គម្រោងវិនិយោគថ្មីមួយទៀតនឹងគ្រោងរៀបចំឡើងដោយ ក្រុមហ៊ុន yunnan Investment Holding Group Co., Ltd (YIG) ជាក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ដែលបានបង្ហាញពីបំណងវិនិយោគ ដើម្បីអភិវឌ្ឍនតំបន់សេដ្ឋកិច្ច នៅជិតអាកាសយានដ្ឋានសៀមរាប-អង្គរ បន្ថែមថ្មីមួយទៀត។
នៅក្នុងនោះ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលស្វាគមន៍ជាមួយក្រុមហ៊ុន YIG ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុវពលវិនិយោគនៅកម្ពុជា និងបានបង្ហាញជូនពីស្ថានភាពវិនិយោគ ច្បាប់និងបទប្បញ្ញាតិពាក់ព័ន្ធ វិស័យដែលមានសក្តានុពល ការផ្តល់កិច្ចសម្រួលវិនិយោគ និងបានធ្វើការកត់សំគាល់ ពីកំណើនវិនិយោគចិនដោយផ្តើមចេញ ពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគួយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន។
លោក Lu Xiaolong ដែលជាប្រធានក្រុមហ៊ុន YIG បានធ្វើការថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍កម្ពុជា ដែលបានជួយសម្រួល និងគាំទ្រ ដល់គម្រោងអាកាសយានដ្ឋានអនុ្តរជាតិ សៀមរាប-អង្គរ ។ ហើយលោក Lu Xiaolong បានបង្ហាញពីគម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅជិតអាកាសយានដ្ឋាន ដោយចំពោះការវិនិយោគនោះ គ្រោងនឹងផ្តោត លើសកម្មភាពបឋមចំនួន៣ រួមមាន៖ ១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ២- ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ៣- ការវិនិយោគក្នុងវិស័យកសិកម្ម។
រួមជាមួយនោះលោក ជា វុទ្ធី ដែលជាអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានគាំទ្រ ដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះ នឹងជួយចូលរួមអភិវឌ្ឍសង្គម សេដ្ចកិច្ចកម្ពុជា ពិសេសការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានជំរុញឲ្យភាគីចិន ជួយទាក់ទាញទេសចរ ឲ្យមកទស្សនាកម្ពុជាឲ្យបានច្រើន ពិសេសខេត្តសៀមរាប ព្រមទាំងបានលើកទឹកចិត្ត ឲ្យក្រុមហ៊ុនធ្វើការគិតគួរ ក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីបម្រើឲ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ជាពិសេស ការជំរុញការនាំចេញនៅនឹងកន្លែងតាមរយៈភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា ផងដែរ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប ដែលមានចម្ងាយ៤០គីឡូពីប្រាសាទអង្គរ និង៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕