សមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានប្រកាសរៀបចំជាលើកដំបូងនៅកម្ពុជានូវនារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ ស្របយប់មិញកម្មវិធីបានរៀបចំបង្ហាញបេក្ខនារីទាំង ១០០នាក់ដែលត្រូវប្រជែងគ្នាឆ្ពោះទៅរកជយលាភីនៅចុងខែមីនានេះ។
តាមលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្ដីទី សមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានឲ្យដឹងថា អ្វីដែលកើតមាននៅថ្ងៃនេះជាផែនការមួយរបស់សមាគម ដែលខិតខំរិះរកគំនិតថ្មីក្នុងជំរុញវិស័យគ្រឿងអលង្ការកម្ពុជាកាន់តែរីកចម្រើនទៅមុខ។
លោកបណ្ឌិតបន្តឲ្យដឹងថា វត្តមានរបស់កម្មវិធី នារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ គឺជាចេញដំណើរដ៏ល្អមួយ ក្នុងទិសដៅរបស់សមាគម គឺនាំយកគ្រឿងអលង្ការកម្ពុជាទៅបង្ហាញលើឆាកអន្តរជាតិនេះ។ ក្នុងទស្សនវិស័យបែបនេះ លោកបណ្ឌិត ឆាយ ស៊ីណាត បញ្ជាក់ថា អ្វីៗទៅរួចដោយសារថា សមាគមមានបណ្ដាញគ្រប់ទិសទីទាំងថ្នាក់តំបន់ និងកម្រិតពិភពលោករួចហើយ។
លោកបន្ថែមថា ដៃគូអន្តរជាតិ កំពុងសំឡឹងមើលពីកម្មវិធី នារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិរបស់កម្ពុជាដូចគ្នា ប្រសិនបើអ្វីដំណើរការល្អ ថ្ងៃមុខគឺមានលទ្ធភាពច្រើន ដែលគ្រឿងអលង្ការកម្ពុជាឆ្ពោះទៅឆាកអន្តរជាតិ។
កម្មវិធី បាននាំយកបេក្ខនារីចំនួន ១០០រូប សុទ្ធតែមានសម្រស់ស្រស់ស្អាត មានសមត្ថភាពមកជួបជុំគ្នាដើម្បីធ្វើការប្រកួតជម្រុះឆ្ពោះទៅថ្ងៃផ្ដាច់ព្រ័ត្រ។
កញ្ញា មាន សូនីតា ដែលអតីតជាបេក្ខភាពហ្វេ្រស៊ីមួយរូបពីអតីតកាល និងត្រូវបានជ្រើសរើសជាគណៈកម្មការ បានលើកឡើងថា កញ្ញា មានមោទកភាពចំពោះការរួមចំណែកជាមួយកម្មវិធីនាគ្រានេះ ហើយកញ្ញាលើកទឹកចិត្តឲ្យប្អូនជំនាន់ក្រោយឲ្យប្រឹងប្រែងអស់ពីសមត្ថភាព ព្រោះអនាគតដ៏ភ្លឺស្វាងកំពុងរង់ចាំនៅខាងមុខហើយ។
កម្មវិធីផ្ដាច់ព្រ័ត្រ កម្មវិធី នារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២៥ មីនាខាងមុខនេះនៅទីក្រុងកោះពេជ្រ៕