កម្ពុជានឹងមានផ្សារបោះដុំដ៏ធំមួយ សម្រាប់ដាក់លក់ផលិតផលខ្មែរ ដើម្បីជំរុញការលក់ផលិតផលក្នុងស្រុក និងការនាំចេញ ហើយរំពឹងថានឹងមានទីផ្សារកាន់តែច្រើននាពេលខាងមុខ ដោយផ្តោទៅលើគុណភាពជាចម្បង។
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានអោយដឹងថា ផ្សារបោះដុំ ផលិតផលរបស់ខ្មែរ និងលេចចេញជារូបរាងឡើងនៅពេលឆាប់ៗខាងមុខ ដែលបង្កភាពងាយស្រួលសម្រាប់បំពេញ តម្រូវការប្រជាពលរដ្ឋ ក្រោយការសហការរវាងក្រុមហ៊ុនផ្សារអាណាចក្រ និងផ្សារ KC ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ បានបើកដំណើរការ ។ នេះបើតាមការបញ្ជាក់នៅក្នុងសិក្ខាសាលាមួយស្តីពី បទបង្ហាញនៃផែនការបើកផ្សារបោះដុំដើម្បី ជំរុញការលក់ផលិតផលក្នុងស្រុកនិងជម្រុញទិសដៅទីផ្សារ ក្រោមអធិបតី ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលជាអគ្គនាយកអគ្គនាយកដ្ឋានកសិកម្ម ដោយមានការចូលរួមពីផ្នែកពាក់ព័ន្ធេជាច្រើន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នាទីតាំងផ្សារ KC ស្ថិតតាមបណ្តោយផ្លូវ 105K ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក ញេវ សិទ្ធសុផារី ប្រធានក្រុមហ៊ុនផ្សារអាណាចក្រ (AKHP Co Ltd) បានបង្ហាញអោយដឹងថា គោលបំណង សិក្ខាសាលានាថ្ងៃនេះ គឺដេីម្បីធ្វើបទបង្ហាញនៃផែនការបើកផ្សារបោះដុំដើម្បី “ការជំរុញការលក់ផលិតផលក្នុងស្រុក និងតម្រង់ទិសដៅទីផ្សារ” តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូរពាក់ព័ន្ធទាំងអស់ នឹង ផ្សារអាណាចក្រ ផលិតផលខ្មែរ (AKHP Co.,Ltd) ដែលដើរតួ នាទីសំខាន់ៗ បង្ហាញចក្ខុវិស័យសាមគ្គីភាពសម្រាប់តម្រង់ទិសទីផ្សារនេះ នឹងធ្វើជាចំណុចប្រមូលផ្តុំ តាំងបង្ហាញ បណ្តាញចែកចាយ ជំរុញទីផ្សារ គាំទ្រការលក់ទាំងនៅក្នុងស្រុក ហើយនាំចេញ ដែលអាចជួយគាំទ្រដល់អ្នកផលិត សមាគមកសិកម្ម សហគមន៍អ្នកចិញ្ចឹមសត្វ និងចិញ្ចឹមត្រី អ្នកនាំចេញ និងអ្នកពាក់ព័ន្ធផ្សេងទៀត រួមគ្នាសហការគាំទ្រ ចែករំលែក ពិភាក្សាការស្រាវជ្រាវអភិវឌ្ឍន៍ និងដំណោះស្រាយ។
លោក គិត ឈឿន អគ្គនាយកផ្សារ KC បានអោយដឹងថា ការសហការរវាង ក្រុមហ៊ុនផ្សារអាណាចក្រ និងផ្សារ KC នាពេលនេះ គឺដើម្បីបង្កើតអោយមានការបង្កើតជាផ្សារបោះដុំផលិតផលខ្មែរ ដើម្បីជួយជម្រុញដល់ផលិតផលរបស់ខ្មែរកាន់តែត្រូវបានទទួលស្គាល់ និងមានទីផ្សារកាន់តែច្រើន។
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលជាអគ្គនាយកអគ្គនាយកដ្ឋានកសិកម្ម បានមានប្រសាស៍ថា ការបង្កើតអោយមានផ្សារបោះដុំ ផលិតផលខ្មែរ នាពេលនេះនិងជម្រុញអោយមានការគាំទ្រដល់ផលិតផលខ្មែរ និងជួយជម្រុញដល់កសិករ មានទីផ្សារកាន់តែទូលាយ ខណៈអគ្គនាយកដ្ឋានកសិកម្ម និងជម្រុញអោយផ្សារសហការជាមួយសហគមន៍កសិកម្ម ដើម្បីអោយទីផ្សារមានចរន្តមួយស្របតាមតម្រូវការ មិនជាន់ផលិតផលរបស់កសិករ ប្រកបដោយស្តង់ដារបច្ចេកទេស មានគុណភាព អាចតម្រូវតាមតម្រូវការរបស់និងប្រជាពលរដ្ឋ និងផ្គត់ផ្គង់ទីផ្សារបានដោយមានប្រសិទ្ធភាព។ ឯកឧត្តមបានបញ្ជាក់ថា ដើម្បីអោយសកម្មភាពនេះជោគជ័យទៅបាន ប្រជាពលរដ្ឋត្រូវមានការប្តេជ្ញាចិត្តអោយបាន ត្រូវធ្វើយ៉ាងណាប្រើប្រាស់ផលិតផលខ្មែរអោយបានច្រើន ។ ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងពីរ ដែលបានដំណើរការគម្រោងនេះ ហើយឯកឧត្តម សង្ឃឹមថានៅថ្ងៃខាងមុខ និងមានការបង្កើតឡើងនូវសាខាថ្មីអោយបានច្រើន ដើម្បីជម្រុញ និងមិនអោយមានការកកស្ទះនៅផលិតផលខ្មែរ កាន់តែប្រសើរឡើង៕