គណៈប្រតិភូចិន ចាប់អារម្មណ៍មកកាន់ប្រទសកម្ពុជា លើវិស័យ២ ធំៗគឺ៖ ការវិនិយោគក្នុងវិស័យកសិកម្ម និងការវិនិយោគក្នុងវិស័យសំណង់ ជាពិសេសក្នុងការស្វែងយល់បន្ថែមអំពីបរិយាកាសធុរកិច្ចកម្ពុជា ឱកាសវិនិយោគ និងផ្នែកសក្តានុពលណាមួយសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ។
នៅក្នុងជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និង គណៈប្រតិភូប្រទេសចិន ដោយមានការចូលរួមអមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Panzhihua Urban Construction និងក្រុមហ៊ុន Transportation (Group) Co.,Ltd. មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅចុងខែឧសភានេះ។
CDC បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅទៅដល់គណៈប្រតិភូ របស់ប្រទេសចិន ដោយក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងបានចាប់អារម្មណ៍សសើរពីការសានុវឌ្ឍភាពនៃការវិនិយោគមកកាន់ប្រទេសកម្ពុជា ក្នុងនោះក៏បានលើកឡើងទាក់ទងជាមួយនឹងការលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជាដែលផ្តល់លើសកម្មភាពវិនិយោគ និង វិស័យដែលមានសក្តានុពល និងការវិនិយោគប្រកបដោយចីរភាពដែលស្ថិតក្នុងប្រទេសកម្ពុជា ព្រមទាំងបានយកចិត្តទុកដាក់ជាពិសេសលើការប្រែលប្រួលអាកាសធាតុជាដើម។
គណៈប្រតិភូចិន បានជំរាបជូនដល់ CDC អំពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកឱកាសអាជីវកម្មដែលមានសក្តានុពល ការបង្កើនទំនាក់ទំនងគ្នាទៅវិញទៅមក និងពិភាក្សាអំពីឱកាសក្នុងការសហការណ៏នាពេលអនាគត។
នៅក្នុងនោះ គណៈប្រតិភូចិន មានការចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជាមានវិស័យចំនួន២ធំៗ គឺ ការវិនិយោគក្នុងវិស័យកសិកម្ម និងការវិនិយោគក្នុងវិស័យសំណង់ ជាពិសេសក្នុងការស្វែងយល់បន្ថែមអំពីបរិយាកាសធុរកិច្ចកម្ពុជា ឱកាសវិនិយោគ និងផ្នែកសក្តានុពលណាមួយសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ផងដែរ។
សូមបញ្ជាក់ថា ជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង គណៈប្រតិភូចិន បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការ CDC។