ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” ជាព្រឹត្តិការណ៍អមក្នុង “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ វេទិកានេះ ធ្វើឡើងក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល”។
វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសជូនក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំ សង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យា នូវការពិភាក្សាអំពីគោលនយោបាយ ពាក់ព័ន្ធនឹងអ៊ីនធឺណិតថ្នាក់ជាតិ ព្រមទាំងជម្រុញការចាប់យកឧត្តមានុវត្តន៍ពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងកម្រិតតំបន់ និងទូទាំងពិភពលោក។
លើសពីនេះ នៅក្នុងវេទិការទាំងមូល ក៏មានពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល។ តាមរយៈវេទិកានេះ នឹងមានព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP), UNDP, UNICEF, ITU, GIZ, មូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play មកពីតំបន់ Silicon Valley សហរដ្ឋអាម៉េរិកផងដែរ។

ដើម្បីធានាការរៀបចំកម្មវិធីនេះ ប្រកបដោយបរិយាបន្ន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអញ្ជើញ គ្រឹះស្ថានអប់រំ សង្គមស៊ីវិល ក្រុមហ៊ុន និងសហគមន៍បច្ចេកវិទ្យា ចូលរួម ក្នុងដំណើរការរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” ដោយធ្វើការចុះឈ្មោះចូលរួមតាមរយៈ QR Code ដូចមានភ្ជាប់ជូនខាងក្រោម ត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។

ខ្មែរ
English








