កម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ ប្រចាំឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។
កម្មវិធីនេះ រៀបចំឡើងដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលដឹកនាំដោយលោកស្រី Holly Hong ដើម្បីស្វែងរកខ្សែភាពយន្តដ៏ល្អឯកសមនឹងទទួលពានរង្វាន់ភាពយន្តឆ្នើម (Best Film) ប្រចាំឆ្នាំ។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ពានរង្វាន់សរុបចំនួន ១៩ពាន ត្រូវបានផ្តល់ជូនដល់ផលិតករ អ្នកនិពន្ធ អ្នកដឹកនាំរឿង ព្រមទាំងតារាសម្តែងឆ្នើមទាំងជាតិ និងអន្តរជាតិក្រោមវត្តមាន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារាត្រីថ្ងៃទី៦ ខែកញ្ញា ដែលជាសក្ខីភាពបញ្ជាក់ពីសមត្ថភាព ទេសពកោសល្យ និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងវិស័យភាពយន្ត។

មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី៣ ត្រូវបានរៀបចំឡើ ងដើម្បីលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើកវិស័យវប្បធម៌រវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ី និងជាការផ្តល់ឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ សិល្បករ សិល្បការិនី និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្តបានជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធពីគ្នាទៅវិញទៅមក និងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត។
សូមបញ្ជាក់ថា មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី៣ ត្រូវបានប្រព្រឹត្តឡើងពីពីថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០២៥។ រយៈពេល៥នៃនៃមហោស្រពនៅទឹកដីកម្ពុជានេះ គឺមានកម្មវិធីអមជាច្រើន ដូចជា៖ ការចាក់បញ្ចាំងភាពយន្ត វេទិកាជជែកអំពីឧស្សាហកម្មភាពយន្ត និងពិធីដើរលើកម្រាលព្រំក្រហមនិងប្រគល់ពានរង្វាន់។