កត្តាចម្បង និងហេតុផលសំខាន់បំផុតជុំវិញបញ្ហាទទួលទានដំណេកក្នុងអំឡុងពេលមានផ្ទៃពោះ គឺដោយសារតែទំហំទារកក្នុងផ្ទៃកាន់តែរីកធំ ដែលធ្វើឱ្យមាតាពិបាកប្រើឥរិយាបថក្នុងការទទួលទានដំណេក។ ដូចគ្នានេះផងដែរ ការប្រែខ្លួនទៅវិញទៅមកនៅលើគ្រែ គឺកាន់តែមានការពិបាកជាងមុន ពីព្រោះទារកក្នុងផ្ទៃមានការវិវត្តកាន់តែធំទៅពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រឡេកមកមើល រោគសញ្ញាមួយចំនួននៃសារពាង្គកាយក៏អាចជាការរំខានដល់ការទទួលទានដំណេកផងដែរដូចជា ៖
ឧស្សាហ៍ឈឺបត់ជើងតូច ៖ ដោយសារតែចលនាច្រោះឈាមនៃតម្រងនោមបានធ្វើចលនាពាសពេញសារពាង្គកាយរបស់អ្នក។ ចលនាចម្រោះនេះហើយដែលបង្កើនឱ្យមានបរិមាណទឹកនោមច្រើននៅក្នុងខ្លួន។ កាលណាទារកកាន់តែវិវត្តធំឡើងៗ ស្បូនរបស់មាតាក៏កាន់តែរីកទៅតាមទំហំទារក និង ប្លោកនោមក៏កាន់តែរីកធំជាងមុនធ្វើឱ្យមាតានោមញឹកញាប់។
សង្វាក់បេះដូងលោតញាប់ ៖ នេះក៏ដោយសារចលនានៃសម្ពាធឈាមកើនឡើងកាន់តែខ្លាំងជាងមុន ហើយបរិមាណឈាមមួយចំនួនធំ ត្រូវបានធ្វើការដឹកនាំទៅចិញ្ចឹមគភ៌ក្នុងផ្ទៃ ដូច្នេះហើយទើបបេះដូងត្រូវការធ្វើចលនាច្រើនដើម្បីបញ្ជូនឈាមទៅកាន់ផ្នែកដទៃទៀតនៃសារពាង្គកាយ។ដំណកដង្ហើមខ្លី ៖ ដំណកដង្ហើមខ្លីអាចបណ្តាលមកពីការកើនឡើងនូវបរិមាណអ័រម៉ូន ដែលជាហេតុបង្កឱ្យអ្នកដកដង្ហើមកាន់តែពិបាក ហើយការដកដង្ហើមនឹងកាន់តែតឹងជាងមុនព្រោះក្នុងផ្ទៃ មិនសូវមានលំហគ្រប់គ្រាន់ដើម្បីឱ្យស្រូបខ្យល់ចូលបានវែង។
កើតអាការរមួលក្រពើត្រង់ជើង និងចុកស្រពន់ខ្នង ៖ ការឈឺចុកស្រពន់ត្រង់ជើងឬឈឺខ្នង បណ្តាលមកពីទម្ងន់របស់អ្នកធ្ងន់ជាងមុន។ នៅក្នុងអំឡុងពេលពរពោះទារកក្នុងផ្ទៃ ក៏បង្កើតអ័រម៉ូន Relaxin (អ័រម៉ូនប្រូតេអ៊ីន) ជាអ័រម៉ូនម៉្យាងជួយសម្រួលដល់ពេលប្រសូត។ ឥទ្ធិពលរបស់អ័រម៉ូននេះ គឺជួយបន្ទន់ឆ្អឹងសន្លាក់ក្នុងរាងកាយធ្វើឱ្យអ្នកមិនស្រណុកសុខស្រួល។
គន្លឹះជួយដល់ការទទួលទានដំណេកឱ្យបានគ្រប់គ្រាន់
1. សូមកាត់បន្ថយការទទួលទានភេសជ្ជៈមានជាតិកាហ្វេអ៊ីន ដូចជា កាហ្វេ តែ និងសូដាជាដើម។ ចៀសវាងការទទួលទានភេសជ្ជៈទាំងនេះនៅពេលព្រឹកព្រលឹម និងនៅពេលរសៀល។
2. ចៀសវាងការទទួលទានសារធាតុរាវ និងអាហារឆ្អែតខ្លាំងពេកចាប់ពីមុនពេលទទួលទានដំណេករយៈពេលពីរម៉ោង។ ប៉ុន្តែ អ្នកត្រូវចងចាំថាត្រូវបរិភោគអាហារ និងទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ស្រ្តីមានផ្ទៃពោះខ្លះបានព្យាយាមទទួលទានអាហារឱ្យឆ្អែតនៅពេលព្រឹក និងពេលថ្ងៃត្រង់ ហើយទទួលទានអាហារបន្តិចបន្តួចតែប៉ុណ្ណោះនៅពេលល្ងាច។ នៅមុនពេលចូលគេង បើអ្នកមិនសូវឃ្លានខ្លាំងទេ ចូរទទួលទានតែបន្តិចបន្តួចជាការល្អ។
3. ព្យាយាមចូលគេង និងក្រោកពីគេងឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។
4. ចៀសវាងធ្វើលំហាត់ប្រាណនៅមុនពេលចូលគេង។ អ្នកអាចសម្រួលអារម្មណ៍ដោយងូតទឹកក្តៅឧណ្ណៗរយៈពេល ១៥នាទី មុនពេលចូលគង ឮអ្នកអាចទទួលទានជាប្រភេទ ទឹកដោះគោលាយជាមួយទឹកឃ្មុំ និងតែមានរសជាតិស្រាលស្រទន់មួយកែវ។
5. ប្រសិនបើអាការឈឺក្រពើធ្វើឱ្យអ្នកភ្ញាក់ពីដំណេក អ្នកអាចច្របាច់ ឬដាក់ជើងរបស់អ្នកផ្ទប់នឹងជញ្ជាំង ឬសំកាំងទុកវាមួយសន្ទុះ។ ដោយឡែកអ្នកត្រូវប្រាកដខ្លួនឯងថា នៅក្នុងចំណីអាហារដែលអ្នកទទួលទានមានផ្ទុកនូវសារធាតុកាលស្យូមគ្រប់គ្រាន់ ដែលជាសារធាតុម៉្យាងអាចជួយកាត់បន្ថយអាការរមួលក្រពើ។
6. ចំណាយពេលធ្វើលំហាត់ប្រាណ (YOGA) ឬស្វែងរកវិធីសាស្ត្រនៃការបន្ធូរអារម្មណ៍តានតឹង (ស្រ្តេស) ផ្សេងៗជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលឡើងវិញ បន្ទាប់ពីអ្នកមានការមមាញឹកពេញមួយថ្ងៃ។ ប៉ុន្តែបញ្ហាសំខាន់គឺអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញរបស់អ្នកជាមុនសិន មុននឹងធ្វើការសម្រេចចិត្តអ្វីមួយ។