កញ្ញា អ៊ិន លក្ខិណា នឹងតំណាងកម្ពុជា ក្នុងការប្រកួតបវរកញ្ញាឯក Miss Cosmo លំដាប់អន្តរជាតិ 2024។ កម្មវិធីនេះ នឹងធ្វើឡើងនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី 15 ខែកញ្ញា ដល់ ថ្ងៃទី 5 ខែតុលា ឆ្នាំ 2024 ដោយមានបេក្ខភាពមកពីជាង 80 ប្រទេសនៅជុំវិញពិភពលោក។
អុិន លក្ខិណា បានប្រឡូកក្នុងកម្មវិធីប្រកួតបវរកញ្ញាតាំងពីជំនាន់ ឆ្នាំ 2019 ដែលពេលនោះប្រឡងនៅក្នុងកម្មវិធី Miss Cambodia។ នៅក្នុងការប្រកួតនោះ នាងមិនបានជាប់នៅក្នុងបេក្ខភាព Top ណាមួយទេ ហើយនេះក៏ជាបទពិសោធន៍ដំបូងរបស់នាងក្នុងការប្រកួតកម្មវិធីបវរកញ្ញា។ លើកទី 2 ស្រីស្អាត ល្អគន់រូបនេះ បានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss World Cambodia នៅក្នុងឆ្នាំ 2019 ដដែល ហើយបានជាប់ជា លំដាប់រងទី 1 (1st Runner Up)។
មិនចុះចាញ់ ព្រោះតែសេចក្តីស្រលាញ់ចំពោះវិស័យនេះ នៅក្នុងឆ្នាំ 2021 អុិន លក្ខណា បានចូលរួមបវរកញ្ញា ជាថ្មីម្តងទៀត គឺនៅក្នុងកម្មវិធី Miss Grand Cambodia ហើយបានជាប់ចំណាត់ថ្នាក់ ជាលំដាប់រងទី 1។ ចូលមកដល់ឆ្នាំ 2023 នាងបានចូលប្រឡូកក្នុងកម្មវិធីនេះម្តងទៀត។ គួរបញ្ជាក់ថា នៅលើឆាកអន្តរជាតិ អុិន លក្ខណា ធ្លាប់បានទៅប្រកួតតំណាងកម្ពុជា នៅក្នុងកម្មវិធី Miss Supranational នៅប្រទេសប៉ូឡូញ។ នៅក្នុងរយៈពេល 4 ឆ្នាំនៃការចូលរួមកម្មវិធីប្រកួតបវរកញ្ញា ស្រីស្អាតសម្បុរស្រអែមរូបនេះ ទទួលបានសមិទ្ធិផលជាច្រើន បូករួមទាំងបទពិសោធន៍យ៉ាងក្រាស់ក្រែលផងដែរ។
In Leakhena / Miss Cosmo Cambodia 2024