ប្រទេសកម្ពុជាមានប្រពៃណីជាង ៧០០ឆ្នាំ មកហើយក្នុងការដាំដុះម្រេច ដែលជាអត្ថប្រយោជន៍ពីធម្មជាតិមិនអាចរំលងបាន។ នៅក្នុងឆ្នាំ ២០២៤នេះ កម្ពុជាសម្រេចបានគោលដៅទីផ្សារដ៏ធំមួយទៀតគឺ បាននាំចេញម្រេចខ្មៅទៅទីផ្សារចិនជាលើកដំបូង ក្នុងបរិមាណ៣០តោន។
ជាក់ស្តែង ម្រេចគឺជាផលិតផលកសិកម្មដំបូងរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ហើយក៏ជាគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ ម្រេចកម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រភេទម្រេចដែលមានគុណភាពល្អក្នុងការនាំចេញទៅកាន់ពិភពលោក។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសជាផ្លូវការថា ម្រេចរបស់កម្ពុជា ត្រូវបានអនុញ្ញាត ឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីបានបំពេញគ្រប់លក្ខខណ្ឌតម្រូវរួចរាល់។ ក្នុងនោះមានទីតាំងដាំម្រេចចំនួន ២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ត្រូវបានចុះបញ្ជី និងទទួលបានការអនុញ្ញាតពីភាគីចិន ក្នុងការនាំចេញ។
ចំពោះការនាំចេញម្រេចខ្មៅចំនួន ៣០តោន ទៅទីផ្សារចិននេះ គឺធ្វើការនាំចេញដោយក្រុមហ៊ុន Sela Pepper។ អ្នកគ្រប់គ្រងក្រុមហ៊ុន Sela Pepper បានអោយដឹងថា ចិនគឺជាទីផ្សារធំ ហើយនាំចេញម្រេចជាលើកដំបូងទៅទីផ្សារនេះ នឹងធ្វើឱ្យប្រជាជននៅប្រទេសចិន បានស្គាល់ពីរសជាតិម្រេចកម្ពុជា។ ជាមួយគ្នានេះ ការនាំចេញម្រេចទៅកាន់ទីផ្សារចិននេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយ ពីផលិតផលម្រេចកម្ពុជាទៅកាន់បណ្តាប្រទេសផ្សេងៗទៀតផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Sela Pepper បាននាំចេញម្រេចទៅកាន់ទីផ្សារមួយចំនួនដូចជា ប្រទេសជប៉ុន កូរ៉េ អាល្លឺម៉ង អូលែន ម៉ាលី និងថៃជាដើម។
បើតាមរយបាយការណ៍របស់ក្រសួងកសិកម្មរក្ខាប្រមាញ់ និងនេសាទ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ កម្ពុជាមានផ្ទៃដីដាំម្រេចចំនួនជាង ៧២០០ហិចតា នៅខេត្តចំនួន១០ទូទាំងប្រទេស។ ខេត្តដែលដាំដំណាំម្រេចច្រើនជាងគេនោះគឺ ខេត្តកំពង់ធំ មណ្ឌលគីរី រតនៈគីរី និងត្បូងឃ្មុំ។ តាមរបាយការណ៍បានឱ្យដឹងថា ត្រឹម១១ខែ កាលពីឆ្នាំ២០២៣ កម្ពុជាបាននាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦ពាន់តោន ក្នុងប្រទេសដែលនាំចូលម្រេចពីកម្ពុជាច្រើនជាងគេគឺ វៀតណាម បន្ទប់មកប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ផងដែរ៕