ប្រទេសសិង្ហបុរីកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយដាក់នូវបង្គោលភ្លើងសាធារណៈ បង្កប់ប្រព័ន្ធឆ្លាតវ័យដែលមានមុខងារច្រើន។ បង្គោលភ្លើងទំនើបទាំងនោះ ត្រូវបានបំពាក់ជាមួយនឹងកាមេរ៉ា CCTV សម្រាប់ការឃ្លាំមើលព្រឹត្តិការណ៍ជាក់ស្តែងទាន់ហេតុការណ៍ រួមបញ្ចូលទាំង Wi-Fi HotsPot ដើម្បីផ្តល់អ៊ីនធឺណិតសាធារណៈ និងប៊ូតុងសង្គ្រោះបន្ទាន់សម្រាប់ការទំនាក់ទំនងភ្លាមៗជាមួយប៉ូលីស ព្រមទាំងឧបករណ៍ចាប់សញ្ញាគុណភាពខ្យល់ ដើម្បីតាមដានកម្រិតនៃការបំពុលបរិយាកាស។
តាមរយៈការរួមបញ្ចូលប្រព័ន្ធដ៏ឆ្លាតវ័យទាំងនេះ ចរាចរណ៍នៅក្នុងប្រទេសសិង្ហបុរីអាចកាត់បន្ថយការកកស្ទះនៅតាមដងផ្លូវសាធារណៈ ខណៈពេលដែលបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ទ្វេរដង។
បង្គោលភ្លើងឆ្លាតវៃ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ “Smart Nation” ដ៏ទូលំទូលាយរបស់ប្រទេសសិង្ហបុរី ដែលនេះជាបច្ចេកវិទ្យាមួយដ៏ចាំបាច់ ត្រូវបានបញ្ចូលទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក្នុងគោលបំណងបង្កើនគុណភាពនៃការរស់នៅឱ្យកាន់តែប្រសើរ។

តាមរយៈការរួមបញ្ចូលលក្ខណៈពិសេសទាំងអស់នេះ ប្រព័ន្ធចង្កៀងឆ្លាតវៃកំពុងបំប្លែងភ្លើងតាមដងផ្លូវធម្មតាទៅជាវេទិកាដ៏មានឥទ្ធិពលសម្រាប់សុវត្ថិភាពសាធារណៈ និរន្តរភាព និងការតភ្ជាប់ឌីជីថល។ វិធីសាស្រ្តបង្កើតបង្គោលភ្លើងឆ្លាតវៃរបស់ប្រទេសសិង្ហបុរីបានឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏ទូលំទូលាយរបស់ខ្លួនក្នុងការក្លាយជា “ប្រទេសឆ្លាតវៃ” ពិតប្រាកដ ដែលគ្រប់ផ្នែកនៃហេដ្ឋារចនាសម្ព័ន្ធទីក្រុងបម្រើគោលបំណងជាច្រើន ដើម្បីបង្កើនជីវិតប្រចាំថ្ងៃនៅក្នុងទីក្រុងទាំងមូល។