ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ — លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើសុំការគាំទ្រពីភាគីចិនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដើម្បីបន្ថែមភាពងាយស្រួល និងផ្តល់ជាជម្រើសក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងទេសចរចិន។
ការស្នើសុំនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ជាពិសេសក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ជាមួយគណៈប្រតិភូនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត Wang Wenbin កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា។
លោកជំទាវបានជម្រាបជូនពីកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា ជាមួយធនាគារកណ្តាលចិន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចិន និងក្រុមហ៊ុនចិនមួយចំនួន ព្រមទាំងបានលើកឡើងថា ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ប្រព័ន្ធទូទាត់ឆ្លងដែនត្រូវបានតភ្ជាប់ ជាពិសេសប្រតិបត្តិការទូទាត់ផ្ទាល់ដោយប្រើប្រាស់រូបិយវត្ថុជាតិនៃប្រទេសទាំងពីរ។ ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ទេសចរចិនអាចប្រើប្រាស់កម្មវិធីទូស័ព្ទដៃក្នុងការទូទាត់នៅកម្ពុជាតាមឃ្យូអរកូដ។
ឯកឧត្តមឯកអគ្គរដ្ឋទូត Wang Wenbin បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដ៏ល្អរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តមបានគាំទ្រលើការបន្តការតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែន និងពង្រឹកទំហំពាណិជ្ជកម្ម ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
គួរបញ្ជាក់ដែរថា ធនាគារជាតិនៃកម្ពុជា និងUnionPay International បានដាក់ដំណើរការការទូទាត់ឆ្លងដែនរវាងកម្ពុជា និងចិន តាមរយៈឃ្យូអរកូដប្រព័ន្ធទូទាត់បាគង និងដៃគូ UnionPay រួមទាំង Alipay និងWeChat កាលពីឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីចូលរួមទាក់ទាញភ្ញៀវទេចរមកកាន់កម្ពុជា៕
ប្រភព៖ KAP