស្គាល់ថា អ្នកនាង​ទទួលរង​នូវ​ការ​បង្អាប់  និង​ប្រមាថ​ជា​ញយ​ដង​នៅក្នុង​សាលា​។​ ​

​បន្ទាប់​ពី​នេះ​អ្នកនាង​បាន​បន្ត​ចូល​ហាត់​ការ​នៅ​ឯ​ក្រុមហ៊ុន Christian Lacroix និង​ចាប់ផ្តើម​ចូល រៀន​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​នៅ​ឯ​សាកលវិទ្យាល័យ​វិចិត្រលិល្បៈ​មួយ​ដែល​មានឈ្មោះ​ថា Central Saint Martins ដែល​ទីនោះ​គឺជា​កន្លែង​នៃ​ស្នាដៃ​កូឡិក​ហ្សិន​របស់ Naomi Campbell, Yasmin Le Bon, និង Kate Moss!!! (​អស់ទាស់​ហ្មង​!) ​ផលិតផល​កូឡិក​ហ្សិន​ដែល​ជា​សមិទ្ធិផល ទាំងអស់​ត្រូវបាន​យកទៅ​ដាក់​លក់​នៅ​ឯ​ប្រទេស​ជប៉ុន ហើយ​ស្នាដៃ​ទាំងនោះ​ក៏​បាន​ដាក់​ចូល​​ក្រប​ មុខ​របស់​ទស្សនា​វ​ដ្តី​ទៀត​ផង​ដែរ​! ពិត​ជា​ការចាប់ផ្តើម​ដ៏​ជោគជ័យ​មួយ​ដែល​គួរអោយ ស្ញើចសរសើ​រមែន​។ ចាប់ពីពេលនោះ​មក ផលិតផល​របស់​អ្នក​នាង​ក៏​ចាប់ ផ្តើម​បន្ត​ដាក់​លក់​នៅ​​ក្នុង​ហាង ស្របពេល​ដែល​ភាពជោគជ័យ​ក្នុង​មុខ​ជំនួយ​របស់​អ្នកនាង​នៅតែ​បន្ត​វិវដ្ត​ឡើងជា​​លំដាប់ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ក៏​អ្នកនាង​នៅតែ​បន្ត​រក្សា​តំលៃ​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​មិន​ប្រើ​ផលិតផល​ដែល​ផលិតផល​ចេញ​ពី​សត្វ​នោះទេ​ព្រោះ​ថា​អ្នកនាង​គឺជា​មនុស្ស​ចិត្ត​ញ៉ាំ​អាហារ​បួស​។ បច្ចុប្បន្ន អ្នកនាង McCartney មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​មួយ​ដែល​មាន​តាំង​​បង្ហាញ​ផលិតផល​របស់​អ្នក​នាង​នៅ​ទូទាំង​ពិភពលោក​ក្នុង​នោះ​អ្នកនាង​ក៏​មាន​សមិទ្ធិផល​ដទៃទៀត​ដែល​ជាស្នាដៃ របស់​អ្នកនាង​ទៀត​ផង​ដែរ​ក្នុងនោះ​មានដូចជា ទឹកអប់ ផលិតផល​ថែរក្សា​ស្បែក ឈុត​ខោអាវ​ទ្រនាប់ នឹង​ហ្វេ​ហ្សិន​សម្រាប់​កុមារ​ជា​ដើម ដែល​សុទ្ធតែ​ជា​ស្នាដែ​មួយ​ដែល​មាន​តំលៃ និង​ទទួលស្គាល់​ដោយ​មនុស្ស​ជាច្រើន​នៅ​​ក្នុង​វិស័យ​ហ្វេ​ហ្សិន​។​

​ដំណើរ​ឆ្ពោះ​ទៅ​កាន់ក្តី​សុបិន​
​តើ​ពិត​ជា​មក​ពី​សំណាង​មែនឬ​? តារា​ម៉ូ​ដែល​កូនកាត់​អាល្លឺម៉ង់​និង​ប្រេ​ស៊ីល ។ តារា​ម៉ូ​ដែល Gisele Bündchen ដែល​មាន​ខ្សែស្រលាយ​ដើម​ជា​ជនជាតិ​អាល្លឺម៉ង់ ប៉ុន្តែ​ធំ​ពេញវ័យ​លើ​ទឹកដី ប្រេ​ស៊ីលម្នាក់​នេះ​មាន​បងប្អូ​ន​ស្រី​ចំនួន​៥​នាក់​មុនពេល​ផ្លាស់ប្តូរ​ទីលំនៅ​មក​នៅ​ទីក្រុង​ឡុង​ដុង៍ ដើម្បី​ឈាន​ចាប់​យក​ងារ​ងារ​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​អ្នកនាង​។ យ៉ាងណាក្តី បទពិសោធន៍​ផ្ទាល់​នៃ ជីវិត​មិន​មែន​តែងតែ​កើតមាន​ឡើង​ដូច​ការរំពឹងទុករ​ហូ​ត​នោះទេ​។ អ្នកនាង Bündchen ចូល​ប្រលង​សម្តែង ចំនួន ៤២​ដង​! បញ្ចាក់​ម្តងទៀត​គឺ “​ចំនួន ៤២​ដង​!” មុនពេល​ដែល​បាន​មកជួប​ស្គាល់​កម្មវិធី​ដើរ​ម៉ូដ spring ’98 runway show របស់លោក Alexander McQueen ។ បន្ទាប់​ពី​អ្នកនាង​បាន​ឈាន​ជើង​ចូល ឬ​ក៏​និយាយ​អោយចំ​ទៅ​គឺ​ថា “​ចូលខ្លួន​មក ទាំងស្រុង​តែ​ម្តង​” ខណៈ ដែល​លោក Alexander McQueen​បាន​ទាក់ទង​អ្នកនាង​មក ធ្វើ​ជា​តារា​ក្រប​មុខ​លើ​ក្រប​មុខ​ទស្សនា​វ​ដ្តី​Vogue​ប្រចាំ​នៅ​អង់គ្លេស​រួច​បន្ទាប់មក​អ្នកនាង​បាន​ធ្វើ​ជា​តារា​ក្រប​មុខ​ជាង​១០ ដទៃទៀត​នៅ​ក្នុង​ចន្លោះ​ពេល​តិចជាង​៤​ឆ្នាំ​! យើងខ្ញុំ​គិតថា ការ​ប្រឹង​ចូលរួម​ប្រលង​សម្តែង​ចំនួន​៤២​របស់​អ្នកនាង​ពេលនោះ​ពិតជា​មិន​អត់​ប្រយោជន៍​នោះទេ​។ ភាពជោគជ័យ​របស់​អ្នកនាង រីក​សុសសាយ​ជា​លំដាប់​ខណៈដែល​​កេ​រ្តិ៍ ឈ្មោះ​របស់​អ្នកនាង​កំពុង​តែ​ទទួល​ដឹងលឺ​ទូទាំង​ពិភពលោក​ក្នុងនាម​ជា “​ស្ត្រី​ដែល​មាន សម្រស់​ធម្មជាតិ និង​ជា​សុភាពនារី​សម័យ​ ទំនើប​” ដែល​រហស្សនាម​មួយ នេះ​ត្រូវបាន ប្រសិទ្ធិ​នាម​ឡើង ដោយ​ប្រេន​ដ៍​Chanel ផ្ទាល់​តែម្តង ។ ជាមួយនឹង​វត្តមាន​នៅលើ​ក្រប​មុខ ជាង​១២០០​ដង រួម​ទាំង​សំនេរ​អត្ថបទ​ទា​ក់ទង់​នឹង​កញ្ញា​ជាង ៤៥០​អត្ថបទ និង​ការ​រួមទាំង កម្មវិធី​បង្ហាញ​ម៉ូដ​ជាង ៥០០ ដង​ក្នុងពេល​ដែល​អ្នកនាង​មាន​អាយុ តែ​៣៥​ឆ្នាំនេះ បង្ហាញ អោយឃើញថា​ការខិតខំ​ប្រឹងប្រែង​ពិតជា​ទទួលបាន​ផល​បុណ្យ​សមប្រកប​យ៉ាង​ប្រាកដ​ពិតមែន​។ ហើយ​យើងខ្ញុំ​រំពឹងថា​ដំណើរ​ជោគជ័យ​របស់​អ្នកនាង​គឺ​នៅមាន​ភាគ​បន្ត​ទៅមុខ ទៀត​ជាមិនខាន​!

​អ្នក​ស្នង​តំណែង​របស់​Louis Vuitton​ ​
​នៅ​ខែ​ឆ្នាំ ២០១៣ អ្នកនាង Delphine Arnault បាន​ក្លាយ​ជា​អនុប្រធាន​ប្រតិបត្តិ​នៃ Louis Vuitton Malletier នៅឯ LVMH Moët Hennessy Louis Vuitton SA ។ មុនពេល​ដែល​អ្នកនាង Arnault មក​កាន់ដំណែង​នេះ អ្នក​នាង​ជា អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៅ​ឯ Christian Dior Couture ក្នុង​អំឡុង​ឆ្នាំ​ពី ២០០៨ ដល់ ឆ្នាំ ២០១៣​។ ជាងនេះទៅទៀត​អ្នកនាង​ក៏​ធ្លាប់​ជា​ធ្វើ​ជា​នាយក​គ្រប់គ្រង​ឯករាជ្យ​នៅ​ឯ Twenty-First Century Fox ក៏​ដូចជា​ធ្វើ​ការងារ​រួមជាមួយ Loewe SA, Emilio Pucci Srl, Les Echos, Château Cheval Blanc និង Céline ផងដែរ​។ បើទោះជា ឳ​ពុក​របស់​អ្នក​នាង​ជា Bernard Arnault ដែល​ជា​មនុស្ស​ម្នាក់ ដែល​ឥទ្ធិពល​និង​មានទ្រព្យ​សម្បិ​ត្ត​ច្រើន​យ៉ាងណាក៏ដោយ អ្នកនាង Delphine ក៏​នៅតែ​ហ៊ាន​នឹងមាន សមត្ថភាព​ទទួលយក​ការងារ និង​ទំនួល​ខុស​ត្រូវ​លើ​កាតព្វកិច្ច ដោយ​ខិតខំ បំពេញការងារ ដើម្បី​ធ្វើ​យ៉ាងណា អោយ​អនាគត​នៃ​ម៉ាក​ដ៏​ប្រណីត​និង​ល្បី​បំផុត​ក្នុង​ពិភពលោក​ដែល អ្នកនាង​កំពុង​បំរើការ​នេះ កាន់តែ​កេរ្តិ៍ឈ្មោះ​រីក​ឡើង​ទ្វេដង​ជា​លំដាប់​។ ប្រាកដ​ណាស់​អ្វី​ទាំងអស់ នេះ​មិនមែន​ជា​ការ​លេងសើច​នោះ​ទេ​ប៉ុន្តែ​វា​ជា​បន្ទុក​ដ៏​ធំ​មួយ​សម្រាប់​អ្នកនាង​ដែល​ត្រូវ​យឹតយោង​នូវ​ប្រេន​ដ៏​ដ៏​ប្រណីត​នឹង​ល្បីល្បាញ​ទាំងអស់នេះ​។ មនុស្ស​ជាច្រើន​បាន​ទទួលស្គាល់ថា Delphine Arnault គឺជា​មនុស្ស​ម្នាក់​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការងារ​ទាំងនេះ​យោង​លើ​ការតាំង​ចិត្ត​និង​បែបបទ​ជីវិត​​ដែល​អ្នក​នាង​ធ្លាប់​ឆ្លងកាត់ និង​ការរស់នៅ​តាំងពី​ដើម​រហូត​ដល់​ដឹងក្តី​កន្លងមក​របស់​អ្នកនាង​។

Continue Reading

WOMEN IN BUSINESS

កាយវិកា​ទាំង ៥ យ៉ាង​ស្រី្ត​ជោគជ័យ​តែង​ប្រតិបត្តិ​ជាប្រចាំ​

ទម្លាប់​ដ៏​ប្រពៃ​នា​ព្រឹក​ព្រលឹម​…

ទម្លាប់​ដ៏​ប្រពៃ​នា​ព្រឹក​ព្រលឹម​

​ទទួលទាន​ទឹក​
​មុនពេល​ដែល​អ្នក​ក្រោក​ចេញពី​គ្រែ​គេង ចា៎ ពិតមែន​ហើយ អ្នក​ត្រូវ​ទទួល​ទាន​ទឹក​ឱ្យបាន​យ៉ាង​តិច​មួយ​លីត្រ​។ ទឹក​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការលាង​សម្អាត​ប្រព័ន្ធ​រាងកាយ​ទាំងមូល​យោងទៅតាម Ayurveda​។ វា​ជា​ជំនួយការ​ដ៏​ល្អ​ក្នុង​ការរំលាយ​អាហារ ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហៗ​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ និង​ក្រូចឆ្មារ​ឱ្យ​បាន​មួយ​កែង​ទ្រវែង​។

​តាំង​សមាធិ
​ទទួលយក​អត្ថប្រយោជន៍​ពី​ភាព​ស្ងប់​សុខ និង​ភាពស្ងាត់ជ្រងំ​នា​ពេល​ព្រឹក​ព្រលឹម​ដោយ​ការ​តាំងសមាធិ​។ អង្គុយ​គង​អន្ទាក់ខ្លា ឬ​អង្គុយ​នៅ​លើ​កៅអី បិទ​ភ្នែក​សន្សឹមៗ ហើយ​ដកដង្ហើម​ចេញចូល​ប្រកប​ដោយ​សម្បជញ្ញៈ​។ បញ្ឈប់​រាល់​ការគិត​អំពី​អ្វីៗ​ទាំងឡាយ​ខណៈ​ដែល​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ការដកដង្ហើម​ឱ្យបាន​ត្រឹមត្រូវ​។ អនុវត្ត​បែបនេះ​ឱ្យបាន ១០ នាទី​ជា​រៀងរាល់ថ្ងៃ​ដើម្បី​បំបាត់​អា​ការៈស្ត្រេស​។

​ធ្វើ​លំ​ហាត់ប្រាណ​
​តើ​អ្នកនឹង​ឃើញ​នាយក​ប្រតិបត្តិ​ទាំងឡាយ​នៅ​កន្លែង​ណា​មុន​គេ​បង្អស់​នា​ព្រឹក​ព្រលឹម​? នៅ​កន្លែង​ធ្វើ​លំ​ហាត់ប្រាណ ឬ​នៅ​លើ​កម្រាល​ហាត់​យោ​ហ្គា​។ ការធ្វើ​លំ​ហាត់ប្រាណ​ធ្វើឱ្យ​ញើស​ចេញពី​រាងកាយ ថែម​ទាំង​ជួយ​ដាស់​អារម្មណ៍​របស់​អ្នក​ឱ្យ​ស្រស់ថ្លា​។ វា​មិន​ត្រឹមតែ​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ស្រស់​ស្អាត​នោះទេ វា​ថែមទាំង​បណ្ដេញ​ជាតិពុល​ដែល​មាន​ក្នុង​រូប​កាយ​របស់​អ្នក​ផងដែរ​។​

​ពេលវេលា​សម្រាប់​ខ្លួនឯង​ ​

​យក​ពេលខ្លះ​ធ្វើ​អ្វីមួយ​ដើម្បី​ខ្លួនឯង​។ អនុវត្ត​ទម្លាប់​នា​ពេល​ព្រឹក​ព្រលឹម​ដោយ​មាន​ដូច​ជា​ការ​ត្រដុស​ខ្នង​ដោយ​ប្រើ​ច្រាស​ស្ងួត ទទួលទាន​សូកូឡា​ក្ដៅ​មួយ​កែវ ឬ​យក​ពេល​ខ្លះ​ដើម្បី​តុបតែង​ខ្លួន ឬ​ធ្វើ​អ្វីដែល​ធ្វើឱ្យ​ខ្លួន​អ្នក​មាន​អារម្មណ៍​ថា​ស្កប់ស្កល់​។ ឥឡូវ​នេះ​អ្នក​បាន​យកចិត្តទុកដាក់​ចំពោះ​ខ្លួនឯង​រួច​ហើយ វា​ជា​ពេល​ដែល​អ្នក​គួរ​គិតគូរ​អ្នកដទៃ​ទៀត​វិញ​ម្ដង​។​

​ត្រួតពិនិត្យ​មើល​កាលវិភាគ​របស់​អ្នក​
​ពិនិត្យមើល​សារ​អេឡិកត្រូនិក​ថាតើ​អ្នក​នឹង​ត្រូវ​ធ្វើ​អ្វីខ្លះ រួច​ប្រតិបត្តិ​នូវ​អ្វី​ដែល​អ្នក​ត្រូវបំពេញ​។ នៅពេល​ដែល​អ្នក​បាន​ត្រៀមចិត្ត​រួចជាស្រេច​ចំពោះ​អ្វី​ដែល​អ្នក​រំពឹងថា​នឹង​កើតឡើង​ក្នុងថ្ងៃនេះ អ្នក​នឹង​អាច​ត្រៀម​ខ្លួន​សម្រាប់​អ្វី​ដែល​នឹង​កើតឡើង​បន្តបន្ទាប់​ផង​ដែរ​៕

Continue Reading

WOMEN IN BUSINESS

ទំនុកចិត្ដ​ចំពោះ​ការ​មាន​ទំហំ​មាឌ​

អ្នកស្រី Snguon Lopez កំពុងតែ​ផ្លាស់ប្ដូរ​ទិដ្ឋភាព​ហ្វេ​ហ្សិន​នៅ​…

អ្នកស្រី Snguon Lopez កំពុងតែ​ផ្លាស់ប្ដូរ​ទិដ្ឋភាព​ហ្វេ​ហ្សិន​នៅ​កម្ពុជា​។ Lopez កំពុង​តែ​ដាក់​ភាព​អៀនខ្មាស​ដោយសារ​ដងខ្លួន​និង​ការយល់ឃើញ​ទុក​មួយ​ឡែក​សិន ដែល​រាងកាយ​ធាត់​មិនអាច​សិច​ស៊ី​បានទេ​។ ការស្វែងរក​សម្លៀក​បំពាក់​ស្ដាយ​ល៍លេ​ខ​ធំ​មាន​ការលំបាក​នៅ​កម្ពុជា ចំពោះ​អ្នក​មាន​រាង​ធាត់ ដើម្បី​ឱ្យ​ស័ក្ដិសម​នឹង​រាងរៅ​។ Lopez កំពុង​តែ​ប្រើប្រាស់​អ្វី​ដែល​អាច​ជួយ​គាត់​បាន​ដើម្បី​ផ្លាស់ប្ដូរ​វិស័យ​ហ្វេ​ហ្សិន​នៅ​កម្ពុជា ដោយ​បន្ថែម​ភិនភាគ​ហ្វេ​ហ្សិន​ជាច្រើន​សម្រាប់​នារី​ជា​មួ​យ​នឹង​លក្ខណៈ​បន្ដិចបន្ដួច​ទៀត​ដើម្បី​រក្សា​នូវ​អ្វី​ដែល​ខ្លួន​មាន​។ ចូរ​ស្វែងយល់​អំពី​របៀប​ដែល Snguon Lopez កំពុង​ចាប់ផ្ដើម​បើក ‘Fat Story’ ដែល​ជា​ហាង​លក់​សម្លៀក​បំពាក់​ទំហំ​លេខ​ធំ​នៅ​ទីក្រុង​ភ្នំពេញ កម្ពុជា​។

​សួស្ដី Snguon តើ​អ្នកស្រី​យល់​ឃើញ​បែប​ណា​ទើប​បើក​ហាង Fat Story?
SL: គំនិត​បើកហាង Fat Story គឺ​ដោយសារតែ​នាង​ខ្ញុំ​បាន​គិត​អំពី​នារីៗ​នៅ​កម្ពុជា ក៏ដូចជា​ជន​បរទេស​មួយ​ចំនួន​ទៀត​ផង​ដែរ វា​ពិបាក​នឹង​រក​ហ្វេ​ហ្សិន​លេខ​ធំ​ណាស់​។ ដូច្នេះ​នៅពេល​ដែល​ខ្ញុំ​ទៅ​ប្រទេស​ថៃ និង​បាន​ឃើញ​មនុស្ស​មាឌធំ ក៏ដូចជា​ជម្រើស​ជាច្រើន​សម្រាប់​ហ្វេ​ហ្សិន​លេខ​ធំ ខ្ញុំ​ចង់​នាំយក​ឱកាស​ទាំងនោះ​មក​កម្ពុជា​។ ខ្ញុំ​ចង់​ឱ្យ​ស្ដ្រី​នៅទីនេះ​អាច​រក​សម្លៀកបំពាក់​ដើម្បី​ឱ្យ​មាន​ទំនុកចិត្ដ ដែល​ជា​លទ្ធផល​ធ្វើឱ្យ​ខ្លួន​មាន​ទំនុកចិត្ដ​ផងដែរ​។

​តើ​ជា​ហាង​លក់​តាម​អន​ឡាញ ឬក៏​ជា​ហាង​បើក​លក់​ធម្មតា​ដូច​គេ​ដូច​ឯង​ដែរ​?
SL: ជំហាន​ដំបូង​គឺ​បើក​លក់​តាម​អន​ឡាញ​សិន បន្ទាប់​មក​ជំហាន​បន្ទាប់ ប្រសិន​បើ​យើងខ្ញុំ​មាន​អតិថិជន​ច្រើន គឺ​បើក​ជា​ហាង​តូច​មួយ​តែម្ដង​។

​នៅពេល​ណា​ទើប​អ្នកស្រី​គិត​បើក​ហាង Fat Story?
SL: ឥឡូវ​នេះ​តែម្ដង ខ្ញុំ​បារម្ភ​ថា​នឹង​មាន​សាធារណ​ជន​មាន​ប្រតិកម្ម​បែបណា​នោះ​ទេ​។ ខ្ញុំ​ចាំ​មើល​ថា​តើ​មាន​នារីៗ​ច្រើន​ប៉ុណ្ណា​ចាប់អារម្មណ៍ ហើយ​បន្ទាប់មក​នឹង​ឃើញ​លទ្ធផល ប្រសិនបើ​នេះ​ជា​អ្វីមួយ​ដែល​ខ្ញុំ​អាច​ពង្រីក​បាន​។ ដូច្នេះ​នៅពេល​នោះ ខ្ញុំ​នឹង​ឃើញថា​មាន​ចំនួន​ប៉ុន្មាន​នាក់​មាន​ចំណាប់អារម្មណ៍ ទើប​បន្ដ​ទៅមុខ​ទៀត​។ ប្រសិនបើ​ខ្ញុំ​ឃើញ​នូវ​ព័ត៌មាន​ត្រឡប់​វិជ្ជមាន ខ្ញុំ​នឹង​ពិនិត្យ​មើល​ទៅលើ​ភាគរយ​របស់​ស្ដ្រី​ទាំងនោះ ដែល​ចង់បាន​ហ្វេ​ហ្សិន​លេខ​ធំ​នៅ​កម្ពុជា ហើយ​បន្ដ​ទៅ មុខ​ទៀត​ជាក់​ជាមិនខាន​។

​តើ​នរណា​ជា​អ្នក​ជ្រើសរើស​ស្ដាយល៍​និង​ឌី​ហ្សា​ញ​សម្លៀក​បំពាក់​ទាំងនោះ​?
SL: សម្រាប់​ពេល​ដំបូង យើងខ្ញុំ​នឹង​នាំចូល​សម្លៀក​បំពាក់​ពី​ប្រទេស​ថៃ​។ នៅ​ថ្ងៃ​អនាគត ប្រសិនបើ​អាជីវកម្ម​នេះ​ដើរ យើងខ្ញុំ​នឹង​រក​អ្នក​ឌី​ហ្សា​ញ​សម្លៀក​បំពាក់​ថ្មីៗ ដើម្បី​ដាក់​បង្ហាញ​លក់​នៅ​ក្នុង​សាល​តាំង​បង្ហាញ​តែម្ដង​។​

​តើ​អ្វី​ជា​បញ្ហា​ប្រឈម​ឬ​ឧបសគ្គ​ដ៏​ធំ​បំផុត​នៅក្នុង​ការបើក​អាជីវកម្ម​នាពេលនេះ​?
SL: គឺ​គ្រាន់តែ​ជា​បញ្ហា​បន្ដិចបន្ដួច​ជាមួយនឹង​ការ​នាំចូល​ហ្វេ​ហ្សិន​នេះ ប៉ុន្ដែ​ក្រៅពីនោះ វា​ក៏​បាន​និង​កំពុងតែ​ដំណើរការ​យ៉ាង​ល្អ​។ យើងខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ហាង​ជាច្រើន​នៅ​ប្រទេស​ថៃ ហើយ​ហាង​ខ្លះទៀត​បាន​ធ្វើការ​បញ្ចុះតម្លៃ​ពិសេស ពីព្រោះ​ពួកគេ​គាំទ្រ​ចំពោះ​អ្វី​ដែល​យើងខ្ញុំ​ចាប់ផ្ដើម​ធ្វើ និង​ចង់​ចូលរួមចំណែក​ជាមួយ​យើងខ្ញុំ​ផងដែរ​។

​ក្រៅពី​បើកហាង​លក់​សម្លៀក​បំពាក់​លេខ​ធំ តើ​ហាង​នេះ​នឹង​ដាក់​លក់​សម្លៀកបំពាក់​លេខ​តូច​ដែរឬទេ​?
SL: ចាស៎ ហាង fat story នឹង​បើក​លក់​តែ​សម្លៀក​បំពាក់​លេខ​ធំ ឬ​លេខ​ផ្លើស​តែប៉ុណ្ណោះ​។

​ខ្ញុំ​ដឹង​ថា ស្ដ្រី​ខ្មែរ​ជា​ច្រើន​ដែល​បាន​និង​កំពុងតែ​រក​អ្វី​មួយ​បែប​នេះ ហើយ​អន្ទះសារ​ចង់​ឃើញ​វា​កើតមាន​នៅ​កម្ពុជា តើ​ព័ត៌មាន​ត្រឡប់​បែបណា​ដែល​អ្នកស្រី​ទទួលបាន​រហូតមកដល់​ពេលនេះ​?
SL: បន្ទាប់ពី​ដាក់​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក នាង​ខ្ញុំ​បានឃើញ​អតិថិជន​ជាច្រើន​ចាប់អារម្មណ៍​ចំពោះ​តម្លៃ និង​ស្ដាយល៍​សម្លៀក​បំពាក់​ទាំងនេះ​។ ពួកគេ​បាន​និង​កំពុងតែ​ផ្ញើ​សារ​ជា​លក្ខណៈ​ឯកជន​មក​យើងខ្ញុំ​ដោយ​និយាយថា ពួកគេ​មាន​ភាព​ខ្មាសអៀន​ដែល​ពួកគេ​មាន​មាឌ​ធំ និង​ចាប់អារម្មណ៍​ចំពោះ​អ្វី​ដែល​នាង​ខ្ញុំ​កំពុងតែ​ធ្វើ ក៏​ដូចជា​ប្រភេទ​សម្លៀកបំពាក់​ដែល​យើងខ្ញុំ​បាន​ផ្ដល់ជូន​។
​វា​ក៏​មាន​លើស​ពី​សម្លៀកបំពាក់​ទៅទៀត ដោយ​វា​ក៏​ជា​បរិស្ថាន​ដ៏​វិជ្ជមាន​មួយ​ដែល​ស្ដ្រី​អាច​មាន​អារម្មណ៍​រីករាយ​និង​មាន​ទំនុកចិត្ដ​។ ក្រៅពីនេះ​ក៏​ធ្វើឱ្យ​នារីៗ​សិច​ស៊ី​ផងដែរ​។



តើ​អ្វី​ជា​សុបិន​របស់​អ្នក​? តើ​អ្នកស្រី​ចង់​ឃើញ​មាន​ការវិវឌ្ឍ​បែបណា​ដែរ​?
SL: នៅ​ថ្ងៃ​អនាគត ខ្ញុំ​ចង់ឱ្យ​ហាង​នេះ​លើក​ទឹក​ចិត្ដនារីៗ​ដែល​មាន​រាង​ធាត់​កុំឱ្យ​ខ្មាស​គេ​តទៅទៀត ពេល​ទៅ​ចូលរួម​ពិធី​ជប់លៀង ពិធី​ខួបកំណើត ឬ​ពិធី​រៀប​អាពាហ៍ពិពាហ៍ ក៏​ដូច​ជា​ទៅ​ដើរលេង ដើម្បី​ឱ្យមាន​អារម្មណ៍​សប្បាយៗ​! ខ្ញុំ​ចង់ឱ្យ​ពួកគេ​ដឹងថា ពួកគេ​មាន​រាង​ស្អាត និង​មាន​ទំនុកចិត្ដ​ចំ​ពោះ​ខ្លួនឯ​ង​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.