Entertainment

អាពាហ៍ពិពាហ៍ដ៏គួរឱ្យចងចាំបំផុត

By  | 

មនុស្ស​ម្នាក់ៗ​ចង់​ឱ្យ​អាពាហ៍ពិពាហ៍​របស់ខ្លួន​មាន​ភាពល្អ​ឥត​ខ្ចោះ និង​មិន​អាច​បំភ្លេចបាន និង​ជា​ពិធី​អាពាហ៍ពិពាហ៍​មួយ​ដែល​រំលឹក​ភាព​រីករាយ​របស់​អ្នក​ទាំងអស់​គ្នា​នៅ​ពេល​អនាគត​។ បច្ចុប្បន្ន​នេះ​ភ្ញៀវ​ដែល​មក​ចូលរួម​ក្នុង​ពិធី​របស់​អ្នក​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​មាន​កាមេរ៉ា​ផ្ទាល់ខ្លួន កម្ម​វិធី​ដ៏​អធិកអធម​របស់​អ្នក​ត្រូវតែ​ជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​ផង​ដែរ​។​
​ជា​ការពិត​ណាស់​មានរឿង​ជាច្រើន​ដែល​អ្នក​ត្រូវតែ​គិតគូរ​ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ឱ្យ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​កាន់តែ​ពិសេស និង​ល្អឥតខ្ចោះ​។ មាន​ការងារ​ជាច្រើន​ដែល​អ្នក​ត្រូវ​ធ្វើ ហើយ​អា​ការស្ត្រេស​នឹង​កើតឡើ​ង​ចំពោះ​អ្នក​ជាក់​ជាមិនខាន ប៉ុន្តែ​ប្រសិនបើ​អ្នក​បាន​កំណត់​រាល់​កិច្ចការ​ដែល​សំខាន់ៗ ហើយ​ធ្វើ​វា​ឱ្យបាន​ត្រឹមត្រូវ​បំផុត​នោះ អ្នក​នឹង​មិន​មាន​បញ្ហា ឬ​ទទួល​រង​ភាពស្មុគស្មាញ​នា​ថ្ងៃ​ពិសេស​របស់​អ្នក​ឡើយ​។ អនុវត្ត​តាម​គន្លឹះ និង​វិធីសាស្ត្រ​ខាងក្រោម​នេះ​ដើម្បី​ជួយ​ឱ្យ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​ក្លាយ​ជា​ការចងចាំ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​។​
​ជ្រើសរើស​រ៉ូប​ដ៏​ស័ក្ដិសម​បំផុត​
​ការជ្រើសរើស​រ៉ូប​អាពាហ៍ពិពាហ៍​អាច​នឹង​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ថ្ងៃ​ពិសេស​របស់​អ្នក​។ អ្នក​នឹង​ត្រូវ​គិតគូរ​អំពី​ម៉ូដ​រ៉ូ​បដែល​អ្នក​ពេញចិត្ត និង​ចំនួន​នៃ​រ៉ូ​បដែល​អ្នក​ចង់​ផ្លាស់ប្ដូរ​។ ខណៈ​ដែល​អ្នក​ចង់​ផ្លាស់ប្ដូរ​ពណ៌ ការ​រចនា​ម៉ូដ និង​ស្តាយល៍ អ្នក​ត្រូវ​គិតទុក​ជាមុន​ថា​តើ​ម៉ូដ និង​ពណ៌​មួយ​ណា​ដែល​ស័ក្ដិសម​នឹង​អ្នក​បំផុត​។ អ្វី​ដែល​សំខាន់​បំផុត​អ្នក​ត្រូវតែ​មាន​ភាព​រីករាយ​បំផុត​ជាមួយនឹង​ភាពស្រស់ស្អាត​ដែល​អ្នកនឹង​ទទួលបាន​នា​ថ្ងៃនោះ ព្រមទាំង​ទទួលបាន​អារម្មណ៍​ដ៏​ល្អ​បំផុត​ក្នុងការ​ស្លៀក​រ៉ូ​បដែល​អ្នក​បាន​ជ្រើសរើស​ផងដែរ​។​
​ជ្រើសរើស​ពិធី​អាពាហ៍ពិពាហ៍​
​ខណៈ​ដែល​ការជ្រើសរើស​សម្លៀកបំពាក់​ជា​រឿង​ដ៏​សំខាន់ ការ​ដែល​ជ្រើសរើស​ពិធីជប់លៀង​ដែល​អ្នក​ចង់​បាន​ក៏​ជា​រឿង​សំខាន់​ផង​ដែរ​ដូច​ជា​ការ​គិតគូ​អំពី​ភ្ញៀវ​ដែល​នឹង​មក​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​របស់​អ្នក​។ អ្នក​ក៏​នឹង​ត្រូវ​ជ្រើសរើស​អ្នក​កំដរ​កូនក្រមុំ ហើយ​អ្នក​ក៏​ប្រហែលជា​ត្រូវ​ជ្រើសរើស​អ្នក​កំដរ​កូន​កម្លោះ​ផងដែរ​។ អ្នក​ទាំងអស់​នេះ​នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ពិធី​ដ៏​អធិកអធម​របស់​អ្នក​។ ដូច្នេះ​អ្នក​ត្រូវតែ​ជ្រើសរើស​ឱ្យបាន​ត្រឹមត្រូវ​បំផុត និង​ជ្រើសរើស​មិត្ត​ភ័ក្ដិ​ជិតស្និទ្ធ និង​ដែល​ចុះសម្រុង​ជាមួយនឹង​អ្នក​ផងដែរ​។​
​ភោជនា​អាហារ និង​ភេសជ្ជៈ​
​នៅពេល​ដែល​អ្នក​បាន​ធ្វើ​រឿង​ទាំងអស់​នេះ​រួចរាល់​ហើយ អ្នក​ត្រូវ​តែ​គិតគូរ​អំពី​ការជ្រើសរើស​ម្ហូបអាហារ និង​ភេសជ្ជៈ​។ តើ​មាន​ភ្ញៀវ​ប៉ុន្មាន​នាក់​ដែល​នឹងចូលរួម​ក្នុង​កម្មវិធី​របស់​អ្នក ហើយ​ថា​តើ​អ្នកចូលរួម​ទាំងអស់​នោះ​មាន​តម្រូវការ​ម្ហូបអាហា​រយ៉ា​ង​ណា​ដែរ​? ចុះ​ចំណែក​អ្នក​ដែល​មិន​ទទួល​ទាន​សាច់​? អ្នក​ត្រូវ​តែ​គិតគូរ​អំពី​ថ្លៃ​ចំណាយ​ទាំង​ទៅ​លើ​ម្ហូប និង​ភេសជ្ជៈ​។ តើ​អ្នក​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​? ទាំងនេះ​ជា​សំនួរ​សំខាន់​ដែល​អ្នក​ត្រូវ​តែ​ស្វែងរក​ចម្លើយ​ដោយ​ខ្លួនឯង​នៅពេលដែល​គិតគូរ​អំពី​ការជ្រើសរើស​អាហារ និង​ភេសជ្ជៈ​។​
​ការកំណត់​ទីកន្លែង​
​ការជ្រើសរើស​ទីកន្លែង​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​មិនមែនជា​រឿង​គួរ​ឱ្យ​ស្ត្រេ​សណា​ស់ណា​ឡើយ​។ អាច​នឹង​មាន​ទីកន្លែង​ដែល​អ្នក​បាន​គិត​ទុក​ជា​ស្រេច អ្នក​ត្រូវតែ​កំណត់​ឱ្យ​ច្បាស់​អំពី​កាលបរិច្ឆេទ និង​កក់​លុយ​ខ្លះ ហើយ​អ្នក​ត្រូវតែ​សាកសួរ​ឱ្យ​ច្បាស់​ថា​តើ​ទីកន្លែង​ដែល​អ្នក​ជ្រើសរើស​នោះ​នឹង​អនុញាតិ​ឱ្យ​អ្នក​ធ្វើ​អ្វី​តាមចិត្ត​ដែល​អ្នក​ចង់​ដែរឬទេ​? អ្នក​ត្រូវ​តែ​ជ្រើសរើស​ទីកន្លែង​មួយ ឬ​ពីរ​ផ្សេង​ទៀត​ទុក​សម្រាប់​បម្រុង​ទុកជា​មុន​ក្នុង​ករណី​ដែល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​នៅ​ពេល​ដែល​ថ្ងៃ​ប្រារព្វ​ពិធី​កាន់តែ​ខិត​ជិត​ចូលមក​ដល់​។​
​ពិធីករ ពិធីការ​នី​
​អ្នក​អត្ថាធិប្បាយ​ក្នុង​កម្មវិធី​ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់​ក្នុងការ​ធ្វើ​ឱ្យ​កម្មវិធី​របស់​អ្នក​កាន់តែ​រលូន និង​មិន​រញ៉េរញ៉ៃ​ទាំង​ពេល​ថ្ងៃ និង​ពេលយប់​។ អ្នក​ត្រូវ​តែ​ជ្រើសរើស​អ្នក​ដែលមាន​សំនួនវោហារ​សព្ទ និង​ចេះ​កំប្លែង​លេង​សមរម្យ​តាម​កាលៈទេសៈ​។ ការ​ដែល​អ្នក​ជ្រើសរើស​អ្នក​ដែល​អ្នក​ស្គាល់​គឺ​នឹង​ធ្វើ​ឱ្យ​ពិធី​អាពាហ៍ពិពាហ៍​របស់​អ្នក​កាន់តែ​មាន​ភាព​រីក​រាយ និង​អធិកអធម​ឡើង​។​
​សុន្ទរកថា​
​សុន្ទរកថា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​អ្នក ហើយ​ក្នុង​នាម​ជា​កូនក្រមុំ និង​កូន​ក​ម្លោះ អ្នក​អាច​នឹង​ត្រូវ​បាន​គេ​តម្រូវ​ឱ្យ​ឡើង​ថ្លែង​សុន្ទរកថា​ខ្លីៗ រួម​ទាំង​ការ​សច្ចា​ផងដែរ​។ អ្នក​កំដរ​កូន​ក​ម្លោះ និង​ឪពុក​របស់​កូនក្រមុំ​នឹងត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​ផង​ដែរ​នា​ថ្ងៃ​នោះ​ដូច្នេះ​អ្នក​ត្រូវ​តែ​រៀបចំ​សុន្ទរកថា​ឱ្យបាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ធ្វើ​ឱ្យ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​កាន់​តែ​គួរ​ឱ្យ​ចងចាំ​បំផុត​។​
​កា​រៀបចំ​តុ​
​ពិត​ប្រាកដ​ណាស់ ឥឡូវនេះ​ថ្ងៃ​សំខាន់​របស់​អ្នក​ខិត​ជិត​ចូលមក​ដល់​ហើយ​។ វា​អាច​នឹង​មើល​ទៅ​ធម្មតា ប៉ុន្តែ​ការរៀបចំ​តុ​គឺ​ពិតជា​គួរ​ឱ្យ​ស្ត្រេ​ស​ខ្លាំងណាស់​។ អ្នក​ត្រូវ​តែ​សម្រេចចិត្ត​ថា​តើ​អ្នក​នឹង​ត្រូវ​រៀបចំ​តុ​យ៉ាងណា តើ​គួរ​ដាក់​ឈ្មោះ​ដូចម្ដេច ហើយ​អ្នក​ណា​នឹង​ត្រូវ​អង្គុយ​នៅ​ទីកន្លែង​ណាខ្លះ​។ មាន​ភ្ញៀវ​ខ្លះ​នឹងត្រូវ​អង្គុយ​ដាច់ដោយឡែក​ពី​គ្នា​ដោយ​ហេតុផល​មួយចំនួន​។ ដូច្នេះ​អ្នក​នឹងត្រូវ​រៀបចំ​កន្លែង​ឱ្យ​ពួកគេ​អង្គុយ​ឱ្យ​បាន​ឆ្ងាយ​ពីគ្នា​។​
​នំ​ខេ​ក​
​ប្រពៃណី​នៃ​ការ​កាត់​នំ​ខេ​ក​គឺ​ប្រដូច​ទៅ​នឹង​ការ​ពិត​ដែល​ពួកគេ​បាន​ប្ដេជ្ញា​ចិត្ត​ជាមួយគ្នា​។ កូន​កម្លោះ​ដាក់​ដៃ​របស់​ខ្លួន​ពី​លើ​ដៃ​របស់​កូនក្រមុំ​ដើម្បី​កាត់​នំ​ស្រទាប់​ដំបូងបង្អស់​។ បន្ទាប់មក​ពួកគេ​នឹង​កាត់ផ្ដាច់​គ្រប់​ស្រទាប់​ទាំងអស់​ដើម្បី​ជា​តំណាង​ដល់​ការចែករំលែក និង​បន្ត​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ត​ទៅ​មុខជា​រៀងរហូត​។ ជាធម្មតា មិនមាន​អ្នកណា​ម្នាក់​ទទួល​ទាន​នំ​ខេ​ក​នោះឡើយ ដូច្នេះ​អ្នក​មិនចាំបាច់​គិតគូរ​អំពី​រសជាតិ​របស់​វា​ខ្លាំងពេក​ឡើយ ប៉ុន្តែ​អ្នក​ត្រូវតែ​គិតគូរ​អំពី​ភាពស្រស់ស្អាត​របស់​វា​ជា​ជំនួស​វិញ​។​
​ជ្រើសរើស​តន្ត្រី​
​អ្នក​ត្រូវ​តែ​គិតគូរ​អំពី​ការកម្សាន្ត​ដែល​នឹង​មាន​នៅក្នុង​កម្មវិធីរ​បស់​អ្នក ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​តន្ត្រី​។ វា​ជា​ការសំខាន់​ខ្លាំងណាស់​ដែល​ត្រូវតែមាន​តន្ត្រី​បំពេ​អារម្មណ៍​ព្រោះថា​វា​នឹង​ធ្វើឱ្យ​កម្មវិធី​របស់​អ្នក​កាន់តែ​រីករាយ​ថែម​ឡើង ហើយ​អ្នក​ត្រូវតែ​ជ្រើសរើស​តន្ត្រី​ដែល​ស័ក្ដិសម​នឹង​ទីកន្លែង​នៃ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​។ អ្នក​ត្រូវ​តែ​សម្រេចចិត្ត​ថា​អ្នក​ចង់​បាន​ក្រុម​អ្នកចម្រៀង ឬ​ឌី​ជេ ឬក៏​ជួល​ទាំងពីរ​តែ​ម្ដង​។ អ្នក​ក៏​ត្រូវតែ​គិតគូរ​អំពី​ចម្រៀង​សម្រាប់​ការរាំរែក​ដំបូងបង្អស់ ក៏​ដូចជា​ការធ្វើ​ដំណើរ​របស់​កូនក្រមុំ​មក​ដល់​កន្លែង​ប្រាព្ធ​ពិធី​។ តន្ត្រី​អាចធ្វើឱ្យ​កម្មវិធី​របស់​អ្នក​កាន់តែ​រីករាយ ឬ​រញ៉េរញ៉ៃ​ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រាកដ​ថា​អ្នក​ជ្រើសរើស​បាន​ត្រឹមត្រូវ​បំផុត​។​
​ការ​ប្រារព្វ​ពិធី
​អ្នក​ត្រូវ​តែ​ប្រាកដ​ថា​ភ្ញៀវ​ដែល​បាន​មក​ចូលរួម​ក្នុង​កម្មវិធី​របស់​អ្នកនឹង​ទទួលបាន​បទពិសោធន៍​ល្អៗ​បំផុត​។ ការសម្ដែង​ផ្សេងៗ និង​ការ​ដែល​អនុញាតិ​ឱ្យ​ភ្ញៀវ​ដែល​មក​ចូលរួម​បាន​ចែករំលែក​សកម្មភាពរ​បស់​ពួកគេ​ជាមួយ​អ្នក ជា​ផ្នែក​មួយ​នៃ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ដ៏​អឹកធឹក​បំផុត​។ ការ​ប្រារព្វ​ពិធី​ជា​រឿង​ដ៏​សំខាន់​ដែល​នឹង​ជួយ​ឱ្យ​ភ្ញៀវ​ទាំងឡាយ​ដែល​មក​ចូលរួម​បាន​រួមចំណែក​បញ្ចេញ​សកម្មភាព​ក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​។​
​ការរាំរែក​ដំបូងបង្អស់​
​មាន​រឿងរ៉ាវ​សំខាន់ៗ​ជាច្រើន​ដែល​អ្នក​ត្រូវតែ​អនុវត្ត​ក្នុង​ថ្ងៃ​ពិសេស​របស់​អ្នក​។ នេះ​ជា​ការរាំរែក​ដំបូង​បំផុត​សម្រាប់​អ្នក​ទាំង​ពីរ​ក្នុងនាម​ជា​ស្វាមីភរិយា​ដូច្នេះ​វា​ត្រូវ​តែ​ពិសេស​បន្តិច​ហើយ​។ អ្នក​ត្រូវ​ជ្រើសរើស​ចម្រៀង​ដែល​មានន័យ​ពិសេស​អ្វី​ម្យ៉ាង​សម្រាប់​អ្នក​ទាំង​ពីរ​។ អ្នក​គួរតែ​ហាត់​សម​ជាមុន​ដើម្បី​ធ្វើឱ្យ​ការរាំរែក​របស់​អ្នក​កាន់តែ​ល្អ​។​
​ផ្កា​ភ្ញី​
​កញ្ញា សុខ ផា​ណា​នី​ដា ម្ចាស់​ហាង​ផ្កា Dadana Floral Boutique មានប្រសាសន៍ថា​៖ “​កម្មវិធី​អាពាហ៍ពិពាហ៍​នឹងមិន​ពេញលេញ​ឡើយ​ប្រសិនបើ​គ្មាន​ផ្កា​ដ៏​ស្រស់ស្អាត​”​។ អ្នក​ត្រូវ​តែ​ប្រាកដថា​អ្នក​បាន​រៀបចំ​គម្រោង និង​ស្រាវជ្រាវ​អំពី​ផ្កា​ដែល​អ្នក​ចង់​បាន​នា​ថ្ងៃ​ពិសេស​របស់​អ្នក​។ អ្នក​ត្រូវ​តែ​ទំនាក់ទំនង​ឱ្យ​បាន​ជិតស្និទ្ធ​ជាមួយនឹង​អ្នក​រចនា​ផ្កា​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ប្រកបដោយ​វិជ្ជាជីវៈ ព្រមទាំង​ឱ្យ​ពួកគេ​ជួយ​ដល់​អ្នក​ផងដែរ​។ ផ្កា​ដែល​អ្នក​ជ្រើសរើស​ត្រូវតែ​មាន​ពណ៌​ដែល​អ្នក​ពេញចិត្ត ព្រមទាំង​ផ្ដល់​នូវ​ថាមពល​ដ៏​ខ្លាំងក្លា​ដល់​ថ្ងៃ​ពិសេស​របស់​អ្នក​។ នេះ​ជា​ការសម្រេចចិត្ត​ដ៏​ធំ ហើយ​វា​ជា​ការសម្រេចចិត្ត​ដែល​នឹង​ធ្វើ​ឱ្យ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​រឹតតែ​អស្ចារ្យ​ថែម​ឡើង​ទៀត​។​
​អំណោយ​ជូន​ភ្ញៀវ​
​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នកជា​ថ្ងៃ​ដ៏​ពិសេស​របស់​អ្នក ដូច្នេះ​អ្នក​ត្រូវតែ​ប្រាកដថា​អ្នក​បាន​គិតគូ​យ៉ាង​ដិត​ដល់​អំពី​ឱកាស​ដ៏​ឱឡារិក​នេះ​។ អ្នក​ប្រាកដជា​ចង់​ផ្ដល់​ជូន​ភ្ញៀវ​ដែល​បានមក​ចូលរួម​ទាំងអស់​នូវ​អំណោយ​មួយ​ដែល​ពួកគេ​មិន​ងាយ​នឹង​បំភ្លេចបាន ប៉ុន្តែ​ពួកគេ​នឹង​ចងចាំ​វា​ជា​រៀងរហូត​។​
​ការថតរូប​
​មិនមាន​អ្វី​ដែល​ពិសេស​ជាង​ការ​ក្រោកពីដំណេក​នា​ព្រឹក​ព្រលឹម​ហើយ​ចងចាំ​នូវ​រាល់​សកម្មភាព​ដ៏​សប្បាយរីករាយ​នៃ​ឆាកជីវិត​របស់​អ្នក​។​

​យើងទាំងអស់គ្នា​ប្រាកដជា​ចង់​ឱ្យ​ថ្ងៃ​ដ៏​ពិសេស​របស់​យើង​មាន​ភាពរលូន និង​អស្ចារ្យ​បំផុត​។ អ្នក​ខ្លះ​ឱ្យ​អាទិភាព​ទៅលើ​ទីកន្លែង​ប្រារព្វ​ពិធី​។ អ្នកខ្លះ​ទៀត​ឱ្យ​អាទិភាព​ទៅលើ​ផ្កា ម្ហូបអាហារ នំ​ខេ​ក​។ កូនក្រមុំ និង​កូន​កម្លោះ​បាន​ចំណាយ​ប្រាក់​កាស​ជាច្រើន​ទៅលើ​អាពាហ៍ពិពាហ៍​របស់​ពួកគេ ដូច្នេះ​ពួកគេ​ត្រូវតែ​ថតរូប​ទុក​ជា​អនុស្សាវរីយ​ឱ្យបាន​ច្រើន ឱ្យបាន​ស្រស់ស្អាត និង​ប្រកបដោយ​សិល្បៈ​។ អ្នក​ថតរូប​ប្រកបដោយ​វិជ្ជាជីវៈ​ជា​អ្នក​ដែល​ដឹងថា​តើ​គាត់​ត្រូវ​ថតរូប​ពេលវេលា​ដែល​ពោរពេញ​ទៅដោយ​ភាព​ក្ដុកក្ដួល និង​មាន​ន័យ​បំផុត​ដែល​កើតឡើង​មិន​ច្រើនដង​នោះឡើយ​នា​ថ្ងៃ​ដ៏​ពិសេស​នោះ​។ មិន​ថា​អ្នក​ឱ្យ​អាទិភាព​ទៅលើ​អ្វី​មុន​ឡើយ ការ​ដែល​ជ្រើសរើស​អ្នក​ថតរូប​ដ៏​ជំនាញ​ជា​អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ឱ្យ​ខាងតែបាន​។ ក្រៅពី​ក្ដី​ស្រលាញ់ វា​ជា​អ្វី​តែ​ម្យ៉ាង​ដែល​នឹង​នៅ​ជាមួយ​អ្នក​អស់​មួយជីវិត​។ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​អ្នក​ជ្រើសរើស​អ្នក​ថតរូប​ប្រកប​ដោយ​វិជ្ជាជីវៈ​បំផុត​។​
​ជ្រើសរើស​កន្លែង​ក្រេប​ទឹកឃ្មុំ​
​ចំនុច​សំខាន់​នៃ​ការ​ក្រេបទឹក​ឃ្មុំ​គឺ​រីករាយ​ជំហាន​ដំបូង​នៃ​ការ​ក្លាយជា​គូ​ស្វាមីភរិយា​ថ្មី​ថ្មោង​។ វា​ជា​ដំណើរ​កម្សាន្ត​ដែល​ធ្វើឱ្យ​អ្នក​ទាំង​ពីរ​បំភ្លេច​នូវ​អារម្មណ៍​ស្ត្រេ​ស​ដែល​អ្នកទទួលបាន​ពី​ការរៀបចំ​គម្រោង​អាពាហ៍ពិពាហ៍​របស់​អ្នក​។ ការជ្រើសរើស​កន្លែង​ក្រេប​ទឹកឃ្មុំ​ជា​ការបន្ថែម​នូវ​រសជាតិ​ជីវិត​ដ៏​ផ្អែមល្ហែម ព្រមទាំង​ជា​បទពិសោធន៍​ដ៏​មិនអាច​បំភ្លេច​បានរ​បស់​អ្នក​ទាំង​ពីរ​ផង​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *