ជារឿយៗ មនុស្សភាគច្រើនហាក់កំពុងសាងកំហុសដោយមិនដឹងខ្លួន ដែលចូលរួមបំផ្លាញសុខភាព ស្បែកមុខ ក៏ដូចជាស្បែកខ្លួន ក្នុងកំឡុងរដូវធ្លាក់ខ្យល់។
ថ្វីបើកំហុសទាំងនោះ មិនសូវបង្កជាបញ្ហាធំដុំ ប៉ុន្តែវាក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍ឈឺចុកចាប់ និងបង្កជាផលប៉ះពាល់រយៈពេលយូរទៅថ្ងៃខាងមុខ រួមមាន ស្បែកជ្រីវជ្រួញ ស្ងួត គ្មានសំណើម ឡើងស្នាមអុចខ្មៅ និងស្បែកវិវត្តទៅរកភាពចាស់មុនអាយុ។
កំហុសទី 1 គឺ ការងូតទឹកក្តៅយូរពេក។
ការងូតទឹកក្តៅអាចធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្តៅ និងបន្ថូរបន្ថយភាពតានតឹង ប៉ុន្តែការងូតទឹកក្តៅយូរ ឬ ងូតទឹកក្តៅដែលមានសីតុណ្ហភាពខ្ពស់ពេក អាចបង្កជាបញ្ហាផងដែរ ដូចជា ៖
• ធ្វើឲ្យបាត់បង់ជាតិប្រេងធម្មជាតិ ដែលផលិតដោយរាងកាយ
• ធ្វើឱ្យស្បែកក្រហម និងរលាកខ្លាំង ជាពិសេស កាត់បន្ថយរបាំងការពារស្បែក
ដូច្នេះហើយ អ្នកមិនគួរងូតទឹកក្តៅយូរ លើសពី 15 នាទីទេ ហើយទឹកត្រូវមានសីតុណ្ណភាពក្តៅល្មម ប្រមាណពី (38 ទៅ 45អង្សា)។
កំហុសទី 2 រំលងការលាបឡេការពារកម្តៅថ្ងៃ
មិនថាមេឃចុះត្រជាក់ ឬមានបរិយាកាសធ្លាក់ខ្យល់អាប់អួរយ៉ាងណានោះទេ កាំរស្មី UV តែងតែបង្កការគំរាមកំហែងដល់សុខភាពស្បែកជានិច្ច ហេតុនេះ អ្នកមិនត្រូវរំលងការលាបឡេការពារកម្តៅថ្ងៃឡើយ ព្រោះកាំរស្មី UV អាចបណ្តាលឱ្យស្បែកវិវត្តទៅរកភាពចាស់មុនអាយុ ឡើងស្នាមអុចខ្មៅ និងស្នាមជ្រីវជ្រួញ។
កំហុសទី 3 ការប្រើប្រាស់ផលិតផលក្នុងបរិមាណច្រើនជ្រុល
ស្បែកដែលឡើងស្ងួតខ្លាំង គ្មានសំណើម អាចធ្វើឱ្យអ្នកចង់ប្រើប្រាស់ក្រែមផ្តល់សំណើមច្រើនលើសបរិមាណកំណត់ តែនេះគឺជាកំហុសដ៏ធំមួយ ដែលអ្នកគួរចៀសវាង ព្រោះថាការប្រើផលិតផលច្រើនជ្រុលពេក អាចធ្វើឱ្យស្បែកមានអាការៈប្រតិកម្ម ស្ទះរន្ធញើស កើតមុន ព្រមទាំងរលាករន្ធរោមទៀតផង។
កំហុសទី 4 មិនបានរក្សាជាតិទឹកគ្រប់គ្រាន់
ដូចដែលអ្នកទាំងអស់គ្នា បានដឹងរួចមកហើយថា ទឹកគឺជាធាតុដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិត។ ហើយប្រសិនបើស្បែករបស់អ្នកមិនទទួលបានជាតិទឹកគ្រប់គ្រាន់ ធ្វើឱ្យស្បែករមានសភាពស្ងួតខ្លាំង របក និងប្រេះស្រកា។ បន្ថែមពីនេះ វាក៏អាចធ្វើឱ្យបបូរមាត់របស់អ្នកស្ងួត ប្រេះ រហូតដល់ចេញឈាមក៏មាន។
អ្នកគួរទទួលទានទឹកយ៉ាងហោចណាស់ ឱ្យបាន 8 កែវ (ស្មើ 2 លីត្រ) ក្នុងមួយថ្ងៃ ដើម្បីបណ្តេញជាតិពុលចេញពីរាងកាយ និងរក្សាស្បែកឱ្យមានសុខភាពល្អ ចៀសវាងពីការប្រេះបបូរមាត់ផងដែរ។