ប្រិយមិត្តនៅលើបណ្ដាញសង្គម បាន និងចូលរួមអបអរបេក្ខនារីកូនខ្មែរម្នាក់មានឈ្មោះថា ហ្រ្វេតឌ្រីកសន អេរីកាស្កាយ បានប្រឡងឈ្នះមកុដគួរជាទីមោទនៈនៅលើទឹកដីប្រទេសម៉ាឡេស៊ីកាលយប់មិញនេះ។
បេក្ខនារីពាក់ស្លាកលេខ ២៨ របស់កម្ពុជា ហ្រ្វេតឌ្រីកសន អេរីកាស្កាយ បានចូលរួមប្រឡងក្នុងកម្មវិធី Miss Preteen Global 2024 ក្នុងវេលាដ៏រំជើបរំជួល។
ឆ្លងកាត់ការប្រកួតជម្រុះយ៉ាងស្វិតស្វាញ ហ្រ្វេតឌ្រីកសន អេរីកាស្កាយ បានដល់វគ្គផ្ដាច់ព្រ័ត្រជាមួយបេក្ខនារីស្បែកខ្មៅមួយរូប។ ដោយសារមានសម្រស់ស្អាតទាំងក្នុង និងខាងក្រៅ បេក្ខនារីកម្ពុជាត្រូវបានប្រកាសជាជយលាភីក្នុងកម្មវិធីខាងលើសម្រាប់ឆ្នាំ ២០២៤ ដែលសូម្បីតែសាមីខ្លួនក៏នឹកស្មានមិនដល់។
ហ្រ្វេតឌ្រីកសន អេរីកាស្កាយ បានលោតភ្លាមៗ ក្រោយពីលឺលេខរៀងរបស់នាង ត្រូវបានបន្លឺឡើងពីមាត់របស់គណៈកម្មការ។ យុវតីស្រស់ស្អាត និងមានភាពជឿជាក់ខ្លាំងរូបនេះ ពោលដោយមោទកភាពថា “ខ្មែរធ្វើបានហើយ!”។ កញ្ញា សូមចូលរួមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលបានផ្ដល់ការគាំទ្រចំពោះនាងតាំងពីពេលចាប់ផ្ដើម រហូតដល់ចុងបញ្ចប់នៃកម្ពុជា។
តាមការបញ្ជាក់របស់ ហ្រ្វេតឌ្រីកសន អេរីកាស្កាយ នាងនឹងមកនាំយកមកុដ Miss Preteen Global 2024 មកដល់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៩ មីនា ២០២៤នេះ៕