កម្ពុជាទទួលបានអ្នកដំណើរតាមជើងហោះហើរចំនួន ៥,៥៩លាននាក់ ដែលមានកំណើនជាង ២២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣
លោក ស៊ីន ចាន់សេរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា សម្រាប់អ្នកដំណើរចេញ-ចូលវិញ មានចំនួនជាង ៥លាននាក់ (៥,៥៩៩,៨៣១ នាក់) មានការកើនឡើងជាង ២២ %។ ចំពោះទំនិញតាមផ្លូវអាកាស មានចំនួនជាង ៧ម៉ឺនតោន (៧០,៨៤៥ តោន) មានការកើនឡើងជិត៤០%។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក (PATA) បានថ្លែងសាទរចំពោះកំណើនអ្នកដំណើរចេញ-ចូល តាមជើងអាកាស ប៉ុន្តែរូបលោកបានផ្ដល់យោបល់ឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជនត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត នៅចំពេលដែលពិភពលោកកាន់តែរួមតូចនៅក្នុងទីផ្សារ ដែលមានការប្រកួតប្រជែងកាន់តែខ្លាំង។
ការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅតែជារបៀបវារៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម, ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស និងបង្កើតការងារ។