ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញករណីជំងឺអុតស្វា ក្រោយពីបុរសនេះចាប់ផ្តើមមានរោគសញ្ញា នៅប្រដាប់ភេទ បន្ទាប់មករាលដាលដល់កខាងស្តាំ ថ្ពាល់ កំភួនដៃ និងជើង ហើយបានស្វែងរកការពិគ្រោះ ជំងឺនៅមន្ទីរពេទ្យ និងបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបានយ៉ាងត្រឹមត្រូវ។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងរាជធានីភ្នំពេញ បាននិងកំពុងសហការជាមួយ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលអង្កេតស្រាវជ្រាវយ៉ាងសកម្មស្វែងរកប្រភពចម្លង និងស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការចម្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍។
គួររំលឹកផងដែរថា វីរុសនៃជំងឺ អុតស្វា អាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នក ជំងឺអុតស្វា និងការប៉ះពាល់ដោយផ្ទាល់ទៅនឹងកន្លែងមានដំបៅទឹកលើសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយអ្នកជំងឺ រួមមានសម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក។ល។ ម្យ៉ាងទៀត វីរុសអុតស្វា ក៏អាចឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។
បើទោះជំងឺនេះជាជំងឺឆ្លងក្តី យើងក៏អាចមានវិធានការបង្កាពីការចម្លងបានដែរ។ខាងក្រោមនេះជាវិធានការណ៍ចាំបាច់ដែរគួរអនុវត្ត៖
- អនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន។
- ចៀសវាងការប៉ះពាល់ផ្ទាល់ដូចជា ឱប ថើប ម៉ាស្សា និយាយជិតគ្នាជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអុតស្វា។
- ចៀសវាងការប៉ះពាល់ផ្ទាល់ ឬប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ៍ ឬកន្សែងពោះគោឬចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអុតស្វាប្រើប្រាស់។
- ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់ របស់អ្នកជំងឺអុតស្វា។
- ពាក់ម៉ាសប្រសិនអ្នកនៅជិតអ្នកដែលមានរោគសញ្ញាជំងឺអុតស្វា។
- រក្សាអនាម័យផ្លូវដង្ហើម និងអនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ជែលលាងដៃ ឬអាល់កុលលាងដៃ។
- បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអុតស្វា ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ក្រមរជ្រុះអស់។
- បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអុតស្វា ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប។
អ្នកអាចសំគាល់ការឆ្លងវីរុសអុតស្វា តាមរយៈការសំគាល់នូវរោគសញ្ញាដូចជា មានកើតកន្ទួលរមាស់ ពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបានប៉ះពាល់ផ្ទាល់ ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអុតស្វាក្តី អ្នកគប្បីត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្តរកជំងឺអុតស្វ ឬអាចទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់។