កម្ពុជាមានតំបន់ទេសចរណ៍ជាច្រើនរួមមាន តំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍កែច្នៃ និងតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់អោយភ្ញៀវជាតិ និង អន្តរជាតិ ទៅលេងកំសាន្ត នាឱកាសថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ។
ខាងក្រោមនេះជាតំបន់ទេសចរណ៍ទាំង១៨ ដែលមានភាពទាក់ទាញនៅភូមិភាគឦសាននេះ ៖
១)- វាលធំ ជាឧទ្យានជាតិ នៃខេត្តរតនគិរី ដែរទេសភាពស្រស់ស្អាត គ្រប់រដូវកាល ជាមួយអាកាសធាតុល្អ ជាពិសេសនៅសិរសិររដូវ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសម្តែងការសប្បាយ រីករាយចំពោះដំណើរកម្សាន្ត សម្រាកលំហែកាយជាមួយធម្មជាតិវាលស្មៅ និងព្រៃធំដ៏ល្អស្អាតនៃតំបន់វាធំ។ លើសពីនេះ នៅក្នុងតំបន់នេះ ភ្ញៀវទេសចរបានឃើញហ្វូងសត្វខ្ទីង, ស្វាកន្ទុយស, ស្វាព្រាហ្ម, ឈ្លូស, ប្រើស, បានឃើញ និងឮសំឡេងសត្វស្លាប, សត្វទោចយំជាច្រើន នៅជុំវិញកន្លែង បោះតង់ និងដំណើរកម្សាន្តនៃព្រៃធម្មជាតិនេះផងដែរ។
២)- បឹងយក្ខឡោម មានផៃ្ទទឹកពណ៌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម្លេះ។ ទិដ្ឋភាពក្នុងបរិវេណបឹងយក្ខឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សាក្នុងនោះមានដើមមាក់ប្រេង មាក់ប្រាង សាវម៉ាវ សិរមាន់ ភ្ញៀវផងដែរ ដុះអមជុំវិញបឹងដែលជាម្លប់សម្រាប់កម្សាន្ត និងសម្រាកកកាយ។ បឹងយក្សឡោមមានរាងមូលដែលមានអង្កត់ផ្ចិតប្រវែង ៧៥០ម៉ែត្រ ជម្រៅ ៤៨ម៉ែត្រ ដែលមានចំងាយប្រមាណ ៥គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី។
៣)- បឹងយក្សម៉ាយ គឺជាបឹងធំមួយក្នុងចំណោមបឹងជាច្រើនដ៏ទៃទៀតក្នុងខេត្តរតនគិរីដែលមានជាអាទិ៍ បឹងយក្សលោម បឹងកន្សែង បឹងលំកុដ.. ដែលសុទ្ធសឹងជាបឹងធម្មជាតិដ៏ស្រស់ស្អាតនៅក្នុង ខេត្តរតនគិរី។ មនុស្សភាគច្រើនពុំទាន់ដែលបានទៅទស្សនាកម្សាន្ដបឹងយក្សម៉ាយច្រើននៅឡើយ ដ្បិតស្ថានភាពផ្លូវវែងឆ្ងាយ លំបាក បត់បែនច្រើន ម្យ៉ាងពុំទាន់មានការអភិវឌ្ឍផង ជារមណីយដ្ឋានធម្មជាតិ ឬទីតាំងកម្សាន្ដមានរៀបចំសេវាទទួលភ្ញៀវ ម្ហូបអាហារ កន្លែងស្នាក់អ្វីនៅឡើយ។ បើយើងប្រៀបធៀបបឹងនេះទៅបឹងឯទៀត តាមការសង្កេតរបស់ក្រុមយើងផ្ទាល់យល់ថា បឹងនេះស្រស់ស្អាតខ្លាំង នៅលក្ខណៈដើមស្ទើរទាំងស្រុង ស្ងប់ស្ងាត់ ជាពិសេសយើងអាចទៅឃើញផ្ទាល់ពីជីវភាពរស់នៅ ការនេសាទរបៀបប្រពៃណី ការប្រើប្រាស់ទឹកក្នុងបឹងដ៏សាមញ្ញគួរអោយចង់ទស្សនា ម្យ៉ាងបរិវេណជុំវិញបឹងអំណោយផលសំបូរដោយរុក្ខជាតិតូចធំ ទីធ្លាធំទូលាយ ខ្យល់អាកាសបរិសុទ្ធ អាចអោយយើងបោះជំរំស្នាក់អាស្រ័យបានយ៉ាងមានសុវត្ថិភាព។
៤)- រមណីយដ្ឋានឥសីបតៈមៈ(ហៅភ្នំស្វាយ) បច្ចុប្បន្នទីកន្លែងដ៏ពិសិដ្ឋនេះ បានក្លាយជាកន្លែងទស្សនាថ្ងៃរះដ៏ល្អនៅពេលព្រឹកព្រហាម និងខណៈពេលថ្ងៃរះឡើងផុតព្រៃភ្នំពីលើក្រុងបានលុង ។ ទីកន្លែងនេះក៏ផ្តល់ទិដ្ឋភាពគួរឱ្យគយគន់ ម្យ៉ាងទៀតគឺនៅពេលថ្ងៃធម្មតា ភ្ញៀវទេសចរអាចចោលភ្នែកគយគន់ជុំវិញពីលើកំពូងភ្នំនោះ ដែលលំអដោយទេសភាពពណ៌បៃតងជានិច្ច នៅតាមទី វាលជំរាលជ្រលងភ្នំ រួចបន្តដោយជួរភ្នំនៅឯនាយជាប់នឹងជើងមេឃ ។ ឥសីបតមៈ ជាឈ្មោះអ្នកតាភ្នំពីបុរាណដែលបានថែរក្សាតំបន់នេះក្នុងសម័យ កាលយូរលង់ណាស់មកហើយ ។ ឥសី ជានាមសំរាប់សំគាល់អ្នកបួស ឬអ្នកប្រកាន់សច្ចធម៌នៅក្នុងសាសនាព្រាហ្មណ៍ ប៉ុន្តែបន្ទាប់ពីមានការកសាងព្រះពុទ្ធបដិមាដ៏ធំមួយមានប្រវែង ៥ម៉ែត្រ កាលពីដើមទសវត្ស ឆ្នាំ១៩៦០ មក ទីកន្លែងនេះគ្រាន់តែរក្សាឈ្មោះដើម «ឥសីបតមៈ» ហើយប្រជាជនភាគច្រើនគោរពបូជាព្រះពុទ្ធសាសនា ឯព្រហ្មញ្ញសាសនាគោរពបន្តិចបន្តួចប៉ុណ្ណោះ ។ សព្វថ្ងៃនេះ ទីកន្លែងដ៏ស័ក្តិសិទ្ធិនេះ ប្រជាជនទៅ គោរពបូជា ដើម្បីសុំលាភសំណាង ជោគជតារាសី និងសុំក្តីសុខសប្បាយ ។ ឥសីបតមៈ ជារមណីយដ្ឋានសក្ការបូជាស័ក្តិសិទ្ធិបំផុត សំរាប់ប្រជាជនដែលរស់នៅខេត្តរតនគិរី និងអ្នកទេសចរជាតិដែលធ្វើដំណើរនៅកំសាន្តនៅទឹកដីខេត្តនេះ ។
៥)-ទឹកជ្រោះកាចាញ វាគឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយ តែងតែទាក់ទាញភ្នែកភ្ញៀវទេសចរគ្រប់ៗរូបឱ្យទៅទស្សនាទីនោះ។ ទឹកធ្លាក់នេះស្ថិតនៅចំកណ្តាលព្រៃភ្នំភ្ជាប់ដោយអូរ និងចំការកៅស៊ូនៅតាមដងផ្លូវធ្វើដំណើរទៅកាន់ទីនោះ។ ដើម្បីគយគន់សំរស់ដ៏ត្រកាលនៃទឹកធ្លាក់នេះឱ្យកាន់តែប្លែក ចំឡែកអារម្មណ៍នោះគឺទេសចរទាំងអស់ត្រូវចុះតាមជណ្តើរឈើប្រមាណ៧២ កាំ ទៅក្រោម ឬដើរកំសាន្តលេងតាមស្ពានយោលដែលលាតសន្ធឹងនៅពីមុខចរន្តទឹកធ្លាក់ ។ នៅចំណុចខាងក្រោមនេះ មានដើមឈើធំៗដែលអាចផ្តល់ជាម្លប់ដល់ការសំរាកលេង ឬហូបចុកចំណីអាហារ។ ចំណែកនៅផ្នែកខាងលើក្បែរចំណុចទឹកធ្លាក់ មានកន្លែងលក់ដូរចំណីអាហារ ភេសជ្ជៈ រួមទាំងវត្ថុអនុស្សាវរីយ៍ផ្សេងៗសំរាប់អ្នកទេសចរដែលទៅ កំសាន្តទីនោះ។
៦)-អណ្តូងស្នេហ៍ ដែលភ្ញៀវទេសចរមួយចំនួននិយមហៅតគ្នាថា «ផ្លូវអក្សរS» ដែលជាទីទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរមកថតរូបយ៉ាងច្រើនកុះករមិនថាថ្ងៃបុណ្យទាន ឬ ថ្ងៃឈប់សម្រាកធម្មតា។ ក្រៅពីបានថតរូបដែលចេញផ្លូវជាអក្សរSលោកអ្នកក៏អាចទស្សនានូវទេសភាពធម្មជាតិដ៏ស្រស់អស្ចារ្យ និងទស្សនាថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតផងដែរ។ រមណីយដ្ឋាន«អណ្តូងស្នេហ៍» នេះមានទីតាំងស្ថិតនៅក្នុងភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី គឺមានចំងាយប្រមាណ ២៥គីឡូម៉ែត ពីក្រុងសែនមនោរម្យ និងមានចំងាយប្រមាណ ៥គីឡូម៉ែតពីច្រកដាក់ដាំ ព្រំដែនកម្ពុជា-វៀតណាម ។
៧) រមណីយដ្ឋានភ្នំដោះក្រមុំ ត្រូវបានអ្នកជំនាញផ្នែកវប្បធម៌ គ្រោងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកនៅថ្ងៃខាងមុខ។ តំបន់នេះ មានចំណុចពិសេសច្រើន ដូចជាទីតាំងនៅក្នុងក្រុង ប្រមូលផ្ដុំដោយជំនឿជនជាតិដើមភាគតិចមានការឲ្យតម្លៃពីជនបរទេស និងព្រះមហាក្សត្រខ្មែរ ពិសេសជាទីតាំងកុលសម្ព័ន្ធប្រវត្តិសាស្ត្រ របស់ជនជាតិដើមភាគតិច ហើយនៅទីនេះក៏ជាកន្លែងអំណោយផលបំផុតសម្រាប់ការថតរូប និងមើលថ្ងៃរៀបលិច។ ភ្នំដោះក្រមុំគឺជាបូជនីយដ្ឋានទេសចរណ៍មួយនៅក្នុងខេត្តមណ្ឌលគិរីដែលជនជាតិ ភាគតិច និងខ្មែរធ្វើការគោរពបូជាតាមជំនឿទំនៀមទម្លាប់របស់ពួកគេ។ប្រជាជនភាគច្រើនជឿថាព្រលឹងវិញ្ញាណស័ក្តិសិទ្ធិអារក្ខអ្នកតាដែលនៅលើភ្នំសម្បូរស្មៅនោះបានថែរក្សាពួកគេឲ្យមានសេចក្ដីសុខសុវត្ថិភាពនិងសុខភាពល្អ។ ជារឿយៗពួកគេក៏ឡើងទៅលើភ្នំដោះក្រមុំដើម្បីបន់ស្រន់សុំជោគលាភក្នុងមុខរបរនិងសុភមង្គលក្នុងគ្រួសារ។ស្ថិតនៅក្នុង ភូមិដោះក្រមុំ ឃុំសុខដុម ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី ភ្នំនេះដើមឡើយឈ្មោះថាភ្នំឪយល់ក្រោយមកគេហៅជីហូ ជីវ័នឬស្រុះប្លង់។
៨)- កំពូលភ្នំណាមលៀរ ដែលស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលមានរយៈកម្ពស់រហូតដល់ ៣០០ម៉ែត្រ និងមានចម្ងាយពីទីរួមខេត្តប្រមាណ ៥០ គីឡូម៉ែត្រ គឺជារមណីយដ្ឋានមួយដែលអ្នកទេសចរនឹងទទួលបានអារម្មណ៍កាន់តែប្លែក ជាមួយនឹងកូនភ្នំត្រងោលមួយនៃផ្ទាំងថ្មសុទ្ធកណ្តាលព្រៃភ្នំ រួមផ្សំនឹងបរិយាកាស ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់ និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់ ព័ទ្ធជុំវិញបានយ៉ាងច្បាស់។ គ្របដណ្ដប់លើផ្ទៃដីចំនួន ៨ហិកតា រមណីយដ្ឋានណាមលៀរ មិនត្រឹមតែជាតំបន់ទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងប្រវត្តិសាស្រ្ដនៃជនជាតិដើមពូនង (ព្នង) ផងដែរ។
៩)- រមណីយដ្ឋានទឹកជ្រោះប៊ូស្រា អ្នកទេសចរទាំងឡាយនៅពេលទៅដល់ ខេត្តមណ្ឌលគីរី គឺរមែងមិនសូវជាចន្លោះនូវរមណីយដ្ឋានទឹកជ្រោះប៊ូស្រានោះឡើយ។ ទឹកកជ្រោះនេះចែកចេញជាបីដំណាក់៖
- ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
- ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
- ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។
១០)- កោះហាន៖ នៅខេត្តស្ទឹងត្រែង ក៏មានរមនីយដ្ឋានទេសចរណ៍ដ៏ស្រស់បំព្រង តែមិនសូវមានអ្នកស្គាល់ ច្រើនម្នាក់ដែរ។ ក្រៅពីទឹកធ្លាក់សុភមិត្រ (ឬល្បាក់ខោន) អ្នកដែលចង់ទៅកំសាន្តនៅ ខេត្តស្ទឹងត្រែងក៏មិនត្រូវរំលង “កោះហាន” ដែរ។កោះនេះមានលក្ខណះពិសេសត្រង់ថា វាមានទឹករាក់នៅជាមួយនឹង ដើមឈើដ៏ធំៗ ដុះចាក់ស្រេះគ្នា ហាក់ដូចជាព្យាយាមការពារអ្នកទេសចរណ៍ឱ្យត្រជាក់ចិត្ត មិនឱ្យត្រូវពន្លឺថ្ងៃនោះឡើយ ដែលវាល្អបំផុតសម្រាប់ខែប្រាំងនាពេលចូលឆ្នាំថ្មីនេះ។ អ្នកដែលទៅកំសាន្តនោះទីនោះអាចលេងទឹកនិងជិះទូកមើលទេសភាពដើមឈើដុះប្រលែងនឹង ទឹកឡើងថ្លាមើលឃើញដល់បាត។ សម្រាប់ទូក អ្នកអាចជួលទូកអ្នកភូមិដោយមានគេអុំឱ្យក៏ បាន ឬក៏ជួលទូកកាយ៉ាក់អុំដោយខ្លួនឯងក៏បាន។
១១)- រមណីយដ្ឋានទឹកជ្រោះព្រះនិមិត្ត ដែលកំពុងមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ដោយមានភ្ញៀវទេសចរជាច្រើនតែងតែនាំគ្នាទៅទស្សនាកម្សាន្តនិងគយគន់មើលផ្ទាំងទស្សនីយភាពទឹកជ្រោះព្រះនិមិត្តមិនដែលខានឡើយ។ ទឹកជ្រោះព្រះនិមិត្តស្ថិតនៅតាមដងទន្លេមេគង្គភាគខាងជើងនៃប្រទេសកម្ពុជា ជាប់ព្រំដែនជាមួយប្រទេសឡាវ។ ទឹកជ្រោះព្រះនិមិត្តឬទឹកជ្រោះសុភមិត្តជាកន្លែងដែលទឹកទន្លេមេគង្គហូរធ្លាក់យ៉ាងគំហុកមានកម្ពស់រហូតដល់ទៅ ២៦ ម៉ែត្រធៀបនឹងកម្ពស់ទឹកនៅទន្លេមេគង្គក្នុងទីរួមខេត្តស្ទឹងត្រែង។ នៅរដូវវស្សាពេលទឹកទន្លេឡើងខ្ពស់ដល់ចំណុចអតិបរមា ល្បឿនទឹកហូរមានកម្លាំងខ្លាំងបំផុត ដោយបង្កើតបានជាផ្ទាំងទស្សនីយភាពជាផ្សែងអ័ព្ទ។
១២)- ផ្ទាំងថ្មកំបោរនៅតាមដងទន្លេមេគង្គលើ ស្ថិតនៅក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នឹងក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
១៣)- សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ គឺជាមេដែកដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងខេត្តស្ទឹងត្រែង និយាយឱ្យចំគឺជាទីបណ្ដុំទស្សនីយភាពដ៏ស្រស់ត្រកាលតាមដងទន្លេមេគង្គលើ ដូចជា ទីតាំងប្រវត្តិសាស្ត្រ ទីប្រជុំកោះ ដងទន្លេ ព្រៃលិចទឹក ថ្មប៉ប្រះទឹក ថ្មកំបោរ សត្វស្លាប់រាប់រយប្រភេទ ឆ្នេរខ្សាច់លើកោះ ម្ហូបអាហារក្នុងតំបន់ និងផលិតផលទេសចរណ៍ជាច្រើនទៀត។
ឈរបង្អួតសម្រស់នៅតាមដងទន្លេមេគង្គលើ សហគមន៍អេកូទេសចរណ៍នេះស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦។ វិសាលភាពនៃសហគមន៍នេះ គឺជាផ្នែកមួយនៃតំបន់រាមសា ដែលជាប់ឈ្មោះថា «ក្នុងចំណោមដើមឈើនៅលើដងទន្លេងមេគង្គដែលចំណាស់ និងធំៗជាងគេ គឺនៅតំបន់រាមសានេះឯង»។
១៤)- បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅស្ពានពាមទេរ ក្នុងភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានដាក់សម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រូបសំណាកនេះ សាងសង់ឡើងក្នុងគោលបំណងរំលឹកនឹកគុណដល់ព្រះលោកគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាគ្រូបាធ្យាយ អប់រំទូន្មានប្រៀនប្រដៅ និងផ្គត់ផ្គង់ការសិក្សាដល់សម្តេចតេជោ ហ៊ុន សែន កាលនៅវ័យកុមារ ឱ្យមានចំណេះចេះដឹងក្លាយជាបញ្ញវន្ត និងជាវីរជនឆ្នើមរបស់កម្ពុជា ដែលបានដឹកនាំកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើនមកទល់សព្វថ្ងៃ៕
១៥)- សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់ មានទីតាំងស្ថិតនៅ ភូមិក្បាលកោះ និងភូមិចុងកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ និងមានចម្ងាយប្រហែល ៤គីឡូម៉ែតពីរង្វង់មូលក្រុងក្រចេះ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨ ក្រោមការជួយសម្របសម្រួលពីមន្ទីរទេសចរណ៍ខេត្តក្រចេះ អង្គការកាហ្វដុក និងមានការគាំទ្រថវិកាពីអង្គការមូលនិធីអាស៊ី តាមរយៈអង្គការអុកហ្វាមអង់គ្លេស។
១៦)- អេកូទេស ចរណ៍កោះសាមសិប គឺជាទីឋានដ៏ស្រស់ត្រកាលប្រៀបដូចឋានសួគ៌ក្រោមមេឃ ដែលមានធម្មជាតិដ៏វិសេស គ្របដណ្ដប់ដោយព្រៃឈើបៃតងខ្ចី មានវាលខ្សាច់ស ក្បុសនារដូវប្រាំង ព្រមទាំងមានទេសភាពដ៏ស្រស់ត្រកាល ដែលអាចទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តម្ដងហើយ ចង់មកម្តងទៀត។
១៧) អន្លង់ផ្សោតកាំពី ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនៅទន្លេមេគង្គលើ ខេត្តក្រចេះ។ ទេសចរ អាចជិះទូកទស្សនាសត្វផ្សោតអណ្ដែតខ្លួនទាំងគូៗ ហាក់ដូចម្ដាយនិងកូន, បង និងប្អូន កំពុងប្រឡែងគ្នាលើផ្ទៃទឹក។ដើម្បីទៅកាន់ទីតាំងមួយនេះ អ្នកទេសចរត្រូវធ្វើដំណើរចេញពីក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិកាំពីឃុំសំបុក ស្រុកចិត្របុរី តាមផ្លូវខេត្តលេខ៣៧៧ ចម្ងាយប្រមាណ១៥គីឡូម៉ែត្រ។ ទេសចរ នឹងឃើញខ្លោងទ្វារធំមួយភ្ជាប់នឹងអក្សរមួយឃ្លាថា«រមណីយដ្ឋានអន្លង់ផ្សោត»។មុនចូលទៅកាន់កន្លែងទិញសំបុត្រ គេនឹងឃើញមានអាជីវករលក់ភេសជ្ជៈនិងគ្រឿងអនុស្សាវរីយ៍ពីឈើ នៅក្នុងបរិវេណទីតាំងនេះ។
១៨) កោះព្រហ្មចារី ជាសម្បុកទេសចរណ៍ដ៏សំខាន់របស់ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ» ស្ថិតនៅ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ទីតាំងនោះ មានចម្ងាយប្រមាណតែ ១៧ គីឡូម៉ែត្រពីទីរួមខេត្ត។ ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តកោះព្រហ្មចារីយ៍ អាចទស្សនាទេសភាពដ៏ស្រស់ត្រកាលសម្បូរបែប ការទស្សនាសត្វផ្សោត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងទស្សនាសត្វក្ដាន់ ដែលជាសត្វកម្រហើយនៅមានវត្តមានក្នុងតំបន់នេះ។ ភ្ញៀវទេសចរ ក៏អាចជិះទូក កាណូត ដើម្បីរង់ចាំមើលសត្វផ្សោត និង ស្ទួចត្រី លេងកម្សាន្ត។ កោះនេះ ត្រូវបានមន្ទីរទេសចរណ៍ខេត្តក្រចេះ សហការជាមួយអង្គការ WWF រៀបចំបង្កើតសហគមន៍ថ្មីមួយឡើង ឈ្មោះជាផ្លូវការថា «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ»កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ។