ស្បែកជើងជារបស់ដែលយើងខ្វះមិនបាននៅរាល់ពេលចេញពីក្រៅផ្ទះ ហើយវាបានក្លាយជាហ្វេស្សិន តុបតែងខ្លួនដែលយើងម្នាក់ៗមានការសម្រិតសម្រាំងខ្លាំងបំផុត ធ្វើយ៉ាងណាត្រូវឱ្យប្រាកដថា ស្បែកជើងយើងជ្រើសរើសពាក់នោះ ស្រួលជើង និង ស័ក្តិសមជាមួយកម្មវិធីដែលយើងចូលរួម។ សម័យកាលចេះតែវិវឌ្ឍន៍ទៅមុខ ម៉ូតស្បែកជើងរាប់លានម៉ូតបានចេញលក់នៅលើទីផ្សារ។ ស្បែកជើងខ្លះ មានតម្លៃរាប់លានដុល្លារ ក្នុង១គូ ដែលគេផលិតមកជាពិសេសសម្រាប់អ្នកល្បី មានមុខមានមាត់នៅក្នុងសង្គម និង អ្នកជំនួញលំដាប់កំពូលជាដើម។
១. Moonstar Shoes By Antonio Vietri / តម្លៃ ១៩,៩ លានដុល្លារ
មានតម្លៃថ្លៃកប់ពពក ស្បែកជើង Monstar shoes ត្រូវបានរចនាម៉ូតដោយ Antonio Vietri។ កែងរបស់ស្បែកជើងនេះ ធ្វើឡើងពីមាស ហើយតួស្បែកជើងដាំពេជ្រ ៣០ ការ៉ាត់។ ស្បែកជើងតម្លៃជិត ២០លានដុល្លារនេះ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MIDE Fashion Week នៅក្នុងទីក្រុងឌូបៃ។ គួរបញ្ជាក់បន្តិចដែរថា ការរចនាម៉ូតនៃស្បែកជើងថ្លៃជាងគេលើលោកនេះ ក៏បំផុសគំនិតចេញពីម៉ូតអគារ Burj Khalifa។ ទន្ទឹមនឹងនេះ នៅរាល់ពេលមានការបញ្ជាទិញពីសំណាក់អភិជនណាម្នាក់ ស្បែកជើង Monstar shoes ត្រូវបានគេដឹកតាមយន្តហោះទៅដល់ផ្ទះរបស់អតិថិជនតែម្តង។
២. Jada Dubai And Passion Jewellers Passion Diamond Shoes / តម្លៃ ១៧ លានដុល្លារ
ក្រុមហ៊ុនរចនាម៉ូតស្បែកជើងប្រណិត Jada Dubai បានសហការគ្នាជាមួយនឹង Passion Jewellers ធ្វើការបញ្ចេញនូវស្បែកជើងដែលស្ថិតក្នុងបញ្ជីថ្លៃកប់ពពក។ ស្បែកជើងនេះមានតម្លៃ ១៧ លានដុល្លារ និងបានដាក់តាំងបង្ហាញជាលើកដំបូងនៅ Burj Al Arab ក្នុងទីក្រុងឌូបៃ។ វាត្រូវបានផលិតឡើងដោយប្រើ មាស និង ប្រភេទស្បែកប្រណិត។ ពេជ្រ ចំនួន ២៣៦ គ្រាប់ និង ១៥ ការ៉ាត់ ត្រូវបានគេដាំនៅលើស្បែកជើងនេះ។ ទម្រាំផលិតបានមួយគូ ត្រូវចំណាយពេលរហូតដល់ទៅ ៩ខែឯណោះ។
៣. Debbie Wingham Heels / តម្លៃ ១៥,១ លានដុល្លារ
ស្បែកជើងមួយគូនេះ រចនាម៉ូតដោយអ្នក design ជនជាតិអង់គ្លេស ឈ្មោះ Debbie Wingham ហើយស្ថិតនៅក្នុងបញ្ជីស្បែកជើងតម្លៃខ្ទង់លាន។ អ្នករចនាម៉ូត បានសហការជាមួយអ្នករចនាម៉ូតម្នាក់ទៀត ឈ្មោះ Chris Campbell ដើម្បីធ្វើការបង្កើតស្បែកជើងមួយគូនេះឡើង សម្រាប់អតិថិជនពិសេសរបស់ពួកគេ។ ស្បែកជើងនេះ ត្រូវបានដាំពេជ្រពណ៌ផ្កាឈូក ទំហំ ៣ ការ៉ាត់ និង ពេជ្រពណ៌ខៀវ ទំហំ ១ ការ៉ាត់។ ក្រៅពីនោះផ្នែកផ្សេងទៀតនៃស្បែកជើងតម្លៃ ១៥,១ លានដុល្លារនេះ ធ្វើឡើងមាស និង ប្រភេទស្បែកប្រណិត៕