កត្តាដែលបណ្តាលឱ្យអ្នកស្រ្តីមានការសម្រេចចិត្តចាប់យកអាជីពនេះឡើង ក៏ព្រោះលោកស្រីបានឃើញយល់ថា បុរសអាចកាន់ផ្នែកមុខងារនេះបាន និងអាចប្រកបអាជីពនេះបាន ចុះហេតុអ្វីស្រ្តីមិនអាចធ្វើបាន?
លោកស្រី សូ សុខណា គឺជាអ្នកបញ្ជាយន្តហោះរយៈកម្ពស់ខ្ពស់។ ថ្លែងនៅក្នុងកម្មវិធី “នារីរតនៈ” របស់ក្រសួងកិច្ចការនារី លើប្រធានបទ “ស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ បរិវត្តកម្មឌីជីថល” លោកស្រីបាននិយាយថា លោកស្រីចាប់អាជីពនេះរយៈពេល ២៥ឆ្នាំមកហើយ។ ការបញ្ជាយន្តហោះដោយលោកស្រីផ្ទាល់ អាចលោតដល់ ២០ យន្តហោះក្នុងវេលាតែមួយ នេះបើតាមការបញ្ជាក់របស់លោកស្រីដោយផ្ទាល់។
![](https://ladies.com.kh/wp-content/uploads/2024/05/1140x150-2-scaled.jpg)
លោកស្រី សូ សុខណា មានឆន្ទៈយ៉ាងមុះមុតថា ខ្លួននឹងអាចធ្វើកិច្ចការងារនេះបានដូចបុរសដែរ។ អាជីពជាអ្នកបញ្ជាយន្តហោះរយៈកម្រិតខ្ពស់នេះ បុរសក៏អាចធ្វើបាន ស្រ្តីក៏អាចធ្វើបាន ដូចទៅនឹងអាជីពបើកយន្តហោះផងដែរ។
លោកស្រី បានបន្តនៅក្នុងកិច្ចសម្ភាសនៃក្រសួងកិច្ចការនារី អំពីប្រវត្តិ និងបទពិសោធន៍ផ្ទាល់ខ្លួនជាមួយអាជីពនេះថា ការងារមួយនេះទាល់តែឆ្លងកាត់វគ្គសិក្សាបណ្តុះបណ្តាលទើបអាចចាប់ជំនាញនេះបាន។ យន្តហោះដែលហោះក្នុងដែនអាកាសទាល់តែមានអ្នកបញ្ជាយន្តហោះរយៈកម្រិតខ្ពស់ ទើបអាចហោះតាមទិសដៅបាន។ នៅពេលដែលយន្តហោះមកដល់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវមានការសុំច្បាប់ពីអាជ្ញាធរដែនអាកាស ដើម្បីស្នើសុំផ្នែកខាងលោកស្រីបញ្ជានាំទិសដៅផ្លូវ រហូតទៅដល់ព្រំដែននៃប្រទេសផ្សេងទៀត។
ដោយហេតុ លោកស្រីមើលឃើញថា អាជីពមួយនេះត្បិតថារៀងពិបាកចាប់យកបន្តិចមែន ប៉ុន្តែលោកស្រីមានការលើកទឹកចិត្តដល់ ស្រ្តី និងក្មេងស្រីជំនាន់ក្រោយគ្រប់រូបដែលមានបំណងចង់ចាប់យកអាជីពនេះ សូមមានចិត្តអំណត់អត់ធន់ និង ព្យាយាមសិក្សាស្វែងយល់ឱ្យបានច្បាស់។ ដូចដំណាលកាលលោកស្រីចាប់យកអាជីពនេះដំបូង លោកស្រីគិតថាវាមានការស្មុគស្មាញច្រើន ប៉ុន្តែលោកស្រីមិនបានបោះបង់ឡើយ ថែមទាំងមានការខំប្រឹងព្យាយាម អំណត់អត់ធន់ លោកស្រីក៏ទទួលបានជោគជ័យនៅក្នុងវិស័យការងារនេះ។