កម្ពុជាទទួលពានរង្វាន់The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែង និងបានចូលក្នុងកិច្ចព្រមព្រៀង ស្តីពី ការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ “Biodiversity Beyond National Jurisdiction :BBNJ”។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេច ហ៊ុន ម៉ាណែត បានទទួលពានរង្វាន់ The High Seas Treaty Champion ក្នុងកម្មវិធី High Level Side Event: From Nice too New York: Activate the High Sea Treaty នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក នាថ្ងៃទី២៤ ខែកញ្ញា។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ៖ “ការទទួលបានពានរង្វាន់នេះ បានផ្តល់កិត្តិយសដល់កម្ពុជា ជាប្រទេសគំរូមួយក្នុងចំណោមប្រទេសស្ថាបនិក ទី៥៦ ក្នុងចំណោមប្រទេសចំនួន៦០ ដំបូងគេ ដែលបានចូលក្នុងកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ(BBNJ)”។
សូមបញ្ជាក់ជូនផងដែរ ថា សន្ធិសញ្ញាស្តីពី The High Sea Level Treaty បានបង្កើតឡើងបន្ទាប់ពីប្រទេសដំបូងគេចំនួន ៦០ ប្រទេស បានផ្តល់សច្ចាប័នលើ “កិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ)” អំឡុងពេលនៃព្រឹត្តិការណ៍ពិសេស ស្តីពីសកម្មភាពអាកាសធាតុ ក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
