Entertainment

​ស្ត្រី​អ្នកជំនួញ​ដ៏​ល្បី​

By  | 

​ស្ត្រី​អ្នកជំនួញ​ដ៏​ល្បី​

​ប្រសិនបើ​យើង​និយាយ​អំពី​ដំណើ​រ​បដិវត្ដន៍ដ៏​អស្ចារ្យ​នៃ​មនុស្ស​ជាតិ​នៅ​សតវត្សរ៍​ចុងក្រោយ​នេះ នុ៎ះ​គឺ​គ្មានអ្វី​ក្រៅពី​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​មនុស្ស​តែប៉ុណ្ណោះ​។ ស្ត្រី​មាន​ចំនួន​ប្រមាណ​ពាក់កណ្តាល​នៃ​ចំនួន​ពលរដ្ឋ​នៃ​ពិភពលោក​។ ក៏ប៉ុន្តែ ក្នុង​រយៈពេល​ជាង​ពីរ​បី​ទសវត្សរ៍​កន្លង​ទៅ សក្តានុពល​នៃ​សមត្ថភាព​របស់​មនុស្ស​ជាង​ពាក់កណ្តាល​នៃ​ពិភពលោក​ទទួលរង​ការ​គេ​មិន​អើពើ​ដោយសារ​តែ​ផ្នត់គំនិត​ដ៏​ចាស់គំរឹល​។ ក៏​ប៉ុន្តែ​ពេល​នេះ​គ្រប់យ៉ាង​ត្រូវបាន​ផ្លាស់ប្តូរ​។​

​យើងខ្ញុំ​សូម​លើកយក​ប្រវត្តិ​ដ៏​ជោគជ័យ​របស់​ស្ត្រី​មួយ​រូប​មក​ចែក​ជូន​ប្រិយមិត្ត​អ្នកអាន​។​

​អ្នកស្រី Mary Barra

​នៅ​កំឡុង​ពាក់កណ្តាល​សតវ្សរ៍​ទី ២០ គឺជា​ពេលវេលា​ដែល​សម្បូរ​ទៅដោយ​ស្ត្រី​ជោគជ័យ​ជាច្រើន​។ អ្នកស្រី Mary Teresa Barra គឺ​ស្ត្រី​មួយរូប​ក្នុង​ចំណោម​ស្ត្រី​ជោគជ័យ​ទាំងនោះ​។ អ្នកស្រី Mary Barra គឺជា​អគ្គនាយក​ប្រតិបត្តិ​ដ៏​ល្បី​ឈ្មោះ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក General Motors​។​

​អ្នកស្រី Mary ប្រសូត​នៅ​ឆ្នាំ ១៩៦១ នៅ​រដ្ឋ Michigan ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​បង្គួរ ហើយ​ក្រុម​គ្រួសារ​អ្នកស្រី​មិន​បានដឹង​ទាល់តែ​សោះ​ថា​អ្នកស្រី​នឹងមាន​គោលបំណង​ដ៏​ធំ​ក្នុង​ជីវិត​បែបនេះ​ឡើយ​។ ជា​អតីត​និស្សិត​បញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន GM អ្នកស្រី​ក៏​បាន​ចុះឈ្មោះ​ចូល​រៀន​ថ្នាក់អនុបណ្ឌិត​ក្រោម​អាហារូបករណ៍​របស់​វិទ្យាស្ថាន GM​។

​អ្នកស្រី Mary បាន​ត្រលប់មក​ចូលធ្វើការ​វិញ​ឱ្យ​ក្រុមហ៊ុន GM វិញ​នៅ​ពេល​ដែល​អ្នកស្រី​មាន​អាយុ ១៨ ឆ្នាំ​ក្នុងនាម​ជា​សិស្ស​ចុះ​កម្មសិក្សា​។ នៅ​ទីនោះ អ្នកស្រី​ទទួលបាន​បទពិសោធន៍​ពីមុខ​តំណែង​ផ្សេងៗ​គ្នា​ជា​ច្រើន​ដោយសារតែ​ការងារ​របស់​អ្នកស្រី​គឺ​តែងតែ​ផ្លាស់​ប្តូរ​។ មាន​ថ្ងៃ​ខ្លះ​គេ​ឱ្យ​អ្នកស្រី​ធ្វើការ​ផ្នែក​ខាង​វិស្វករ ចំណែក​ថ្ងៃ​ខ្លះទៀត គេ​ឱ្យ​អ្នកស្រី​ធ្វើការ​ផ្នែក​រដ្ឋបាល​នៅក្នុង​ការិយាល័យ​។​

​អ្នកស្រី​អាចមក​ចុះ​កម្មសិក្សា​ក្នុង​ក្រុមហ៊ុន​នេះ​បាន​ក៏​ព្រោះតែ​អ្នកស្រី​ជា​និស្សិត​ដែល​មាន​គុណសម្បត្តិ​ល្អ និង​មាន​សមត្ថភាព​ដែល​គេ​ទទួលស្គាល់​។ មនុស្ស​ភាគច្រើន​អាច​នឹង​បោះបង់​ការងារ​នេះ​ចោល​នៅ​ពេល​ដែល​ត្រូវគេ​ផ្លាស់ប្តូរ​ការងារ​ជា​ញឹក​ញយ និង​គួរឱ្យ​ធុញទ្រាន់​បែបនេះ​។ ក៏ប៉ុន្តែ​សម្រាប់​អ្នកស្រី​វិញ​គឺ​មិន​ដូច​មនុស្ស​ភាគច្រើន​ឡើយ​។​

​អ្នកស្រី​នៅតែ​បន្ត​ដាក់ចិត្ត​ដាក់​កាយ​ធ្វើ​ការងារ​របស់​ខ្លួន រហូត​ទទួលបាន​តំណែង​ជា​អនុប្រធាន​នៃ​ក្រុមហ៊ុន Global Manufacturing Engineering នៅ​ឆ្នាំ ២០០៨​។ នៅពេល​នោះ​អ្នកស្រី​ក៏​ចាប់ផ្តើម​កាន់​ការងារ​ប្រកប​ដោយ​ភាព​ស្ទាត់​ជំនាញ និង​ថ្នឹក​ដៃ ស្រាប់តែ​គេ​ផ្លាស់ប្តូរ​អ្នកស្រី​ទៅកាន់​ផ្នែក​ធនធានមនុស្ស VP of Global Human Resources នៅ​ឆ្នាំ ២០០៩​។ ហើយ​អ្វី​ដែល​ពិបាក​លើស​នេះ​ទៅទៀត​នោះ​គឺ​នៅ​ឆ្នាំ ២០១៣ អ្នកស្រី​ក៏​ត្រូវបាន​គេ​ផ្ទេរ​ឱ្យ​មក​ទទួលខុសត្រូវ​គ្រប់គ្រង​ការផ្គត់ផ្គង់​ទំនិញ​តាម​បណ្តា​សាខា និង​ផ្នែក​ទិញ​អន្តរជាតិ​។​

​លុះ​ក្រោយមក អ្នកស្រី​ត្រូវបាន​គេ​ដំឡើង​តំណែង​ជា​នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន GM ដែល​ពេលនោះ​ហើយ​បាន​ធ្វើឱ្យ​អ្នកស្រី Barra ក្លាយជា​ស្ត្រី​ដ៏​ជោគជ័យ​បំផុត​នៅលើ​ពិភពលោក​នា​ពេលបច្ចុប្បន្ន​នេះ​។ សមត្ថភាព​របស់​អ្នកស្រី​ត្រូវបាន​គេ​ធ្វើ​តេស្ត​សាកល្បង​តាំងពី​ឆ្នាំ​ទី ១ ក្នុងនាម​ជា​អគ្គនាយក​ប្រតិបត្តិ នៅពេលដែល​គេ​រកឃើញ​ថា​ដំណើរការ​ផលិត​រថយន្ត​មាន​បញ្ហា​ដ៏​ធំ ហើយ​អ្នកស្រី​ក៏​ចាំបាច់​ត្រូវ​បញ្ជា​ឱ្យ​ប្រមូល​យក​រថយន្ត​ដែល​ដំណើរការ​មិន​ល្អ​ជាង ៣០ លាន​គ្រឿង​ឱ្យ​ត្រលប់​ចូល​រោងចក្រ​វិញ​។ នេះ​ជា​ពេលវេលា​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​អាជីព​របស់​អ្នកស្រី​។ អ្នកស្រី Mary ថែម​ទាំង​ផ្តល់​កសិណ​នៅ​មុខ​តុលាការ និង​ពន្យល់​ហេតុផល​ដែល​អ្នកស្រី​ត្រូវ​បញ្ជា​ឱ្យ​យក​រថយន្ត​ទាំងនោះ​ត្រលប់​ចូល​មក​វិញ​។

​នៅ​កំឡុង​ពេល​នោះ​ក៏​មាន​ការរិះគន់ និង​ចោទប្រកាន់​ជាច្រើន​ផងដែរ​។ មនុស្សម្នា​មិន​ត្រឹមតែ​ចោទប្រកាន់​អគ្គនាយក​ប្រតិបត្តិ​នោះទេ ពួកគេ​ថែមទាំង​ចោទប្រកាន់​ក្រុមហ៊ុន​ទាំងមូល​ផ្ទាល់​ទៅ​លើ​ការអនុវត្ត​ខុស​បច្ចេកទេស​របស់​ខ្លួន​។ អ្នកស្រី Mary បាន​តាំង​អារម្មណ៍​យ៉ាង​ស្ងប់ស្ងាត់ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រកបដោយ​ឥរិយាបថ​ដ៏​គួរឱ្យ​គោរព​។ អ្នកស្រី​បាន​សាង​ស្នាដៃ​ធំៗ ប៉ុន្តែ​ប្រកបដោយ​ភាពជោគជ័យ​តាំងពី​ពេលនោះ​មក​។ អ្នកស្រី​មាន​វត្តមាន​ជាច្រើន​ដង​នៅ​ក្នុង​ទស្ស​វនា​ដ្តី Forbes ក្នុងនាម​ជា​ស្ត្រី​ដ៏​មាន​ឥទ្ធិពល និង​ជោគជ័យ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​៕

Leave a Reply

Your email address will not be published. Required fields are marked *