បន្ទាប់ពីបង្ហាញចេតនារបស់ខ្លួនក្នុងការប្រឡូកក្នុងកម្មវិធី Miss ជាថ្មី ឥឡូវនេះ កុមារីដ៏ស្រស់ស្អាត ឌៀប សុហ្វៀរ៉ា បានទទួលភ្លើងខៀវពីមនុស្សសំខាន់ហើយ។
ឌៀប សុហ្វៀរ៉ា គឺជាអតីត ជយលាភី 2nd Runner Up Little Miss Junior Idol World 2022 ពីការប្រកួតអន្តរជាតិ។ ក្រោយពីមិនទាន់ទទួលបានលទ្ធផលដូចដែលចិត្តចង់បាន កុមារីវ័យ ១៣ឆ្នាំ បានបង្ហាញពីចេតនាផ្ទាល់ក្នុងការប្រឡូកជាថ្មីក្នុងកម្មវិធី Miss ម្ដងទៀត។
សុហ្វៀរ៉ា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពី២ថ្ងៃ ក្នុងន័យជាការស្ទង់មតិរបស់មហាជន ក៏ដូចជាអ្នកមានគុណរបស់នាងផងដែរ។ កុមារីរូបនេះសរសេរថា “យល់យ៉ាងណារដែលបើអូន «សុហ្វៀរ៉ា» ចាប់ផ្តើមម្តងទៀតតើនៅមាន fans fans គាំទ្រអូនទេ”។
ក្រោយទទួលសំណួរឲ្យឆ្លើយបែបនេះ មតិពីប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្ររបស់ សុហ្វៀរ៉ា បានផ្ដល់ចម្លើយគាំទ្រ ១០០% ក្នុងនោះ ប្រិយមិត្តខ្លះបានដាក់ការរំពឹងទុកខ្ពស់ទៀតថា សុហ្វៀរ៉ា នឹងទទួលបានជយលាភីច្រើនថែមទៀតពីកម្មវិធីតែមួយ ដូចដែល ល្អហួស ធ្វើបានថ្មីៗនេះ ក្នុងកម្មវិធី Miss Pre Teen Junior Idol World 2024។
ក្រោយទទួលបានការគាំទ្រ ១០០% ពីមហាជនរបស់នាង សុហ្វៀរ៉ា នៅចាំតែសំឡេងពីខាងអ្នកមានគុណរបស់នាងប៉ុណ្ណោះ។ ប៉ុន្តែគិតត្រឹមព្រឹកថ្ងៃទី ១០មេសា នេះ កុមារីតូច ទទួលបានភ្លើងខៀវហើយ។
តាមទំព័រ Miss Preteen International Cambodia បានប្រកាសនៅថ្ងៃនេះថា “Papa Vichet In បានអនុញ្ញាតឲ្យ ឌៀប សុហ្វៀរ៉ា ចូលជាបេក្ខនារីមួយរូបដើម្បីប្រកួតក្នុងកម្មវិធី Miss Pre Teen Cambodia 2024” ហើយ។
ឃើញកុមារី ទទួលបានភ្លើងខៀវពីមនុស្សសំខាន់ហើយ ប្រិយមិត្តជាច្រើនបានចូលសរសេរសារអបអរសាទរជាច្រើន ស្របពេលសាមីខ្លួន ក៏បង្ហាញភាពរីករាយក្រោយបំណងរបស់ខ្លួនបានសម្រេច។
ប្រិយមិត្តជូនពរ កុមារី ហើយថា ពួកគេរង់ចាំពេលវេលា សម្រាប់ការស្រែកហ៊ោសារជាថ្មី ដូចដែលពួកគេបានធ្វើរួចហើយ ក្នុងការប្រកួតដែល ជូរី ល្អហួស ធ្វើបានយ៉ាងអស្ចារ្យកាលពីសប្ដាហ៍មុន ហើយថា ពួកគេមានជំនឿថា សុហ្វៀរ៉ា នឹងធ្វើបានដូចគ្នា។
ងាកមកសាមីខ្លួនវិញ ក៏បង្ហាញពីការតាំងចិត្តមុតមាំ និងជំនឿខ្ពស់ដែរ ដោយនាងលើកឡើងថា “ម្ដងនេះ សុំមិនបន្ធូរដៃទេចា៎”៕