ទំនាក់ទំនងដែលនៅឆ្ងាយពីគ្នា អាចជារឿងលំបាកនៅក្នុងចំណងដៃគូស្នេហា អ្នកដែលធ្លាប់ឆ្លងកាត់រឿងបែបនេះប្រាកដជាយល់ច្បាស់អំពីផលវិបាក។ អ្នកមិនគួរបណ្តោយឱ្យទំនាក់ទំនងស្នេហារបស់ខ្លួន រងការបែកបាក់ដោយសារគម្លាតនោះទេ ប្រសិនបើអ្នកសម្រេចចិត្តក្នុងរក្សាទំនាក់ទំនងនោះអោយបានល្អ ឡេឌីស៍ សូមពាំនាំមធ្យោបាយមួយចំនួនក្នុងការអនុវត្តន៍ ដើម្បីរក្សាទំនាក់ទំនងអោយបានគង់វង្សយូរអង្វែង ប្រកបដោយភាពរីករាយ។
ត្រូវមានភាពរីករាយ
ដើម្បីអោយទំនាក់ទំនងរបស់អ្នកប្រព្រឹត្តទៅបានយ៉ាងរលូន អ្នកត្រូវតែមានភាពសប្បាយរីករាយ នឹងខ្លួនឯង ។ ប្រសិនបើអ្នកមិនពេញចិត្ត នឹងការរស់នៅឃ្លាតពីដៃគូបានទេ អ្នកកំពុងតែរុញច្រានទំនាក់ទំនងស្នេហារបស់ខ្លួននិងដៃគូឈានទៅរកភាពបាក់បែកហើយ។ អ្នកអាចចំណាយពេលវេលាទាំងអស់នោះ ទៅធ្វើរឿងដែលមានការអភិវឌ្ឍន៍ចំពោះខ្លួន និងធ្វើឱ្យខ្លួនឯងសប្បាយចិត្តជាទីបំផុត។ សុភមង្គលរបស់អ្នកនឹងឆ្លុះបញ្ចាំងទៅលើចំណងទំនាក់ទំនងរបស់អ្នក។
កុំផ្តោតតែលើរឿងលំបាកពេក
ផ្តោតទៅលើចំនុចល្អៗនៃចំណងទំនាក់ទំនងរបស់អ្នកជាជាងការរស់នៅដែលគិតតែទៅលើ ភាពលំបាកៗ ។ វាជារឿងសំខាន់មួយក្នុងការបើកចំហដួងចិត្ត របស់អ្នកជាមួយអ្នកដទៃ ហើយប្រាប់គាត់ថាអ្នកនឹកគាត់ ប៉ុន្តែដើម្បីរក្សារឿងរ៉ាវទាំងនោះដូច ធម្មតា អ្នកត្រូវតែនិយាយពីរឿងអ្វីៗល្អក្នុងការឆាកជីវិតនៃការរស់នៅ និងជុំវិញចំណងទំនាក់ ទំនងរបស់អ្នក ជៀសវាងការនិយាយផ្តោតតែទៅលើរឿងដែលលំបាក។
បើកចិត្តអោយទូលាយ
អ្នកទាំងពីរត្រូវតែមានភាពច្បាស់លាស់ពីគោលបំណង និងគម្រោងនាពេលអនាគតរវាងអ្នកទាំងពីរ ត្បិតវាមានឥទ្ធិពលខ្លាំងណាស់ទៅលើទំនាក់ទំនងនៅគ្រាចុងក្រោយរបស់អ្នក។ ប្រសិនបើអ្នក ពិតជាមានបំណងចង់រស់នៅជាមួយគ្នាពិតមែននោះ អ្នកត្រូវតែបើកចិត្តអោយទូលាយចំពោះ អ្វីដែលចង់បាន តម្រូវការ និងសេចក្តីសង្ឃឹមរួមទាំងគម្រោងការរបស់អ្នក។
ធ្វើការណាត់ជួបគ្នា
ព្យាយាមចំណាយពេលនៅក្បែរគ្នាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ប្រសិនបើអ្នកមានពេលទំនេរ អ្នកគួរតែណាត់ជួបគ្នាជាមួយដៃគូ ដើម្បីកសាងភាពស្និទ្ធស្នាល និងទំនាក់ទំនងផ្អែមល្ហែមជាមួយគ្នាវិញ បន្ទាប់ពីរយៈពេលដែលនៅឆ្ងាយគ្នា។
បង្កើតអាម្មណ៍ភ្ញាក់ផ្អើល!
ស្វែងរកពេលវេលាណាមួយដែលដៃគូរបស់អ្នកទំនេរ ហើយរៀបគម្រោងការទៅជួបគាត់ ឬជូនជាកាដូផ្គាប់ចិត្តដល់គាត់ ដើម្បីបង្កើតភាពភ្ញាក់ផ្អើល។
នាំយកគាត់ចូលមកក្នុងជិវិតអ្នក
ពេលគាត់ហាក់បីដូចជាមិនសូវជិតស្និទ្ធនឹងអ្នក តាមតែអ្វីដែលអ្នកចង់បាន សូមព្យាយាមនាំគាត់អោយចូលមកក្បែរជីវិតអ្នកជារៀងរាល់ថ្ងៃតាមតែអាចធ្វើទៅបាន។ នៅពេលអ្នកអាចចំណាយពេលនៅជាមួយគ្នាហាក់បីដូចជាមនុស្សតែមួយហើយ។