សាលសម្រាប់ការដើរបង្ហាញម៉ូតសម្លៀកបំពាក់រដូវស្លឹកឈើជ្រុះ/រដូវរងា 2025 របស់ Thom Browne ពិតជាមានការច្នៃប្រឌិតនូវគំនិតប្លែក និងមានការគិតគូរយ៉ាងដិតដល់បង្កប់អត្ថន័យដ៏ជ្រាលជ្រៅ… សាលទាំងមូលហ៊ុំព័ទ្ធដោយបក្សីក្រដាស Origami ចំនួន 2,000 ក្បាល។
នេះមិនមែនត្រឹមតែបង្ហាញថា ការរចនាម៉ូតនៅក្នុងរដូវកាលនេះនឹងផ្អែកលើសត្វស្លាបប៉ុណ្ណោះទេ ក៏ប៉ុន្តែ Thom Browne បានលើកឡើងថា វាគឺជា “និមិត្តសញ្ញានៃក្តីសង្ឃឹម” ហើយសង្ឃឹមថាពិភពលោកទាំងមូលនឹងពោរពេញដោយសេចក្តីស្រឡាញ់បរិសុទ្ធ។
បើក្រឡេកទៅមើល ការរចនាសម្លៀកបំពាក់វិញ មានស្នាដៃសរុបចំនួន 64 ឈុតដែលត្រូវបានដាក់តាំងបង្ហាញនៅក្នុងរដូវកាលនេះ សុទ្ធតែអស្ចារ្យៗ និងប្លែកភ្នែក ដោយគ្មានពាក្យថា “ដដែលៗ” សម្រាប់ Collection របស់ Thom Browne។
ថ្វីត្បិតតែ Collection នេះទំនោរទៅលើ ឈុត ក៏ដោយ ប៉ុន្តែរូបរាងនីមួយៗបង្ហាញពីភាពប្លែក និងអារម្មណ៍ដ៏អស្ចារ្យនៃសិល្បៈហត្ថកម្ម។

សម្លៀកបំពាក់មួយចំនួន មានម៉ូតប៉ាក់ និងខ្លះទៀតរចនាឡើងពីគ្រីស្តាល់ពណ៌ខ្មៅ ប្រាក់ និងពណ៌ថ្លាចំនួន 3,500 ដែលបញ្ចេញពន្លឺពាសពេញផ្ទៃក្រណាត់ទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ ធាតុសំខាន់បំផុតក្នុងរដូវកាលនេះ គឺជាធាតុដែលទាក់ទងនឹងសត្វស្លាប ហើយទ្រុងសត្វស្លាបពណ៌សបានដាក់តាំងបង្ហាញនៅលើឆាករូបរាងអក្សរ T ដែលមានបក្សីក្រដាសពណ៌សអមជុំវិញជាច្រើន និងសុភាពបុរសស្លៀកឈុតពណ៌ប្រផេះជាប់នៅក្នុងទ្រុង ហាក់បង្ហាញនូវសារទាមទារសេរីភាព។