ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិលើកទី ៤ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងតំណាងដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យអំពី “វឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣” ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ លើកទី ៣ កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២៣ និងមានរយៈពេលអនុវត្តចំនួន ១២ ខែ កន្លងមក, នាព្រឹកថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សម្រាប់ប្រព័ន្ធបញ្ជរតែមួយជាតិ គឺពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណ, វិញ្ញាបនបត្រ, លិខិតអនុញ្ញាត និងឯកសារផ្សេងទៀត ក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល ដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ព្រមទាំង ទំនិញដែលទទួលបានការលើកលែងពន្ធ និងអាករស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ចំពោះគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ គឺបានពង្រីកវិសាលភាពទៅក្រសួង ស្ថាប័នចំនួន ១១ បន្ថែមទៀត។ ទន្ទឹមនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ ក៏បានបន្ថែមមុខងារចំនួន៤ រួមាន៖ ១)មុខងារគ្រប់គ្រងហានិភ័យ ២)មុខងារនិហិតដ្ឋានឯកសារពាណិជ្ជកម្ម ៣)មុខងារប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត ៤)និងមុខងារគ្រប់គ្រងគណនីប្រើប្រាស់តែមួយ។
នៅក្នុងអង្គប្រជុំ បានវាយតម្លៃខ្ពស់ និងកត់សម្គាល់លើវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលក្រសួង-ស្ថាប័នចំនួន ៦ រួមមាន៖ ១)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២)ក្រសួងបរិស្ថាន ៣)ក្រសួងរ៉ែនិងថាមពល ៤)ក្រសួងវប្បធម៌និងវិចិត្តសិល្បៈ ៥)ធនាគារជាតិនៃកម្ពុជា ៦)ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមអនុវត្តសាកល្បងប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ចាប់ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងមក និងក្រសួងស្ថាប័នមួយចំនួន បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ដើម្បីចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ នាពេលដ៏ខ្លីខាងមុខ។
រួមជាមួយនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមផ្តល់មតិយោបល់ និងជាពិសេស ការបង្ហាញនូវការប្តេជ្ញា និងឆន្ទៈខ្ពស់ក្នុងការអនុវត្ត ប្រព័ន្ធបញ្ជរតែមួយជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនៃសេវាសាធារណៈ និងកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ៕