សម្ពាធដែលកើតឡើងមកពីកត្តាជុំវិញខ្លួន រួមមាន សម្ពាធគ្រួសារ សម្ពាធការងារ និងសម្ពាធសង្គម អាចធ្វើឱ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្ត បាក់ទឹកចិត្ត ថប់បារម្ភ ជាពិសេសអាចបណ្តាលឱ្យអ្នកប្រឈមនឹងបញ្ហាផ្លូវចិត្ត។ ដូច្នេះ ការដែលរៀនចេះស្រឡាញ់ខ្លួនឯងឱ្យបានច្រើនៗ គឺជាវិធីសាស្រ្តដ៏ល្អមួយដែលអាចឱ្យអ្នករំងាប់ចិត្តតប់ប្រម៉ល់ និងអ្នកមិនមានពេលផ្តោតអារម្មណ៍ទៅលើសម្ពាធទាំងអស់នោះ។
គន្លឹះទាំង 4 ខាងក្រោមនេះ អាចជួយឱ្យអ្នកចាប់ផ្តើមស្រឡាញ់ខ្លួនឯង មើលថែខ្លួនឯង និងផ្តល់នូវសេចក្តីសុខផ្លូវចិត្តដល់ខ្លួនឯងឱ្យបានច្រើន ៖
ចំណាយពេលជាមួយខ្លួនឯង
អ្នកប្រហែលជាមានអារម្មណ៍ថាហត់ខ្លាំង ក្រោយពីមមារញឹកជាមួយការងារប្រចាំថ្ងៃ ដូច្នេះអ្នកគួរតែដកឃ្លាខ្លះដើម្បីចំណាយពេលជាមួយខ្លួនឯង ផ្តល់ឱកាសឱ្យខ្លួនឯងបានសម្រាក និងផ្តល់កម្លាំងចិត្ត និយាយពាក្យលួងលោមល្អៗមកកាន់ខ្លួនឯងឱ្យបានច្រើន។ ការស្រឡាញ់ខ្លួនឯង គឺជារឿងសំខាន់ណាស់ចំពោះសុខភាពផ្លូវចិត្ត និងផ្លូវកាយ។
ថែទាំសុខភាពផ្លូវកាយ
ការថែទាំខ្លួនឯង ដោយទទួលទានអាហារសុខភាពល្អ ដូចជា ទទួលទានបន្លែ ផ្លែឈើ និងប្រភេទអាហារសម្បូរទៅដោយវីតាមីន ព្រមទាំងប្រូតេអ៊ីនច្រើន។ ម្យ៉ាង ការគេងឲ្យបានគ្រប់គ្រាន់ ក៏ដូចជាធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ និងធ្វើសមាធិអាចជាជំនួយក្នុងការផ្តល់នូវថាមពលជីវិត អាចធ្វើឱ្យអ្នកមានសេចក្តីសុខផ្លូវចិត្ត និងផ្លូវកាយ។
អត់ឱនដល់ខ្លួនឯង
នៅក្នុងដំណើរជីវិតមនុស្សយើង មិនមាននរណាម្នាក់ល្អឥតខ្ចោះទេ មនុស្សម្នាក់ៗតែងបង្កើតកំហុសរៀងៗខ្លួន ដូច្នេះប្រសិនបើអ្នកបានបង្កើតកំហុស អ្នកមិនគួរដាក់បន្ទោសខ្លួនឯងខ្លាំងពេកទេ ជំនួសមកវិញដោយទទួលស្គាល់ការពិត និងរៀនកែប្រែកំហុសរបស់ខ្លួន។ អ្នកត្រូវតាំងចិត្តបន្តដំណើរទៅមុខបន្ត ធ្វើរឿងដែលមានប្រយោជន៍ដល់ខ្លួន កុំឃុំខ្លួននៅក្នុងអតីតកាលនៃកំហុសយូរពេក។
ទទួលស្គាល់ខ្លួនឯង
អ្នកត្រូវស្វែងយល់អំពីតម្លៃនៃខ្លួនឯងជ រៀនទទួលស្គាល់ពីសមិទ្ធផលរបស់ខ្លួន និងពេញចិត្តនូវអ្វីដែលខ្លួនមាន។ មនុស្សជាច្រើនតែងមើលរំលងការឱ្យតម្លៃខ្លួនឯង ព្រោះពួកគែតែងរវល់ឱ្យតម្លៃទៅលើសមិទ្ធផលអ្នកដទៃ ដូច្នេះហើយទើបធ្វើឱ្យអ្នកមានបញ្ហាផ្លូវចិត្ត ដោយគិតថាខ្លួនមិនល្អគ្រប់គ្រាន់។