បន្ទាប់ពីបានទៅដល់ប្រទេសបារាំងតាំងពីប៉ុន្មានថ្ងៃមុន ទីបំផុតលោក អូលីវ៉ា គង់ គ្រូបង្ហាត់ដើរម៉ូត និងជាអ្នកច្នៃម៉ូតផងនោះ បានឈានឡើងលើកម្រាលព្រំក្រហម Cannes Film Festival ២០២៤ ហើយ។
នេះជាលើកដំបូងបំផុតរបស់គង់ គ្រូបង្ហាត់ដើរម៉ូត អ្នកជាអ្នកច្នៃម៉ូតកម្ពុជា នៅលើកម្រាលព្រំក្រហមកម្មវិធីដ៏មានអាយុកាលជិត១សតវត្សរ៍របស់បារាំង។
នៅថ្ងៃទី១នេះ អូលីវ៉ា គង់ បាន នាំឈុតដ៏ប្លែកភ្នែកមួយ រចនាពីរូបផ្ការាប់រយចម្រុះពណ៌គួរជាទីទាក់ទាញ។ សម្រាប់សាមីខ្លួនបានដាក់ឈ្មោះឈុតរបស់ខ្លួនថា “ឈុតសមរាត្រីបរមវិស្ណុលោក” និងជាឈុតរយលានអត្ថន័យ ឫ Millions Followers ។
រូបភាព៖ Gettyimages/Photo by Gisela Schober
លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បានបញ្ជាក់ថា មុនអាចឡើងកម្រាលព្រំក្រហមបាន លោកបានជួបឧបសគ្គមួយធ្វើអោយលោកមានការយឺតយ៉ាវយ៉ាងខ្លាំង ដោយសារជាន់ម៉ោងអ្នកនយោបាយរបស់ប្រទេសគេធ្វើដំណើរ។
លោកថ្លែងថា “ទៅខកម៉ោងអ្នកនយោបាយប្រទេសគេចុះមក គេបិទផ្លូវជិត១ម៉ោង ខ្ញុំចុះរត់ជាមួយអាវផ្កាទង្ងន់៣០គីឡូ ជាមួយ Tien kimcheng ជិតដាច់ខ្យល់ ទោះជាយ៉ាងណាខ្ញុំអាចធ្វើបានហើយ មានតែត្រៀមកំលាំងសម្រាប់ឈុតថ្ងៃស្អែកឲ្យល្អ!”។
យ៉ាងណាដោយការប្រឹងប្រែង ព្យាយាម លោកបានបំពេញបេកកម្មរបស់ខ្លួនបានសម្រេចនៅថ្ងៃទី១។ ថ្ងៃស្អែក លោកនឹងបង្ហាញជាថ្មីទៀតដែលជាថ្ងៃទី ២ នៅលើកម្រាលព្រំក្រហម Cannes Film Festival 2024។
មុនចាកចេញពីកម្ពុជា អូលីវ៉ា គង់ ប្រាប់ថា បានត្រៀមឈុតជាច្រើនដើម្បីបង្ហាញទៅពិភពលោកអំពីសិល្បៈវប្បធម៌របស់ខ្មែរ ក្នុងនោះមានឈុតដែលដកស្រង់ចេញពីរឿង “កូរសមុទ្រទឹកដោះ” ទៀតផង៕