ការរៀបចំឱ្យមានការចុះបញ្ជីថ្នាលឌីជីលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានគោលបំណងសំខាន់ គឺដើម្បីជួយ និងមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយ។ កម្មវិធីនេះធ្វើនាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នេះជាយន្តការដែលរាជរដ្ឋាភិបាលរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយ ដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានពន្យល់បន្ថែមអំពី គុណតម្លៃ និងកញ្ចប់អត្ថប្រយោជន៍ នៃការចុះឈ្មោះចូលក្នុងប្រព័ន្ធចំនួន ៨ ដែលរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងរៀបចំជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនោះរួមមាន៖ ១/ ការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង, មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់, ២/ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់, ៣/ ក្រោយចុះឈ្មោះ និងទទួលបានការអនុម័តរួច បងប្អូននឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាការបញ្ជាក់នៃការទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ, ៤/ ការចុះឈ្មោះនេះ នឹងផ្តល់លទ្ធភាពឱ្យបងប្អូនបង្កើនសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់យកជំនាញថ្មី, ៥/ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ ដើម្បីបើកទ្វារទៅកាន់សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ ដោយចៀសវាងទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការ, ៦/ លទ្ធភាពក្នុងការចូលជាសមាជិករបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ៧/ ការចុះឈ្មោះនេះ នឹងជួយរាជរដ្ឋាភិបាលក្នុងការកសាងទិន្នន័យល្អ ដែលនឹងផ្តល់លទ្ធភាពដល់រដ្ឋក្នុងការផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងរហ័ស ជាពិសេសក្នុងអំពឡុងពេលនៃវិបត្តិនានា និង៨/ ការចុះឈ្មោះនេះ នឹងជួយសម្រួលដល់បងប្អូនឱ្យទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។
ក្នុងនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះថា៖ «បងប្អូនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានអារម្មណ៍ស្ទាក់ស្ទើក្នុងការចុះឈ្មោះដោយខ្លាចជាប់កាតព្វកិច្ច ឬចំណាយផ្សេងៗ ខ្ញុំសូមបញ្ជាក់ទៅលើចំណុចនេះសាជាថ្មីគឺ ការចុះឈ្មោះរបស់អ្នកសេដកិច្ចក្រៅប្រព័ន្ធគឺអនុវត្តន៍តាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុងមិនមានការបង្ខិតបង្ខំ និងមិនមានការគិតថ្លៃអ្វីទាំងអស់ មិនមានដាក់ថាបងប្អូនត្រូវតែចុះ ដល់ថ្ងៃនេះ ថ្ងៃនោះ ត្រឹមឱសានវាទនេះហើយទទួលបន្ទុកទទួលអីគេទេ គឺស្ម័គ្រចិត្តទាំងស្រុង។ បងប្អូនឃើញបងប្អូនសិក្សាច្បាស់លាស់ ថាបានផលហើយមិនមានទទួលបន្ទយកអីទេ គឺស្ម័គ្រចិត្តហើយនេះគឺជាគោលការណ៍ដែលបានណែនាំតាំងពីដើម គឺហាមដាច់ខាតកុំឱ្យមានការជម្រុញ ឬបង្ខិតបង្ខំ គឺតាមការស្ម័គ្រចិត្ត ការចុះឈ្មោះនេះមិនតែឱ្យបងប្អូនទទួលបានអត្តសញ្ញាណផ្លូវការនោះទេ ប៉ុន្តែបើកផ្លូវឱ្យទៅកាន់ការរីកចម្រើនការគាំទ្រនានាផងដែរ»៕
ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធបានមានប្រសាសន៍ថា វេទិកាឌីជីថលនេះនឹងដោះស្រាយបញ្ហាជាបន្តបន្ទាប់នៃការខ្វះខាតទិន្នន័យសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ។លោកបានបន្ថែមថា «ការផ្លាស់ប្តូរទិន្នន័យឌីជីថលនេះនឹងអនុញ្ញាតឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាប្រឈមនានាដែលអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធជួបប្រទះ និងលើកកម្ពស់ផលិតភាព កំណើនអាជីវកម្ម និងការប្រកួតប្រជែងរបស់ពួកគេ រហូតដល់ពួកគេអាចបញ្ចូលទៅក្នុងវិស័យក្នុងប្រព័ន្ធបាន»។