ខណៈការបោះឆ្នោតតាមប្រព័ន្ធអនឡាញជិតដល់ពេលបញ្ចប់ ដោយ ល្អហួស នៅតែដេញតាមបេក្ខនារីរបស់ថៃនោះ នៅថ្ងៃនេះ ពេជ្រ សោភា ចេញមុខជួយរកសំឡេងឆ្នោតបន្ថែមឲ្យបេក្ខនារីកម្ពុជា។
នៅពេលនេះ ល្អហួស កំពុងនៅប្រទេសថៃសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រយកមកុដ ខណៈការបោះឆ្នោតតាមប្រព័ន្ធអនឡាញសម្រាប់ជយលាភី Top Female Contestants នៅសល់តែប្រមាណ ៥ម៉ោងទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងបិទបញ្ចប់។
គិតត្រឹមព្រឹកម៉ោង ៩ និង ៤០នាទីព្រឹកនេះ សំឡេងឆ្នោតគាំទ្រល្អហួសមានចំនួន ៤៧៥០០សំឡេង ឈរនៅលំដាប់លេខ២ ចាញ់បេក្ខភាពរបស់ប្រទេសថៃប្រមាណជិត ១ម៉ឺនសំឡេង ដោយគិតត្រឹមម៉ោងដូចគ្នា បេក្ខនារីថៃទទួលបានសំឡេងបោះឆ្នោតគាំទ្រចំនួន 54815។
ឃើញដូច្នេះ ពេជ្រ សោភា បានចេញមុខដោយផ្ទាល់នៅថ្ងៃនេះ ដើម្បីកៀគរការបោះឆ្នោតឲ្យ ល្អហួស បន្ថែម។ សោភា បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់នាងនៅថ្ងៃនេះ ដោយស្នើឲ្យអ្នកគាំទ្ររបស់នាង ជួយបោះឆ្នោតឲ្យយុវតីកម្ពុជាផង។ ភ្លាមៗ គេឃើញអ្នកគាំទ្ររបស់ជាច្រើនបានចូលរួមធ្វើការបោះឆ្នោតជាច្រើនហូរហែ។
យ៉ាងណា នៅមិនទាន់ធ្វើ ល្អហួស ប្រែប្រួលចំណាត់ថ្នាក់នៅឡើយ ដោយគិតត្រឹមម៉ោង ៩ និង ៥០នាទី ព្រឹកថ្ងៃទី ២៩ មីនា នេះ បេក្ខភាពរបស់ថៃនៅតែនាំមុខដដែល។
ដើម្បីអាចធ្វើការបោះឆ្នោតតាមអនឡាញគាំទ្រ ល្អហួស បានសូមចុចលើតំណរនេះ…មុនការបោះឆ្នោតនឹងបិទបញ្ចប់ប្រមាណ ៥ម៉ោងទៀត៕