
ក្រសួងពាណិជ្ជកម្ម និង សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីជំរុញសកម្មជំរុញសកម្មភាពពាណិជ្ជកម និងសេដ្ឋកិច្ច និងមានការផ្លាស់ប្តូរព័ត៌មានអំពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងពិធីចុះ MOU នេះ ដែលមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ZAHEERUDDIN BABAR THAHEEM ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

រួមជាមួយគ្នានោះផងដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេសលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហើយគណៈកម្មាធិការពាណិជ្ជកម្មចម្រុះដែលបង្កើតឡើងដោយអនុស្សរណៈនេះ នឹងក្លាយជាយន្តការមួយ ដែលអនុញ្ញាតឱ្យភាគីទាំងពីរស្វែងរកមធ្យោបាយ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច និងអ្នកវិនិយោគ ព្រមទាំងធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រីកមូលដ្ឋានផលិតកម្ម និងជំរុញពាណិជ្ជកម្មទ្វេភាគី។
ជាមួយនឹងការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ កម្ពុជា និងប៉ាគីស្ថាន នឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការចូលរួមយ៉ាងសកម្មជាមួយវិស័យឯកជន រួមមាន៖ សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការផ្លាស់ប្តូរព័ត៌មានអំពីពាណិជ្ជកម្ម លើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងបើកដំណើរការនូវស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាពសម្រាប់វិធានការ បទប្បញ្ញត្តិស្តីពីអនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម ដើម្បីសម្រួលដល់ការនាំចេញ៕

 
			 ខ្មែរ
 ខ្មែរ English
 English 
			 
     
		




 
							


