ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ត្រូវបានរៀបចំឡើងដោយសមាគមសិល្បករខ្មែរក្រោមកិច្ចសហការគាំទ្រ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា សហព័ន្ធទេសចរណ៍កម្ពុជា និងដៃគូសហការជាច្រើនទៀតក្នុងគោលបំណងធ្វើការផ្សព្វផ្សាយសិល្បៈវប្បធម៌ ដើម្បីទេសចរណ៍នៅលើទឹកដីនៃប្រវត្តិសាស្ត្រដ៏រុងរឿងសៀមរាបអង្គរដ៏អច្ឆរិយៈរបស់ព្រះរាជាណាចក្រកម្ពុជា។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីនៃព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយសិល្បៈវប្បធម៌ ដើម្បីទេសចរណ៍នៅលើទឹកដីនៃប្រវត្តិសាស្ត្រដ៏រុងរឿងនៃខេត្តសៀមរាប អង្គរដ៏អច្ឆរិយៈរបស់កម្ពុជា។ ដោយ សម្ដេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍បន្ថែមថា «ខ្ញុំសូមលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន រៀបចំឱ្យកម្មវិធីប្រកបដោយអត្ថន័យនេះជាច្រើនទៀត ដោយឈរលើគោលការណ៍ អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស ដោយរួមគ្នាជាបាច់ជាមួយស្ថាប័នរដ្ឋ ឯកជន និងអ្នកពាក់ព័ន្ធគ្រប់ៗរូប ដើម្បីទាក់ទាញភ្ញៀវទេសចរមកប្រទេសកម្ពុជា ឲ្យកាន់តែច្រើនឡើង សំដៅរួមចំណែកការបង្កើនការងារ, ប្រាក់ចំណូល, ការចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ»។
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងថា ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា គឺជាការផ្តល់ឱកាសឲ្យសិល្បករ សិល្បការិនីដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកាល្អៗមកជួបជុំគ្នានៅលើដែនដីអង្គរដ៏អស្ចារ្យ ដោយមានគោលបំណងរួមគ្នាក្នុងការផលិតមាតិការវីដេអូខ្លីៗ ស្តីអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់អង្គរ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ ធម្មជាតិរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។ស្នាមញញឹមរបស់ខ្មែរគឺជាស្នាមញញឹមមួយមិនមែនមានត្រឹមតែនៅលើផ្ទៃមុខរបស់ជនជាតិខ្មែរមួយរូប មួយរូបនោះឡើយ គឺជាស្នាមញញឹមប្រកបដោយព្រហ្មវិហារធម៌នៃប្រាសាទបាយ័នជាស្នាដៃបុព្វបុរសខ្មែរ បានផ្ដល់ជាមរតកបង្កប់ក្នុងស្នាមញញឹមរបស់កូនខ្មែរគ្រប់ៗជំនាន់ជាបន្តបន្ទាប់ ដែលនេះគឺជាស្នាមញញឹមដ៏ស្រស់ស្រាយរាក់ទាក់ទាក់ទាញដែលពិភពលោកទទួលស្គាល់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤នេះ គឺជាកិត្តិយសដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់ខេត្តសៀមរាបទាំងមូល ដែលជាកក្តាជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានបំណងចង់ចូលទស្សនា ក៏ ដូចជាបានសិក្សាឈ្វេងយល់អំពីវប្បធម៌ ប្រពៃណីខ្មែរ អមជាមួយនឹងការផ្ដល់ឱកាសឱ្យភ្ញៀវទេសចរភ្លក់នូវរស់ជាតិម្ហូបខ្មែរដ៏ឈ្ងុយឆ្ញាញ់ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាជនក្នុង ខេត្តសៀមរាប៕