គម្រោងវិនិយោគចំនួន ១៩០ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣,២ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងឆមាសទី១ នៃឆ្នាំ២០២៤។
នៅក្នុងរយៈពេល ៦ខែ ដោយគិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤នេះ CDC បានអនុម័តគម្រោងថ្មី, គម្រោងពង្រីផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លាអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៦៨,៥៧២កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី ០៥ ខែកក្កដា ២០២៤។
CDC បានបង្ហាញថា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឲ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។
ក្នុងរយៈពេល៦ខែនេះ សម្រាប់ទុនវិនិយោគ វិស័យឧស្សាហកម្មមានចំនួនច្រើនជាងគេគឺជាង១ ៨០០លានដុល្លារ (៥៦ភាគរយ) បន្ទាប់មកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ ដែលមានទុនវិនិយោគជាង៧៥០លានដុល្លារ (២៣ភាគរយ)។
វិស័យទេសចរណ៍មានទុនវិនិយោគ៥៨៨លានដុល្លារ (១៨ភាគរយ) ខណៈវិស័យកសិកម្ម និងកសិឧស្សាហកម្មមានទុនវិនិយោគ៧២លានដុល្លារ (២ភាគរយ)។
គម្រោងវិនិយោគទាំង១៩០នេះមានទីតាំងវិនិយោគស្ថិតនៅក្នុងរាជធានី ខេត្តចំនួន១៣។ ក្នុងនោះខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគច្រើនជាងគេគឺ៤៣គម្រោង បន្ទាប់មកខេត្តស្វាយរៀងមាន៤០គម្រោង ខណៈខេត្តត្បូងឃ្មុំ និងព្រះវិហារមានគម្រោងវិនិយោគតិចជាងគេគឺ១គម្រោងរៀងៗខ្លួន៕