រយៈពេលយូរដែរហើយ តារាសម្ដែងប្រុស ជា លាងឈែ បានបង្ហាញភាពល្អូកល្អិនជាមួយស្រីស្អាត នួន ណាតាយ៉ា ដែលពេលនេះបានក្លាយជាគូសង្សារនឹងគ្នា ក្រោយបានជួបគ្នាលើកដំបូងតាមរយៈកម្មវិធីទេសចរណ៍មួយ។
ក្នុងបទសម្ភាសន៍ជាមួយ ឡេឌីស៍ ជា លាងឈែ បានសារភាពថា ពេលនេះ លោក និងស្រីស្អាត នួន ណត្តិយ៉ា គឺជាគូសង្សារនឹងគ្នាហើយ។ ពួកគេបានជួប និងសេពគប់គ្នាក្នុងផ្លូវស្នេហា គិតមកដល់ឥឡូវ មានរយៈពេលប្រមាណ ៣ឆ្នាំមកហើយ។ ដោយសារតែបែបនោះ គេឃើញអ្នកទាំងពីរ បង្ហាញភាពស្និទ្ធស្នាលល្អូកល្អិនខ្លាំងនៅលើបណ្ដាញសង្គមបន្តបន្ទាប់។
ជាមួយនឹងការបើកទូលាយចំណងស្នេហ៍ លាងឈែ ក៏បានបើកបង្ហាញប្រវត្តិនៃការជួបគ្នាប្រាប់ ឡេឌីស៍ ដែរ។ លោកបាន ឲ្យដឹងថា លោកបានជួបជាមួយ ណត្តិយ៉ា លើកដំបូងបំផុតក្នុងកម្មវិធីសិល្បៈរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ។ ក្រោយមក អ្នកទាំងពីរក៏មានឱកាសធ្វើការរួមគ្នាក្នុងកម្មវិធីទេសចរណ៍មួយទៀត។
កាលនោះ លោក និង ណត្តិយ៉ា បានចុះទៅថតផ្សព្វផ្សាយរមណីយដ្ឋានទឹកធ្លាក់វាលពួចស្ថិតក្នុងខេត្តកំពត។ ដោយមានកញ្ញា ញឹម ចាន់ថន ជាអ្នកធ្វើមេអណ្ដើកផង ពួកគេក៏ផ្ដើមមានទំនាក់ទំនងនឹងគ្នាតាំងពីពេលនោះមក។
តារាប្រុស ដែលមានឋានន្តរស័ក្តិថ្នាក់អនុសេនីយទោនៃក្របខណ្ឌនគរបាលជាតិរូបនេះ ប្រាប់ថា លោក និងខាងស្រី មានចរិតឬកពារដូចគ្នាត្រង់ថា ជាមនុស្សត្រង់ទៅត្រង់មក ចូលចិត្តរស់ទីពឹងខ្លួន និងចូលចិត្តការហាត់ប្រាណថែរក្សាសុខភាពថែមទៀត ទើបអ្វីៗកាន់តែត្រូវគ្នាទៅ ទីបំផុតយល់ចិត្តគ្នាក្លាយជាគូស្នេហ៍តែម្ដង។
លាងឈែ និងណត្តិយ៉ា មិនទាន់មានគម្រោងរៀបការនៅឡើយទេ ព្រោះពេលនេះ កំពុងគិតពីការងារ និងមុខរបររកទទួលទានសិន។ ជា លាងឈែ ប្រាប់ថា ពេលនេះការងារ មុខរបរទាំងសងខាងកំពុងតែមានផ្លែផ្កាល្អ ដូច្នេះចង់យកពេលនេះផ្ដោតការយកចិត្តទុកដាក់ ទាន់ឱកាសអំណោយផល។ ដូច្នេះ រឿងរៀបការរង់ចាំពេលបន្តិចទៀត ខណៈចាស់ទុំទាំងសងខាងបានដឹងលឺអស់ហើយ៕