មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី2បានបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅរោងភាពយន្ត Legend នៃផ្សារទំនើបអូឡាំព្យារាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ផលិតករបានបញ្ចេញសមត្ថភាព និងជាព្រឹត្តិការណ៍ផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌។
មហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ នឹងផ្ដល់ឱកាសដល់ផលិតករទាំងកម្ពុជា និងមកពីបណ្ដាប្រទេសផ្សេងៗទៀត បង្ហាញសមត្ថភាព និងការចែករំលែកបទពិសោធន៍ រវាងគ្នានិងគ្នាទៅវិញទៅមក។ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីនេះ ជាព្រឹត្តិការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌។
លោក Malcolm Clarke ប្រធានមហោស្រពភាពយន្តអាស៊ីលើកទី២នៅកម្ពុជា បានថ្លែងឲ្យដឹងថា មហោស្រពភាពយន្ដកម្ពុជា-អាស៊ី ប្រព្រឹត្តិឡើងនៅថ្ងៃនេះ នឹងផ្ដល់ឱកាសដល់ផលិតករ មានឱកាសបញ្ជេញសមត្ថភាព ចែករំលែកចំណេះដឹង បទពិសោធន៍ដល់គ្នាទៅវិញទៅមក ក្នុងវិស័យភាពយន្ដរបស់កម្ពុជា និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្ដ។
លោកបានបន្ដថា និយាយចំពោះភាពយន្ដរបស់កម្ពុជា បច្ចុប្បន្នគឺមានភាពល្អប្រសើរ ប្រសិនបើភាពយន្ដរបស់កម្ពុជា អាចវាយលុកដល់ទីផ្សារប្រទេសអរ៉ុប នោះវិស័យភាពយន្ដកម្ពុជា កាន់តែខ្លាំងក្លាបន្ថែមទៀត។ ដើម្បីឲ្យវិស័យភាពយន្ដរបស់កម្ពុជា កាន់តែល្អបន្ថែមទៀតនោះ និងអាចឈានឆ្ពោះដល់ទីផ្សារអន្ដរជាតិ ការផលិតភាពយន្ដនីមួយៗត្រូវតែយល់ពីចិត្ត បេះដូង របស់ទស្សនជន មានន័យថា ការផលិតខ្សែភាពយន្ដមួយៗ ប្រសិនបើចង់ឲ្យទស្សនជនយំ ដាច់ខាតត្រូវតែយំ, ប្រសិនបើកំប្លែង ដាច់ខាតត្រូវតែសើច ដូច្នេះបើកម្ពុជាបន្ថែមត្រូវចំណុចនេះ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនោះ នោះវិស័យភាពយន្ដកម្ពុជា នឹងអាចឈានឆ្ពោះទៅកាន់ទីផ្សារអន្ដរជាតិ នាពេលអនាគត។
លោក Teddy Chen ជានាយកគ្រប់គ្រងនៃJury បានថ្លែងថា មហោស្រពភាពយន្ដកម្ពុជា-អាស៊ី នឹងជួយដល់វិស័យភាពយន្ដ និងផលិតកម្មនៅកម្ពុជាជាច្រើនព្រោះថា ប្រសិនបើគេឃើញថា វិស័យភាពយន្ដរបស់កម្ពុជា មានការអភិវឌ្ឍន៍ល្អនោះបណ្ដាប្រទេសផ្សេងៗ នឹងដាក់ទុនចូលរួមជាមួយប្រទេសកម្ពុជា។
លោកបានបន្ដថា វិស័យភាពយន្ដរបស់កម្ពុជាល្អប្រសើរហើយ ប៉ុន្ដែបើកម្ពុជាអាចបង្ហាញពីវប្បធម៌ ទស្សនៈ ចូលក្នុងវិស័យភាពយន្ដនោះ វិស័យភាពយន្ដរបស់កម្ពុជា អាចនឹងឈានឆ្ពោះទៅកាន់ទីផ្សារ អន្ដរជាតិនាពេលអនាគត។
បើតាមមន្ត្រីក្រសួងវប្បធម៌ ការរៀបចំកម្មវិធី “មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី២” គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ដែលមិនត្រឹមតែជាវេទិកាសម្រាប់ប្រគល់ពានរង្វាន់ជូនផលិតករ សិល្បករ សិល្បការិនីប៉ុណ្ណោះទេ តែគឺវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌ ព្រមទាំងរឿងរ៉ាវជាច្រើនតាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី។
សូមបញ្ជាក់ថាមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២នេះ គឺមានការសហការរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគណ:កម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ។