Fashion

ម៉ាកហ្វេហ្សិន Dolce & Gabbana

By  | 

ម៉ាក​សម្លៀក​បំពាក់​អ៊ីតាលី​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៨២ ជា​ការរួម​បញ្ចូល​គ្នា​នៃ​ស្នាដៃ​ច្នៃ​ម៉ូដ​ដ៏​វិចិត្រ​រវាង​អ្នក​ច្នៃ​ម៉ូដ​លោក Domenico Dolce និង​លោក Stefano Gabbana​។ ក៏​ប៉ុន្តែ​លុះ​មកដល់​ឆ្នាំ ១៩៨៥ ដៃគូ​ទាំងពីរ​ក៏​មាន​ឱកាស​បង្ហាញ​ស្នាដៃ​ទេពកោសល្យ​របស់​ខ្លួន​នៅ​លើ​ពិស្ត​បង្ហាញ​ម៉ូដដ៏​ទាក់ទាញ​មួយ ដោយ​ពួកគេ​ទទួលបាន​ការអញ្ជើញ​ពី​លោក Beppe Modenese ដើម្បី​បង្កើត​ពិស្ត​បង្ហាញម៉ូដ​ផ្ទាល់ខ្លួន​នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី​។ កូឡិក​ហ្សិ​ន​ដែល​ដាក់​តាំង​បង្ហាញ​នោះ​មានឈ្មោះ​ថា Real Women កូឡិក​ហ្សិន​នេះ​ទទួលបាន​ការកោតសរសើរ​យ៉ាង​ខ្លាំង ជាហេតុ​ធ្វើឱ្យ​អ្នក​ទាំង​ពីរ​ចាប់ផ្តើម​ពង្រីក​ប្រភេទ​ផលិតផល​របស់​ខ្លួន​ដូចជា​អាវ​ចាក់ សម្លៀក​បំពាក់​ទៅ​សមុទ្រ និង​ឈុត​អាវ​ក្នុង​។ កូឡិក​ហ្សិន​សម្លៀក​បំពាក់​បុរ​ស​ដំបូង​របស់​ពួកគេ​គឺ​ដាក់​ចេញ​នៅ​ឆ្នាំ ១៩៩០ ហើយ​ចាប់តាំងពី​ពេលនោះ​មក​ពួកគេ​ក៏​បាន​ពង្រីក​ទីផ្សារ​ទឹកអប់ កាបូប ស្បែកជើង និង​វ៉ែនតា ជាដើម​។​
​ដំបូង​ឡើយ​ម៉ាក​នេះ​បែងចែក​ជា​ពីរ​៖ ទី​មួយ​គឺ​ម៉ាក Dolce & Gabbana ផ្តោត​ទៅលើ​វត្ថុ​ប្រណីតៗ ដែល​មាន​តារា​ល្បីៗ​ជាច្រើន​ចូល​ចិត្ត​ប្រើប្រាស់​ដូចជា​នាង Madonna និង​នាង Scarlett Johansson រី​ឯ​ទី​ពីរ​គឺ​ម៉ាក D & G គឺជា​ស្តា​យល៍​លាយ​បញ្ចូល​គ្នា​គោលដៅ​សម្រាប់​យុវវ័យ និង​អ្នក​ចូលចិត្ត​លេង​ស្តាយល៍​។ ម៉ាក​ទាំង​ពីរ​ក៏​បាន​ដាក់បញ្ចូល​គ្នា​នៅ​ឆ្នាំ ២០១២​។ ផលិតផល​ល្បីៗ​នៃ​ម៉ាក​ដ៏​ល្បី​នេះ​រួមមាន​៖
-​ ​កាត់ដេរ​សម្លៀកបំពាក់​សម្រាប់​បុរស និង​ស្ត្រី​
-​ ​ទឹកអប់​
-​ ​គ្រឿងសម្អាង​
-​ ​ស្បែកជើង​
-​ ​វ៉ែនតា​
-​ ​កាបូប​
-​ ​នាឡិកា​
-​ ​គ្រឿងអលង្ការ​
​ជា​ម៉ាក​ដែល​ល្បីល្បាញ​ផ្នែក​កាត់ដេរ​ម៉ូដ​សម្លៀកបំពាក់ ច្នៃ​ជាមួយ​ក្រណាត់​គុណភាព​ខ្ពស់ ពណ៌​ស្រស់ស្អាត និង​មើលទៅ​មាន​លក្ខណៈ​ធម្មជាតិ​ស្តា​យល៍​ជនជាតិ​មេ​ឌី​ទែ​រ៉ាណេ​។ ម៉ាក​ហ្វេ​ហ្សិន Dolce & Gabbana បាន​ក្លាយទៅជា​ម៉ាក​ដ៏​កំពូល​ផ្នែក​ខាង​លេង​ស្តាយល៍ និង​ភាពទាន់សម័យ​។​
​យើង​បាន​មក​ដល់​ទីបញ្ចប់​នៃ​អត្ថបទ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិន​នេះហើយ​។ សូម​បន្ត​ការ​បំផុសគំនិត​របស់​អ្នក​ទាក់ទង​នឹង​ផ្នែក​ហ្វេ​ហ្សិន​បន្តទៀត យើងខ្ញុំ​នឹង​នាំ​មក​ជូន​លោកអ្នក​នូវ​ម៉ាក​ល្បីៗ​បន្តទៀត​។​

Leave a Reply

Your email address will not be published. Required fields are marked *