ខោដែលច្នៃម៉ូតចេញពីក្រមាខ្មែរ របស់ មាន សូនីតា បាន និងកំពុងមានការចាប់អារម្មណ៍ច្រើនពីសំណាក់យុវវ័យ ប៉ុន្តែតាមសាមីខ្លួនតារាស្រីបានឲ្យដឹងថា បើទោះការលក់កើនឡើងបន្តិច ប៉ុន្តែនាងលក់ទាំងអស់ចំណេញនោះទេ ព្រោះតែចង់ឃើញយុវជនស្លៀកខោនេះដើរលេងបុណ្យចូលឆ្នាំខ្មែរ។
មាន សូនីតា បានចាប់ផ្ដើមយុទ្ធនាការលក់ខោក្រមាខ្មែរកាលពីថ្មីៗនេះ បន្ទាប់ពីជោគជ័យ លើការបំផុសពីក្រមាខ្មែរកាលពីប៉ុន្មានឆ្នាំមុន។ នេះជាបេសកកម្មថ្មីមួយទៀតលើផលិតផលខ្មែរ ខណៈបច្ចុប្បន្ននាងក៏បាន និងកំពុងដំណើរការ គម្រោងលើកកម្ពស់ទេសចរណ៍ក្នុងស្រុកហៅថា “កម្ពុជាឋានសួគ៌លើដី” ជាមួយអ្នកនិពន្ធ ម៉ុង ម៉ានិត ដែរ។

ខោក្រមាខ្មែរដែលច្នៃម៉ូតដោយ មាន សូនីតា ផ្ទាល់ ត្រូវបានគេមើលឃើញថា ស្អាត ស័ក្តិសមជាមួយយុវជនដែលអាចស្លៀកបាន ទាំងបុរស និងនារី ហើយបច្ចុប្បន្ន កំពុងមានការគាំទ្រគួរឲ្យកត់សម្គាល់។ យ៉ាងណា តាម សូនីតា ការកើនឡើងមានកម្រិតតិចតួចនៅឡើយ។ នាងថា អតិថិន ភាគច្រើនសាញត្រង់តម្លៃ ប៉ុន្តែនាងថា តម្លៃដែលនាងដាក់លក់ គឺអត់ចំណេញនោះទេ។
យ៉ាងនេះក្ដី នាង នៅតែបន្តការងារនេះ ព្រោះទី១ ចង់ផ្ដល់ការងារដល់ស្ត្រីសហគមន៍ និងទី២ គឺចង់ឃើញខោក្រមាខ្មែរ ត្រូវបានយុវជនស្លៀកដើរលេងចូលឆ្នាំ។
ខោក្រមាខ្មែរ របស់ មាន សូនីតា ដាក់លក់ក្នុងតម្លៃ ៣២ ០០០រៀលក្នុង១ខោ ស្មើនឹងប្រមាណ ៨ដុល្លារអាមេរិក។ ករណីអតិថិជនកក់មុន តម្លៃនៅសល់តែ ២៨ ០០០រៀលតែប៉ុណ្ណោះ។ ការងារនេះ សូនីតា បានផ្ដល់ការងារដល់ស្ត្រីចំនួន ១០នាក់ ដែលពួកគាត់អាចរកចំណូលបានខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាព។
ចំពោះបញ្ហាតម្លៃនេះ តារាស្រីបញ្ជាក់ថា បច្ចុប្បន្នថ្លៃដើមនៅខ្ពស់ ដោយសារការកុម្ម៉ង់នៅមានចំនួនតិចតួចនៅឡើយ។ ដូច្នេះហើយ នាងរំពឹងថា តទៅមុខទៀត ការបញ្ជាទិញនឹងកើនឡើង ដែលនឹងផ្ដល់លទ្ធភាពឲ្យនាងទទួលបានថ្លៃដើមទាប ហើយនាងក៏អាចលក់ក្នុងតម្លៃធូរជាងនេះទៅអតិថិជនដែរ។
រាជនីក្រមា បញ្ជាក់ថា តាមពិត នាងអាចកុម្ម៉ង់រោងចក្រធ្វើក្នុងចំនួនច្រើនបាន ហើយតម្លៃធូរជាង លឿនជាងទៀត ប៉ុន្តែនាងមិនយកជម្រើសនេះ ព្រោះតែចង់ឲ្យការងារហូរចូលទៅស្ត្រីសហគមន៍នោះឯង៕