តាមរយៈទំព័រហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមអង្គការគាំពារកុមារខ្មែរ ដឹកនាំដោយលោកស្រី Harumi Sekiguchi លោកស្រី ចាន់ ស្រី និង លោក ព្រំ ប៊ុនធឿន បាននាំយកហូលពិតានចំនួន ៤០ផ្ទាំង ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីរក្សាទុកជាសម្បត្តិរដ្ឋ។
គោលបំណងនៃការផ្តល់ហូលពិតាននេះ គឺដើម្បីធានាបាននូវនិរន្តរភាពនៃការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីភាពប្រណិត និងល្អឯក នៃមរតកតម្បាញសូត្រខ្មែរ។ លើសពីនោះ ក្រុមការងារចង់ផ្តល់លទ្ធភាពនិងភាពងាយស្រួលដល់ក្រុមអ្នកតម្បាញសូត្រខ្មែរ ដែលមានបំណងចង់សិក្សាឈ្វែងយល់ពីទម្រង់ និងក្បាច់រចនានានានៅលើផ្ទាំងសូត្រ អាចចូលមកពិនិត្យផ្ទាល់បាននៅសារមន្ទីរជាតិ ដោយទាក់ទងផ្ទាល់មកសារមន្ទីរជាមុន ដើម្បីក្រុមការងារអាចរៀបចំសមុច្ច័យទាំងនោះទាន់ពេលវេលា ដោយពុំចាំបាច់ចំណាយពេលវេលារង់ចាំ។
សមុច្ច័យទាំង៤០ផ្ទាំងនេះ ជាបណ្តុំសមុច្ច័យដ៏សំខាន់ដែលបានឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃការបន្តមរតកបេតិកភណ្ឌអរូបីនៃវិស័យតម្បាញខ្មែរនារយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ។ ក្បាច់លម្អដែលមាននៅលើផ្ទាំងសូត្របានរំលេចពីទិដ្ឋភាពទូទៅនៃជីវភាពប្រចាំថ្ងៃនិងជំនឿនានាដែលខ្មែរគោរពប្រតិបត្តិ ជាពិសេសគឺផ្ទាំងរឿងទាក់ទងនឹងពុទ្ធប្រវត្តិ។
![](https://ladies.com.kh/wp-content/uploads/2024/05/1140x150-2-scaled.jpg)
សូមជម្រាបផងដែរថា កាលពីកំឡុងឆ្នាំ២០១៤ លោកស្រី Harumi Sekiguchi បានប្រគល់ហូលពិតានមកកាន់សារមន្ទីរជាតិកម្ពុជាចំនួន២លើកម្តងមកហើយ លើកទី១សរុបចំនួន ២៣ផ្ទាំង និង លើកទី២សរុបចំនួន ២ផ្ទាំង។